មេ​សហជីព​ចង់​ឲ្យ EU អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ទម្លាក់​ចោល​បណ្តឹង​ប្រឆាំង​នឹង​ពួក​គេ

ដោយ អ៊ឹង ប៊ុនថន
10/07/2018
RFI

media
លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា
@Va Somnob


ក្រុម​មេ​ដឹក​នាំ​សហជីព​ដែល​រង​បណ្តឹង​នៅ​តុលាការ ត្រូវ​បាន​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ហៅ​ជួប​ពិភាក្សា​ការងារ​កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ចង់​ដឹង​ពី​ស្ថានភាព​របស់​ពួក​គេ​និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក អាត់ ធន់ ​ជា​ប្រធាន​សហជីព​ម្នាក់​ក្នុង​ចំណោម​សហជីព​ផ្សេង​ទៀត​ដែល​បាន​ជួប​គណៈប្រតិភូ​សហភាព​អឺរ៉ុប ដែល​កំពុង​បំពេញ​បេសកកម្ម​ពិសេស​ដើម្បី​ស្វែង​រក​ការ​ពិត​នៅ​កម្ពុជា ទាក់​ទង​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​ការងារ មុន​នឹង​ក្រុម​ប្លុក​លោក​សេរី​ទាំង​នេះ សម្រេច​ថា តើ​ត្រូវ​បន្ត​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​អឺរ៉ុប ឬ​ក៏​បញ្ឈប់។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​ថ្ងៃ​នេះ​ថា​ មេ​ដឹក​នាំ​សហជីព​ដែល​ត្រូវ​បាន​គណៈប្រតិភូ​សហភាព​ហៅ​ជួប​គឺ​ភាគ​ច្រើន​ជា​អ្នក​ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ។

មេ​ដឹក​នាំ​សហជីព​ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​បាតុកម្ម​កន្លង​មក​នោះ រួម​មាន លោក អាត់ ធន់ លោក​ស្រី យ៉ាង សុភ័ណ្ឌ និង លោក ប៉ាវ ស៊ីណា ជា​ដើម។

បើ​តាម​លោក អាត់ ធន់ គណៈប្រតិភូ​អឺរ៉ុប​បាន​សួរ​បញ្ជាក់​ពួក​មេ​ដឹក​នាំ​សហជីព​អំពី​បណ្តឹង​ទាំង​នេះ ថា​តើ​ត្រូវ​បាន​ទម្លាក់​ចោល​ហើយ​ឬ​នៅ? ចំណែក​ឯ​សិទ្ធិ​ធ្វើ​កូដកម្ម​ឬ​បាតុកម្ម អាច​អនុវត្ត​បាន​ដែរ​ឬ​ទេ? ជា​ការ​ឆ្លើយ​តប​ក្រុម​សហជីព​បាន​បញ្ជាក់​ប្រាប់​សហភាព​អឺរ៉ុប​ពី​កង្វល់​ទាំង​នេះ និង​កង្វល់​ចំពោះ​ច្បាប់​សហជីព ដែល​ពួក​គេ​ថា​បាន​រិត​បន្តឹង​សិទ្ធិ​កម្មករ​ក្នុង​ការ​តវ៉ា។

យ៉ាង​ណា​ក៏​ដោយ គណៈប្រតិភូ​សហភាព​អឺរ៉ុប​មិន​បាន​និយាយ​ទាក់​ទង​នឹង​ការ​បន្ត​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប ឬ​ក៏​ព្យួរ​នោះ​ទេ។ ប៉ុន្តែ​សហភាព​អឺរ៉ុប​បាន​សន្យា​ថា នឹង​យក​បញ្ហា​បណ្តឹង​ប្រឆាំង​មេ​ដឹក​នាំ​សហជីព និង​ការ​រិត​បន្តឹង​សិទ្ធិ​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​នេះ​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ នេះ​បើ​តាម លោក អាត់ ធន់។

សូម​បញ្ជាក់​ថា សហភាព​អឺរ៉ុប បាន​បញ្ជូន​គណៈប្រតិភូ​របស់​ខ្លួន​មក​កម្ពុជា​រយៈ​ពេល ៨​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១​ខែ​កក្កដា​នេះ​ ដែល​គេ​ហៅ​ថា ជាបេសកកម្ម​ពិសេស​ដើម្បី​ស្វែង​រក​ការ​ពិត​មួយ​នៅ​កម្ពុជា​ទាក់​ទង​បញ្ហា​សិទ្ធិ​​​មនុ​ស្ស ​សិទ្ធិ​ការងារ និង​សិទ្ធិ​ធ្វើ​នយោបា​យ​​ មុន​ពេល​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ឬ​ត្រូវ​បន្ត​ទៅ​ទៀត។

What Next?

Recent Articles