ភរិយា​បណ្ឌិត កែម ឡី បញ្ចេញ​សារ​អាឡោះអាល័យ​ស្វាមី​នៅ​មុន​ខួប​គម្រប់​២​ឆ្នាំ

ទីន ហ្សាការីយ៉ា
2018-07-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា សំពះ​ភ្ញៀវ​នៅ​មុខ​សព​ស្វាមី​នៅ​ក្នុង​មឈូស​កញ្ចក់ ដែល​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។ Photo: RFA
ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា សំពះ​ភ្ញៀវ​នៅ​មុខ​សព​ស្វាមី​នៅ​ក្នុង​មឈូស​កញ្ចក់ ដែល​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។ Photo: RFA


ភរិយា​លោក បណ្ឌិត កែម ឡី គឺ​អ្នកស្រី ប៊ូ រចនា បាន​សរសេរ​សារ​សំដែង​ក្ដី​អាឡោះអាល័យ និង​រំលឹក​ពី​អនុស្សាវរីយ៍​របស់​អ្នកស្រី នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៩ កក្កដា គឺ​១​ថ្ងៃ​មុន​គម្រប់​ខួប​២​ឆ្នាំ​នៃ​ឃាតកម្ម​លើ​ស្វាមី​អ្នកស្រី​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ។

សារ​រំលឹក​ពី​អនុស្សាវរីយ៍​នេះ អ្នកស្រី ប៊ូ រចនា សរសេរថា ពីរ​ឆ្នាំ​កន្លង​ផុត​ទៅ សេចក្តី​ស្រឡាញ់ សុភមង្គល និង​ភាព​រីករាយ បាន​ត្រឹម​ឲ្យ​អ្នកស្រី អោបក្រសោប​នូវ​រាល់​ការ​ចងចាំ​របស់​ប្តី​តែប៉ុណ្ណោះ។ អ្នកស្រី​រៀបរាប់ នូវ​ពាក្យ​ពេជ្រ​ជាច្រើន​ដូចជា​” ខ្ញុំ​នៅតែ​ចងចាំ​ពេលវេលា​យើង​ទៅ​ញាំ​គុយទាវ​ពេលព្រឹក​ជុំ​គ្នា ខ្ញុំ​ចងចាំ​ពេល​បង​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ពិសា​បាយ ខ្ញុំ​ចង​ចងចាំ​ពេល​បង​ជូន​អូន​ទៅ​ផ្សារ ខ្ញុំ​ចង​ចងចាំ​ពេល​បង សើច​លេង​ជាមួយ​នឹង​កូនៗ ខ្ញុំ​ចងចាំ​រាល់ពេល​យើង​សប្បាយរីករាយ និង​ពេល​កើតទុក្ខ អូន​ចងចាំ​សកម្មភាព​គ្រួសារ​របស់​ពួក​យើង តែ​ពលរដ្ឋ​ខ្មែរ​ចងចាំ​ការ​លះបង់​របស់​បង។ ជា​ប្រពន្ធ និង​ជា​កូនៗ​របស់​បង ពួក​យើង​រំភើប ពីព្រោះ​ថា រូប​បង​មិន​ត្រឹមតែ​ស្ថិត​ក្នុង​ចិត្ត​របស់​អូន និង​កូនៗ​ទេ បង​ស្ថិត​នៅ​ក្នុង​ការ​ចងចាំ របស់​ពលរដ្ឋ​ខ្មែរ។ ពួកគេ​បាន​ដាក់​ងារ​ឱ្យ​បង ថា លោក បណ្ឌិត កែម ឡី” ។

អ្នកស្រី​បន្ថែម​ថា ថ្ងៃ​ទី​១០​កក្កដា​ឆ្នាំ​២០១៦ កាលពី​២​ឆ្នាំមុន ជា​ថ្ងៃ​ដែល​ស្វាមី បាន​ចាក​ចេញទៅ​ឆ្ងាយ ហើយ​យុត្តិធម៌​ក៏​ហាក់​នៅ​ឆ្ងាយ​សែន​ឆ្ងាយ។ អ្នកស្រី​បញ្ជាក់​ថា ទោះបី​យើង​មិន​និយាយ​ចេញ តែ​គ្រប់គ្នា​ដឹង​ថា មាន​អ្វី​បាន​កើត​ចំពោះ​ស្វាមី​នាង​ខ្ញុំ។ អ្នកស្រី​បន្ត​ថា ពួក​យើង​ស្ងៀមស្ងាត់​មែន ប៉ុន្តែ​ក្នុង​ចិត្ត​ពួក​យើង​ដឹង និង​យល់​ច្បាស់​ពី​ទង្វើ​ព្រៃផ្សៃ​នេះ។ ទោះ​សរសេរ​ច្រើនជាង​នេះ ក៏​វា​មិន​អាច​ទាមទារ​ឱ្យ​ស្វាមី​នាង​ខ្ញុំ​ត្រឡប់មកវិញ​បាន​ដែរ។

តែ​នាង​ខ្ញុំ​ជឿជាក់​ថា នឹង​មាន​ថ្ងៃមួយ​មក​ដល់ ដែល​ឃាតក​ពិត នឹង​សង​នូវ​រាល់​អ្វីៗ​ដែល​គេ​បាន​ធ្វើ។ សូម​វិញ្ញាណក្ខន្ធ​បង តាម​ជួយ​ថែរក្សា​ក្រុម​គ្រួសារ និង​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ឱ្យ​ទទួល​បាន​សេចក្តី​សុខ និង​យុត្តិធម៌។

ជា​ចុង​បញ្ចប់ អ្នកស្រី ប៊ូ រចនា សរសេរ​ថា ក្នុង​ឱកាស​គម្រប់​ខួប​ពីរ​ឆ្នាំនេះ នាង​ខ្ញុំ​សូម​ប្ដូរ​រូប​ក្នុង ​ហ្វេសប៊ុក​ផេក (Facebook Page) មួយ​នេះ ទៅជា​ពណ៌​ខ្មៅ នឹង​មិន​ផូស​អ្វី​ទាំងអស់​ចាប់ពី​ម៉ោង ១២​យប់​នេះ​ទៅ រយៈពេល ២៤​ម៉ោង ដើម្បី​ឧទ្ទិស ការ​ឈឺចាប់ ការ​នឹក​ស្រណោះ ការ​ស្រឡាញ់ ការ​គោរព និង​ការ​ចងចាំ វីរជន របស់​អូន និង​កូនៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles