សារព័ត៌មានអូស្រ្តាលីថា លោក គង់ វិបុល នឹង​អាច​ជាប់​ពន្ធនាគារ​ និង​ពិន័យ​ជា​ប្រាក់ បើ​សិន​ជា​លោក​ទៅ​ប្រទេស​អូស្ត្រាលី

ដោយ ទីន ហ្សាការីយ៉ា
2018-07-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល (ឆ្វេង) ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រេងកាត​សម្រាប់​ការ​អភិវឌ្ឍ​អណ្ដូង​ប្រេង​កាត​នៅ​ប្លុក​អេ (A) នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០១៧។ RFA
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល (ឆ្វេង) ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រេងកាត​សម្រាប់​ការ​អភិវឌ្ឍ​អណ្ដូង​ប្រេង​កាត​នៅ​ប្លុក​អេ (A) នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០១៧។ RFA


លោក គង់ វិបុល​ អាច​នឹង​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ​ពី​បទ​​កុហក​រដ្ឋាភិបាល​អូស្ត្រាលី


អគ្គ​នាយក​នៃ​អគ្គនាយក​រដ្ឋ​ពន្ធដារ គឺ​លោក គង់ វិបុល ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ទោស​ភូត​កុហក រដ្ឋាភិបាល​អូស្រ្តាលី យោង​តាម​ច្បាប់​សាជីវកម្ម​របស់​ប្រទេស​នេះ អំពី​ការ​បើក​អាជីវកម្ម​គេច​ពន្ធ ការ​លាង​លុយ​កង្វក់​របស់​លោក​ជា​ដើម។

ក៏ប៉ុន្តែមន្រ្តីជាន់ខ្ពស់របបលោក ហ៊ុន សែន លើក​ឡើង​ថា នេះ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់​របស់​សារព័ត៌មាន​តែ​ប៉ុណ្ណោះ ហើយ​ថា ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ ឬ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​កម្ពុជា។

រដ្ឋាភិបាលអូស្រ្តាលីអាចនឹងចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ លោក គង់ វិបុល អគ្គ​នាយក​នៃ​អគ្គនាយក​រដ្ឋ​ពន្ធដារ ពីបទ​ក្លែង​បន្លំ​ថា ជា​អ្នក​រស់​នៅ​ប្រទេស​អូស្រ្តាលី ហើយ​បើក​អាជីវកម្ម​គេច​ពន្ធ និង​ការ​ផ្ទេរ​លុយ​រាប់​លាន​ដុល្លារ ដែល​អាច​នឹង​ជាប់​ពន្ធនាគារ​រយៈ​ពេល ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ជាង ២​ម៉ឺន​ដុល្លារ​ថែម​ទៀត (២១,០០០) បើ​សិន​ជា​លោក​ជាន់​ទឹក​ដី​អូស្រ្តាលី។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អូស្រ្តាលី។

សារព័ត៌មាន​អូស្រ្តាលី SBS News បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​នៅ​ថ្ងៃ​ពុធ ទី១៨ កក្កដា​ថា លោក គង់ វិបុល ដែល​បាន​អះអាង​ថា ស្នាក់នៅ​ក្នុង​ទីក្រុង​មែលប៊ន នៃ​ប្រទេស​អូស្រ្តាលី ក្នុង​ឆ្នាំ២០១១ ហើយ​បាន​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​ឈ្មោះ បញ្ញារិទ្ធិ Panhariddh PTY Ltd. ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​រាប់​លាន​ដុល្លារ នៅ​គ្រា​ដែល​លោក គង់ វិបុល មាន​ប្រាក់​ខែ​ប្រមាណ ១.៣០០ដុល្លារ​ក្នុង​មួយ​ខែ។

សារព័ត៌មាននេះ បាន​បញ្ជាក់​ថា តាម​ច្បាប់​សារជីវកម្ម ការ​បើក​ក្រុមហ៊ុន​ឯកជន​មួយ ត្រូវ​តែ​មាន​នាយក​គ្រប់គ្រង​យ៉ាង​តិច​មួយ​រួប ហើយ​ត្រូវ​តែ​រស់នៅ​អចិន្រ្តៃយ៍​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។ ក៏​ប៉ុន្តែ លោក គង់ វិបុល ជា​មន្រ្តី​ជាន់​ខ្ពស់​ពន្ធាដារ​រស់​នៅ​ទីក្រុង​ភ្នំពេញ។ ក្រៅ​ពី​នេះ​ទៀត បើ​សិន​ជា​តុលាការ​កាត់​ទោស​លោក គង់ វិបុល គឺ​តុលាការ​អូស្រ្តាលី​នឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​លោក គង់ វិបុល ទំាង​អស់ ដោយសារ​តែ​ការ​ភូត​កុហក​នេះ។

