តុលាការ​កំពូល​មិន​ព្រម​ទម្លាក់​ចោល​ការ​កាត់ទោស​សកម្មជន​មាតា​ធម្មជាតិ​៣រូប​នោះ​ទេ

សិទ្ធិ​មនុស្ស


រូបឯកសារ៖ រូបថត​នេះ​ដែល​ត្រូវ​​ផ្សាយ​តាម​ទំព័រ Facebook របស់​អង្គការ​មាតា​ធម្មជាតិ​​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ​បង្ហាញ​ពី​សកម្មភាព​តវ៉ា​របស់​សកម្មជន​អង្គការ​នេះ​ក្នុង​ពេល​កន្លង​​ពេល​ថ្មីៗ​នេះ។ (អង្គការ​មាតា​ធម្មជាតិ)


14 កក្កដា 2018
ហ៊ុល រស្មី
វីអូអេខ្មែរ

តុលាការ​កំពូល​ជាថ្មី​ម្តង​ទៀត​ មិន​ព្រម​ទម្លាក់​ចោល​ការ​កាត់​ទោស​សកម្មជន​មាតា​ធម្មជាតិ​៣រូប​នោះ​ទេ ហើយ​ក្រុម​សកម្មជន​ទាំង​នោះ​ ត្រូវ​អនុវត្ត​សាលដីកា​តុលាការ​ខេត្ត​កោះកុង ដោយ​ត្រូវ​សង​ប្រាក់​១០០លានរៀល​នោះ​ ទៅ​ឲ្យ​ក្រុមហ៊ុន​ Direct Access ​ដែល​ទទួល​បាន​សិទ្ធិ​បូមខ្សាច់​ក្នុង​ខេត្ត​កោះកុង​ កាលពី​ឆ្នាំ​២០១៥។

តុលាការ​កំពូល​នៅ​ថ្ងៃសុក្រ​នេះ​បាន​សម្រេច​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ ក្នុង​ការ​កាត់​ទោស​សកម្មជន​បរិស្ថាន​បី​នាក់​របស់​អង្គការ​មាតា​ធម្មជាតិ​ ​ពី​បទ «គំរាមកំហែង​ធ្វើ​ឲ្យ​ខូច​ខាត​ ដោយ​មាន​ភ្ជាប់​បញ្ជា​អ្វីមួយ»​ ក្នុង​ព្រឹត្តការណ៍​ទប់​ស្កាត់​ការ​បូម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង​កាលពី​ឆ្នាំ​២០១៥។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សកម្មជន​បរិស្ថាន​ និង​អ្នក​នាំពាក្យ​តុលាការ​កំពូល។

លោក សាន់​ ម៉ាឡា សកម្មជន​ការពារ​បរិស្ថាន​របស់​អង្គការ​មាតា​ធម្មជាតិ​ដែល​ពេល​នេះ​ មិន​មាន​ឈ្មោះ​ក្នុងបញ្ជី​របស់​ក្រសួង​មហាផ្ទៃ​ប្រាប់​ VOA​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​តុលាការ​កំពូល​បាន​សម្រេច​រក្សា​ទុក​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​ឲ្យ​នៅ​ជា​បាន​ការ​ដដែល។

លោក​រៀប​រាប់​ថា​ សកម្ម​ជន​ទាំងបី មិន​ពេញចិត្ត​នឹង​ការ​សម្រេច​នេះ​ទេ​ ហើយ​ក៏​មិន​អាច​ទទួល​បាន​ដែរ​ សម្រាប់​ការ​បញ្ជា​របស់​តុលាការ​ខេត្ត​កោះកុង​ ដែល​តម្រូវ​ឲ្យ​សកម្មជន​ទាំងបី​បង់​ប្រាក់​ដល់​ទៅ​១០០លាន​រៀល​ជូន​ក្រុមហ៊ុន​នោះ។​

លោក​អះអាង​ថា​ ក្រុមហ៊ុន​ទៅ​វិញ​ទេ​ ដែល​គួរ​តែ​បង់​សំណង​ដល់​ពលរដ្ឋ​សម្រាប់​ការ​បំផ្លិច​បំផ្លាញ​ប្រព័ន្ធ​បរិស្ថាន​ដែល​ក្រុមហ៊ុន​បាន​បង្ក​ឡើង តាម​រយៈ​សកម្ម​ភាព​បូម​ខ្សាច់​របស់​ខ្លួន​នោះ មិន​មែន​សកម្មជន​ទាំង​បី​ត្រូវ​ទទួល​បន្ទុក​នោះ​ទេ។

«បើសិន​បើ​ខាង​ តំណាង​ក្រុមហ៊ុន​ គេ​ទាមទារ​ឲ្យ​យើង​ហ្នឹង​ត្រូវ​ដាច់​ខាត​ ផ្តល់​សំណង​១០០​លាន​រៀល​ទៅ​គេ​ ខ្ញុំ​គិត​ថា​ វា​ជា​រឿង​មួយ​អាច​ហ្នឹង​ គួ​រឲ្យ​អស់​សំណើច​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ពីព្រោះ​យើង​នឹង​មើល​ឃើញ​ច្បាស់​នឹង​ភ្នែក​លើ​គោក​ថា​ ក្រុមហ៊ុន​ដែល​គេ​ធ្លាប់​ធ្វើ​អាជីវកម្ម​ គេ​យក​ខ្សាច់​កន្លង​មក​ហ្នឹង​ អត់​មាន​តម្លាភាព​ ហើយ​យើង​រក​ឃើញ​ថា​ មាន​អំពើ​ពុក​រលួយ​ជា​ច្រើន​នៅ​ក្នុង​ហ្នឹង​ ក៏​គាត់​មិន​បាន​មក​ ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

លោក​បន្ថែម​ថា​ ក្រុម​សកម្មជន​នឹង​រិះ​រក​យន្តការ​ផ្លូវ​ច្បាប់​ផ្សេង​ទៀត​ ដើម្បី​ត​ទល់​នឹង​ការ​សម្រេច​នេះ។​

ក្រុម​សកម្មជន​ទាំង​បី​នាក់​មាន​លោក​ សាន់ ម៉ាឡា​ លោក​ ទ្រី សុវិគា​ និង​លោក​ ស៊ីម សំណាង​ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈ​ពេល​១៨​ ខែ​កាល​ពី​ឆ្នាំ​២០១៦​ ក្រោយ​ការ​ធ្វើ​សកម្ម​ភាព​ទប់ស្កាត់​ការ​បូមខ្សាច់​របស់​ពួក​គេ​ តាំង​ពី​ខែ​មេសា ​ឆ្នាំ​២០១៥ ​ហើយ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ខែ​សីហា​ក្នុង​ឆ្នាំ​ដដែល​នោះ​ តាម​បទ​ចោទ​ «គំរាម​កំហែង​និង​ធ្វើ​ឲ្យ​ខូចខាត​ ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ»។​ តុលាការ​ខេត្ត​កោះកុង​ ក្រៅ​តែ​ពី​ការ​ផ្តន្ទាទោស​សកម្មជន​ទាំង​បី​ឲ្យ​ជាប់​ទោស​១៨ខែ​នោះ​ ក៏​បាន​បង្គាប់​ឲ្យ​សកម្មជន​ទាំង​បី​សង​ជំងឺ​ចិត្ត​ទៅ​ក្រុមហ៊ុន​បូម​ខ្សាច់​ចំនួន​១០០លានរៀល​ (ឬ​ប្រមាណ​ជា​ ២៥,០០០​ដុល្លារ)។

​ប៉ុន្តែ​ដោយ​សារ​ពួកគេ​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​១០​ខែ​និង​១៥​ថ្ងៃ​ហើយ​នោះ​ តុលាការ​បាន​សម្រេច​ព្យួរ​ទោស​ដែល​នៅ​សេស​សល់​ ហើយ​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៦​ដដែល​នោះ។​ ការ​ចាប់​និង​ឃុំ​ខ្លួន​អ្នកទាំងបី​នេះ​ គឺត្រូវ​បាន​ធ្វើ​ទៅ​តាម​ការ​ប្តឹង​របស់​ក្រុម​ហ៊ុន​ Direct Access​ ដែល​គេ​ដឹង​ថា​ មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អាជ្ញាធរ​ស្រុក​បទុម​សាគរ។

លោក​ អ៊ុក គឹមសិទ្ធិ អគ្គ​ព្រះរាជ​អាជ្ញា​ និង​ជា​អ្នក​នាំ​ពាក្យ​តុលាការ​កំពូល​ថ្លែង​ថា​ ​សាលដីកា​របស់​តុលាការ​កំពូល​ នឹង​បិទ​ផ្លូវ​តវ៉ា​របស់​សកម្មជន​ទាំងបី។ ទាក់ទិន​បញ្ហា​សំណង​ដែល​សកម្ម​ជន​ត្រូវសង​ទៅ​ឲ្យ​ក្រុមហ៊ុន Direct Access ​នោះ​ សកម្មជន​ទាំង​បី​ត្រូវ​តែ​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ​ខេត្ត​កោះកុង​ ដែល​ត្រូវ​បាន​តម្កល់​ដោយ​សាលា​ឧទ្ធរណ៍ ហើយ​ក៏​ត្រូវ​បាន​តម្កល់​ទុក​ដោយ​តុលាការ​កំពូល​ផង​ដែរ។

«កំពូល​បាន​តម្កល់​ ហើយ​អីចឹង​វា​ ការ​សម្រេច​របស់​កំពូល​ អីចឹង​ខ្ញុំ​សុំ​មិន​បកស្រាយ​រឿង​មូល​ហេតុ​អី​ទេ​ណ៎ា។ អាហ្នឹង​វានៅ​លើ​ នៅ​ក្រុម​ប្រឹក្សា​នៃ​តុលាការ​លោក​ពិចារណា»។

លោក​ ស៊ឹង សែនករុណា ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​មាន​ការ​សោក​ស្តាយ​ ចំពោះ​ការ​សម្រេច​របស់​តុលាការ​កំពូល។ លោក​យល់ថា​ កិច្ច​ការ​ដែល​សកម្មជន​ទាំង​បី​បាន​ធ្វើ​កន្លង​មក​នោះ​ គឺ​ក្នុង​បុព្វហេតុ​ការពារ​សម្បតិ្ត​ធម្មជាតិ។ ពាក់​ព័ន្ធ​នឹងសំណង ១០០លាន​រៀល​នោះ​ លោក​ជឿ​ថា​ ក្រុម​សកម្មជន​បរិស្ថាន​ទាំង​បី​ គ្មាន​លទ្ធភាព​នឹង​ទូទាត់​ជូន​ក្រុមហ៊ុន​នោះ​ឡើយ។

«ក្នុង​សាលដីកា​ដែល​បាន​សម្រេច​កន្លង​មក​ហ្នឹង​ គឺ​យើង​ដឹង​ហើយ​ចំនួន​ដល់​១០០លាន​រៀល​ឯណោះ​ អីចឹង​តើ​ពួកគាត់​ហ្នឹង​ ជា​សកម្មជន​សង្គម​ចឹង​ តើ​គាត់​មាន​លទ្ធភាព​ឯណា​ក្នុងការ​យក​ប្រាក់​ហ្នឹង​ ដើម្បី​ទៅ​ទូទាត់​ឲ្យ​ទៅ​ភាគី​ ដែល​ដើម​បណ្តឹង​ហ្នឹង​បាទ»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ អង្គការ​ឃ្លាំ​មើល​ និង​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​សង្ខេប​មួយ​ នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​បាន​បរិយាយ​ពី​ការ​តម្កល់​សាល​ដីកា​ផ្តន្ទាទោស​ធ្វើឡើង​ដោយ​តុលាការ​កំពូល។

សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ដល់​ការ​សង​សំណង​ជំងឺ​ចិត្ត​ ពី​សំណាក់​ក្រុម​សកម្មជន​ទាំង​បី​ទៅ​ឲ្យ​ក្រុមហ៊ុន​ជា​ដើម​បណ្តឹង​ ដោយ​បាន​បញ្ជាក់​ថា៖​

«យោង​តាម​ច្បាប់​កម្ពុជា ការ​ខកខាន​មិន​បាន​បង់ប្រាក់​ខាង​លើ នឹង​អាច​ឲ្យ​អ្នក​ទាំង​បី​បន្ត​ជាប់​ក្នុង​ពន្ធនាគារ»។​

យុទ្ធនាការ​របស់​អ្នក​ទាំង​បី​ក្នុង​ការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះកុង​ដែល​បាន​ធ្វើ​កាលពី​ពេល​កន្លង​មក​នោះ​ មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់​ ក្នុង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បូម​ខ្សាច់​នោះ​ដែរ។​ ពលរដ្ឋ​សហគមន៍​យល់​ថា ​ការ​បូម​ខ្សាច់​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​បាក់​ច្រាំង​នៃ​ដៃ​សមុទ្រ​ និង​បាន​បំផ្លាញ​ដល់​ធនធាន​ជីវៈ​ចម្រុះ​នៅ​ក្នុង​សមុទ្រ។

បន្ថែម​លើ​ការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​នោះ ក្រុម​សកម្មជន​នៃ​អង្គការ​មាតា​ធម្មជាតិ​ក៏​បាន​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​ធ្វើ​ទំនប់​វារី​អគ្គិសនី​លើ​ស្ទឹង​អារ៉ែង​នៃ​ជួរ​ភ្នំ​ក្រវាញ ដែល​គ្រោង​នឹង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Sinohydro​ ផង​ដែរ។ សកម្មភាព​របស់​ពួក​គេ​នា​ពេល​នោះ​ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ៕

What Next?

Recent Articles