លោក នេត សាវឿន មាន​ប្រវត្តិ​អាក្រក់​ខាង​ការ​ធ្វើ​ទារុណកម្ម​អ្នក​ទោស និង​ហិង្សា​ផ្នែក​នយោបាយ

តាំង សារ៉ាដា
2018-07-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA
លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចូលរួម​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។ RFA


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​រកឃើញ​ថា នាយ​ឧត្ដមសេនីយ៍​ម្នាក់ ក្នុង​ចំណោម​នាយ​ឧត្ដមសេនីយ៍​ចំនួន ១២​រូប​ផ្សេងទៀត នៃ​របប​លោក ហ៊ុន សែន មាន​ប្រវត្តិ​អាក្រក់​ខាង​ការ​ធ្វើ​ទារុណកម្ម​អ្នកទោស និង​ការ​រៀបចំ​ជា​ប្រព័ន្ធ​ដើម្បី​អោយ​មាន​អំពើ​ហិង្សា​ផ្នែក​នយោបាយ។

តើ​បុគ្គល​រូប​នោះ​ជា​នរណា ?

លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជា​នាយ​ឧត្ដមសេនីយ៍ ម្នាក់​ស្ថិត​ក្នុង​ចំណោម​នាយ​ឧត្ដមសេនីយ៍​ចំនួន ១២​រូប​ផ្សេងទៀត មាន​ប្រវត្តិ​បាតដៃ​កខ្វក់​ខាង​ការ​ធ្វើ​ទារុណកម្ម​ជនសង្ស័យ និង​ការ​បាញ់​សម្លាប់ ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​នេះ បើ​តាម​ការ​រក​ឃើញ​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch

លោក នេត សាវឿន វ័យ ៥៨​ឆ្នាំ កើត​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​១៩៦០។ លោក​ជា​មន្ត្រី​នគរបាល​ដំបូង​គេ​បង្អស់​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​ខ្មែរ ហើយ​ក្រោយ​មក​លោក​បាន​ក្លាយ​ជា​អ្នក​សួរចម្លើយ​ជាន់ខ្ពស់ មួយ​រូប​នៃ​នគរបាល​ក្រុងភ្នំពេញ។ ក្រោយមក​លោក​បាន​ឡើង​តំណែង យ៉ាង​លឿន​នៅ​ក្នុង​ជួរ​នគរបាល​ទៅជា​មេ​ប៉ូលិស​ខាង​ផ្នែក​រដ្ឋបាល​ក្រុងភ្នំពេញ ហើយ​បន្ទាប់មក​ទទួលបន្ទុក​ខាង​ការិយាល័យ​ព្រហ្មទណ្ឌ ដែល​មាន​ជំនាញ​ខាង​ការ​ចាប់ចង​អ្នក​នយោបាយ និង​បទល្មើស​ជាច្រើន​ទៀត។

កាលពី​ឆ្នាំ​១៩៨៤ លោក នេត សាវឿន ជា​មនុស្ស​ដែល​ល្បីល្បាញ​ខាង​ការ​សួរចម្លើយ​ជនសង្ស័យ ឬ​អ្នក​នយោបាយ​យ៉ាង​អាក្រក់ និង​យ៉ាង​សាហាវ​ព្រៃផ្សៃ ដូចជា​ការ​បាញ់​សម្លាប់​មនុស្ស​ក្នុង​ពេល​សួរចម្លើយ​ជាដើម។ កាលពី​ដើមឡើយ លោក នេត សាវឿន មាន​តួនាទី​ជា​នគរបាល​ខាង​ផ្នែក​ព្រហ្មទណ្ឌ ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​លោក​ជា​មនុស្ស​ដែល​ស្រេក​ឈាម​ខ្លាំង​ពេក ដូច្នេះ​លោក​ក៏​ត្រូវ​បាន​ដំឡើង​ឋានៈ​កាន់តែ​ខ្ពស់​ជាង​មុន​ទៅទៀត។

លោក នេត សាវឿន នៅ​តែ​ធ្វើ​កិច្ចការ​ខាង​ការ​សួរចម្លើយ​ដដែល ប៉ុន្តែ​សម្រាប់​ករណី​សំខាន់ៗ​បំផុត​ប៉ុណ្ណោះ ទាំង​ករណី​ព្រហ្មទណ្ឌ និង​ករណី​នយោបាយ ហើយ​ពេល​ដែល​គាត់​ធុញទ្រាន់​ក្នុង​ការ​សួរ ចម្លើយ គាត់​តែ​ទូរស័ព្ទ​ទៅ​ហៅ​ដៃជើង​របស់​គាត់​ឲ្យ​មក វ៉ៃ ទាត់​ធាក់ មនុស្ស​ដែល​គាត់​ចាប់។

អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក នេត សាវឿន បានទេ​ចំពោះ​ការ​ចងក្រង​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​បាន​រក​ឃើញ​នាយ​ឧត្ដមសេនីយ៍ នៃ​របប​លោក ហ៊ុន សែន ១២​នាក់ មាន​បាតដៃ​កខ្វក់​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស។

ប៉ុន្តែ​លោក ខៀវ សុភ័ក អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​សារភាព​ថា ការ​សួរ​ចម្លើយ និង​ការ​ចាប់ចង​តែង​មាន​ការ​ចាប់​បង្ខំ​ដូច្នេះ​ហើយ ទោះ​ស្ថិត​នៅ​ក្នុង​ប្រទេស​ណា​ក៏​ដោយ៖ «ការ​អនុវត្ត​ច្បាប់​តែង​មាន​ការ​ចាប់​បង្ខំ​អ៊ីចឹង​ខ្លះ​ហើយ។ សូម្បីតែ​FBI ហ្នឹង​មាន​បាតដៃ​ប្រឡាក់​ឈាម​ជាងគេ​ទៅទៀត»

ទោះជា​យ៉ាងណាក៏ដោយ​លោក (Brad Adams) ប្រ៊ែត អាដាម នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ មាន​ប្រសាសន៍​ថា លោក ខៀវ សុភ័គ អាច​ច្រឡំ​កិច្ចការ​របស់ FBI និង​CIA។ លោក​បន្ត​ថា​ភ្នាក់ងារ FBI របស់​អាមេរិក​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នកទោស​ជា​លក្ខណៈ​ប្រព័ន្ធ​នោះ​ទេ ប៉ុន្តែ​មាន​តែ CIA ប៉ុណ្ណោះ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណកម្ម នៅ​ក្រោយ​ការ​វាយប្រហារ​ដោយ​អំពើ​ភេរវកម្ម​កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ និង​ក្រោយ​សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ាក់ (Iraq) រួចមក។

លោក​បន្ត​ថា យូមែន រ៉ៃត៍ វ៉ច្ឆ តែង​អំពាវនាវ និង​ជំរុញ​ជា​ញឹកញាប់​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ អតីត​ប្រធានាធិបតី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ហ្សច ដាប់បែលយូ ប៊ូស (George W. Bush) លោក ឌីក ឈែននី (Dick Cheney) និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជំនាន់​នោះ​ថែមទៀត។

លោក ប្រ៊ែត អាដាម បន្ត​ថា​អង្គការ​របស់​លោក មិន​ត្រឹមតែ​រាយការណ៍​អំពី​ករណី​លោក នេត សាវឿន ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក្រុម​របស់​លោក​ក៏​បាន​រាយការណ៍​ករណី​រំលោភ​សិទ្ធិ​មនុស្ស​បែបនេះ ចំពោះ​ប្រទេស​អាមេរិក ចិន វៀតណាម និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​ដែរ។

លោក​បន្ត​ថា​ការ​ធ្វើ​សួរ​ចម្លើយ​អ្នកទោស ឬ​ជនសង្ស័យ ដោយ​ការ​ប្រើ​អំពើ​ហិង្សា ឬ​អំពី​ទារុណកម្ម​ណាមួយ​វា​គឺជា​បទឧក្រិដ្ឋ ហើយ​ជាក់ស្ដែង ករណី​លោក នេត សាវឿន មិន​ត្រូវ​បាន​សមត្ថកិច្ច​បើក​ការ​ស៊ើបអង្កេត​នោះ​ឡើយ៖ «ខ្ញុំ​មិនដែល​ឃើញ​លោក ខៀវ សុភ័គ បើក​ការស៊ើបអង្កេត​មន្ត្រី​មាន អំណាច​របស់​រដ្ឋាភិបាល​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​ក្រសួង​មហាផ្ទៃ​បើក​ការស៊ើបអង្កេត។ តើ​ឯណា​ទៅជា​កា​រសើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃ? ខ្ញុំ​មិនដែល​ឃើញ​មានការ​ស៊ើបអង្កេត​ផង​ហ្នឹង​។ ប្រសិនបើ ករណី​ដូច​លោក នេត សាវឿន កើតឡើង​នៅ​សហរដ្ឋអាមេរិក​វិញ គាត់​នឹង​អស់​ត្រូវ​តំណែង គាត់​នឹង​ត្រូវ​ចាប់ខ្លួន ហើយ​ត្រូវ​ចូល​គុក​ដ៏​យូរ​ឆ្នាំ​ថែមទៀត»

រហូត​មកទល់​ពេល​នេះ ពុំ​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​ណា​ម្នាក់ ហ៊ាន​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ លើ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ ករណី​នាយ​ឧត្ដមសេនីយ៍ ១២​រូប​ដែល​មាន​បាតដៃ​កខ្វក់ ខាង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នេះ​ទេ។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​អំឡុង​ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៣ លោក នេត សាវឿន ត្រូវ​បាន ដំឡើង​តំណែង​ជា​មន្ត្រី​នគរបាល ជាន់ខ្ពស់​ក្នុង​ជួរ​កម្លាំង​នគរបាល ក្រុង​ភ្នំពេញ ដែល​មាន​តួនាទី​ប្រហាក់ប្រហែល​នឹង​ស្នងការ​នគរបាល​ដែរ។

ក្រោយមក​លោក​ក៏​បាន​រៀបការ​ជាមួយ​អ្នកស្រី ហ៊ុន គឹមឡេង កូនស្រី​របស់​លោក ហ៊ុន ណេង អភិបាលខេត្ត​កំពង់ចាម និង​ជា​បងប្រុស​បង្កើត​របស់​លោក ហ៊ុន សែន។

នៅ​ខែ​កក្កដា​ឆ្នាំ១៩៩៤ លោក នេត សាវឿន ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​លោក ហ៊ុន សែន ដោយ​ក្រុម​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ពេញ​ចិត្តនឹង​ការ​ត្រួតត្រា​របស់​គាត់។

ក្រោយពី​ការ​ចាប់ខ្លួន​និង​ដកចេញ អ្នក​រៀបចំ​ការ​ធ្វើ​រដ្ឋប្រហារ​សំខាន់​ៗ​មួយ​ចំនួន លោក នេត សាវឿន បាន​ក្លាយ​ជា​ឧបករណ៍​របស់​លោក ហ៊ុន សែន ក្នុង​ការ​គ្រប់គ្រង​រាល់​កម្លាំង​សន្តិសុខ​ទាំង អស់។

តាមរយៈ​លោក នេត សាវឿន និង​លោក ហុក ឡង់ឌី ដែល​ត្រូវ​បាន​តែងតាំង​ជា​នាយ​នគរបាល​ជាតិ នៅ​ខែ​សីហា​ឆ្នាំ​១៩៩៤ លោក ហ៊ុន សែន បាន​ធ្វើ​វិទ្ធង្សនា លើ​ការ​បញ្ជា​របស់​កម្លាំង​នគរបាល​ជាតិ តាមរយៈ​ការ​ដកហូត​តំណែង​នគរបាល​ពី​ខាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយក៏​បាន​ធ្វើ​ឲ្យ​កម្លាំង​របស់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​ជា គូប្រជែង​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​បាន​បរាជ័យ ពាក់ព័ន្ធ​ក្នុង​កា​រធ្វើ​រដ្ឋប្រហារ​លើ​លោក ហ៊ុន សែន។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ឲ្យ​ដឹង​ថា ទាំង​លោក នេត សាវឿន និង​លោក ហុក ឡង់ឌី ជា​អ្នក​រៀបចំ​ឲ្យ​មាន​ឃាតកម្ម​ផ្នែក​នយោបាយ ដូចជា​ការ​ចាប់​ជំរិត និង​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ទៅ​លើ​សហជីព ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​អ្នក​រិះគន់ លោក ហ៊ុន សែន ដទៃ​ទៀត។

ជាង​នេះ​ទៅ​ទៀត លោក នេត សាវឿន ក៏​ត្រូវ​បាន​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​គ្រាប់​បែកដៃ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ១៩៩៧ លើ​ក្បួន​បាតុកម្ម​របស់​លោក សមរង្ស៊ី ផង​ដែរ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏បាន​លាតត្រដាង​ផង​ដែរ ករណី​លោក នេត សាវឿន ដែល ​មេ​នគរបាល​កណ្ដាល​យុត្តិធម៌ រូប​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ចាប់ខ្លួន​ពលរដ្ឋ​ដែល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការរំលោភ​ដីធ្លី​ដោយ​បង្ខំ ពី​សំណាក់​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជា មួយ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល ដូចជា​ក្រុមហ៊ុន KDC របស់​ភរិយា​របស់​លោក ស៊ុយ សែម ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។

លើស​ពី​នេះ​ទៀត ពួកគេ​ក៏បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ប៉ុនប៉ង​ដើម្បី​បិទបាំង​ការ​ឃុំ​ឃាំង​ដោយ​បំពាន និង​ការប្រព្រឹត្តិ​មិន​ត្រឹមត្រូវ​លើ​ពលករ ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ក្រុមហ៊ុន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​មានអំណាច ដើម្បី​ទៅ​ធ្វើ​ជា​ពលករ​ចំណាក​ស្រុក​ដូច កាល​ពី​ឆ្នាំ​២០១១ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន T & P Company

លោក ប្រ៊ែត អាដាម ថ្លែង​ថា​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ របស់​កម្ពុជា​សមត្ថកិច្ច​ភាគច្រើន ជា​ជន​ដល់ ដែល​នាំ​ឲ្យ​ការស៊ើបអង្កេត​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​នោះ​ឡើយ និង​តែង​មាន​លក្ខណៈ​ស្មុគស្មាញ។

មន្ត្រី​ជាន់ខ្ពស់​នៃ​របប​ក្រុងភ្នំពេញ​បាន​ជំរុញ​ឲ្យ​មានការ​ស៊ើប​អង្កេត​មន្ត្រី​ជាន់ខ្ពស់ ក្នុង​ជួរ​របប​លោក​ហ៊ុន សែន ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​អំពី​ពុករលួយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "លោក នេត សាវឿន មាន​ប្រវត្តិ​អាក្រក់​ខាង​ការ​ធ្វើ​ទារុណកម្ម​អ្នក​ទោស និង​ហិង្សា​ផ្នែក​នយោបាយ"

  1. Anonymous says:

    KARMA’ if he doesn’t get this life ‘he will go down to hell and pay back what he have don to other people ‘ That buddah said ‘ GOD bless all good people’

  2. roumrith says:

    Comparison is not Reason Cia case concerning Guantanamo is made to protect their population against FOREIGN enemies it is necessary to insist, but the case of នេ ត សា វឿ ន and these bloody generals arm arms of hun Sen they MASSACRATE and TORTURENT the Khmers The facts are and will be there if Hun sen will be driven
    On the plan Buddhism better that the bloodthirsty are dead and we do not want
    The recommendation of the Buddha is better to die for these wicked because they apply the SUFFERING for themselves even harming the other innocents, they also wanted to LIVE, in short these sanguinary generals sowed the bad seed and they will reap the bad harvests
    We do not wish them dead but they will have to change their behavior and mentality

  3. Free Cambodia says:

    Reasonable people will not jump to conclusion because the fake news reports it. This is the accusation from one sided people such as Brad Adams who always anti Cambodia.

    I love to see the evidence if these 12 men have done such despicable crimes. Remember, if the news organization can acquire the information, the evidence should be in the public.

    No tolerance for any crime of violence or torture. We are living in a free society now. If these allegations are true and can be proven in court, FBI or CIA here can arrest them now.

    Do not be the same as Mueller investigation for Trump collusion with Russia but ended up no collusion can be found. Cambodians want the truth!!

  4. Anonymous says:

    Of course fair trials will be given to meet international standard when real democracy in stability place. Cambodia has signed with international justice.
    Brad Adams must have enough hard evidences to present in court.
    We also agree that all men are remaining innocent until the burden of proofs against the crimes they all committed.
    Good luck everyone and no one else claims the true answers until the verdicts reach to the conclusion.
    This is real democracy and real justice applied by international laws; not the out laws;;;;!!!!!!