តុលាការ​កំពូល​គ្រោង​ជំនុំជម្រះ​ជុំ​ទី​ពីរ​របស់​អតីត​បុគ្គលិក​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៣ កក្កដា

អាស៊ីសេរី
2018-07-09

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។ Photo: RFA
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។ Photo: RFA


តុលាការ​កំពូល​នៃ​របប​លោក ហ៊ុន សែន គ្រោង​បើកសវនាការ​ជំនុំជម្រះ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​ជុំ​ទី​ពីរ​របស់​អតីត​បុគ្គលិក​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៣ កក្កដា ខាងមុខនេះ។ មេធាវី និង​មន្ត្រី​សិទ្ធិមនុស្ស​អំពាវនាវ​ដល់​តុលាការ​កំពូល​ឱ្យ​ដោះលែង​អ្នក​ទាំងពីរ​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​មុន​សិន មុន​នឹង​អនុវត្ត​នីតិវិធី​បន្ត​ទៀត ដើម្បី​ឱ្យ​ពួកគេ​មានឱកាស​បាន​រស់នៅ​ជួបជុំ​គ្រួសារ​វិញ។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​បុគ្គលិក​អាស៊ីសេរី លោក កែវ វន្នី ឱ្យ​ដឹង​នៅ​ថ្ងៃទី៩ កក្កដា ថា លោក​បាន​ទទួល​លិខិត​អញ្ជើញ​មេធាវី​របស់​តុលាការ​កំពូល ឱ្យ​ចូលរួម​នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​លើក​ទី​ពីរ​នេះ កាលពី​សប្ដាហ៍​មុន។ លោក​បន្ត​ថា រូបលោក និង​កូន​ក្តី​ទាំងពីរ គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ នឹង​ត្រូវ​បង្ហាញ​វត្តមាន​ក្នុង​សវនាការ​នោះ ហើយ​លោក​អះអាង​ថា លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ការ​តតាំង​ក្តី​រឿង​នេះ។ លោក​បញ្ជាក់​ថា កូន​ក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ ដូច្នេះ​លោក​នៅតែ​ស្នើ​យ៉ាង​ទទូច​ឱ្យ​តុលាការ​កំពូល​ដោះលែង​ពួកគេ​ទាំងពីរ​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​បាន​ទៅ​ជួបជុំ និង​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ៖ «ទោះបីជា​តុលាការ​ជាន់​ទាប​សម្រេច​យ៉ាងណាក៏ដោយ ក៏​អ្វីៗ​ស្ថិត​នៅ​លើ​តុលាការ​កំពូល​ដែល​ជា​អ្នក​សម្រេច​ចុងក្រោយ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា តុលាការ​ចុងក្រោយ​នេះ​នឹង​រក​យុត្តិធម៌​ឱ្យ​ពួកគាត់​ទាំងពីរ​នាក់​ហ្នឹង ដោយសារតែ​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​មាន​រយៈពេល​ច្រើន​ខែ​មក​ហើយ ដូច្នេះ​វា​មិន​មាន​ភាព​ចាំបាច់​ក្នុង​ការ​ឃុំខ្លួន​ពួកគាត់​បន្ត​ទៅ​ទៀត​ទេ»

តុលាការ​ទាំងពីរ​ថ្នាក់​នៃ​របប​ក្រុងភ្នំពេញ បាន​បដិសេធ​ជា​បន្តបន្ទាប់​នូវ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​លើក​ទីមួយ និង​លើក​ទី​ពីរ ព្រមទាំង​បណ្តឹង​សុំ​មោឃភាព​នីតិវិធី​រឿង​ក្តី​នេះ បើ​ទោះបី​ជា​មាន​ការធានា​អំពី​កិច្ចសហការ​ជាមួយ​តុលាការ និង​ការ​រក​ឃើញ​ថា រឿង​ក្តី​នេះ​ធ្វើ​ខុស​នីតិវិធី​តាំងតែ​ពី​ដើមដំបូង​ក្តី។ បន្ថែម​ពីលើ​នេះ តុលាការ​ក៏បាន​ពន្យារពេល​ឃុំខ្លួន​អ្នក​ទាំងពីរ ៦ ខែ​បន្ថែម​ទៀត​ផង​ដោយ​មិន​កំណត់​ថ្ងៃ​ជំនុំជម្រះ​ឡើយ ដោយ​យក​លេស​ថា ដើម្បី​រក្សា​ពួកគេ​ក្នុង​កិច្ច​ស៊ើបសួរ​បន្ត​ទៅ​ទៀត។

