កម្មករបម្រើការងារនៅរោងចក្រមួយក្នុងខេត្តកំពង់ចាមបន្តដួលសន្លប់នៅថ្ងៃនេះ

| |
https://vodhotnews.com

កម្មករជិត៥០នាក់បម្រើការងារនៅរោងចក្រផលិតស្បែកជើងជូហ៊ុយ​ (Juhui) ក្នុងស្រុក​ព្រៃឈ ខេត្តកំពង់ចាម​ បាន​ដួលសន្លប់ជាបន្តបន្ទាប់ នៅថ្ងៃទី ១៣ កក្កដា ២០១៨ (រូបភាព៖ FN)


កម្មករបម្រើការងារនៅរោងចក្រមួយក្នុងខេត្តកំពង់ចាមនៅតែ​បន្តដួលសន្លប់ទៀតនៅថ្ងៃនេះ ខណៈអាជ្ញាធរថាការដួលសន្លប់នោះ ដោយសារបរិយាកាសក្នុងរោងចក្រមិនល្អ។

កម្មករជិត៥០នាក់បម្រើការងារនៅរោងចក្រផលិតស្បែកជើងជូហ៊ុយ​ (Juhui) ក្នុងស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ បាន​ដួលសន្លប់ជាបន្តបន្ទាប់ក្នុងនោះមានស្រ្តីមានផ្ទៃពោះចំនួន៥នាក់។

ប្រធានមន្ទីរការងារខេត្តកំពង់ចាម ចេង ហ៊ាន ប្រាប់វីអូឌីថា នៅថ្ងៃនេះកម្មករនៅរោងចក្រនោះបានបន្តដួលសន្លប់ទៀត ប៉ុន្តែលោកមិនបានដឹងចំនួនពិតប្រាកដនៅឡើយទេ ខណៈកម្មករទាំងនោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យអស់ហើយ។

លោក ចេង ហ៊ាន បញ្ជាក់ថា ករណីកម្មករដួលសន្លប់នេះ បណ្តាលមកពីខ្យល់អាកាសកន្លែងកម្មករបំពេញការងារមិនល្អ និងគ្រប់គ្រាន់។


ថ្ងៃនេះមានបញ្ហាទៀត។ កាលពីម្សិលមិញយើងបានដាក់វិធានការឲ្យខាងរោងចក្រកែលំអរប្រព័ន្ធ និងលក្ខខណ្ឌមួយចំនួន ប៉ុន្តែរហូតមកទល់ពេលនេះមិនទាន់កែបាន ដល់អញ្ចឹងទៅពេលកម្មករគាត់ចូលទៅបំពេញការងារវាមានបញ្ហាបន្ត។ ឥលូវខ្ញុំមិនទាន់ទទួលបានព័ត៌មានពីចំនួនកម្មករដួលថ្ងៃនេះជាក់លាក់ទេ ប៉ុន្តែក្រុមការងារយើងបានចាត់ចែង បញ្ជូនទៅមន្ទីរពេទ្យអស់ហើយ

ប្រធានមន្ទីរការងារខេត្តកំពង់ចាម ចេង ហ៊ាន


យោងតាមសេចក្តីប្រកាសព័ត៌មាន​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស កម្មករជាង ៤០០នាក់បម្រើការងារនៅរោងចក្រ Pontus Footwear ក្នុងស្រុកត្រាំកក់ខេត្តតាកែវ ក៏​បានសន្លប់ដែរនាដើមសប្ដាហ៍នេះ ដោយ​អាជ្ញាធរអះអាងថា ការដួលសន្លប់នោះដោយសារខ្វះជាតិស្ករក្នុងឈាម និងដួលសន្លប់តាមគ្នាបន្ទាប់ពីឃើញកម្មករម្នាក់រងរបួសដៃពេលកំពុងបំពេញការងារ។។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ធ្លាប់លើកឡើងថា តាមការស្រាវជ្រាវកម្មករដួលសន្លប់ដោយសារបរិយាកាស ទាំងក្នុង និងក្រៅរោងចក្រមិនល្អ ការប្រើប្រាស់ថ្នាំគីមីផ្សេង ធ្វើការហួសកំលាំង ការហូបចុកមិនគ្រប់គ្រាន់ ការធ្វើការយូរឆ្នាំនិងច្រើនម៉ោងជាដើម។ ហើយលោក អាត់ ធន់ បានផ្តល់អនុសាសន៍ទៅក្រសួងការងារ និងភាគីរោងចក្រឲ្យធ្វើការកែលំអរលក្ខខណ្ឌទាំងនេះផងដែរ។

របាយការណ៍​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឆ្នាំ​២០១៧ បង្ហាញ​ថា កម្មការិនី​ ១១៦០​នាក់ បាន​ដួល​សន្លប់​កាល​ពី​ឆ្នាំ​២០១៧ ដោយ​ថា ចំនួន​នេះ​បាន​ថយចុះ​បើធៀប​នឹង​តួលេខ​ឆ្នាំ​២០១៦ ដែល​មាន​កម្មការិនី​ដល់​ទៅ ១៦០៣​នាក់បាន​ដួល​សន្លប់៕

កម្មករជិត៥០នាក់បម្រើការងារនៅរោងចក្រផលិតស្បែកជើងជូហ៊ុយ​ (Juhui) ក្នុងស្រុក​ព្រៃឈ ខេត្តកំពង់ចាម​ បាន​ដួលសន្លប់ជាបន្តបន្ទាប់ នៅថ្ងៃទី ១៣ កក្កដា ២០១៨ (រូបភាព៖ FN)



កម្មករជិត៥០នាក់បម្រើការងារនៅរោងចក្រផលិតស្បែកជើងជូហ៊ុយ​ (Juhui) ក្នុងស្រុក​ព្រៃឈ ខេត្តកំពង់ចាម​ បាន​ដួលសន្លប់ជាបន្តបន្ទាប់ នៅថ្ងៃទី ១៣ កក្កដា ២០១៨ (រូបភាព៖ FN)


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles