កម្មករ​រោងចក្រ​នៅ​ស្រុក​ត្រាំកក់​ខេត្ត​តាកែវ ជាង​៣០០​នាក់​បន្ត​ដួល​សន្លប់​នៅ​ថ្ងៃ​ទី​១០កក្កដា

ដោយ យន់ សាមៀន
2018-07-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រូពេទ្យ​បញ្ជូន​កម្មករ​រោងចក្រ គ័នថេក (Kuantech) ដែល​ដួល​សន្លប់​ចូល​បន្ទប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៥។ Photo: RFA
គ្រូពេទ្យ​បញ្ជូន​កម្មករ​រោងចក្រ គ័នថេក (Kuantech) ដែល​ដួល​សន្លប់​ចូល​បន្ទប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៥។ Photo: RFA


កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​ឈ្មោះ ប៉ុនតឺស ហ៊្វូតវែរ (PONTUS FOOTWEAR LTD) ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ខ្លាគ្រហ៊ឹម ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ជាង​៣០០​នាក់ បន្ត​ដួល​សន្លប់ ជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ លោក​វេជ្ជបណ្ឌិត នុត ស៊ីណាត ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១០ កក្កដា ថា កម្មករ​ដែល​រងគ្រោះ ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​ថ្ងៃនេះ មាន​ចំនួន​៣៤៣​នាក់។ លោក​វេជ្ជបណ្ឌិត​បន្ដ​ថា កម្មករ​ទាំង​៣៤៣​នាក់ ជា​ក្រុម​ថ្មី ដែល​មាន​អាការៈ​ស្លេកស្លាំង ចំណែក​កម្មករ​ដែល​ដួល​សន្លប់​កាលពី​ម្សិលមិញ មាន​ចំនួន​៤២៥​នាក់ បាន​ត្រលប់​ទៅផ្ទះ​វិញ​អស់ហើយ។

កាលពី​ថ្ងៃ​ទី​៩ កក្កដា សារព័ត៌មាន​ក្នុងស្រុក​បាន​ដកស្រង់​សម្ដី​ស្នងការ​ខេត្ត​តាកែវ លោក សុខ សំណាង ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កម្មករ​ដួល​សន្លប់​បន្ទាប់​គ្នា ផ្ដើម​ចេញ​ពី​កម្មការិនី​ម្នាក់ បាន​គាប​ដៃ ជាមួយ​ម៉ាស៊ីន​ដេរ ហើយ​បាន​ស្រែក​បន្លឺ​ឡើង ស្រាប់តែ​កម្មករ​ផ្សេងទៀត​ឃើញ ភ័យរន្ធត់​បណ្ដាល​ឲ្យ​ដួល​សន្លប់​ជា​បន្តបន្ទាប់។

ចំណែក មូលហេតុ​ដែល​កម្មករ​បន្ត​ដួល​សន្លប់​នៅ​ថ្ងៃ​ទី​១០ កក្កដា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​តាកែវ លោក ម៉ឹង វីរីយ៉ា ត្រូវ​បាន​សារព័ត៌មាន​ហ្វ្រេសញូវ (Fresh News) ដែល​មាន​និន្នាការ​កាន់ជើង​របប​ក្រុងភ្នំពេញ ដកស្រង់​សម្ដី​ថា បណ្ដាល​មក​ពី​ក្រុម​កម្មករ បាន​ឃើញ​កម្មការិនី​ម្នាក់ ព្យួស៊ីរ៉ូម នៅ​ជាប់​នឹង​ដៃ ទៅ​បើក​ប្រាក់ខែ ស្រាប់តែ​កម្មករ​ដទៃ​ទៀត​ភ័យ​ស្លន់ស្លោ ក៏​សន្លប់​បន្តបន្ទាប់។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថា សហជីព​សិក្សា​ឃើញ​ថា កម្មករ​ដែល​ធ្វើការ​ចាប់ពី​៦​ខែ​ឡើង នឹង​ប្រឈម​បញ្ហា​សុខភាព​ចុះ​ទន់ខ្សោយ ហើយ​ករណី​កម្មករ​ដួល​សន្លប់​ត​គ្នា នៅ​ពេល​ភ័យ​តក់ស្លុត ដោយសារ សុខភាព​ពួកគេ​ទន់ខ្សោយ​ខ្លាំង ព្រោះ​កម្មករ​ធ្វើការ​ប្រឈម​នឹង​ជាតិគីមី​ក្នុង​ក្រណាត់ បរិយាកាស​ក្នុង​រោងចក្រ​គ្មាន​ស្តង់ដារ​តាមច្បាប់​កំណត់ និង​ការ​ទទួល​បាន​ប្រាក់ខែ​តិចតួច​ពេក ធ្វើ​ឲ្យ​ពួកគាត់ មិន​មាន​លទ្ធភាព​បរិភោគ អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ ឬ​ការ​សម្រាក​មិន​គ្រប់គ្រាន់ ដោយសារតែ​បន្ទប់​ជួល​មួយ ត្រូវ​ស្នាក់នៅ​គ្នា​ច្រើន​នាក់។

កម្មការិនី​សន្លប់​ម្នាក់ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត​តាកែវ អ្នកស្រី ស៊ុំ សុផា ដែល​មាន​ផ្ទៃពោះ​៧​ខែ ឲ្យ​ដឹង​ថា ក្រុម​កម្មករ​មិនដឹង​ថា ការ​សន្លប់​ត​គ្នា​នេះ បណ្ដាល​មក​ពី​អ្វី​ទេ គឺ នៅ​ពេល​អង្គុយ​ធ្វើការ អ្នកស្រី​អស់កម្លាំង វិលមុខ សន្លប់​មិន​ដឹង​មូលហេតុ «»

អ្នកស្រី ស៊ុំ សុផា បន្ដ​ថា ក្រុម​គ្រូពេទ្យ​ប្រាប់​ថា គ្រោះថ្នាក់​សន្លប់​នេះ មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ គ្រូពេទ្យ​នឹង​ផ្ដល់​ថ្នាំ​បន្ថែម​ឲ្យ​គាត់ ហើយ​គ្រូពេទ្យ​ប្រាប់​ថា អ្នកស្រី​អាច​នឹង​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅផ្ទះ​វិញ នៅ​ថ្ងៃ​ទី​១១ កក្កដា ស្អែក​នេះ។ តែ​យ៉ាងណា កម្មការិនី​រូប​នេះ បារម្ភ​ខ្លាច​ថា ថៅកែ​នឹង​កាត់​លុយ នៅ​ពេល​មិន​ឃើញ​ឈ្មោះ អ្នកស្រី​ទៅ​ធ្វើ​ការ​នៅ​ថ្ងៃស្អែក។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​ករណី​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួគ៍ បានទេ នៅ​ថ្ងៃ​ទី​១០ កក្កដា ដោយសារ​មិន​លើក​ទូរស័ព្ទ។

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក ឃុន ថារ៉ូ ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ នៅ​មិនទាន់​អាច​សន្និដ្ឋាន​បានទេ ពី​មូលហេតុ​ពិតប្រាកដ​ដែល​ធ្វើ​ឲ្យ​កម្មករ​ដួល​សន្លប់​បន្តបន្ទាប់​គ្នា ដោយ​រង់​ចាំ​មើល​លទ្ធផល​របស់​ក្រុម​មន្ត្រី​ជំនាញ។ លោក ឃុន ថារ៉ូ បន្ដ​ថា តាមច្បាប់​ការងារ ដើម្បី​បង្ការ​កុំ​ឲ្យ​និយោជក​កាត់​លុយ​កម្មករ កម្មករ​អាច​ប្រើ​ច្បាប់​ឈប់​សម្រាក​ពិសេស ឬ​ឈប់សម្រាក​ព្យាបាល​ជំងឺ។ តែ​យ៉ាងណា សង្គម​ស៊ីវិល ថា គ្រោះថ្នាក់​ប្រភេទ​នេះ ជា​ប្រភេទ​នៃ​គ្រោះថ្នាក់​ការងារ ហើយ​ជា​ការ​ទទួល​ខុសត្រូវ​របស់​ថៅកែ​រោងចក្រ។ «»

សង្គម​ស៊ីវិល និង​កម្មករ ស្នើសុំ​អាជ្ញាធរ​នៃ​ក្រសួង​ជំនាញ ចុះ​ត្រួត​ពិនិត្យមើល​ដល់​ទី​តាំង ជាបន្ទាន់ ដើម្បី​ជៀសវាង ការ​ដួល​សន្លប់​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment