ជីវិត​នយោបាយ​របស់​អតីតទាហាន​ខ្មែរ​ក្រហមដែល​បន្ត​តស៊ូ​ជាមួយគណបក្ស​ប្រឆាំង

កម្ពុជារសាត់អណ្តែត


សំឡេងអ្នកនយោបាយ


Read this story in English
វីអូអេខ្មែរ

លោក ចៅ ឡា នៅ​មាន​ស្លាកស្នាម​របួស​នៅ​លើ​​ខ្លួន​របស់​លោក​នៅ​ឡើយ ដោយសារ​លោក​បាន​ឆ្លង​កាត់សម័យ​​សង្រ្គាម និង​របប​ប្រល័យពូជសាសន៍ ខ្មែរក្រហម

កាលនៅ​ជា​​យុវជន​​ អតីត​ទាហាន​ខ្មែរ​ក្រហមរូប​នេះ ​បាន​រង​របួស​៤ដង​មក​ហើយ។ ​ស្លាកស្នាម​របួសរបស់លោក គឺ​នៅ​លើ​ជើង ខ្នង ដៃ និង​មុខ ក្នុង​អំឡុង​ពេល​សង្គ្រាម​មុន​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ១៩៧៥ និង​អំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​កងទ័ព​វៀតណាម​​ ដោយសារលោក​បាន​ដើរ​ជាន់​មីន​ របួស​ជើង​​ រហូត​ធ្វើឲ្យ​លោក​ដើរ​ពាំងពៀច រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

អង្គុយ​នៅ​លើ​កៅអី​ថ្ម ខាង​មុខ​ផ្ទះ​របស់​លោក​ក្នុង​ឃុំ​បឹងរាំង ស្រុកកំរៀង នា​ពេល​ព្រឹក​មួយ បុរស​មុខ​មាំ ពោរ​ពេញ​ដោយ​ភាព​ក្លាហាន វ័យ​៦៤​ឆ្នាំ​រូប​នេះ បាន​ដំណាល​ថា លោក​បាន​ចូលរួម​ធ្វើ​ជា​ទាហាន​ក្នុង​ទសវត្សរ៍​៧០ ដើម្បី​វាយ​ប្រហារ​ផ្តួលរំលំ​កម្លាំង​លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក ដើម្បី​យក​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​ដោយ​លន់​ នល់ មក​ចូល​កាន់​អំណាច​វិញ។ លោក​មាន​ជំនឿ​យ៉ាង​ខ្លាំ​ង​ថា ព្រះមហាក្សត្រ​គឺ​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​ត្រឹមត្រូវ​មួយអង្គ។ ប៉ុន្តែ​នៅ​ពេល​​ខ្មែរ​ក្រហម​បាន​ចូល​កាន់​អំណាច​ដឹកនាំ​ប្រទេស​ក្នុង ខែ​មេសា ឆ្នាំ​១៩៧៥ ពួកគេ​បាន​ចាប់​ផ្តើម​យុទ្ធនាការ​កាប់​សម្លាប់ និង​បង្ខំ​ប្រជាជន​ធ្វើ​ការ​ហួស​កម្លាំង រហូត​ដល់​មាន​មនុស្ស​ប្រមាណ​១លាន​៧​សែន​នាក់​បាន​ស្លាប់។ ព្រះអង្គ​ត្រូវ​បាន​ឃុំ​ព្រះ​កាយ​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង​ ហើយ​សាច់ញាតិរបស់​ព្រះ​អង្គ​ជា​ច្រើនអង្គ​ត្រូវ​បាន​សម្លាប់​ផង​ដែរ។

តាមតួលេខ ថ្នាក់ជាតិ

លោក ចៅ ឡា មាន​ប្រសាសន៍​ថា៖ «ដំបូង​ឡើយ យើង​មិន​ដឹង​ថា​ហេតុអី​ ទៅ​ជា​របប​ខ្មែរ​ក្រហម​ទេ ព្រោះ​ដឹង​តែ ចូល​ព្រៃ​ម៉ាគី និង​ក្រុម​រណសិរ្ស»។

លោក ចៅ ឡា ដែល​កាល​នោះ​មាន​អាយុ​ប្រហែល​២៣​ឆ្នាំ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើការ​ក្នុង​កង​ពិសេស​មួយ ការពារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ បន្ទាប់​មក​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​​ខេត្ត​កំពង់ចាម ភូមិភាគ​បូព៌ា ដែល​នៅ​ទី​នោះ​ លោក​បាន​ប្រយុទ្ធ​នៅ​តាម​ព្រំដែន​ទប់ទល់​នឹង​វៀតណាម។ លោក​បាន​ស្គាល់​សមមិត្ត​​ម្នាក់​ឈ្មោះ«ណាល់» ដែល​ចុះ​ចូល​ជាមួយ​វៀតណាម ហើយ​បាន​ក្លាយ​ជា​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​រហូត​មក​ដល់​ពេល​នេះ។
ដោយសារ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​ ប៉ុល ពត អតីត​ទាហាន​ខ្មែរ​ក្រហម លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម ហើយ​បាន​ចុះចូល​ជាមួយ​វៀតណាម ដើម្បី​ស្វែង​រក​ជំនួយ​ក្នុង​ការ​ផ្តួល​រំលំ​របប​ប៉ុល ពត។ កង​កម្លាំង​វៀតណាម វាយ​ប្រហារ​កម្លាំង ​ប៉ុល ពត ហើយ​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ខែ​មករា ឆ្នាំ​១៩៧៩។ បន្ទាប់​មក​ក្នុង​ឆ្នាំ១៩៨៥ លោក​ ហ៊ុន សែន បាន​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី ក្រោម​រដ្ឋាភិបាល​បន្តុបដោយ​វៀតណាម។

ចំពោះ​លោក ចៅ ឡា វិញ លោក​នៅ​តែ​បន្ត​ការ​រស់នៅ​ក្រោម​ការ​ដឹកនាំ​របស់​ខ្មែរ​ក្រហម ក្នុង​នាម​ជា​ទាហាន​របប​កុម្មុយនីស្តមួយ។ លោក​មានប្រសាសន៍​ថា​​ លោកពេញ​ចិត្តការ​រស់​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ជាជាង​ការ​រស់​នៅ​ក្នុង​របប​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​វៀតណាម។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​យើង​ទៅ​ជួប​គាត់​ផ្ទាល់ យើង​ពិនិត្យ​ទៅ មនុស្ស​គាត់ [ប៉ុល ពត] មិនមែន​ជា​មនុស្ស​កោងកាច​អីទេ។​ នេះ​បើ​យើង​ពិនិត្យ​ពី​រូបភាព​ខាង​ក្រៅ និង​ការ​ណែនាំ​របស់​គាត់ អប់រំ​កម្មាភិបាល​ទាំង​អស់ ដូចជា​មិន​កោងកាច​ទេ»។

លោក​បញ្ជាក់​ថា៖ «បើ​និយាយ​ពីការហូប​ចុក​វិញ របបនៃ​កងទ័ព គឺ​មួយថ្ងៃ បីពេល។​ អីចឹង​និយាយពីការហូបចុក កងទ័ពមិនដឹងពីការលំបាក ការអត់ ការ​ឃ្លានយ៉ាងណាអត់ទេ»។

រស់​នៅ​តំបន់​សម្បូរ​ដោយ​ខ្មែរ​ក្រហម​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​បាត់ដំបង លោក ចៅ ឡា និង​ក្រុម​របស់​លោក បាន​បន្ត​ការ​វាយ​ប្រហារ​នឹង​កម្លាំង​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ជិត​២០​ឆ្នាំ។ ក្រុម​កម្លាំង​ខ្មែរ​ក្រហម​ខ្លះ​បាន​ចុះ​ចូល​ជាមួយ​កម្លាំង​លោក ហ៊ុន សែន ហើយ​ពួកគេ​បាន​ទទួល​តំណែង​ក្នុងជួរគណបក្ស​ប្រជាជន​កម្ពុជា ​ ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល។

Chao La standing in a room with walls of framed photos hanging behind him.

