កម្មកររាប់រយនាក់ធ្វើការ​ក្នុង​រោងចក្រមួយក្នុងខេត្តតាកែវនៅតែបន្តដួលសន្លប់

| |
https://vodhotnews.com

កម្មការិនី២៧៣បម្រើការងារនៅរោងចក្ររោងចក្រ ប៊ុន តឺសហ្វូតវែរ ស្ថិតក្នុងឃុំតាភេម បានដួលសន្លប់ជាបន្តបន្ទាប់ ថ្ងៃទី ១០ កក្កដា ២០១៨ (រូបភាព៖ FN)


កម្មកររាប់រយនាក់បម្រើការងារនៅរោងចក្រមួយក្នុងខេត្តតាកែវ នៅតែបន្តដួលសន្លប់នៅថ្ងៃនេះ ខណៈកាលពីម្សិលមិញក៏មាន​កម្មករជាង​២០០នាក់ដួលសន្លប់ក្នុងរោងចក្រ​នេះ។​

កាលពីម្សិលមិញ នគរបាលស្រុកត្រាំកក់ អះអាងថា កម្មការិនី២៧៣បម្រើការងារនៅរោងចក្ររោងចក្រ ប៊ុន តឺសហ្វូតវែរ ស្ថិតក្នុងឃុំតាភេម បានដួលសន្លប់ជាបន្តបន្ទាប់ ដែលអាជ្ញាធរអះអាងថា ការដួលសន្លប់នេះ បានកើតឡើងក្រោយពេលកម្មករទាំងនោះ ឃើញកម្មករម្នាក់រងរបួសដៃពេលកំពុងបំពេញការងារ។

អធិការនគរបាលស្រុកត្រាំកក់ លោក ឌុក ធីយ៉ា ប្រាប់វីអូឌីថា តាមរបាយការណ៍ដែលលោកទទួលបាន គឺមានកម្មករ២០៤នាក់បានដួលសន្លប់នៅថ្ងៃនេះទៀត។

លោកបន្តថា ក្រោយទទួលបានព័ត៌មាននេះភ្លាមៗ កម្លាំងសមត្ថកិច្ចរបស់លោកបានសហការជាមួយ ប.ស. ស សាខាខេត្ត​តាកែវ និងមន្ទីរ​ការងារខេត្ត បញ្ជូនកម្មករទាំងនោះទៅដាក់សេរ៉ូម និងព្យាបាលតាមមន្ទីពេទ្យនានានៅជិតនោះម្តងទៀតហើយ។

ទោះយ៉ាងណា មន្រ្តីអង្គការសង់ត្រាល់ ដែលចុះដល់កន្លែងហេតុផ្ទាល់អ្នកស្រី ធី ផល្លា បានឲ្យដឹងថា តាមតួរលេខដែលគាត់ទទួលបានរបាយការណ៍ពីមន្ទីពេទ្យចំនួន២គឺ មន្ទីរពេទ្យអង្គរការ និងអង្គតាសោម មានកម្មករ២៨១នាក់បានបន្តដួលសន្លប់នៅថ្ងៃនេះទៀត។

អ្នកស្រីបន្តថា ក្រុមគ្រូពេទ្យមិនទាន់អាចបញ្ជាក់ពីមូលហេតុបាននៅឡើយទេ ដោយគ្រាន់តែប្រាប់ថា អាការៈកម្មករដែលដួល សន្លប់ទាំងនោះគឺ មានអាការៈក្អួតចង្អោរ វិលមុខ ។

​ជំវិញករណីកម្មករដួល​​សន្លប់​ក្នុង​ចំនួន​ច្រើន​បែប​នេះ វីអូឌីមិនអាចសុំការបញ្ជាក់មូលហេតុជាក់លាក់ពីក្រុមគ្រូពេទ្យខេត្តនេះបាននៅឡើយទេ ខណៈមន្រ្តី ប.ស. ស សាខាខេត្តតាកែវ លោក សួន វណ្ណៈ មិនផ្តល់ព័ត៌មានច្រើនដល់អ្នកសារព័ត៌មាន។

សហជីពធ្លាប់លើកឡើងថា តាមការស្រាវជ្រាវកម្មករដួលសន្លប់ គឺដោយសារតែបរិយាកាសទាំងក្នុង និងក្រៅរោងចក្រមិនល្អ ការប្រើប្រាស់ថ្នាំគីមីផ្សេងៗ ការធ្វើការហួសកំលាំង ការហូបចុកមិនគ្រប់គ្រាន់ ការធ្វើការយូរឆ្នាំ និងច្រើនម៉ោងជាដើម។

របាយការណ៍​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឆ្នាំ​២០១៧ បញ្ជាក់ថា ការ​ដួលសន្លប់​របស់​កម្មការិនី បណ្ដាល​មកពីបញ្ហាក្លិនគីមីនៅក្នុងរោងចក្រ ទីតាំងរោងចក្រមិនមានបរិយាកាសល្អ ចង្អៀត ផ្នែកចិត្តសាស្ត្រសង្គម ករណីកម្មករស្លុតដួលតាមគ្នា បញ្ហាមេកានិច ស្របពេលសុខភាពកម្មករមានសភាពទន់ខ្សោយដោយសារការសម្រាកមិនគ្រប់គ្រាន់ ការហូបអាហារមិនទៀងទាត់ និងគ្មានជីវជាតិ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles