មរតក​គំនិត បណ្ឌិត កែម ឡី

ដោយ មួង ណារ៉េត
2018-07-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA
លោក កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo: RFA


ទោះបីជា​រូប​កាយ​របស់​លោក​បណ្ឌិត កែម ឡី បាន​ចាក​ឆ្ងាយ​ពី​លោក​យើង​នេះ​ទៅ ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​វិញ​យ៉ាង​ណា​ក្តី ក៏​កេរ្តិ៍ឈ្មោះ​ល្បី និង​មរតក​គំនិត​របស់​លោក​បណ្ឌិត មិន​រលត់​តាម​រូប​កាយ​របស់​លោក​នោះ​ឡើយ។ មរតក​គំនិត លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ផ្ទេរ និង​ចម្លង​ទៅ​ឲ្យ​យុវជន​ជំនាន់​ក្រោយ ដែល​ជា​ទំពាំង​ស្នង​ឫស្សី ដែល​ប្ដេជ្ញា​បន្ត​ស្នាដៃ ចំណេះដឹង និង​ទស្សនទាន​របស់​លោក សម្រាប់​មនុស្ស​ជំនាន់​នេះ និង​មនុស្ស​ជំនាន់​ក្រោយ។

ក្រុម​យុវជន ជំនាន់​ក្រោយ​មួយ​ក្រុម ដែល​មាន​គ្នា ១២​នាក់ និង​មាន​សមាជិក សកម្ម​ប្រាំ​បី​នាក់ ដឹកនាំ​ដោយ​លោក ហង្ស វិទូ កំពុង​បន្ត​កេរដំណែល នៃ​គំនិត លោក​បណ្ឌិត កែម ឡី។ លោក ហង្ស វិទូ ដែល​ជា​ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង អះអាង​ប្រាប់​អាស៊ីសេរី​ថា យុវជន​ជា​សិស្ស​របស់​លោក​បណ្ឌិត កែម ឡី មិន​ដែល​អាក់ខាន ក្នុង​ការ​ជួប​គ្នា ដើម្បី​បន្ត​បេសកកម្ម​របស់​លោក​បណ្ឌិត កែម ឡី នោះ​ឡើយ។ លើកលែងតែ​ការ​ចុះ​ផ្ទាល់​ទៅតាម​មូលដ្ឋាន ឲ្យ​បាន​ញឹកញាប់ ដូច​កាល​លោក​បណ្ឌិត កែម ឡី នៅ​រស់​ប៉ុណ្ណោះ៖ «ពេល​ដែល​ចុះ​តាម​ភូមិ​ឃុំ​មួយ​ចំនួន តែងតែ​មាន​បញ្ហា អាហ្នឹង​ទីមួយ​។ ទី​ពីរ កុំថាឡើយ​តាម​ភូមិ​ឃុំ សូម្បី​យើង​ធ្វើការ​នៅ​ក្នុង​ការិយាល័យ (Office) មួយ​ចំនួន​ហ្នឹង ពេលខ្លះ ដូច​លោក​ដឹង​ស្រាប់​ហើយ កាលពី​ឆ្នាំមុន​ហ្នឹង មាន​ទាហាន​ផង មាន​ប៉ូលិស​ផង​ព័ទ្ធ​យើង ដូចជា​រៀប​ទ័ព​ទៅ​ច្បាំង​ជាមួយ​យួន​អ៊ីចឹង​! រូបភាព​ហ្នឹង​យើង​ឃើញ​ទាំងអស់​គ្នា។ ដូច្នេះ​មានការ​ធ្វើទុក្ខបុកម្នេញ ដែល​យើង​អត់​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព អត់​មាន​អារម្មណ៍​ថា យើង​ធ្វើ​ទៅ​ស្រួល​ទេ»

ទោះជា​មានការ​រឹតត្បិត និង ធ្វើទុក្ខបុកម្នេញ​ខ្លាំង​យ៉ាង​នេះ​ក្តី ក៏​លោក ហង្ស វិទូ បញ្ជាក់​ថា ក្រុម​របស់​លោក​នៅតែ​បន្ត​ស្វិតស្វាញ​ជួបជុំ ពិគ្រោះ​យោបល់ និង​វិភាគ​កិច្ចការ​សង្គម និង​នយោបាយ​តទៅទៀត ដើម្បី​ប្រយោជន៍ ឲ្យ​ប្រជាពលរដ្ឋ បាន​ដឹង​ពី​ជ្រុង​ម្ខាង​ទៀត នៃ​ព័ត៌មាន និង​គំនិត ដែល​របប​លោក ហ៊ុន សែន មិន​បង្ហាញ។

បន្ថែម​លើក​កិច្ចការ​វិភាគ​នេះ លោក ហង្ស វិទូ ខ្លួន​លោក បានសម្រេច​ស្នាដៃ​សរសេរ​សៀវភៅ​មួយ​ក្បាល​កម្រាស់ ៥២០ ទំព័រ ដើម្បីឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ដែល​លោក​ដាក់​ចំណងជើង​ថា មរតក​គំនិត បណ្ឌិត កែម ឡី«មូលហេតុ​ដែល​ខ្ញុំ​ចងក្រង​សៀវភៅ​មរតក​គំនិត បណ្ឌិត កែម ឡី នេះ គឺ​មិន​ចង់​ឲ្យ​កូន​ខ្មែរ​ទាំងអស់​ហ្នឹង កុំ​ឲ្យ​ភ្លេច​ស្នាដៃ​របស់​គាត់។ សៀវភៅ​នេះ​មាន​រៀបរាប់ អំពី​អត្តចរិត​របស់​គាត់ លក្ខណៈ​របស់​គាត់​លម្អិត​ច្រើនជាង​មុន។ ជា​ការ​លើក​យក​នូវ​ស្នាដៃ​របស់​គាត់ ច្រើនជាង​អ្វី​ដែល​យើង​និពន្ធ​បន្ថែម។ រៀបរាប់​ទៅតាម​ភស្តុតាង ឬ​រៀបរាប់​ទៅតាម​សាក្ខី​មួយ​ចំនួន ដែល​គាត់​ធ្លាប់​បាន​ជួប ក៏ដូចជា​ធ្លាប់​បាន​ទទួល​ការ​បណ្តុះបណ្តាល​ជាមួយ​លោក​បណ្ឌិត កែម ឡី»

ក្រប​សៀវភៅ​មរតក​គំនិត​បណ្ឌិត កែម ឡី ដែល​រៀបរៀង​ដោយ​ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​លោក ហង្ស វិទូ។

ក្រប​សៀវភៅ​មរតក​គំនិត​បណ្ឌិត កែម ឡី ដែល​រៀបរៀង​ដោយ​ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​លោក ហង្ស វិទូ។
Screenshot

សៀវភៅ​មរតក​គំនិត បណ្ឌិត កែម ឡី នេះ ចែកចេញជា​បួន​ផ្នែក​ធំៗ មាន​ផ្នែក ស្ដីពី​ចរិតលក្ខណៈ និង បណ្ដាំ​របស់​លោក​បណ្ឌិត កែម ឡី។

ជុំវិញ​បណ្ដាំ​របស់​លោក កែម ឡី នេះ​យុវជន​មួយ​ក្រុម​ទៀត ដែល​ជា​សិស្ស​របស់​លោក​បណ្ឌិត​ដែរ និង ឥឡូវ​ជា​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី និង​ក្រុម​របស់​លោក ក៏បាន​បន្ត​ថែរក្សា និង​ផ្សព្វផ្សាយ​គំនិត របស់​លោក​បណ្ឌិត ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ តាម​មូលដ្ឋាន។ ជា​អកុសល ក្នុង​ស្ថានភាព​បច្ចុប្បន្ន ការងារ​ផ្នែក​មួយ​នេះ រង​ការ​ធ្វើទុក្ខបុកម្នេញ​យ៉ាង​ខ្លាំង ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ដែល​ជា​មនុស្ស​របស់​បក្ស​កាន់អំណាច ជាពិសេស ក្រោយ​ពេល​រម្លាយ​គណបក្ស​សង្គ្រោះជាតិ៖ «បដា​ហ្នឹង​គេ​ឥឡូវ កន្លែង​ដែល​ខ្ញុំ​បាន​លើក​បាន​អីហ្នឹង គេ​ដកចេញ​អស់ហើយ​។ អាជ្ញាធរ​ភូមិ​ឃុំ​គេ ទៅ​គំរាម។ ពេល​រម្លាយ​បក្ស​ប្រឆាំង​មក គឺ​មាន​ការ​ដក​បដា​ទាំងនោះ​។ អ្នកខ្លះ​អត់​ដក​ទេ តែ​ពួកគាត់​យក​អ្វី​មក​បាំង។ យក​តង់​យក​អី​មក​បាំង។ ឥឡូវនេះ​យើង​ពិបាក​ណាស់​។ ប្រជាជន​គាត់​ខ្លាច​។ នាំគ្នា​ខ្លាច គាត់​មិន​ហ៊ាន ឲ្យ​យើង​ដាក់​តទៅទៀត។ ហ្នឹង​ទីមួយ ទី​ពីរ​គឺ​គាត់​មិន​ហ៊ាន​ហើយ យើង​អត់​លុយ​អត់​អី​ទៀត»

បដា​ដែល​ក្រុម​លោក ធ្លាប់​បាន​បោះពុម្ព​នោះ មាន​រហូតដល់​ទៅ ៩០០​ផ្ទាំង ដែល​បាន​ថវិកា​ពី​សប្បុរសជន​ខ្មែរ​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ផង។

បដា​ពាក្យ​បណ្ដាំ​របស់​បណ្ឌិត កែម ឡី នេះ មាន​ពីរ​ប្រភេទ គឺ​បដា​ធំ​ទំហំ ២​គុណ​នឹង ៣​ម៉ែត្រ និង​បដា​តូច​ទំហំ ១​ម៉ែត្រ គុណ​នឹង​កន្លះ​ម៉ែត្រ ហើយ​ក្រៅពី​ផ្ទាំង​បដា​បែបនេះ ក៏​មានការ​ឆ្លាក់​នៅ​លើ​ថ្ម​ម៉ាប​ផង​ដែរ។

ពាក្យ​បណ្ដាំ​របស់​បណ្ឌិត កែម ឡី មាន​ដូចជា​៖

· ជូត​ទឹកភ្នែក​របស់​អ្នក រួច​បន្ត​ដំណើរ​ទៅមុខ

· ចូរ​យើង​នាំគ្នា​និយាយ​ការពិត ជាជាង​ការ​និយាយ​ការពារ

· ខ្លាច​ស្លាប់​ដោយសារ​ជួយ​ការពារ​ពលរដ្ឋ មិនមែន​ជា​ជម្រើស​ល្អ​ទេ

· អ្នក​មាន​អំណាច​មាន​លុយ​ច្រើន ពី​ការ​កេងប្រវ័ញ្ច​ធនធាន​សង្គម ពី​ពលរដ្ឋ​ខ្លួនឯង​នោះ អ្នក​អាច​មាន​សុវត្ថិភាព តែ​ពេល​នៅ​រស់​ទេ តែ​ពេល​ស្លាប់​ទៅ សូម្បីតែ​ទី​តម្កល់​សាកសព ក៏​អាច​នឹង​មិន​មាន​សុវត្ថិភាព​ដែរ ។ល។

ទោះជា​ជួប​ឧបសគ្គ​ទាំង​ការ​គំរាមកំហែង និង ការ​ខ្វះ​ថវិកា​យ៉ាងណា​ក្តី ក៏​ក្រុម​យុវជន​របស់​លោក មួង សូនី នៅតែ​ពុះពារ​បន្ត​កិច្ចការ​ធំ​មួយ ពី​លោក​បណ្ឌិត កែម ឡី។ កិច្ចការ​នោះ គឺ​យុទ្ធនាការ ១០០ រាត្រ​។ លោក​បណ្ឌិត កែម ឡី មិន​បាន​បំពេញ​យុទ្ធនាការ ១០០​រាត្រី​នេះ ឲ្យ​បាន​ចប់​សព្វគ្រប់ ដូច​ការ​ប៉ង​ប្រាថ្នា​របស់​លោក​ឡើយ ដោយសារ​ត្រឹម​រាត្រី​ទី១៥ ឃាតក​បាន​បាញ់សម្លាប់​លោក។ ក្រុម​លោក មួង សូនី រហូត​មក​ដល់​ពេលនេះ បាន​បន្ត​កិច្ចការ​ពី​រាត្រី​ទី ១៥ នោះ ដល់​រាត្រី​ទី ៥០ ហើយ គ្រាន់តែ​មិន​ទាន់​បញ្ចេញ​របាយការណ៍​ស្រាវជ្រាវ​នេះ​នៅ​ឡើយ ដោយ​ចាំ​មើល​ស្ថានការណ៍​ស្រុកទេស​ល្អ​ជាង​នេះ​សិន។ ការងារ ១០០​រាត្រី​នេះ វា​មាន​សារសំខាន់​ខ្លាំង សម្រាប់​សង្គមជាតិ៖ «អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ប្រឹងប្រែង​លើ​របាយការណ៍ ១០០ រាត្រី​នោះ ធ្វើ​យ៉ាងណា​ឲ្យ​វា​ល្អ ឲ្យ​វា​មាន​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ។ កិច្ចការ​ទាំងអស់​នេះ វា​មាន​ប្រយោជន៍​ណាស់។ វា​អាច​ក្លាយ​ជា​ឯកសារ​ប្រវត្តិសាស្ត្រ សម្រាប់​ប្រទេស​យើង ព្រោះ​រឿង​ដែល​រដ្ឋាភិបាល​លាក់លៀម​ចំពោះ​ប្រជាពលរដ្ឋ ដូចជា​បញ្ហា​ព្រំដែន បញ្ហា​សង្គម សេដ្ឋកិច្ច និង​នយោបាយ​អី​ហ្នឹង គឺ​ច្រើន​ណាស់ មាន​លក្ខណៈ​ទូលំទូលាយ និង​លាក់កំបាំង​ចំពោះ​ប្រជាពលរដ្ឋ។ ខ្ញុំ​គិត​ថា​របាយការណ៍​ហ្នឹង វា​អាច​ចូលរួម​ចំណែក​ឲ្យ​ប្រជាពលរដ្ឋ បាន​ចេះដឹង​ហើយ ហើយ​អាច​ទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ គាត់​ធ្វើការ​ស្រាវជ្រាវ សម្រាប់​និស្សិត សម្រាប់​អី​ផង​ដែរ»

