ជប៉ុន​នៅ​តែ​ថ្លែង​ប្រឆាំង​នឹង​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​ទោះ​ខ្លួន​​​បន្ត​ជួយ​ដល់ គ.ជ.ប

ដោយ មួង ណារ៉េត
2018-07-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តារ៉ូ កូណូ (Taro Kono) (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុង​ជំនួប​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen's Facebook Page
រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តារ៉ូ កូណូ (Taro Kono) (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុង​ជំនួប​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០១៨។ Photo courtesy of Hun Sen’s Facebook Page


ប្រទេស​ជប៉ុន នៅ​តែ​ថ្លែង​ប្រឆាំង​របប​លោក ហ៊ុន សែន រឿង​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ទោះបីជា​ប្រទេស​នេះ នៅ​បន្ត​ផ្ដល់​ជំនួយ​បច្ចេកទេស ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) ក៏ដោយ។

គណៈប្រតិភូ​ប្រទេស​ជប៉ុន ថ្លែង​ប្រឆាំង​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ពី​សំណាក់​របប​លោក ហ៊ុន សែន នេះ នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី៥ ខែ​កក្កដា នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី៣៨។

គណៈប្រតិភូ​ប្រទេស​ជប៉ុន លើកឡើង​ថា ការ​រម្លាយ​គណបក្សប្រឆាំង ដែល​ធំ​ជាងគេ​នៅ​កម្ពុជា នៅ​មុន​ពេល​បោះឆ្នោត​បែបនេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ព្រួយ​បារម្ភ។ តំណាង​ប្រទេស​ជប៉ុន​ដដែល ក៏បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ងាក​មក​រក​ការចរចា​គ្នា ដើម្បី​រក​ដំណោះស្រាយ​នយោបាយ។

ជំហរ​ប្រទេស​ជប៉ុន ជុំវិញ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ក្រោយ​របប​លោក ហ៊ុន សែន ចាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ រម្លាយ​គណបក្ស​សង្គ្រោះជាតិ បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម​នោះ គឺ​នៅតែ​ដដែល ដោយ​ជប៉ុន​បញ្ជាក់​អំពី​ការ​ព្រួយ​បារម្ភ​ដដែល​នេះ ទាំង​ក្នុង​ជំនួប​ផ្លូវ​ការ ជាមួយ​លោក ហ៊ុន សែន និង​មន្ត្រី​របប​លោក ហ៊ុន សែន ជា​ច្រើន​លើក រួម​ទាំង​សេចក្ដីថ្លែងការណ៍​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នេះ​ផង​ដែរ។

ទីប្រឹក្សា​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​លោក ហ៊ីរ៉ូណូរ៊ិ ស៊ុយស៊ូគី (Hironori SUZUKI) កាលពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ក៏​បាន​បញ្ជាក់​ដែរ​ថា ជប៉ុន​នៅតែ​យល់ថា វា​ជា​រឿង​ដ៏​សំខាន់​បំផុត ដែល​កម្ពុជា​ត្រូវតែ​រៀបចំ​ការបោះឆ្នោត នៅ​ខែ​កក្កដា​ខាងមុខ ធ្វើ​យ៉ាងណា​ឲ្យ​ឆ្លុះបញ្ចាំង​ឆន្ទៈ​រាស្ត្រ​ពិត​ប្រាកដ។

ចំណែក​ឯ​ចក្រភព​អង់គ្លេស នៅ​កិច្ចប្រជុំ​នោះ​ដែរ ក៏​នៅតែ​រក្សា​ជំហរ​របស់​ខ្លួន​ដដែល​ដែរ ដែល​អង់គ្លេស​ក៏​ប្រឆាំង​ទៅ​នឹង​ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន ទៅលើ​បក្ស​ប្រឆាំង។ គណៈប្រតិភូ​ប្រទេស​អង់គ្លេស សម្ដែង​ការ​ខកចិត្ត​ចំពោះ​ស្ថានភាព​អាក្រក់ ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន ដោយសារតែ​ការ​រម្លាយ​គណបក្សប្រឆាំង ដែល​មាន​រាស្ត្រ​ខ្មែរ​បោះឆ្នោត​គាំទ្រ​រហូតដល់​ជាង ៣​លាន​នាក់​នោះ។

ជាមួយ​គ្នា​នេះ​ដែរ អង្គការ​សមាគម​ពលរដ្ឋ​ពិភពលោក (Association of World Citizens) ដែល​ធ្វើការ​ផ្នែក​លើកស្ទួយ និង​ការពារ​សិទ្ធិមនុស្ស ក៏បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ដោយ​លើកឡើង​ថា ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ខាងមុខនេះ នឹង​គ្មាន​ការ​ធានា​ណាមួយ ថា​នឹង​មាន​ភាព​ឯករាជ្យ ឬ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ ដោយសារតែ​ប្រព័ន្ធ​បោះឆ្នោត និង​បរិយាកាស​គំរាមកំហែង និង​ការ​ចាប់ខ្លួន​សកម្មជន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល តាមតែ​អំពើ​ចិត្ត។ អង្គការ​នេះ អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​ការ​គំរាមកំហែង និង​ចាប់​មនុស្ស​តាម​អំពើ​ចិត្ត​បែបនេះ​តទៅទៀត។

ទោះជា​យ៉ាង​នេះ​ក្តី តំណាង​របប​លោក ហ៊ុន សែន នៅ​អង្គការ​សហប្រជាជាតិ បាន​ឆ្លើយតប​វិញ​ដើម្បី​ការពារ​ចំណាត់​ការ​របស់​របប​នេះ។ ឯកអង្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​មន្ទីរ​អង្គការ​សហ​ប្រជាតិ លោក ណី សំអុល អះអាង​ថា របប​លោក ហ៊ុន សែន នៅតែ​ប្ដេជ្ញា​លើកស្ទួយ និង គោរព​សិទ្ធិមនុស្ស ដើម្បី​ជំរុញ​លទ្ធិប្រជាធិបតេយ្យ និង​ប្រកាន់ខ្ជាប់​ខ្ជួន​នូវ​នីតិរដ្ឋ។ ចំពោះ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ លោក ណី សំអុល អះអាង​ថា មិន​ជា​បញ្ហា​អ្វី​នោះ​ទេ ព្រោះ​អត់​មាន​គណបក្ស​សង្គ្រោះជាតិ​មួយ នៅ​មាន​គណបក្ស​នយោបាយ ២០ រួម​ទាំង​គណបក្ស​កាន់អំណាច​ផង ចូលរួម​ប្រកួត ក្នុង​ការ​បោះឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ខាងមុខនេះ។ លោក​បន្ថែម​ថា កា​រម្លាយ​គណបក្ស​ប្រឆាំង​នេះ គឺជា​សិទ្ធិ​សម្រេច​របស់​តុលាការ​កំពូល ហើយ​អះអាង​ទៀត​ថា របប​លោក ហ៊ុន សែន ឬ​គណបក្ស​កាន់អំណាច គ្មាន​តួនាទី​អ្វី​ក្នុង​ការ​អន្តរាគមន៍ ពាក់ព័ន្ធ​នឹង​សេចក្ដី​​សម្រេច​របស់​តុលាការ​កំពូល​នោះ​ឡើយ។

បើ​ទោះ​បី​ជា​លោក ណី សំអុល ខំ​អះអាង​ថា របប​ក្រុងភ្នំពេញ ឬ​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​លូកដៃ​ក្នុង​សេចក្ដី​សម្រេច របស់​តុលាការ​ក្នុង​ការ​រម្លាយ​បក្ស​ប្រឆាំង​នេះ​យ៉ាង​ណា​ក្តី ក៏​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​មើល​ឃើញ​ថា សេចក្ដី​សម្រេច​រំលាយ​គណ​បក្ស​ប្រឆាំង របស់​តុលាការ​កំពូល​នេះ គឺ​ធ្វើឡើង​ដើម្បី​ធានា​ជ័យជំនះ​ក្នុង​ការ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​នេះ ឲ្យ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។ ភស្តុតាង​ដែល​អាច​បញ្ជាក់​បាន​នោះ គឺថា​ចៅក្រម​តុលាការ​គ្រប់​ជាន់ថ្នាក់ ភាគ​ច្រើន​សុទ្ធសឹងតែ​ជា​សមាជិក​គណបក្ស​កាន់អំណាច។ ឧទាហរណ៍​ជាក់ស្ដែង​៖ យ៉ាងហោចណាស់​ចៅក្រម​៣​រូប ក្នុង​ចំណោម​ចៅក្រម ៩​រូប នៃ​តុលាការ​កំពូល ដែល​កាត់ក្ដី​រម្លាយ​បក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​មកពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រធាន​តុលាការ​កំពូល​លោក​ចៅក្រម ឌិត មុន្ទី ជា​សមាជិក​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​មជ្ឈិម​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ អនុប្រធាន​តុលាការ​កំពូល​ពីរ​រូប គឺ​លោក​ចៅក្រម ឃឹម ប៉ុណ និង​លោក​ចៅក្រម ជីវ កេង ក៏​ជា​សមាជិក នៃ​គណៈកម្មាធិការ​មជ្ឈិម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។ លោក​ចៅក្រម ជីវ កេង ក៏​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចុះ​ពង្រឹង​មូលដ្ឋាន នៅ​ក្នុង​ខេត្ត​តាកែវ។ ដោយឡែក​ខាង​មហា​អយ្យការ គឺ​អគ្គព្រះរាជអាជ្ញា​អ្នកស្រី ជា លាង ក៏​ជា​សមាជិក​នៃ​គណៈកម្មាធិការ​មជ្ឈិម របស់​គណបក្ស​ប្រជាជន​ដែរ។ អ្នកស្រី ជា លាង ជា​ក្មួយ​ស្រី​របស់​អតីត​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន ដែល​ជា​ដន្លង​របស់​លោក ហ៊ុន សែន។

នេះ​ជា​លើកទីមួយ​ហើយ តាំងពី​ក្រោយ​រម្លាយ​គណ​បក្ស​សង្គ្រោះជាតិ ដែល​របប​លោក ហ៊ុន សែន ថ្លែងការណ៍​ប្រឆាំង​ប្រទេស​ជប៉ុន រឿង​រម្លាយ​គណបក្ស​សង្គ្រោះជាតិ។

កន្លងមក​លោក ហ៊ុន សែន ខំ​ព្យាយាម​លាក់បាំង​ព័ត៌មាន មិន​ចង់​ឲ្យ​សាធារណជន​ដឹង អំពី​ជំហរ​រដ្ឋាភិបាល​ជប៉ុន ដែល​ព្រួយបារម្ភ អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នេះ​ទេ ទោះ​ប្រទេស​ជប៉ុន​លើក​យក​បញ្ហា​ព្រួយបារម្ភ អំពី​បញ្ហា​នយោបាយ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជាតិ​ខាងមុខ មក​ជជែក​ជាមួយ​របប​លោក ហ៊ុន សែន ក៏ដោយ ក៏​របប​នេះ​តែងតែ​លាក់​ព័ត៌មាន​នេះ​ជានិច្ច។

សូម្បីតែ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍ របស់​ក្រសួង​ការបរទេស​កម្ពុ​ជា អំពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន កាលពី​ខែ​មេសា ក៏​គ្មាន​និយាយ​អ្វី សូម្បី​តែមួយ​ម៉ាត់ អំពី​ជំហរ​ជប៉ុន ដែល​បាន​លើក​ឡើង​ក្នុង​ជំនួប​នោះ ដែល​ជប៉ុន​ចង់​ឃើញ​ការបោះឆ្នោត​មួយ ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយមាន​ការចូលរួម​ពី​គ្រប់​ភាគី​នោះ​ដែរ។ ទាល់តែ​អាស៊ីសេរី ទាក់ទង​ទៅ​មន្ត្រី​ទូត​ជប៉ុន​ផ្ទាល់ ទើប​ទទួល​បាន​ព័ត៌មាន​ពិត អំពី​អ្វី​ដែល​ជា​កង្វល់​របស់​ជប៉ុន។

មិន​តែ​ប៉ុណ្ណោះ លោក ហ៊ុន សែន បាន​ចេញ​មុខ​ប្រកាស ផ្ទុយ​ពី​ការពិត ជំនួស​ប្រទេស​ជប៉ុន តាំង​ពី​នៅ​មុន​ជំនួប​នោះ​ថា ជប៉ុន​មិន​ខ្វល់​រឿង​នយោបាយ​ខ្មែរ ថែម​ទៀត​ផង។ លោក ហ៊ុន សែន ថែមទាំង​បាន​ប្រកាស​បដិសេធ ចំពោះ​ចេតនា​របស់​ប្រទេស​ជប៉ុន ដែល​ចង់​ឲ្យ​មាន​ការចរចា ឬ​ផ្សះផ្សា​ជាតិ​រវាង​អ្នកនយោបាយ​ខ្មែរ ដើម្បី​រក​ដំណោះស្រាយ បញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​នេះ។

សូម្បីតែ​លើក​នេះ ទោះជា​របប​លោក ហ៊ុន សែន តាមរយៈ​លោក ណី សំអុល ឆ្លើយតប​ទៅ​នឹង​សេចក្ដីថ្លែងការណ៍​របស់​គណៈប្រតិភូ​ប្រទេស​ជប៉ុន និង​ប្រទេស​មួយ​ចំនួន​ទៀត ដែល​បាន​ថ្លែង​ប្រឆាំង​នឹង​របប​ក្រុងភ្នំពេញ​ក៏ដោយ ក៏​សេចក្ដីថ្លែងការណ៍​របស់​លោក ណី សំអុល ត្រូវ​បាន​កែ​លុប​ត្រង់​ឃ្លា​ថា “សេចក្ដីថ្លែងការណ៍​ប្រឆាំង​នឹង​កម្ពុជា ដែល​ថ្លែង​ដោយ​គណៈប្រតិភូ​នៃ​ប្រទេស​ជប៉ុន និង គណៈប្រតិភូ​នៃ​ប្រទេស​មួយ​ចំនួន​”​នេះ ចេញ​វិញ។

សំណេរ​ដើម ដែល​មិនទាន់​លុប​ឃ្លា​នេះ មាន​ចុះផ្សាយ​នៅ​ប្រព័ន្ធ​ឃោសនា​លោក ហ៊ុន សែន Fresh News និង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ។ ប៉ុន្តែ នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ បាន​ចុះផ្សាយ​ឃ្លា​នេះ​ត្រូវ​បាន​លុបចោល ដោយ​ទុក​ត្រឹមតែ “​សេចក្ដីថ្លែងការណ៍ របស់​ប្រទេស​មួយ​ចំនួន​” ដោយ​លុប​ឃ្លា​ខាងលើ ដែល​មាន​ពាក្យ​ថា​សេចក្ដីថ្លែងការណ៍​ប្រឆាំង​នឹង​កម្ពុជា ដែល​ថ្លែង​ដោយ​គណៈប្រតិភូ​នៃ​ប្រទេស​ជប៉ុន និង គណៈប្រតិភូ​នៃ​ប្រទេស​មួយ​ចំនួន​“ នោះ​ចេញ។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ណី សំអុល ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី៨ ខែ​កក្កដា។

ទោះជា​របប​លោក ហ៊ុន សែន មិន​ចង់​បង្ហាញ​ការពិត អំពី​ការ​ប្រឆាំង​របស់​សហគមន៍​អន្តរជាតិ រួម​ទាំង​ប្រទេស​ជប៉ុន​ផង ជុំវិញ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ យ៉ាងណាក៏ដោយ ក៏​របប​នេះ កំពុង​រង​សម្ពាធ​កាន់​ខ្លាំង ពី​សហគមន៍​អន្តរជាតិ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជាតិ ដែល​រៀបចំ​ដោយ​គណបក្ស​កាន់អំណាច និង​ផាត់​គណបក្សប្រឆាំង​ធំ​ជាងគេ​ចោល កាន់តែ​ខិត​ជិត​ចូល​មក​ដល់។

អ្នកវិភាគ​នយោបាយ​ទាំង​ជាតិ និង​អន្តរជាតិ សុទ្ធតែ​បាន​ព្យាករណ៍​ទុកជាមុន​រួច​ទៅ​ហើយ ថា​របប​លោក ហ៊ុន សែន ពិបាក​នឹង​គេច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ​ណាស់ ប្រសិនបើ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ នៅតែ​គ្មាន​ការ​ចូលរួម​ពី​បក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles