ប្រតិភូ​ជប៉ុន​ប្រចាំ​ UN ​បង្ហាញ​ក្ដីបារម្ភ​ ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​កម្ពុជា​ឆ្លើយតប

លោក ណី សំអុល ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ UN ​។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ គណៈប្រតិភូ​ជប៉ុន​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​សម័យ​ប្រជុំ​លើក​ទី​ ៣៨ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ដោយ​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​មាន​ការ​សន្ទនា​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ក្នុង​ស្រុក​ដើម្បី​រក​ដំណោះស្រាយ​។

គណៈប្រតិភូ​ជប៉ុន​បាន​ថ្លែង​ថា ប្រទេស​ជប៉ុន​មើល​ឃើញ​មាន​ការ​រីកចម្រើន​ពាក់ព័ន្ធ​នឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចាប់ពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មក ប៉ុន្តែ​ខ្លួន​មាន​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​បច្ចុប្បន្ន​ក្រោយ​ពេល​គណបក្ស​ប្រឆាំង​ធំ​មួយ​របស់​កម្ពុជា​ត្រូវ​បាន​រំលាយ​។

គណៈប្រតិភូ​ជប៉ុន​បាន​ថ្លែង​ថា​៖ «​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ជប៉ុន​ជឿជាក់​ថា វា​ជា​រឿង​ចាំបាច់​មួយ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​ទាំង​បក្ស​កាន់​អំណាច ក៏ដូចជា​គណបក្ស​ប្រឆាំង​ក្នុង​ការដាក់​វិធានការ​វិន័យ និង​លើក​កម្ពស់​កិច្ចសន្ទនា​រវាង​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

ប្រតិភូ​នៃ​ប្រទេស​ជប៉ុន​ថ្លែង​ថា​៖ «​ដូច្នេះ​រដ្ឋាភិបាល​ជប៉ុន​ស្នើ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ប្រឹងប្រែង​ខ្លាំង​បំផុត​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​បច្ចុប្បន្ន​។ មាន​ពេលវេលា​នៅ​សល់​តិច​ណាស់​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ដែល​នឹង​មក​ដល់​នៅ​ចុង​ខែ​នេះ​។ យើង​ស្នើ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ធានាថា ការបោះឆ្នោត​ជាតិ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លក្ខណៈ​ត្រឹមត្រូវ​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​»​។

បើ​ទោះបី​ជា​ថ្លែង​យ៉ាង​ដូច្នេះ​ក្តី គណៈប្រតិភូ​ដដែល​បាន​ថ្លែង​ថា ជប៉ុន​នឹង​បន្ត​ផ្តល់​ជំនួយ​ចាំបាច់​ដល់​ប្រទេស​កម្ពុជា​។ លោកស្រី​ដែល​តំណាង​ឲ្យ​ប្រតិភូ​បាន​ថ្លែងថា ជប៉ុន​បាន​ចូលរួម​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ​កម្ពុជា​តាមរយៈ​ការផ្ដល់​ជំនួយ​ដល់​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា និង​ចូលរួម​ក្នុង​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​។

ប្រតិភូ​ថ្លែង​ថា​៖ «​យើង​នឹង​បន្ត​យ៉ាង​សកម្ម​ក្នុង​ការ​ចូលរួម​វិភាគទាន​ដើម្បី​ការការពារ និង​ការលើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​»​។

ការលើក​ឡើង​របស់​គណៈប្រតិភូ​ជប៉ុន និង​គណៈប្រតិភូ​នៃ​ប្រទេស​ផ្សេង​ទៀត​ត្រូវ​បាន​ឆ្លើយតប​ដោយ​លោក ណី សំអុល ឯកអគ្គរាជទូត​តំណាង​អចិន្រៃ្តយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​ដោយ​លោក​បាន​ថ្លែង​កោតសរសើរ​ដល់​ការរីកចម្រើន​របស់​កម្ពុជា​ទាំង​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​ និង​សេដ្ឋកិច្ច​ហើយ​ថា​ ការរំលាយ​គណបក្ស​ប្រឆាំង​គឺជា​បញ្ហា​ផ្លូវច្បាប់​ដែល​មិន​អាច​ប្តឹង​ជំទាស់​បាន ហើយ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​តួនាទី​ក្នុង​ការ​អន្តរាគមន៍​ទៅ​លើ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ទេ​។

លោក​បាន​អះអាង​ថា​ឆ្លង​តាម​ការបោះឆ្នោត​កាលពី​ពេល​មុន​កម្ពុជា​ធ្លាប់​ទទួលរង​ការ​ធ្វើ​បុរេវិនិច្ឆ័យ​ដោយ​លម្អៀង និង​ការបដិសេធ​មិន​ទទួល​ស្គាល់​ចំពោះ​ដំណើរការ​បោះឆ្នោត និង​លទ្ធផល​នៃ​ការបោះឆ្នោត​។ លោក​ថ្លែង​ថា​៖ «​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដែល​ការបដិសេធ​ និង​ភាពលម្អៀង​នេះ​បាន​ក្លាយ​ទៅ​ជា​ប្រពៃណី​នៃ​ការអនុវត្ត​នយោបាយ​ និង​យុទ្ធសាស្ត្រ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ និង​បក្ខពួក​របស់​គេ​»​។

លោក​ ណី សំអុល ក៏​បាន​ស្នើ​ឲ្យ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ដែល​សម្តែង​ការព្រួយបារម្ភ​នោះ​ឲ្យ​ផ្ដល់​ការគាំទ្រ និង​ផ្ដល់​ជំនួយ​ដល់ គ.ជ.ប និង​ដល់​ដំណើរការ​បោះឆ្នោត​ទាំង​មូល​ក៏​ដូចជា​បញ្ជូន​អ្នក​សង្កេតការណ៍​មក​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​គណៈកម្មាធិការ​មួយ​របស់​សហភាព​អឺរ៉ុប​បាន​បញ្ជូន​ប្រតិភូ​មួយ​ក្រុម​មក​កម្ពុជា​ដើម្បី​វាយតម្លៃ​ថា​តើ​កម្ពុជា​បាន​គោរព​តាម​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​ផែនការ​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ (EBA) ​ឬ​អត់​? ប្រតិភូ​នេះ​បំពេញ​បេសកកម្ម​ «​ស្វែងរក​ការពិត​» រយៈពេល​ ៧ ​ថ្ងៃ​ពី​ថ្ងៃ​ ៥ ដល់​ថ្ងៃទី​​ ១១ ខែ​កក្កដា​នេះ​។

ទោះ​យ៉ាង​ណា​ ភ្នំពេញ ​ប៉ុស្តិ៍​ មិន​ទាន់​អាច​ទាក់ទង​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ពាក់ព័ន្ធ​នឹង​កិច្ចការ​របស់​ប្រតិភូ​ស្វែងរក​ការពិត​នេះ​នៅ​ឡើយ​ទេ ចំណែក​លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ក៏​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ដែរ​កាលពី​ម្សិលមិញ​។

លោកស្រី មូរ សុខហួរ អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា វិធានការ​ដែល​ប្រទេស​ជប៉ុន​ត្រូវ​ធ្វើ​នាពេល​នេះ​គឺ​ដក​ជំនួយ​ពី​ប្រព័ន្ធ និង​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ទាំង​ស្រុង​ដោយ​លោកស្រី​អះអាង​ថា​ប្រព័ន្ធ​នឹង​ដំណើរការ​បោះឆ្នោត​នាពេល​បច្ចុប្បន្ន​នេះ​មិន​មាន​ភាព​ប្រជាធិបតេយ្យ ហើយ​មិន​បាន​បញ្ចូល​ពលរដ្ឋ​កម្ពុជា​ជាង​ពាក់កណ្ដាល​ប្រទេស​។

លោកស្រី​ថ្លែង​ថា​៖ «​កម្ពុជា​មិន​អាច​ត្រូវ​បាន​ចាប់​ជា​ចំណាប់ខ្មាំង​ទេ ពីព្រោះ​គណបក្ស​កាន់អំណាច​មិន​បាន​ធ្វើ​បដិភាគ​ទាន​អ្វី​សោះ ហើយ​ផ្ទុយ​ទៅ​វិញ​បាន​បង្កើត​ច្បាប់ និង​បទបញ្ជា ហើយ​រហូត​ដល់​មាន​ការ​ធ្វើ​វិសោធនកម្ម និង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ដើម្បី​បន្ត​កាន់​អំណាច​»​។

លោក ជាម ចន្នី អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​បាន​ថ្លែង​កោតសរសើរ​ដល់​ប្រទេស​ជប៉ុន​ក្នុង​បំណង​ដែល​ចង់​ឲ្យ​មាន​ការសន្ទនា​រវាង​គណបក្ស​ធំៗ​ទាំង​២​។ ទោះ​យ៉ាង​ណា​លោក​ថា ជប៉ុន​មិន​ទាន់​បង្ហាញ​ជំហរ​ច្បាស់លាស់​អំពី​ស្ថានការណ៍​នៅ​កម្ពុជា​ទេ ដោយ​បន្ត​ការគាំទ្រ​ដល់ គ.ជ.ប​។ លោក​សង្ឃឹម​ថា​ជប៉ុន​នឹង​បង្ហាញ​ជំហរ​ច្បាស់​មួយ​នៅ​នាទី​ចុង​ក្រោយ​នៃ​ការបោះឆ្នោត​នេះ​។

លោក ចន្នី ថ្លែង​ថា​៖ «​ជប៉ុន​ទាមទារ​ឲ្យ​មាន​ការជជែក​គ្នា​ជា​បញ្ហា​ល្អ​មួយ​ត្រង់​ថា យើង​មាន​សង្ឃឹម​ថា​ប្រទេស​ជប៉ុន​លោក​នឹង​បង្ហាញ​ជំហរ​ពិតប្រាកដ​នៅ​នាទី​ចុងក្រោយ​នៃ​ការបោះឆ្នោត​នេះ​។ អ៊ីចឹង​ប្រទេស​ជប៉ុន​អត់​ចង់​ដក​ខ្លួន​ចេញ​ផុត​ទេ ព្រោះ​លោក​ចង់​ជា​អ្នកដឹកនាំ​ចង់​ជា​មេអណ្ដើក​ទាក់ទាញ​ឲ្យ​ភាគី​សងខាង​ចូល​ជួប​គ្នា​។ ខ្ញុំ​មើល​ឃើញ​ថា ជប៉ុន​នឹង​មិន​ប្រកាន់​ជំហរ​ដូច​រាល់ថ្ងៃ​ទេ ច្បាស់​ជា​ប្រកាស​នៅ​នាទី​ចុង​ក្រោយ​យ៉ាង​ច្បាស់លាស់​របស់​ជប៉ុន​»​។ ​«​ប្រសិន​បើ​រដ្ឋាភិបាល​នៅ​រឹងត្អឹង​មិន​ដោះស្រាយ​ដល់​ស្ថានភាព​បច្ចុប្បន្ន​ទេ​អាមេរិក​ និង​សហភាព​អឺរ៉ុប​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​»៕


Contact author: នៀម ឆេង

What Next?

Recent Articles