គ.ជ.ប រម្លឹកគណបក្សនយោបាយមិនឲ្យ​យកព្រះមហាក្សត្រមកឃោសនា

| |
https://vodhotnews.com

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា


គណគម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានរម្លឹកទៅ​គណបក្សនយោបាយ​ដែលកំពុងធ្វើយុទ្ធនា​ការ​ឃោសនារកសំឡេងឆ្នោតសម្រាប់អាណត្តិទី៦នេះ ឲ្យគោរពក្រមសីលធម៌ ដោយថា កុំយកព្រះមហាក្សត្រមក​ឃោសនា។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ប្រាប់VODនៅព្រឹកនេះថា នេះគឺការរម្លឹករួមដើម្បី​ឲ្យយុទ្ធនា​ការកាន់មានភាពល្អប្រសើរបន្ថែមទៀត។


បាទ! នេះជាការរម្លឹកជារួមទេណាបាទ! ដែលកន្លងមក មកទល់ថ្ងៃនេះ​ក៏មិនមានករណីប្តឹងអំពីរឿង​ហ្នឹងដែរណា៎! ប៉ុន្តែយើងឃើញថាមានសកម្មភាពតិចតួចណាស់​ដែលប្តឹងមក​ពាក់ព័ន្ធនឹងការ​មិនគោរពក្រម​សីលធម៌ អញ្ចឹងនេះ​គឺជាការរម្លឹកដើម្បីឲ្យយុទ្ធនា​ការឃោសនាមាន​ភាពកាន់​តែរលូន​បាទ​!

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា


អគ្គលេខាធិការរង នៃគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ផន ចន្ថា មានប្រសាសន៍ការរម្លឹកនេះជាការត្រឹមត្រូវ។ លោកបន្តថាគណបក្សលោកមិនបានយកព្រះមហាក្សត្រមកឃោសនាទេ។

ត្រូវរបស់គេហើយ គេរម្លឹកខ្លាចយើងធ្វើខុស។ បើគណបក្សហ៊ុនស៊ិនប៉ិច​យើងអត់ធ្វើ​អីខុសទេ​ក្មួយ​! ក្រែងតែគណបក្ស ថ្មីៗតើ គណបក្សថ្មីធ្វើអីចេះតែខុស គណបក្ស ហ្វ៊ុនស៊ិនប៉ិច ចាស់ទុំ​ហើយ​ធ្វើអីមិនងាយខុសទេក្មួយ តាមច្បាប់​ តាមនីតិវិធីទាំងអស់

អគ្គលេខាធិការរង នៃគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ផន ចន្ថា


អគ្គលេខាធិការរង នៃគណបក្សខ្មែររួបរួមជាតិ លោក ភិន ផុន គាំទ្រចំពោះការរម្លឹករបស់ គ.ជ.ប និងទទួលយកបាន។

លោក ភិន ផុនលើកឡើង​ថា​៖ «ដោយសារគ្រប់គណបក្សនយោបាយតែងតែមានអំពើល្អ និងអំពើអាក្រក់ តែបើយើងយកព្រះកិត្តិនាមព្រះមហាក្សត្រទាំងព្រះបរមរតនកោដិ និងព្រះមហាក្សត្របច្ចុប្បន្នមកឃោសនា យើងធ្វើឲ្យអាប់អោនដល់ព្រះកិត្តិយសរបស់ព្រះអង្គបាទ! នេះជាការយល់ឃើញរបស់គណបក្សខ្មែររួបរួមជាតិយើងខ្ញុំ»

ទោះយ៉ាងណា លោក ភិន ផុន ថាគណបក្សលោក​គ្រាន់តែលើកពីការតស៊ូ​របស់ស្ថាបនិក​គណបក្សលោក​ជាមួយ​អតីតព្រះ​មហាក្សត្រតែបន្តិចប៉ុណ្ណោះ។

សម្រាប់អ្នកនាំពាក្យ គណបក្សប្រជាធិបតេ្យមូលដ្ឋាន លោក សាម អ៊ីន មានប្រសាសន៍ថា លោកគាំទ្រគ.ជ.ប និងបានរិះគន់ដល់ មេដឹកនាំអតីតគណបក្សប្រឆាំង​ដែលភ្ជាប់ព្រះមហាក្សត្រ​ទៅនឹងការអំពាវនាវកុំឲ្យពលរដ្ឋ​ទៅ​​បោះឆ្នោត។


យើងគិតថាជាការក្រើនរម្លឹកល្អរបស់គណៈគម្មាធិការជាតិរៀបចំការបោះឆ្នោត។ ហើយកន្លងមកយើងឃើញមានយុទ្ធនាការមួយចំនួនជាពិសេសផ្តួចផ្តើមដោយក្រុមលោកប្រធាន សម រង្ស៊ី ហ្នឹងគាត់ប្រើប្រាស់ព្រះនាមព្រះមហាក្សត្ររឿងមិនទៅបោះឆ្នោតអីហ្នឹង។ ខ្ញុំគិតថាគឺជាទង្វើមួយដែលខ្វះគុណធម៌ ខ្វះក្រមសីលធម៌មិនសមជាអ្នកនយោបាយជាន់ខ្ពស់<

សម្រាប់អ្នកនាំពាក្យ គណបក្សប្រជាធិបតេ្យមូលដ្ឋាន លោក សាម អ៊ីន


មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា លោកឯកភាពកុំឲ្យយកព្រះមហាក្សត្រមកពាក់ព័ន្ធជាមួយរឿងនយោបាយ។


ច្បាប់! កាលណាមានការហាមឃាត់ហើយ អាហ្នឹងគណបក្សនយោបាយត្រូវតែគោរព ត្រូវតែអនុវត្តតាម។ រឿងព្រះមហាក្សត្រ ព្រះអង្គឯករាជ្យ! ជាអង្គដែលមិនអាចយកមកឡូកឡំ​ជាមួយរឿង​នយោបាយ​ទេ! អញ្ចឹងគ្រប់គណបក្សនយោបាយជាការត្រឹមត្រូវណាស់ ព្រោះច្បាប់បានកំណត់ ចឹងគួរតែកុំយកលោកមកពាក់ព័ន្ធនៅក្នុងរឿងនយោបាយណា៎! អញ្ចឹងទុកឲ្យលោក គេហៅព្រះប្រមុខរដ្ឋ អញ្ចឹងសូមទុកដោយឡែកទៅ!

មន្ដ្រីជាន់ខ្ពស់​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស


នៅសល់តែ៧ថ្ងៃទៀតប៉ុណ្ណោះ យុទ្ធនាការឃោសនាបោះឆ្នោតនឹងត្រូវបញ្ចប់។ កា​​របោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រនី​តិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សចំនួន២០ ចូលរួមប្រកួត។


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles