អ្នកមានជម្លោះដីក្នុងខេត្តព្រះសីហនុខកចិត្តចំពោះសាលដីកាសាលាឧទ្ធរណ៍

| |
https://vodhotnews.com

ពលរដ្ឋជិត១០០នាក់មកខេត្តព្រះសីហនុបានប្រមូ​លផ្តុំគ្នាឈរលើកបដាមុខសាលាឧទ្ធរណ៍ ខណៈតុលាការមួយនេះបើកសវនាការបណ្តឹងសុំនៅក្រៅឃុំ របស់តំណាងពួកគាត់​៤នាក់ នៅព្រឹកថ្ងៃទី ១៣ កក្កដា ២០១៨


ពលរដ្ឋដែលមាន​ជម្លោះដីធ្លី​មកពី​ខេត្តព្រះសីហនុ បង្ហាញការខកចិត្តចំពោះសាលាឧទ្ធរណ៍​ដែលសម្រេចបន្តឃុំខ្លួនតំណាង​របស់​​ពួកគេ​៤នាក់ ដោយ​ពួកគាត់​យល់​​ថា​ការសម្រេចនោះធ្វើឡើងមិនស្របតាមនីតិវិធីច្បាប់។

កាលពីថ្ងៃទី១៨ខែកក្កដានេះ សាលាឧទ្ធរណ៍បានប្រកាសសាល​ដីកាលើសុំណុំរឿងសុំនៅក្រៅឃុំរបស់​តំណាង​ពលរដ្ឋ​ខេត្ត​ព្រះសីហ​នុ​៤នាក់ ដោយតុលាការជាន់ខ្ពស់មួយនេះបានសម្រេចបន្តឃុំខ្លួនតំណាងពលរដ្ឋទាំងនោះ ក្រោមហេតុផលថា ពួកគាត់​គ្មានទីលំនៅច្បាស់លាស់ និង ហេតុផលមួយទៀតដោយសារតែ​​សាលាដំបូងខេត្តព្រះសីហនុបិទការស៊ើបសួរ។

ពលរដ្ឋនៅខេត្តព្រះសីហនុម្នាក់លោក យូ វាសនា និយាយថា ការសម្រេចរបស់សាលាឧទ្ធរណ៍នេះ គឺមិនសមហេតុផលនោះទេ ដោយថា ក្រុមពលរដ្ឋគឺមានទីលំនៅច្បាប់លាស់ មានស្រែចំការ និងមានផលដំណាំជាច្រើនទៀតផង។

លោកបន្តថា ការកាត់ក្តីរបស់សាលាដំបូងខេត្តព្រះសីហនុមិនបានធ្វើតាមគោលការណ៍ច្បាប់ និងមិនបានស្រាវជា្រវច្បាស់ លាស់អំពីប្រវត្តិជម្លោះដីធ្លីនោះឡើយ ដោយលោកថា ក្រុមពលរដ្ឋបានទៅរស់នៅ និងកាន់កាប់លើដីកំពុងមានជម្លោះ​​នោះតាំងឆ្នាំ១៩៩២ដោយមានការទទូលស្គាល់ពីអាជ្ញាធរមូលដ្ឋានតាំងជំនាន់នោះផងដែរ ប៉ុន្តែគ្មានប័ណ្ណកម្មសិទ្ធ។


ពួកយើងខ្ញុំសូមទទូចទៅថ្នាក់ដឹកនាំក៏ដូចជាសម្តេចនាយករដ្ឋមន្រី ហ៊ុនសែន សុំឲ្យលោកជួយអន្តរាគមន៍ ក៏​ដូចជា​ព្រះមហាក្សត្រ សុំឲ្យទ្រង់ព្រះប្រទាននូវភាពយុត្តិធម៌ដល់ពលរដ្ឋដែលរងគ្រោះមើលទៅគេប្រើលុយ ប្រើអំណាច​ខ្លាំងណាស់ បើសិនជាធ្វើតាមផ្លូវច្បាប់គឺមិនអាចទៅរួចទេ។អញ្ចឹងមានតែថ្នាក់ដឹកនាំកំពូលៗអាចវិនិច្ជ័យ និងអត្តរាគមន៍លើ​រឿងនេះបាន

ពលរដ្ឋនៅខេត្តព្រះសីហនុម្នាក់លោក យូ វាសនា


មេធាវីការពារក្តីឲ្យតំណាងពលរដ្ឋទាំង៤នាក់នោះលោក កែ ប៊ុនធឿន មានប្រសាសន៍ថា បើតាមនីតិវិធីច្បាប់កូនក្តី​របស់លោក​អាច​ត្រូវ​បាននៅក្រៅឃុំ ដោយសំអាងលើមូលទាំង២នោះ គឺមិនអាចបន្តឃុំកូនរបស់លោកបានឡើយ។


ពីព្រោះនៅក្នុងរឿងនេះ ប្រជាពលរដ្ឋគាត់មានទីតាំងរស់នៅច្បាស់លាស់តើ ដោយគាត់មានភូមិ គាត់មានមុខរបរច្បាស់លាស់។ អញ្ចឹងមូលហេតុរបស់សាលាឧទ្ធរណ៍នេះគឺជារឿងដែលមិនត្រឹមត្រូវទេ។ ទី២ពាក់ព័ន្ធសុំណុំ​រឿង​​បិទការស៊ើបសួរមិនមានអីពាក់ព័ន្ធអីចំពោះឲ្យមនុស្សនៅក្រៅឃុំទេ ពីព្រោះនៅក្រៅឃុំគាត់អាចចូលទៅឆ្លើយបំភ្លឺបានតើ ព្រោះគាត់មានទីលំនៅច្បាស់លាស់ហើយមិនមានអីប៉ះពាល់ដល់នីតិវិធីតុលាការទេ

មេធាវីការពារក្តីឲ្យតំណាងពលរដ្ឋទាំង៤នាក់នោះលោក កែ ប៊ុនធឿន


មេធាវីរូបនេះបន្តថា ក្នុងសំណុំរឿងជម្លោះដីធ្លីនោះ គឺស្ថិតក្នុងតំបន់គម្របព្រៃឈើដែលតាមផ្លូវច្បាប់ គឺមិនអាចភាគីណា​មានសិទ្ធិ​ធ្វើ​ប័ណ្ណកម្មសិទ្ធបានឡើយ ប៉ុន្តែសម្រាប់ភាគីដើមបណ្តឹងបែរជាមានប័ណ្ណកម្មសិទ្ធដែលមានទោស ដោយ​ផ្អែក​លើ​មាត្រា​២៥៩ នៃច្បាប់ភូមិបាល។

តំណាងពលរដ្ឋ៤នាក់មានអ្នកស្រី ឡុច ទូច លោក ម៉ែន ខេន លោក ញាញ់ ជាតិ និងលោក កៅ ហេង នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុសម្រេចឃុំខ្លួនកាលពី​ថ្ងៃទី៦ខែឧសភា បន្ទាប់ពីមានជម្លោះ​​​ជាមួយ​ឧកញ៉ា​ម្នាក់ ឈ្មោះ តាន់ តាត់។ ហើយកាលពីថ្ងៃទី១៣កក្កដា ពលរដ្ឋជិត១០០នាក់​មកពីខេត្តព្រះសីហនុ​ឡើងមកតវ៉ាដល់​មុខ​សាលា​ឧទ្ធរណ៍​ដើម្បី​ទាមទារឲ្យតំណាងរបស់ពួកគាត់​បាននៅក្រៅឃុំ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles