អ្នកភូមិជិត១០០នាក់ទាមទារឲ្យតំណាងពួកគាត់​បាននៅក្រៅឃុំ

| |
https://vodhotnews.com

ពលរដ្ឋជិត១០០នាក់មកខេត្តព្រះសីហនុបានប្រមូ​លផ្តុំគ្នាឈរលើកបដាមុខសាលាឧទ្ធរណ៍ ខណៈតុលាការមួយនេះបើកសវនាការបណ្តឹងសុំនៅក្រៅឃុំ របស់តំណាងពួកគាត់​៤នាក់ នៅព្រឹកថ្ងៃទី ១៣ កក្កដា ២០១៨


ពលរដ្ឋជិត១០០នាក់មកខេត្តព្រះសីហនុបានប្រមូ​លផ្តុំគ្នាឈរលើកបដាមុខសាលាឧទ្ធរណ៍ ខណៈតុលាការមួយនេះបើកសវនាការបណ្តឹងសុំនៅក្រៅឃុំ របស់តំណាងពួកគាត់​៤នាក់នៅថ្ងៃនេះ។

តំណាងពលរដ្ឋ៤នាក់មានអ្នកស្រី ឡុច ទូច លោក ម៉ែន ខេន លោក ញាញ់ ជាតិ និងលោក កៅ ហេង នៅ​​ឃុំអូរត្រេះ ​ស្រុក​ស្ទឹងហាវ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុសម្រេចឃុំខ្លួនកាលបីថ្ងៃទី៦ខែឧសភា បន្ទាប់ពីមានជម្លោះជាមួយឧកញ៉ាម្នាក់ ឈ្មោះ ​តាន់ តាត់។

ពលរដ្ឋម្នាក់ដែលមកគាំទ្រតំណាង និងតាមដានសវនាការនោះលោក យូ វាសនា និយាយថា ក្រុមអ្នកភូមិនាំមកគាំទ្រ និងលើកបដាសុំឲ្យដោះលែងនោះដោយសារតំណាងមិនមានកំហុស និងជាប់ឃុំទាំងអយុត្តិធម៌។

លោកបន្តថា សាលាដំបូងខេត្តព្រះសីហនុសម្រេចឃុំតំណាងរបស់ពួកគាត់ទាំង៤នាក់នោះ គឺមិនបានធ្វើតាមគោលការណ៍ច្បាប់ និងមិនបានចុះស្រាវជា្រវច្បាស់លាស់ឬសគល់នៃដើមហេតុ។


ពួកគាត់បានធ្វើការតស៊ូសម្រាប់ដីលំនៅឋានខ្លួនឯង បែរជាមានភាពអយុត្តិធម៌ ដោយគេចាប់ពួកគាត់ទៅឃុំឃាំងរហូតទៅដល់២ខែជាងនេះ។ ដូច្នេះពួកយើងសុំឲ្យតុលាការសាលាឧទ្ធហរណ៍ទំលាក់ចោលការចោទប្រកាន់ ឲ្យពួកគាត់បាន នៅក្រៅឃុំ ដើម្បីឲ្យពួកគាត់បានតតាំងក្តីជាមួយគូរទំនាស់របស់ពួកគាត់ហ្នឹង តាមផ្លូវច្បាប់ឲ្យដឹងថាអ្នកណាខុសអ្នកណាត្រូវពិតប្រាក់កដ

ពលរដ្ឋម្នាក់ដែលមកគាំទ្រតំណាង និងតាមដានសវនាការនោះលោក យូ វាសនា


លោក យូ វាសនា ឲ្យដឹងថា អ្នកភូមិបានទៅរស់នៅ និងបង្កបង្កើនផលលើដីកំពុងមានជម្លោះតាំងពីឆ្នាំ១៩៩២រហូតមកដល់បច្ចប្បន្នដោយមានអាជ្ញាធរមូលដ្ឋានទទួលស្គាល់តាំងពីឆ្នាំ២០០៣ បែរជាលោក ឧញ្ញា តាន់ តាត់ ចោទថា ពួកគាត់រស់នៅលើដីរបស់ខ្លួនទៅវិញ។

ប្រធានសមាគមដីធ្លី​ខេត្ត​ព្រះសីហនុ លោក ស៊ុន សុផាត និយាយថា វិវាទដីធ្លីនេះហាក់មានភាពចម្រូងចម្រាសដោយថា ពលរដ្ឋបានទៅរស់នៅទីនោះតាំងពីឆ្នាំ១៩៩២​ ហើយ​មានការទទួលពីអាជ្ញាធរមូលដ្ឋានតាំងជំនាន់នោះផងដែរ ប៉ុន្តែគ្មានប័ណ្ណកម្មសិទ្ធ ហើយក្រសួងកសិកម្មបានអះអាងថា ដីតំបន់នោះក៏ស្ថិតក្នុងតំបន់គម្របព្រៃឈើខេត្តព្រះសីហនុទៀត ប៉ុន្តែ ឧញ្ញា តាន់ តាត់ បែរ ជាមានប័ណ្ណកាន់កាប់លើដីកំពុងមានជម្លោះនោះទៅវិញ។


ខ្ញុំជាតំណាងសហគមន៍ ខ្ញុំសុំឲ្យខាងសាលាឧទ្ធរណ៍ហ្នឹងកាត់ក្តីឲ្យតំណាងបណ្តាញសហគមន៍យើងដែលកំពុងរងគ្រោះដីធ្លីហ្នឹងឯករាជ្យ ព្រោះពួកយើងជាអ្នករងគ្រោះ ហើយបុគ្គលដែលមករំលោភយកដីរបស់សហគមន៍យើងហ្នឹងសុទ្ធ តែបានរៀបចំឯកសារក្លែងបន្លំ។ ហើយដីហ្នឹងវាស្ថិតក្នុងតំបន់គម្របព្រៃឈើផង ដូច្នេះវាអត់មានសិទ្ធិអ្វីយកប័ណ្ណទាំងនោះមកសំអាងទេ ប័ណ្ណនឹងត្រូវនរាករណ៍ចោលហើយ ព្រោះវាមិនស្ថិតនៅក្នុងតំបន់គម្របព្រៃ

ប្រធានសមាគមដីធ្លី​ខេត្ត​ព្រះសីហនុ លោក ស៊ុន សុផាត


វិអូឌីមិនអាចសុំឆ្លើយតប់ពីលោក ឧញ្ញា តាន់ តាត់ បានទេជំវិញវិវាទដីធ្លីដ៏ចម្រូងចម្រាស់នេះ ខណៈសាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាលើសុំណុំរឿងនៅក្រៅឃុំរបស់តំណាង៤នាក់នោះថ្ងៃទី១៨ខែកក្កដាខាងមុខ។ នេះបើតាមតំណាងសហគមន៍ដីធ្លីលោក ស៊ុន សុផាត។

បើតាមតំណាងពលរដ្ឋ អ្នកភូមិ ៥៦គ្រួសារ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ មានជម្លោះដីធ្លីជាមួយលោក តាន់ តាត់ ជុំ​វិញ​ដី​ទំហំ ៨៤ហិកតា៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

Leave a Reply

Submit Comment