យុទ្ធនាការ ១០០​រាត្រី​នេះ ផ្ដោត​សំខាន់ៗ​ទៅលើ​បញ្ហា​សង្គម ដូចជា​គ្រឿងញៀន ចំណាកស្រុក ភាព​ក្រីក្រ ជាពិសេស បញ្ហា​ព្រំដែន ដែល​នៅ​ជាប់​ប្រទេស​វៀតណាម ដូចជា​នៅ​ខេត្ត កំពត ស្វាយរៀង និង មណ្ឌលគិរី​ជាដើម។

មរតក​ដែល​លោក​បណ្ឌិត កែម ឡី បាន​បន្សល់ទុក​សំខាន់​មួយទៀត គឺ​ស្នាដៃ ដែល​លោក​បាន​សរសេរ​ហើយ​មួយ​ចំនួន នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​យួរ ដៃ​របស់​លោក ដែល​មាន​ចំណងជើង​ថា “​បន្ទាត់​នយោបាយ​ថ្មី​ដើម្បី​កម្ពុជា​២០១៨”​។ លោក​បណ្ឌិត​កែម ឡី បាន​ផ្តោត​ទៅ​លើ​ការ​កែ​លំអ​អភិបាលកិច្ច ដែល​ធ្វើ​អោយ​រដ្ឋាភិបាល​មាន​ទំហំ​តូច គឺ​មានន័យថា​កាត់បន្ថយ​ចំនួន​ក្រសួង អោយ​មក​នៅ​ត្រឹម ១០​ក្រសួង កាត់បន្ថយ​ចំនួន​រដ្ឋមន្ត្រី នៅ​តាម​ក្រសួង​នីមួយៗ​ជាដើម។

លោក​បណ្ឌិត​រក​ឃើញ​ថា រដ្ឋាភិបាល​ដឹកនាំ ខ្វះ​វិមជ្ឈការ តម្លាភាព គណនេយ្យភាព ការចូលរួម​និង​ប្រជាធិបតេយ្យ ដែល​ពិបាក​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព​ការដឹកនាំ និង​គ្រប់គ្រង​រដ្ឋាភិបាល ឲ្យ​មាន​លក្ខណៈ​វិមជ្ឈការ​ធនធាន និង​សេចក្ដី​សម្រេច​ចិត្ត​ដល់​ថ្នាក់​សហគមន៍ ក្នុង​កម្រិត​ស្វ័យភាព​ខ្ពស់​បំផុត​បាន។ លោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល កែ​ចំណុច​ជាច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ ដូចជា រដ្ឋ​ត្រូវ​រៀបចំ​វិភាគ​មុខងារ ភារកិច្ច​ស្ថាប័ន​នីមួយៗ និង​រៀបចំ​និង​អនុវត្តន៍​តារាង តួនាទី និង​ភារកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ អាច​អនុវត្ត​បាន និង​មានការ​ចូលរួម​ពេញ​លេញ ពី​ភាគី​ពាក់ព័ន្ធ ក្នុង​នោះ​ដែរ រដ្ឋាភិបាល​ត្រូវ​រួមបញ្ចូល​ក្រសួង ដែល​មាន​តួនាទី​ត្រួតស៊ីគ្នា​ឲ្យ​នៅ​ចំនួន​តិច និង​ពិសេស ត្រូវ​លុបចោល​យន្តការ​អន្តរក្រសួង គណៈកម្មការ ក្រុមប្រឹក្សា និង​អាជ្ញាធរ​មួយ​ចំនួន​ដែល​មិន​ចាំបាច់ និង​ខាតបង់​ថវិកាជាតិ។

លោក កែម ឡី សន្និដ្ឋាន​ថា ការ​មាន​ក្រសួង​ច្រើន និង​ការ​បង្កើត​យន្តការ​អន្តរក្រសួង គណៈកម្មការ ក្រុមប្រឹក្សា និង​អាជ្ញាធរ ទាំងនេះ គឺជា​កត្តា​រាំងស្ទះ​ក្នុង​ការដំឡើង​ប្រាក់​បៀវត្ស និង​ប្រសិទ្ធភាព​ការងារ។

លោក​ថា បើ​ធ្វើ​ដូចនេះ ថវិកា​ជាតិ​មាន​គ្រប់គ្រាន់​សម្រាប់​ដំឡើង​ប្រាក់ខែ​ចំនួន​យ៉ាងតិច ៥០០​ដុល្លារ​ទាប​បំផុត​សម្រាប់​កងកម្លាំង​ប្រដាប់​អាវុធ​ម្នាក់ ឬ​មន្ត្រីរាជការ​ទូទៅ​ម្នាក់។

ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ូ រចនា បាន​រក្សាទុក​ឯកសារ ទាំងនេះ​យ៉ាង​គត់មត់ ហើយ​បាន​នាំ​យក​ទៅ​ជាមួយ​អ្នកស្រី​ដល់​ប្រទេស​អូស្ត្រាលី។ អ្នកស្រី បាន​ប្រគល់​សិទ្ធិ ផ្ដាច់មុខ​ទាំងស្រុង​ដល់​វិទ្យុ​អាស៊ីសេរី ដើម្បី​ជួយ​ផ្សព្វផ្សាយ ស្នាដៃ​របស់​ស្វាមី អ្នកស្រី ដើម្បី​ជា​ការ​សិក្សា​ស្វែងយល់។

កាល​លោក​បណ្ឌិត​នៅ​រស់ លោក​បាន​ចងក្រង​ជា​ក្រុម​យុវជន​ការពារ​បរិស្ថាន ដូចជា​ក្រុម​យុវជន​ការពារ និង​អភិរក្ស​តំបន់​ព្រៃឡង់។ ពិសេស​ជាង​នេះ​ទៅ​ទៀត គំនិត និង​ការស្រាវជ្រាវ​របស់​លោក​បណ្ឌិត កែម ឡី បាន​ក្លាយ​ជា​ឯកសារ​សំខាន់ សម្រាប់​គណបក្ស​នយោបាយ យក​មក​ដាក់​ចូល​ក្នុង​គោល​នយោបាយ របស់​បក្ស​ខ្លួន ថែម​ទៀត​ផង។

លោក​បណ្ឌិត​ក៏បាន​បន្សល់ទុក​នូវ ក្រុម​គ្រួសារ​ដែល​មាន​ភរិយា និង​កូនប្រុស ៥​នាក់ ដែល​កំពុង​កសាង​ជីវិត​ថ្មី លើ​ដែនដី​លោក​សេរី នៃ​ប្រទេស​អូស្ត្រាលី។ ក្រុម​គ្រួសារ​លោក ក៏​ទទួល​បាន​ការ​គោរព ស្រលាញ់ និង​ជួយ​យក​អាសា ជា​ទីបំផុត ដែល​ជា​ការ​ផ្តល់​ភាព​កក់ក្ដៅ​មួយ ឲ្យ​សមាជិក​គ្រួសារ ដែល​ព្រាត់​ប្តី និង​កំព្រា​ឪពុក​នេះ បាន​បន្ត​រស់នៅ ដោយ​ក្តី​សង្ឃឹម​ថ្មី នៃ​ពន្លក​គ្រួសារ​ត្រកូល កែម ដែល​ជា​តំណក់​ឈាម​ស្នង​ត្រកូល នៃ​វីរជន​ក្នុង​បេះដូង​ខ្មែរ​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មរតក​គំនិត បណ្ឌិត កែម ឡី"

  1. roumrith says:

    for this virak boras KEM LEY AND KIM SOKHA and other victims of the Hun Sen dictatorship
    Honor belongs to those who never give up the truth what Mr. Nelson Mandela says