លោក ចៅ ឡា អតីត​កម្មាភិបាល​ខ្មែរ​ក្រហម និង​អតីត​មេឃុំ​បឹងរាំង​នៃ​ខេត្ត​បាត់ដំបង មក​ពី​គណបក្ស​សង្គ្រោះជាតិ ​គឺជា​មេដឹកនាំ​សហគមន៍​ម្នាក់​ដែល​ទទួល​បាន​ការ​គោរព​​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ ជា​ពិសេស ក្នុង​អំឡុង​ពេល​លោក​បាន​ក្លាយ​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ។ លោក​ត្រូវបាន​មន្ត្រី​មក​ពី​គណបក្ស​កាន់​អំណាច​ថ្នាក់​ស្រុក ស្នើ​ឲ្យ​ចូលរួម​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​កាន់​តំណែង​ជា​អ្នក​ដឹកនាំ​សហគមន៍​ទៀត ក៏​ប៉ុន្តែ លោក​ ចៅ​ ឡា បាន​បដិសេធ​សំណើ​នេះ។ (ខាន់ សុគុំមនោ/VOA)

នៅ​លើ​ជញ្ជាំង​ក្នុង​ផ្ទះ​ថ្ម​តូច​មួយ​របស់​លោក​ ចៅ ឡា ក្នុង​ខេត្ត​បាត់ដំបង មាន​រូប​ថត​មួយ​ចំនួន​របស់​លោក​កាល​ពី​អតីត​កាល រូបថត​អតីត​ព្រះមហាក្សត្រ និង​ក្រុមគ្រួសារ​របស់​ព្រះអង្គ និង​រូបថត​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជា​តំណាងរាស្រ្ត​មួយ​រូប។

ជីវិត​នយោបាយ​របស់​លោក ចៅ ឡា គឺ​នៅ​ជាមួយ​គណបក្ស​ប្រឆាំង​រហូត​មក។ លោក​មិន​បាន​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ​ទេ។ ជីវិត​នយោបាយ​របស់​លោក​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​១៩៩៤ នៅ​ពេល​ដែល​ខ្មែរ​ក្រហម​បង្កើត​រដ្ឋបាល​ស៊ីវិល ហើយ​បន្ត​ការ​គ្រប់គ្រង​នៅ​តំបន់​ពួកគេ​រស់​នៅ គឺ​នៅ​តំបន់​ដាច់ស្រយាល ក្នុង​ព្រៃ ក្បែរ​ព្រំដែន​ថៃ។
ស្ថិត​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ខ្មែរ​ក្រហម លោក​ ចៅ ឡា ត្រូវ​បានជ្រើស​រើស​ជា​មេឃុំ​បឹងរាំង ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។ ក្នុង​ឆ្នាំ​១៩៩៨ ប៉ុល ពត បាន​ស្លាប់។ កម្លាំង​ខ្មែរ​ក្រហម​ដែល​នៅ​សេសសល់​មួយ​ចំនួន​ បាន​ធ្វើស​មាហរណកម្ម​ជាមួយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ប៉ុន្តែ​មេដឹកនាំ​ក្នុង​ស្រុក​មួយ​ចំនួន​ស្ថិត​ក្នុង​តំណែង​ដដែល ដើម្បី​រក្សា​ការ​ផ្លាស់​ប្តូរ ដោយ​រលូន។

លោក ចៅ ឡា បន្ត​ដឹកនាំ​ឃុំ​បឹងរាំង​ក្រោម​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ទោះ​ជា​យ៉ាងណា លោក​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ ដោយ​សារ​លោក​យល់​ថា គណបក្ស​កាន់​អំណាច​មួយ​នេះ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​កម្លាំង​វៀតណាម ដែល​លោក​បាន​ប្រថុយ​ជីវិត​ជា​ច្រើន​ឆ្នាំ​តស៊ូ​ប្រឆាំង​តាំង​ពី​អតីត​កាល​មក។
ក្នុង​ឆ្នាំ២០០២ ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ជា​លើក​ដំបូង ដែល​តម្រូវ​ឲ្យ​អតីត​ថ្នាក់ដឹកនាំឃុំ​ទាំង​អស់​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណាមួយ ដើម្បី​ប្រកួត​ប្រជែង​យក​តំណែង​មេឃុំ​ចៅសង្កាត់។ ពេល​នោះ លោក ចៅ ឡា ត្រូវ​បាន​​ស្នើ​ឲ្យ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​លោក​បាន​បដិសេធ។

លោក​មាន​ប្រសាសន៍​ថា៖ «កាលណោះ ពេល​ខ្ញុំ​ចូល​ទៅ​កន្លែង​ហ្នឹង​ទៅ​ [បក្ស​ប្រជាជន] ខ្ញុំ​ឃើញ​នៅ​មាន​ជំនាញការ​យួន នៅ​ក្នុង​កន្លែង​ហ្នឹង វា​មិន​ទាន់​អស់។ ​ដល់ពេលខ្ញុំ​ឃើញ​បញ្ហា​ហ្នឹង ខ្ញុំ​អត់​មាន​ចំណូល​ចិត្ត»។

លោក​បាន​លាឈប់​ពី​តំណែង​មេឃុំ ដោយ​ធ្វើ​ជា​ប្រជាពលរដ្ឋ​ធម្មតា​វិញ។ ជីវិត​របស់​លោក​ពឹង​ផ្អែក​លើ​ការ​លក់​ថ្នាំ​បុរាណ និងធ្វើ​ចម្ការ​បន្តិច​បន្តួច។ ដោយ​សារ​ចង់​ធ្វើ​នយោបាយ និង​បន្ត​ដឹកនាំ​ឃុំ​របស់​លោក នៅ​ឆ្នាំ ​២០០៧ លោក​បាន​សម្រេច​ចិត្ត​ធ្វើ​នយោបាយ ដោយ​ចូលរួម​ជាមួយ​គណបក្ស​សម រង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំមួយ។ លោក​មាន​ប្រសាសន៍ថា លោកមិន​ចង់​ឃើញ​ភាព​អយុត្តិធម៌ អំពើ​ពុករលួយ ទំនាស់ដីធ្លី និង​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់នោះ​ទេ។ កត្តា​ទាំង​នេះ​ហើយ ទើប​នាំ​ឲ្យ​លោក​ចូលរួម​ជាមួយ​គណបក្ស​សម រង្ស៊ី។

«ខ្ញុំ​ចង់​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធច្បាប់​ និង​​រឹត​បន្តឹង​លើ​អន្តោប្រវេសន៍។ ខ្ញុំ​ចង់​ឃើញ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ទៅ​តាម​ផ្លូវ​ច្បាប់ រដ្ឋធម្មនុញ្ញ​របស់​ជាតិ»។


លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ចង់​ឲ្យ​មាន​ការ​កែប្រែ​ប្រព័ន្ធច្បាប់​ និង​​មាន​ការ​រឹត​បន្តឹង​លើ​អន្តោប្រវេសន៍។ ខ្ញុំ​ចង់​ឃើញ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ទៅ​តាម​ផ្លូវ​ច្បាប់ រដ្ឋធម្មនុញ្ញ​របស់​ជាតិ»។

ដោយសារ​លោក​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​អ្នក​ជិត​ខាង​របស់​លោក និង​ការ​ចងចាំ​នៃការ​ដឹកនាំ​របស់​លោក​ក្រោម​រចនា​សម្ព័ន្ធ​ខ្មែរ​ក្រហម លោក ចៅ ឡា ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​សមាជិកក្រុមប្រឹក្សា​ឃុំបឹងរាំងមក​ពី​គណបក្ស​ប្រឆាំង។ លោក​បាន​បន្ត​បម្រើ​ប្រជាពលរដ្ឋ ក្នុង​តួនាទីនេះ។

«ខ្ញុំ​ចង់​ឃើញ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ទៅ​តាម​ផ្លូវ​ច្បាប់ រដ្ឋធម្មនុញ្ញ​របស់​ជាតិ»។

បន្ទាប់​ពីការ​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស ទៅ​ជា​គណបក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ឆ្នាំ​២០១២ លោក ចៅ ឡា បាន​បន្ត​ជីវិត​នយោបាយ​របស់​លោក​ជាមួយ​គណបក្ស​សង្រ្គោះជាតិ ដែល​ទទួល​បាន​ការ​គាំទ្រ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​កាល​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ​២០១៣ ។ លោក​បាន​ឈរ​ឈ្មោះ​លេខ​រៀង​ទីមួយ​ជា​បេក្ខជន​មេឃុំ ហើយ​លោក​បាន​ឈ្នះ​តំណែង​ជា​មេឃុំ កាល​ពី​ខែ​មិថុនា ឆ្នាំ ​២០១៧ ដោយ គណបក្សសង្គ្រោះជាតិ ​ឈ្នះ​បាន​៤​អាសនៈ ក្នុង​ចំណោម​៧អាសនៈ នៅក្នុងឃុំបឹងរាំង។ គណបក្ស​ប្រឆាំង​ឈ្នះ​បានជាង១០០០​សំឡេង​លើ​សពីគណបក្ស​ប្រជាជន​កម្ពុជា។
លោក លាប សារឿន អាយុ​៦៣​ឆ្នាំ ជា​អ្នក​ភូមិ​ម្នាក់ បាន​និយាយ​ថា លោក ចៅ ឡា ជា​ថ្នាក់ដឹកនាំឃុំ​ម្នាក់​ដែល​មាន​ភាព​ស្មោះត្រង់ និង​ល្អ។ ​លោកបានលើកឡើងថា អ្នក​ភូមិខ្លះ​ក្នុង​ឃុំ​បាន​ជួបបញ្ហា​ ដោយ​សារ​ជម្លោះដីធ្លីជាមួយ​អ្នក​មាន​អំណាច។
លោក​មានប្រសាសន៍​ថា៖ «ប្រជាជន​បាន​បាត់បង់​ដី​ ដោយសារ​តែ​អ្នក​គេ​​មាន​អំណាច ហើយ​ពួក​គាត់​មិន​ហ៊ាន​ទៅ​តតាំង​ជាមួយ​នឹង​គេ​ទេ»។

Portrait of Leap Saroeun

លោក លាប ​សារឿន ​អាយុ​៦៣ឆ្នាំ អ្នក​ភូមិ​នៅ​ឃុំ​បឹងរាំង បាន​និយាយ​ថា ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​មិន​ពេញ​ចិត្ត​នឹង​បញ្ហា​ជម្លាស់​ដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​ទេ។ លោក​បាន​និយាយ​ថា៖ «‍ប្រជាពលរដ្ឋ​អស់ដី ដោយសារ​តែ​ពួក​អ្នក​មាន​អំណាច ហើយ​ពួក​គេ​មិន​ហ៊ាន​ទៅ​តវ៉ា​ប្រឆាំង​នឹង​គេ​ទេ»។ (អូន ឆេងប៉រ/VOA)


បើ​ទោះជា​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ​សែន បាន​ទទួល​ជោគជ័យ​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ និង​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ដោយ លោក ចៅ ឡា និយាយ​ថា លោក​នៅ​តែ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះភាពអយុត្តិធម៌ក្នុងសង្គម ជាពិសេស​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ប្រទេស។ លោក​បន្តថា លោក​ក៏​នៅ​តែ​ព្រួយ​បារម្ភ​អំពី​ការ​ផ្តល់សេវាសាធារណៈ​មិន​បាន​ល្អ និង​អំពើ​ពុករលួយពាក់​ព័ន្ធ​នឹង​ក្រុមគ្រួសារ សាច់ញាតិនិយម។ លោក ចៅ ឡា ក៏​មិន​ពេញចិត្ត​នូវ​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​គណបក្ស​របស់​លោក ត្រូវ​បាន​រំលាយ​កាល​ពី ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គឺ​ជិត​៤​ខែ​ បន្ទាប់ពី​លោក​បានកាន់តំណែង​មេឃុំក្នុងអាណត្តិថ្មី​។

លោក កឹម សុខា


មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា ឆ្នាំ២០១៧។មេដឹកនាំ​គណបក្ស​ប្រឆាំង​ គឺ​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន។ មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ចំនួន​១១៨​នាក់​ត្រូវ​បានកាត់សិទ្ធិ​នយោបាយ ក្នុង​នោះ​មាន​ប្រធានគណៈ​ប្រតិបត្តិខេត្ត លោក​ ជា ជីវ ដែល​ជាមេដឹកនាំផ្ទាល់​របស់​លោក ចៅ ឡា ផង​ដែរ។
លោក ចៅ ឡា ត្រូវ​បាន​បញ្ចុះបញ្ចូល​ឲ្យ​ចូល​ជាសមាជិកគណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រក្សា​តំណែងរ​បស់លោក ប៉ុន្តែ​លោក​បាន​បដិសេធ​ជា​ច្រើន​ដង។
លោក​មាន​ប្រសាសន៍​ថា៖ «កន្លង​ទៅ យើង​ឃើញ​ខុស​ធ្វើ​ជា​ត្រូវ ត្រូវ​បែរ​ជា​ខុស អា​គ្មាន​ទោស​ ទៅ​ជា​ទោស។ បាទ យើង​ពិនិត្យ​មើល​ទៅ​ ឃើញ​ហើយ»។
ខណៈ​ដែល​ការ​បោះឆ្នោត​ថ្នាក់ជាតិខិតជិត​មក​ដល់ រដ្ឋាភិបាល​បាន​បង្កើន​ការ​ឃ្លាំមើល​នៅ​តាម​ភូមិ​ឃុំ ហើយ​កំណត់​មុខសញ្ញា​អ្នក​និយាយ​អំពី​បញ្ហា​នយោបាយ​ ជាពិសេស​ទាក់ទង​ទៅ​នឹង​គណបក្ស​ប្រឆាំង។
ប្រជាជន​មួយ​ចំនួន​ដែល​នៅតែ​គោរពលោក ចៅ ឡា មិន​ហ៊ាន​ជួប​លោក​ និយាយ​ដូច​មុន​នោះទេ។
លោក ហេង ភឿង អាយុ​៦៩​ឆ្នាំ អ្នក​ភូមិ​ម្នាក់​នៅ​ក្នុង​ភូមិ​អូរក្រូច ក្នុង​ឃុំ​បឹង​រាំង បាន​មាន​ប្រសាសន៍​ថា៖ «ចេះ​តែ​ខ្លាច​និយាយ​ជាមួយ​គាត់ ​ព្រោះ​មិន​ដឹង​ថា គាត់​ជួប​តទល់​ជាមួយ​អ្នក​ណា​ខ្លះ»។
នៅ​ពេល​ដែល​លោក ចៅ ឡា បានផ្តល់​បទសម្ភាសន៍​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក មន្រ្តី​នគរបាល​​៤នាក់ បាន​មក​តាម​ឃ្លាំ​មើល ហើយ​ពួកគេ​បានសួរ​នាំ​​ និង​ថត​រូប​អ្នក​យក​ព័ត៌មាន​របស់​ VOA ​ជា​បន្ត​បន្ទាប់។ ទោះ​ជាយ៉ាងណា លោក ចៅ ឡា បានលើក​ឡើង​​ថា ​លោក​មិន​ខ្លាច​ក្នុង​ការ​បន្ត​និយាយ​នោះ​ទេ។
លោក​មានប្រសាសន៍​ថា៖​ «ខ្ញុំ​មាន​ជីវិត​តែ​មួយ​ទេ។ ខ្ញុំ​មិន​ដែល​បាន​ធ្វើ​អី​ខុស​ទេ។ ​គេ​មិន​ឲ្យ​ធ្វើ​នយោបាយ​មែន តែ​មាត់​មាន និយាយ​អត់​បាន? ខ្ញុំ​ចង់និយាយ​ថា មាត់ ​និយាយ​មិន​បាន?»

Photo of Chao La standing on the street looking up.

«ខ្ញុំ​មាន​ជីវិត​តែ​មួយ​ទេ។ ខ្ញុំ​មិន​ដែល​បាន​ធ្វើ​អីខុស​ទេ។ ​គេ​មិន​ឲ្យ​ធ្វើ​នយោបាយ​មែន តែ​មាត់​មាន និយាយ​អត់​បាន? ខ្ញុំ​ចង់និយាយ​ថា មាត់​និយាយ​មិន​បាន?»

What Next?

Recent Articles

Leave a Reply

Submit Comment