អង្គការ​ចំនួន​១៦៤​ស្នើ​ក្រសួង​មហាផ្ទៃ​ស៊ើប​អង្កេត​បន្ថែម​លើ​ឃាតកម្ម​លោក​ កែម ឡី​

| |
https://vodhotnews.com

លោកបណ្ឌិត កែម ឡី កាលពីកន្លងទៅ​


បណ្ដុំអង្គការជាតិ និងអន្ដរជាតិជាង១០០ស្ថាប័នស្នើរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតបន្ថែមលើឃាតកម្មអ្នកវិភាគនយោបាយល្បីឈ្មោះលោកបណ្ឌិត កែម ឡី ខណៈមានជនជាប់ចោទតែម្នាក់ប៉ុណ្ណោះ ត្រូវបានតុលាការកាត់ទោស។

តាមរយៈលិខិតមួយកាលពីថ្ងៃទី៧កក្កដា ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ ក្រុមអង្គការជាតិ និងអន្ដរជាតិ ១៦៤ស្ថាប័ន បានស្នើទៅរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យបង្កើតគណៈកម្មាការឯករាជ្យ មួយស្របតាមបទដ្ឋានអន្ដរជាតិ ដើម្បីស៊ើបអង្កេតបន្ថែមទៀតលើករណីឃាតកម្មលោក កែម ឡី កាលពី២ឆ្នាំមុន ដោយថា ការស៊ើបអង្កេត និងជម្រះក្ដីរបស់តុលាការកម្ពុជាកន្លងមក​ មិនទាន់គ្រប់គ្រាន់ និងគ្មានការផ្សព្វផ្សាយជាសាធារណៈជុំវិញករណីនេះ។

ក្រុមអង្គការទាំងនេះបន្ដថា រដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួននោះឡើយ ក្នុងការធានាដំណើរការស៊ើបអង្កេតឲ្យបានឆាប់រហ័ស និងឥតលម្អៀងជុំវិញករណីនេះ និងថា បើទោះបីជាមានការស៊ើបអង្កេតណាមួយក៏ដោយ ក៏ការស៊ើបអង្កេតនោះ មានការវិវឌ្ឍតិចតួចបំផុត។

សវនាការជំនុំជម្រះក្ដីប្រឆាំងជនជាប់ចោទឈ្មោះ អឿត អាង ទៀតសោត ក៏ត្រូវបានក្រុមសង្កេតការណ៍វាយតម្លៃថា មានភាពមិនច្បាស់លាស់ និងពោរពេញដោយមន្ទិលសង្ស័យ ដូចជា ឈ្មោះ អឿត អាង បានចោទលោក កែម ឡី ថា ជំពាក់ប្រាក់ ៣ពាន់ដុល្លារ ខណៈ ភរិយាសពលោក កែម ឡី និងភរិយា អឿត អាង ខ្លួនឯង ក៏ច្រានចោលព័ត៌មាននេះ ភិនភាគជនសង្ស័យនៅក្នុងវីដេអូភស្ដុតាង ពុំត្រូវបានពិនិត្យនៅក្នុងដំណាក់ការស៊ើបអង្កេត​ និងជម្រះក្ដី រីឯតុលាការទៀតសោត ក៏ពុំបានសួរដេញដោលរកមុខអ្នកពាក់ព័ន្ធផ្សេងទៀតនោះឡើយ។

VOD បានទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុគ័ក ប៉ុន្ដែ ទូរសព្ទចូលគ្មានអ្នកទទួល។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលសំណើរបស់ក្រុមអង្គការទាំងនេះ ដោយថា សំណុំរឿងឃាតកម្មលោក កែម ឡី បានធ្លាក់ដល់ដៃតុលាការ និងថា លុះត្រាតែមានសំណើពីស្ថាប័នតុលាការតែប៉ុណ្ណោះ ទើបរដ្ឋាភិបាលអាចលូកដៃក្នុងករណីនេះ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន​



ការមានមតិរបស់គាត់ ​ផ្ទុយអំពីការពិតជាក់ស្ដែង ដែលស្របទៅតាមនីតិរដ្ឋនៅកម្ពុជា គាត់និយាយដើម្បីគ្រាន់តែឃោសនានយោបាយប៉ុណ្ណោះ អាឡូវវាធ្លាក់ដល់ដៃតុលាការហើយ ឲ្យក្រសួងមហាផ្ទៃលូកដៃចូលតុលាការយ៉ាងម៉េចកើត។ លុះត្រាតែមានសំណូមពរពីតុលាការ គាត់សំណូមពរយ៉ាងម៉េច ហើយគាត់សុំអន្ដរាគមន៍ពីក្រសួងមានសមត្ថកិច្ច ដើម្បីជាជំនួយការឲ្យតុលាការ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន


ដោយឡែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់ VOD កាលពីម្សិលមិញដោយអះអាងដដែលថា អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេត ដើម្បីស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត​ ប៉ុន្ដែ បដិសេធមិនផ្ដល់ព័ត៌មានជុំវិញករណីឃាតកម្មនេះទេ ដោយថា ស្ថិតក្នុងដំណាក់ការស៊ើបអង្កេតរបស់តុលាការ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌ លោក ​ជិន ម៉ាលីន​



តុលាការ និងអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតដែរ ប៉ុន្តែលទ្ធផលយ៉ាងណា គេមិនអាចបង្ហាញជាសាធារណៈបាននៅពេលនេះទេ ពីព្រោះដំណើរការស៊ើបអង្កេតនេះវាមានភាពស្មុគស្មាញ ហើយវាអាចត្រូវរក្សាការសម្ងាត់មួយចំនួន ដើម្បីឈានទៅដល់ការរកឃើញភាគីដែលពាក់ព័ន្ធផ្សេង។ អញ្ចឹងដំណើរការនេះកំពុងប្រព្រឹត្តទៅហើយនៅពេលដែលគេស្វែងរកភស្តុតាងគ្រប់គ្រាន់ហើយស្វែងរកអ្នកនៅពីក្រោយ គេនឹងធ្វើការបើកសវនាការ ពេលនោះគេនឹងបង្ហាញជាសាធារណៈហើយ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន


លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងស្តាម៉ាតមួយកន្លែង ស្ថិតក្នុងស្ថាននីយ៍ប្រេងឥន្ធនៈកាល់តិច ជាប់នឹងស្តុបបូកគោ រាជធានីភ្នំពេញ កាលថ្ងៃទី១០កក្កដាឆ្នាំ២០១៦ ក្រោយពីលោក កែម ឡី បានវិភាគបន្ថែមលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្តរជាតិ Global Witness ដែលលាតត្រដាងពីការក្តោបក្តាប់មុខជំនួញរបស់គ្រួសារ «ត្រកូលហ៊ុន» ។

រហូត​ទល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរកម្ពុជាបានចាប់ខ្លួនបុរសម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅក្រៅថា «ជួប សម្លាប់» ដោយកាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារមួយជីវិត៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

Leave a Reply

Submit Comment