លោក​ សម រង្ស៊ី ខកខាន​បំភ្លឺ​ខណៈ​ដីកា​ឱ្យ​ចូល​ខ្លួន​ម្សិលមិញ

លោក សម រង្ស៊ី ក្នុង​ពេល​ចូល​ចរចា​នៅ​រដ្ឋសភា​កាលពី​ឆ្នាំ​ ២០១៥​។ ហេង ជីវ័




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​បាន​ខកខាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ខណៈ​ដីកាកោះ​តម្រូវ​ឱ្យ​ចូល​ខ្លួន​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ការលើក​ឡើង​របស់​លោក​ដែល​ថា ព្រះរាជសារ​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​របស់​ព្រះមហាក្សត្រ​ជា​លិខិត​ក្លែង​។

តាម​កាលកំណត់​លោក សម រង្ស៊ី ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី​ ១២ ខែ​កក្កដា​តាម​ការកោះ​ហៅ​របស់​ព្រះរាជអាជ្ញារង សៀង សុខ ប៉ុន្តែ​លោក​មិន​បាន​ចូល​បំភ្លឺ​ទេ ដោយ​កំពុង​មាន​វត្តមាន​​នៅ​ក្រៅ​ប្រទេស​។ យោង​តាម​ដីកា​កោះ​​ចុះ​ថ្ងៃ​ទី​ ១៩ មិថុនា​របស់​លោក សៀង សុខ ការ​កោះ​ឲ្យ​ចូល​បំភ្លឺ​នេះ​ពាក់ព័ន្ធ​នឹង​ការប្រមាថ​អង្គ​ព្រះមហាក្សត្រ ដែល​លោក​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ជា​បន្តបន្ទាប់​ចាប់ពី​ខែ​មិថុនា​កន្លង​មក​។

កាលពី​ដើម​ខែ​មិថុនា​ព្រះរាជសារ​មួយ​របស់​ព្រះមហាក្សត្រ​ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​​ ២៩ កក្កដា​ដោយ​មាន​​បញ្ជាក់​ «​កុំ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ពី​ការគាប​សង្កត់​ការគំរាម​កំហែង ការ​សម្លុត​ពី​ជន​ណា​ម្នាក់​ ឬ​បក្សនយោបាយ​ណា​មួយ​…» ​ត្រូវ​បាន​ផ្សព្វផ្សាយ​។ ប៉ុន្តែ​ព្រះរាជសារ​នោះ​ត្រូវ​បាន​ឡាយព្រះហស្តលេខា​នៅ​ថ្ងៃទី​ ១៨ ខែ​ឧសភា មុន​ពេល​លិខិត​របស់​លោក សម រង្ស៊ី ចុះ​ថ្ងៃទី ​២៣ ​មិថុនា​ដែល​ទូល​សុំ​កុំ​ឲ្យ​ព្រះមហាក្សត្រ​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​។

លោក សម រង្ស៊ី បាន​ថ្លែង​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា​ដោយ​ផ្អែក​លើ​កាលបរិច្ឆេទ​នេះ​លោក​យល់​ថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ជា​សារលិខិត​ក្លែងក្លាយ​ ឬ​ជា​លិខិត​ដែល​ត្រូវ​បាន​ចុះ​ថ្ងៃ​ក្លែងក្លាយ​។ ទោះ​យ៉ាង​ណា​ព្រះបរមរាជវាំង​បាន​បំភ្លឺ​រួច​ហើយ​ថា ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ជា​ព្រះរាជសារ​ពិត​។

លោក សម រង្ស៊ី ថ្លែង​ថា​៖ «​ពេល​ខ្ញុំ​និយាយ​ថា​លិខិត​ព្រះមហាក្សត្រ​ដាក់​កាលបរិច្ឆេទ​ក្លែងក្លាយ​មិនមែន​ជា​ការប្រមាថ​ទេ​។ ខ្ញុំ​ចង់​សំដៅ​ទៅ​លោក ហ៊ុន សែន ទេ …​។ ម៉េច​ក៏​មិន​ប្តឹង​ខ្ញុំ​ផង​ទៅ​ក្នុង​ការ​លើកឡើង​នេះ​? …!»​។

លោក លី សុផាណា អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​ឆ្លើយតប​នឹង​សំណួរ​ស្ដីពី​នីតិវិធី​បន្ទាប់​ទេ​កាលពី​ម្សិលមិញ​។ ចំណែក​លោក​មេធាវី សំ សុគង់ ដែល​កន្លង​មក​បាន​ការពារ​ក្តី​លោក សម រង្ស៊ី ជាច្រើន​ករណី​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​លោក សម រង្ស៊ី មិន​បាន​ពឹង​លោក​ឲ្យ​ការពារ​ក្ដី​ក្នុង​ករណី​នេះ​ទេ​។

លោក សម រង្ស៊ី កំពុង​ជាប់​បណ្ដឹង​ផ្សេងៗ​មួយ​ចំនួន​រួមមាន ទាំង​សំណុំ​រឿង​ត្រូវ​បាន​ជំនុំជម្រះ​រួច​ហើយ​ និង​មិនទាន់​ជំនុំ​ជម្រះ​។ ​សំណុំ​រឿង​មិន​ទាន់​ជំនុំជម្រះ​រួមមាន បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ពាក់ព័ន្ធ​នឹង​ការចោទ​ប្រកាន់​ថា​លោក​នាយក​រដ្ឋមន្ត្រី​បាន​ជួល​អតីត​សកម្មជន​សង្គ្រោះ​ជាតិ​រូប​នេះ​ឲ្យ​វាយប្រហារ​គណបក្ស​ប្រឆាំង​ CNRP ​សំណុំ​រឿង​ដែល​ចោទ​ថា លោក​យល់​ព្រម​កាត់​ដី​ឲ្យ​ជនជាតិ​ភាគតិច​ម៉ុងតាញ៉ា​វៀតណាម និង​សំណុំ​រឿង​ញុះញង់​កងកម្លាំង​ប្រដាប់អាវុធ​កុំ​ឲ្យ​ស្ដាប់បង្គាប់​។

បើ​ទោះ​ជា​អតីត​ប្រធាន​បក្សប្រឆាំង​រូប​នេះ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​បណ្ដឹង​ដូច្នេះ​ក្តី ប៉ុន្តែ​អ្នក​វិភាគ​ម្នាក់​យល់​ថា បណ្ដឹង​ទាំងនេះ​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​ផ្លូវ​នយោបាយ និង​ការសុំ​អភ័យទោស​។

លោក សូ ចន្ថា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​បាន​ថ្លែង​ថា​៖ «​តាមពិត​ទៅ​លោក សម រង្ស៊ី មាន​ករណី​ជាច្រើន​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​វោហារស័ព្ទ​នយោបាយ​របស់​លោក​ក្នុង​ពេល​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​។ ប៉ុន្តែ​នៅ​ពេល​មាន​ដំណោះស្រាយ​នយោបាយ​អ្វីៗ​នឹង​ត្រូវ​បាន​សម្អាត​»​។

ដោយឡែក​ករណី​ប្រមាថ​ចំពោះ​អង្គព្រះមហាក្សត្រ​វិញ​លោក សូ ចន្ថា យល់​ថា​លោក សម រង្ស៊ី គួរ​តែ​សរសេរ​លិខិត​សុំ​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ប្រសិន​បើ​វា​ជា​ករណី​ពិតប្រាកដ​៕


Contact author: នៀម ឆេង

What Next?

Recent Articles

One Response to "លោក​ សម រង្ស៊ី ខកខាន​បំភ្លឺ​ខណៈ​ដីកា​ឱ្យ​ចូល​ខ្លួន​ម្សិលមិញ"

  1. Free Cambodia says:

    Rainsy has lied too many times so he cannot remember what he has said even yesterday. No more remedies for Rainsy. He is running out of all options to be cured. As far as the political profession for Rainsy, it is over.