លោក កែវ វន្នី យល់​ថា សំណុំ​រឿង​នេះ​មាន​ភាព​អយុត្តិធម៌​ចំពោះ​កូន​ក្តី​របស់​លោក​តាំង​ពី​ដើមដំបូង ហើយ​តុលាការ​ក៏​មិន​បាន​រក​ឃើញ​ភស្តុតាង​អ្វី​ថ្មី​ដើម្បី​ដាក់​បន្ទុក ឬ​បង្ហាញ​ថា កូន​ក្តី​របស់​លោក​បាន​មាន​ពិរុទ្ធភាព​នោះ​ដែរ៖ «យើង​ឃើញ​ការ​ឃុំខ្លួន ៦​ខែ​កន្លងមក អត់​មាន​រក​ឃើញ​ភស្តុតាង ឬ​តម្រុយ​ណាមួយ​ដែល​អាច​មើល​ឃើញ​ថា គាត់​ប្រព្រឹត្ត​បទល្មើស​ឡើយ។ ទោះបីជា​តុលាការ​ឃុំខ្លួន​គាត់​ប៉ុន្មាន​ខែ​ទៀត​ក៏ដោយ ក៏​នៅតែ​ប៉ុណ្ណឹង​ដែរ ព្រោះ​មិន​ឃើញ​មាន​បទល្មើស​អ្វី​ទាក់ទង​នៅ​ក្នុង​រឿង​ក្តី​ហ្នឹង​ទេ»

លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់​ខ្លួន កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​តំណាង​អយ្យការ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ តាម​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ។ អ្នក​ទាំងពីរ​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ថា អ្នក​ទាំងពីរ​ពិតជា​មានទោស​មែន​នោះ។ អ្នក​ទាំងពីរ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​អស់​រយៈពេល​ជិត ៨​ខែ​ហើយ ដោយ​មិនទាន់​ទទួល​បាន​ការ​ជំនុំជម្រះ​នៅឡើយ។

ក្រៅពី​ជាប់ចោទ​រឿង​ចារកម្ម​នេះ អ្នក​ទាំងពីរ​ក៏​កំពុង​ប្រឈម​នឹង​សំណុំរឿង​មួយទៀត​ដែរ គឺ​បទ​ផលិត​វីដេអូ​អាសអាភាស ដែល​ត្រូវ​បាន​ចោទ​ដោយ​តំណាង​អយ្យការ​អម​តុលាការ​ក្រុងភ្នំពេញ​ដដែល។ សំណុំរឿង​ទី​ពីរ​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ ហើយ​មិនទាន់​មាន​ការចោទប្រកាន់​ពី​ចៅក្រម​ស៊ើបសួរ​នៅឡើយ​ទេ។ ទោះជា​យ៉ាងណា ដោយ​មាន​កិច្ចសហការ​ផ្សាយ​បំភ្លៃ​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន មន្ត្រី​ប៉ូលិស​នៃ​ក្រសួងមហាផ្ទៃ និង​តុលាការ​ប៉ូលិស​ក្រុងភ្នំពេញ​បាន​បញ្ចេញ​ព័ត៌មាន​នៃ​សំណុំរឿង​ទី​ពីរ​នេះ​ជា​បន្តបន្ទាប់ ដែល​ជា​ទង្វើ​ផ្ទុយ​ពី​គោលការណ៍​រក្សា​ការសម្ងាត់​របស់​តុលាការ និង​រំលោភ​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា ថ្លែង​ថា លោក​ហាក់ដូចជា​មិន​មាន​សង្ឃឹមថា តុលាការ​កំពូល​នឹង​សម្រេច​ឱ្យ​អ្នក​ទាំងពីរ​បាន​នៅ​ក្រៅ​ឃុំ​ឡើយ ព្រោះ​លោក​យល់ថា សវនាការ​នេះ​គ្រាន់តែ​ជា​ធ្វើ​បង្គ្រប់​កិច្ច​តែប៉ុណ្ណោះ ដ្បិត​មេធាវី​របស់​លោក អួន ឈិន និង​លោក យាង សុធារិន្ទ បាន​ព្យាយាម​ជា​ច្រើនដង​រួច​ទៅ​ហើយ ដើម្បី​ឱ្យ​អ្នក​ទាំងពីរ​បាន​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​នៅតែ​ត្រូវ​បាន​បដិសេធ​ដោយ​តុលាការ។ ទោះជា​យ៉ាងណា មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ នៅតែ​ស្នើ​យ៉ាង​ទទូច​ដល់​តុលាការ​កំពូល​ឱ្យ​សម្រេច​ដោះលែង​អ្នក​ទាំងពីរ​ដើម្បី​បាន​ទៅ​ជួបជុំ​គ្រួសារ​វិញ ព្រោះ​ក្រុម​គ្រួសារ​របស់​អ្នក​ទាំងពីរ​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ ក្រោយ​អវត្តមាន​អ្នក​ទាំងពីរ​ដែល​ជា​មេ​គ្រួសារ៖ «យើង​ឃើញ​ហើយ​ថា វា​មិន​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ទេ ទៅលើ​អង្គហេតុ ហើយ​មាន​ភាព​មន្ទិល​សង្ស័យ​ជាច្រើន​នៅ​ក្នុង​ការ​មាន​ភស្តុតាង​មក​ភ្ជាប់​ពួកគាត់​ទៅ​ក្នុង​បទចោទប្រកាន់​ដែល​ចោទ​ដោយ​ព្រះរាជអាជ្ញា​ហ្នឹង អ៊ីចឹង​យើង​សង្ឃឹមថា តុលាការ​កំពូល​នឹង​ប្រើ​សុភវិនិច្ឆ័យ​ខ្ពស់​ជាង​តុលាការ​នៅ​ខាងក្រោម​ដើម្បី​ផ្ដល់​នូវ​ភាព​យុត្តិធម៌ និង​សេរីភាព ដើម្បី​ឱ្យ​ពួកគាត់​បាន​ជួបជុំ​ក្រុម​គ្រួសារ មើលថែ​កូនចៅ ដើម្បី​ជាទី​កក់ក្ដៅ​ដល់​ក្រុម​គ្រួសារ​គាត់​ឡើងវិញ»

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​ថ្កោលទោស​ការ​ចាប់ខ្លួន និង​ការចោទប្រកាន់​លើ​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំងពីរ​រូប​នេះ ដោយ​ពួកគេ​ចាត់​ទុក​ចំណាត់​ការ​របស់​របប​ក្រុងភ្នំពេញ​នេះ​ថា ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាង និង​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ ហើយ​ថា​ការ​មិន​ដោះលែង​អ្នក​ទាំងពីរ ព្រមទាំង​ការ​បន្ថែម​បទ​ចោទ​ថ្មី​ទៀត​នោះ បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា របប​ក្រុងភ្នំពេញ​កំពុង​រំលោភបំពាន​ច្បាប់​ជាតិ និង​អន្តរជាតិ។ ក្រុម​អង្គការ​ទាំងនោះ ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​អ្នកទោស​មនសិការ​ទាំង​ពីរ​នាក់​នេះ ឱ្យ​មាន​សេរីភាព​ឡើងវិញ។

ទាំង​ច្បាប់​ជាតិ និង​អន្តរជាតិ​តម្រូវ​អោយ​តុលាការ​បើក​អង្គ​សវនាការ​កាត់​សេចក្ដី​អោយ​បាន​ឆាប់​បំផុត ដោយ​មិន​ត្រូវ​យក​ជនសង្ស័យ ឬ​ជន​ត្រូវ​ចោទ​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រយៈពេល​យូរ​គ្មាន​ពេល​កំណត់​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តុលាការ​កំពូល​គ្រោង​ជំនុំជម្រះ​ជុំ​ទី​ពីរ​របស់​អតីត​បុគ្គលិក​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៣ កក្កដា"

  1. Anonymous says:

    Free them, now. They both are innocent.