ប្រតិភូ EU ជួប​មន្ត្រី​រដ្ឋាភិបាល​ក្នុង​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា

មន្ត្រី​សហភាព​អឺរ៉ុប និង​មន្ត្រី​ខ្មែរ​ពេល​ចេញពី​ប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ គណៈប្រតិភូ​គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រមាណ ១០ រូប​បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​រសៀល​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​បេសកកម្ម​ស្វែងរក​ការពិត ដើម្បី​សម្រេច​ទៅ​លើ​ថា តើ​ត្រូវ​ព្យួរ ឬ​ត្រូវ​បន្ត​កម្មវិធី «​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែង​តែ​សព្វាវុធ​» ពី​ប្រទេស​កម្ពុជា​?

បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​ជំនួប​ចុងក្រោយ​របស់​ពួកគេ​នឹង​ធ្វើ​ឡើង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្រសួង​ការបរទេស​។

លោក កត្តា អ៊ន សមាជិក​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ថ្លែង​កាលពី​ម្សិលមិញ​ថា​ចាប់​តាំងពី​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​ប្រតិភូ​នៃ​គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រមាណ ១០ នាក់​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​កោះកុង និង​កំពង់ស្ពឺ​ដោយ​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន​ និង​អមដំណើរ​ដោយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផង​។

លោក​ថ្លែង​ថា​៖ «​យើង​មាន​ចំនួន ១៥ ចំណុច​ដែល​ជា​បញ្ហា​ពាក់ព័ន្ធ​។ ១៥ ចំណុច​នេះ​មាន​ពាក់ព័ន្ធ​នឹង​ក្រសួង​ស្ថាប័ន​ចំនួន ៨ ដូចជា​ក្រសួង​ការបរទេស មហាផ្ទៃ ការងារ កិច្ចការនារី និង​ដែនដី​ជាដើម ហើយ​យើង​នឹង​ជួប​សំណេះ​សំណាល​ទៅ​តាម​របៀបវារៈ​នីមួយៗ​»​។

ក្រោយ​ពេល​កិច្ចប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​កិច្ចប្រជុំ​នេះ​។

លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ប្រាប់​តាម​អ៊ីមែល​កាលពី​ថ្ងៃ​ចន្ទ​ថា បេសកកម្ម​នេះ​ធ្វើ​ឡើង​ក្នុង​បរិបទ​នៃ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ស្ថិត​ក្រោម​កម្មវិធី «​ការ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​ទាំងអស់​លើកលែង​តែ​សព្វាវុធ​»​។

លោក​ថ្លែង​ថា​៖ «​បេសកកម្ម​នេះ​នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​រួម​ទាំង​សង្គម​ស៊ីវិល សហជីព​ពាណិជ្ជកម្ម ម្ចាស់​សហគ្រាស និង​តំណាង​សហគមន៍​អន្តរជាតិ​ដើម្បី​ស្វែងយល់​បន្ថែម​ទៀត​អំពី​ស្ថានការណ៍​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ​នៅ​កម្ពុជា​»​។

លោក​បន្ថែម​ថា​៖ «​គោលបំណង​នៃ​បេសកកម្ម​នេះ​គឺ​ដើម្បី​ប្រមូល​ព័ត៌មាន ដើម្បី​បញ្ជូល​ទៅក្នុង​ការពិចារណា​ និង​ធ្វើការ​សម្រេច​នៅក្នុង​គណៈកម្មការ​សហភាព​អឺរ៉ុប និង​នៅក្នុង​គណៈកម្មការ​សេវាកម្ម​វិធានការ​ការទូត​របស់​សហភាព​អឺរ៉ុប​ហៅ​កាត់​ថា (EEAS)​។

កាលពី​ខែ​មុន​ប្រតិភូ​កម្ពុជា​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក សុក ស៊ីផាន់ណា ដែល​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​បាន​ធ្វើ​ដំណើរ​ទៅ​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ប្រ៊ុចសែល ដើម្បី​ពន្យល់​អំពី​ស្ថានការណ៍​កម្ពុជា​បច្ចុប្បន្ន និង​ស្នើ​កុំ​ឲ្យ​សហភាព​អឺរ៉ុប​ព្យួរ «​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែង​តែ​សព្វាវុធ​»​។

យោង​តាម​លិខិត​ដែល​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​ប្រតិភូ​កម្ពុជា​បាន​ពន្យល់​ថា កម្ពុជា​ធ្លាប់​បាន​ទទួល​រង​ការដាក់​ទណ្ឌកម្ម​ពី​ឆ្នាំ​ ១៩៧៩ ដល់ ១៩៩១ ដែល​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​នោះ​ក៏​នៅ​មាន​ផលប៉ះពាល់​ដល់​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន​ផង​ដែរ​។

ឯកសារ​ដដែល​បាន​សរសេរ​ថា​៖ «​ការព្យួរ​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែង​តែ​សព្វាវុធ​ដោយសារ​តែ​រដ្ឋាភិបាល​សម្រេច​ចិត្ត​ការពារ​លើ​ស្ថាប័ន​របស់​ខ្លួន​ប្រឆាំង​នឹង​ការប៉ុនប៉ង​ប្តូរ​របប​តាម​របៀប​មួយ​ដែល​មិនមាន​លក្ខណៈ​ប្រជាធិបតេយ្យ​នោះ​នឹង​មិនអាច​ប្តូរ​ឆន្ទៈ​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការផ្ដល់​អាទិភាព​លើ​ការការពារ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ឡើយ​»​។

ក្រុម​គណៈប្រតិភូ​សហភាព​អឺរ៉ុប​នៅ​ពេល​ចេញពី​កិច្ចប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​។ ផា លីណា


ឯកសារ​ប្រតិភូ​កម្ពុជា​ក៏​បាន​ចោទសួរ​ជា​សំណួរ​ថា បើ​សិន​ជា​ត្រូវ​ព្យួរ​ «​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែង​តែ​សព្វាវុធ​» ពី​កម្ពុជា​ហេតុអ្វី​បាន​ជា​គោលការណ៍​នេះ​មិន​ត្រូវ​បាន​ធ្វើ​លើ​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​ការគាបសង្កត់​ជា​រៀងរាល់​ថ្ងៃ​?

ទោះ​យ៉ាង​ណា​ក្រោយ​កិច្ចប្រជុំ​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​លោក សុក ស៊ីផាន់ណា បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​និយាយ​ថា​៖ «​អត់​ទេ កិច្ចការ​នេះ​ជា​ការ​សម្ងាត់​» ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​ឡាន​។

ទោះបី​យ៉ាង​ណា​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការជួប​ប្រជុំ​ជាមួយ​ប្រតិភូ​នៃ​គណៈកម្មការ​សហភាព​អឺរ៉ុប​គឺ​ដើម្បី​ពន្យល់​ពី​កិច្ចការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ​សិទ្ធិមនុស្ស និង​នយោបាយ​ក្នុង​នាម​ភាព​ជា​ដៃគូ​។

លោក​ថ្លែង​ថា​៖ «​ចំណុច​ទាំងនេះ​កំពុង​ឆ្លើយឆ្លង​ពន្យល់​គ្នា​ទៅវិញ​ទៅមក​។ មិន​ទាន់​មាន​ការសម្រេច​អ្វី​ទេ​។ មិន​មាន​ការផ្ដាច់​ប្រព័ន្ធ​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែង​តែ​សព្វាវុធ​គឺ​គេ​អាច​ព្យួរ ឬ ​អាច​បន្ត​ទៅ​មុខ​ទៀត​។ ក្នុង​សាច់រឿង​ហ្នឹង​កម្ពុជា​សហការ​ជាមួយ ​EU ជា​ដៃគូ​អភិវឌ្ឍន៍​។ យើង​អត់​មែន​ជា​សត្រូវ​ជាមួយ​គ្នា​ផង ប៉ុន្តែ​ចំណុច​ខ្លះ EU ត្រូវ​ឲ្យ​យើង​ពន្យល់​ប្រាប់​ឲ្យ​ក្បោះក្បាយ​អំពី​អ្វី​ដែល EU បាន​ដឹង​តាម​សារព័ត៌មាន និង​តាម​របាយការណ៍​តាម​អង្គការ​ផ្សេង​ទៀត​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​នេះ​ជា​អ្វី​ដែល​ឈរ​លើ​ភាព​ជា​ដៃគូ​ពីព្រោះ​ EU មិនមែន​ជា​អ្នកដាក់​អាណានិគម​លើ​កម្ពុជា​ទេ​។ អ្វី​ដែល​សំខាន់​ជាងគេ​គឺ​យើង​ជា​ដៃគូ​អភិវឌ្ឍន៍ ដូច្នេះ​យើង​មាន​គំនិត​ដូច​គ្នា​គឺ​ការអភិវឌ្ឍ​ប្រទេស​ទាំង​សេដ្ឋកិច្ច​ទាំង​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។ យើង​មាន​គោលដៅ​ដូចគ្នា​ ដូច្នេះ​អ្វី​ដែល​យល់​គ្នា​មិន​ច្បាស់​យើង​ត្រូវ​ពន្យល់ និង​ជជែក​គ្នា​តទៅ​ទៀត​»​។

កាលពី​ចុង​ឆ្នាំ ២០១៧ ឯកសារ​បែក​ធ្លាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា​កម្ពុជា​នឹង​ខាតបង់​ប្រាក់​ចំនួន ៦៧៦ លាន​ដុល្លារ​ក្នុង​ករណី​ដែល​សហភាព​អឺរ៉ុប​ព្យួរ «​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែង​តែ​សព្វាវុធ​» ដែល​ចំនួន​ទឹកប្រាក់​នេះ​គិត​ចេញ​ពី​តម្លៃ​នាំ​ចេញ​សរុប ៦,២ ពាន់​លាន​ដុល្លារ​តួលេខ​ឆ្នាំ​ ២០១៦​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​សហជីព​ចំនួន​ ៥ កាលពី​ម្សិលមិញ​បាន​ស្នើសុំ​សហភាព​អឺរ៉ុប កុំ​ឲ្យ​ព្យួរ​ប្រព័ន្ធ​ «​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែង​តែ​សព្វាវុធ​» ​នេះ​ដោយ​ពួកគេ​បាន​លើកឡើង​ថា ការព្យួរ EBA នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាជន​ខ្មែរ​ចំនួន ៣ លាន​នាក់​។

ជាមួយ​គ្នា​នេះ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​លោកស្រី តែ ចន្ទមនោ ភរិយា​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ចូល​ជួប​ជាមួយ​បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប​នៅ​ទីស្នាក់ការ​ប្រតិភូ​សហគមន៍​ប្រចាំ​កម្ពុជា​។ នេះ​បើ​តាម​លោក មុត ចន្ថា នាយក​ខុទ្ទកាល័យ​លោក​ កឹម សុខា ដែល​បាន​សរសេរ​បង្ហោះ​នៅក្នុង​ហ្វេសប៊ុក​របស់​លោក​កាលពី​ល្ងាច​ម្សិលមិញ​។

លោក​ ចន្ថា បាន​បញ្ជាក់​ថា​៖ «​បេសកកម្ម​ស្វែងរក​ការពិត​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការបន្ត​ឃុំ​ខ្លួន ឯកឧត្តម កឹម សុខា និង​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​រូបលោក​ជា​បន្ទាន់​»​។

លោ​ កឹម សុខា នៅពេល​នេះ​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម​៕


Contact author: នៀម ឆេង

What Next?

Recent Articles