ដោយ សន ចាន់រដ្ឋា
2018-07-11
RFA
លោក គល់ បញ្ញា ប្រធានអង្គការខុមហ្វ្រែល (Comfrel) ថ្លែងទៅកាន់អ្នកកាសែត នៅសណ្ឋាគារអ៊ីមភើរៀល រាជធានីភ្នំពេញ នៅថ្ងៃទី ២០ មករា ២០១៥។ RFA
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) បដិសេធចំពោះការចោទប្រកាន់ និងបកស្រាយបំភ្លៃរបស់បណ្ដាញព័ត៌មានសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន ដែលចោទអង្គការរបស់ខ្លួនថាបាន ធ្វើសកម្មភាពអុកឡុកការបោះឆ្នោត និងបង្កចលាចលនៅក្រោយការបោះឆ្នោត។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការខុមហ្វ្រែល ផ្សាយថ្ងៃទី១០ ខែកក្កដា បញ្ជាក់ថាអង្គការខុមហ្វ្រែលបង្កើតមកដើម្បីជួយដល់ការបោះឆ្នោត អោយមានភាពសេរី និងយុត្តិធម៌តាមបែបប្រជាធិបតេយ្យ។ អង្គការខុមហ្វ្រែលចាត់ទុកការចោទប្រកាន់ មកលើអង្គការរបស់ខ្លួនថា ជាទម្រង់នៃការគំរាមកំហែង បំភិតបំភ័យចំពោះសិទ្ធិចូលរួមសកម្មភាពក្នុងសកម្មភាពឃ្លាំមើលស្ថានភាពរបស់ប្រជាពលរដ្ឋ នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨។
អង្គការខុមហ្វ្រែល នឹងមិនដាក់អ្នកសង្កេតការណ៍សម្រាប់ឃ្លាំមើលការបោះឆ្នោតនេះឡើយ ប៉ុន្តែអង្គការនេះនឹងសហការជាមួយអង្គការដៃគូ ដើម្បីគាំទ្រសកម្មភាពប្រជាពលរដ្ឋស្ម័គ្រចិត្តឃ្លាំមើលការអនុវត្តសិទ្ធិ និងឆន្ទៈបោះឆ្នោតរបស់ពលរដ្ឋ។
អង្គការខុមហ្វ្រែលសង្ឃឹមថា ការគំរាមកំហែងទាំងនេះនឹងបន្តកើតមានឡើង ដល់កម្រិតមួយដែល អង្គការនេះសម្រេចចិត្តដកសកម្មភាពឃ្លាំមើលរបស់ប្រជាពលរដ្ឋស្ម័គ្រចិត្តនោះទេ៕