អាស៊ីសេរីបានពន្យាយាមទាក់ទង លោក គង់ វិបុល អគ្គ​នាយក​នៃ​អគ្គនាយក​រដ្ឋ​ពន្ធដារ​ជា​ច្រើន​លើក​នៅ​ថ្ងៃ​ទី១៨ កក្កដា ប៉ុន្តែ​លោក​មិន​លើក​ទួរស័ព្ទ។

អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា នេះ​គ្រាន់​តែ​ជា​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន និង​ចោទ​ប្រកាន់​មក​លើ​លោក គង់ វិបុល តែ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ការ​ស៊ើប​អង្កេត​ថា លោក គង់ វិបុល ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​មែន ឬ​យ៉ាង​ណា​នោះ គឺ​ជា​និតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ៖ «រឿង​នេះ​ជា​រឿង​បុគ្គល និង​ជា​រឿង​ចោទ​ប្រកាន់ ហើយ​រឿង​នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ទេ ហើយ​ការ​ស៊ើប​អង្កេត​នេះ ជា​នីតិវិធី​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គេ​ត្រូវ​ស៊ើប​អង្កេត ឬ​អត់ ហើយ​មាន​អ្នក​ប្ដឹង ឬ​អត់ ព្រោះ​នេះ គ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ»

អ្នកនាំពាក្យ​គណៈកម្មាការ​មូលប័ត្រ និង​វិនិយោគ​អូស្រ្តាលី AISC អះអាង​ថា AISC មិន​បាន​ពិនិត្យ​ឡើង​វិញ​ចំពោះ​ព័ត៌មាន​នៃ​ការ​ចុះ​បញ្ជី​នោះ​ទេ ប៉ុន្តែ​វា​ជា​បទល្មើស ប្រសិន​បើ​ផ្តល់​ព័ត៌មាន​ក្លែង​ក្លាយ​មិន​ពិត​ទៅ​ឲ្យ​កម្មការ​មូលប័ត្រ​នេះ AISC តាម​ច្បាប់​សាជីវកម្ម។

ទោះបីជាយ៉ាងនេះក្ដី លោក​មេធាវី សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នកច្បាប់​ អមរិន្ទ្រ បាន​ឲ្យ​ដឹង​កន្លង​មក​ថា កាល​ណា​មាន​ព័ត៌មាន​ណា​មួយ​ចុះ​ផ្សាយ​អំពី​ករណី​សង្ស័យ​នៃ​ការប្រព្រឹត្តិ​អំពើ​ពុក​រលួយ​នោះ គឺ​ជា​តំរុយ​មួយ​ដ៏​សំខាន់​ចាំបាច់​ស្ថាប័ន ​ដែល​ធំ​ជាង​គេ ត្រូវ​ស៊ើប​អង្កេត​នោះ គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ៖ «អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំបង នគរបាល​ក៏​មាន​សិទ្ធិ​ដែរ តែ​មិន​មែន​ជា​អ្នក​ដើម​បណ្ដឹង​ទេ តែ ACUជា​អ្នក​ស៊ើប​អង្កេត កាល​ណា​មាន​ព័ត៌មាន ទោះ​ជា​ការ​បង្ខំ​ឲ្យ​អនុវត្ត​តាម​ទេ តែ​គ្រាន់​តែ​ជា​ការ​អាច​ស៊ើប​អង្កេត​បន្ត ពាក់ព័ន្ធ​នឹង​ពុក​រលួយ​នេះ»

អាស៊ីសេរី មិនអាចទាក់ទង​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ទេ នៅ​ថ្ងៃ​ទី១៨ កក្កដា ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ។

ច្បាប់​ប្រឆាំង​អំពើពុករលួយ ជំពូក​ទី២ មាត្រា​១៣ ចែង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ភារកិច្ច​ជា​ច្រើន ក្នុង​ការ​បង្ក្រាប​អំពើ​ពុក​រលួយ ដូចជា តាម​ដាន ស៊ើប​អង្កេត ត្រួត​ពិនិត្យ និង​ធ្វើការ​សិក្សា​ស្រាវជ្រាវ ពាក់ព័ន្ធ​នឹង​បទល្មើស​ពុករលួយ នៅ​តាម​ក្រសួង​ស្ថាប័ន​អង្គភាព​សាធារណៈ និង​ឯកជន​ទាំងអស់​ស្របតាម​នីតិវិធី​ជា​ធរមាន។

ការរកឃើញពីលោក គង់ វិបុល ប្រឈម​នឹង​ការ​ចាប់​ខ្លួន​របស់​ច្បាប់​អូស្រ្តាលី​នេះ នៅ​បន្ទាប់​ពី​ទូរទស្សន៍ Aljazeera បាន​រក​ឃើញ លោក គង់ វិបុល ប្រធាន​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ក្រុមហ៊ុន​មាន​តម្លៃ​រាប់​លាន​ដុល្លារ និង​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​រក​ស៊ី​លាង​លុយ​កខ្វក់ ក្នុង​ប្រទេស​ទេស​អូស្ត្រាលី។

កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ទូរទស្សន៍​ Aljazeera រាយការណ៍​ថា លោក គង់ វិបុល មាន​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ទីក្រុង​ មែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ទូរទស្សន៍នេះ បាន​រកឃើញ​ថា ​ក្រុមហ៊ុន​របស់ លោក គង់ វិបុល ក្នុង​ប្រទេស​អូស្ត្រាលី ដែល​ដាក់​ឈ្មោះ​ថា ផាញ៉ារិទ្ធិ ភីធីវ៉ាយ (Panhariddh PTY Ltd.) បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១១ កំពុង​រំលោភ​ច្បាប់​ពាណិជ្ជកម្ម​របស់​ប្រទេស​អូស្ត្រាលី ដោយសារ​តែ​ម្ចាស់​ក្រុមហ៊ុន​នេះ​មិន​បាន​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍​ក្នុងប្រទេស​អូស្ត្រាលី​តាមច្បាប់​កំណត់។

ប៉ុន្តែ​លោក គង់ វិបុល បាន​បដិសេធ​ថា ក្រុមហ៊ុន​នោះ​គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​ទៀត​នោះ​ទេ ក្រោយពី​លោក​បាន​លក់​ក្រុមហ៊ុន​នោះ​ទៅ​ឲ្យ​មនុស្ស​ផ្សេង​ទៀត​ជា​យូរ​មក​ហើយ ហើយ​លោក​ក៏​មិន​ដឹង​ថា ហេតុអ្វី​បានជា​ម្ចាស់​ក្រុមហ៊ុន​ថ្មី ប្រើប្រាស់​អាសយដ្ឋាន​របស់​លោក​ទៀត​នោះ​ដែរ។

លោក គង់ វិបុល បន្ថែម​នៅ​ក្នុង​បទ​សម្ភាសន៍​របស់​ទូរទស្សន៍ អ៉ាល់ចា ហ្សេរ៉ា (Aljazeera) ជា​ភាសា​អង់គ្លេស​នោះ​ដោយ​បដិសេធ​ថា លោក​មិន​មានការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ណាមួយ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នេះ​ឡើយ៖ «ខ្ញុំ​បាន​ផ្ទេរ​ក្រុមហ៊ុន​នេះ​ទៅ​ឲ្យ​មនុស្ស​ផ្សេង​ទៀត​អស់​ទៅ​ហើយ ប្រហែល​ឯកសារ ​ដែល​អ្នក​បាន​ទទួល​នោះ មិន​បាន​ធ្វើ​បច្ចុប្បន្នភាព ឬ​ការ​កែ​តម្រូវ​នោះ​ឡើយ។ ក្រុមហ៊ុន​នេះ​ខ្ញុំ​បាន​បិទ​ជា​យូរ​មក​ហើយ ហើយ​ខ្ញុំ​ក៏​គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នោះ​ដែរ»

អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ និង​ជា​អតីត​ទីប្រឹក្សា​អនុប្រធាន​ទី១ នៃ​រដ្ឋសភា មាន​ប្រសាសន៍​ថា ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​ស្ថាប័ន​ព័ត៌មាន​អន្តរជាតិ​ដ៏​ល្បី​ឈ្មោះ​នេះ គឺ​ជា​ផ្នែក​មួយ នៃ​ភស្ដុតាង​ដ៏​សំខាន់ នៅ​ក្នុង​កំណត់​ថា ការ​រក​ឃើញ​នោះ​ជា​ការ​ពិត ឬ​យ៉ាង​ណា ហើយ​ករណី​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​កាត្វកិច្ច​ក្នុង​ការ​ស៊ើប​អង្កេត​ពី​ករណី​នេះ៖ «»

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កន្លង​មក​រង​ការ​រិះគន់​ពី​សារណជន​ថា មិន​បាន​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ឯករាជ្យ ដូច​ដែល​ច្បាប់​បាន​កំណត់​ទេ ព្រោះ​ថា អង្គភាព​នេះ​តែង​តែ​ស៊ើប​អង្កេត​ឆាប់​រហ័ស​ទៅ​លើ​ក្រុម​សង្គម​ស៊ីវិល​ឯករាជ្យ និង​បក្ស​ប្រឆាំង​ជា​ដើម។ ជាក់​ស្ដែង​ដូច​ជា​ករណី​មន្រ្តី​ការពារ​សិទ្ធិមនុស្ស អាដហុក ៤រួប ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើប​អង្កេត និង​បញ្ជួន​សំណុំរឿង​ទៅ​តុលាការ​ភ្លាមៗ ដោយសារ​តែ​រឿង​ផ្ដល់​លុយ​ជូន​ជន​រងគ្រោះ​ក្នុង​សំណុំ​រឿង​លោក កឹម សុខា ដែល​សមាគម អាដហុក អះអាង​ថា ជា​ជំនួយ​មនុស្សធម៌ ដែល​គោលការណ៍​របស់​សមគម​តែងតែង​ជួយ​ជន​រង​គ្រោះ​នោះ។

ក្រៅពីទូរទស្សន៍ Aljazeera រក​ឃើញ​លោក គង់ វិបុល ជាប់​ពាក់ព័ន្ថ និង​អំពើ​ពុក​រលួយ និង​ប្រព្រឹត្ត​ខុស​ច្បាប់​អូស្រ្តាលី​នោះ ទូរទស្សន៍​នេះ ក៏​រក​ឃើញ​ក្មួយ​ប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ បាន​រៀបការ​ជាមួយ​នារី ខ្មែរអូស្ត្រាលី​ម្នាក់​ហើយ​ តែងតែ​ធ្វើ​ដំណើរ​ចុះ​ឡើង​យ៉ាង​ទៀង​ទាត់ មក​កាន់​ទីក្រុង​មែលប៊ន។

សមត្ថកិច្ច អូស្ត្រាលី​សង្ស័យ​ថា លោក ហ៊ុន តូ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន។ Aljazeera ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ទ្រព្យសម្បត្តិ​មហាសាល​របស់​លោក ហ៊ុន តូ ក្នុង​ប្រទេស​អូស្ត្រាលី មិន​បាន​ដាក់​ឈ្មោះ​របស់​លោក​នោះ​ទេ ប៉ុន្តែ​ភរិយា​របស់​លោក​ឈ្មោះ ជេកឃី ធីហ៊ាន ថៃ (Jacki Thi-Hien Thai) កំពុង​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​លាន​ដុល្លារ​នៅ​ទី​នោះ។

ភរិយា​របស់​លោក ហ៊ុន តូ កាល​ពី​ពេល​ថ្មីៗ ​នេះ បាន​ទិញ​ដី​ក្នុង​តម្លៃ​ជាង ៨​សែន​ដុល្លារ ដោយ​ប្រើ​សាច់​ប្រាក់​សុទ្ធតែ​ម្ដង ហើយ​កំពុង​សង់​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​យ៉ាង​ប្រណិត​មួយ​ថែមទៀត។

ទូរទស្សន៍​បរទេស​មួយ​នេះ ក៏បាន​រក​ឃើញ​ផង​ដែរ​ថា ក្រុមហ៊ុន​នាំចូល​ម៉ូតូ​មួយ​ផ្សេង​ទៀត ជា​កម្មសិទ្ធិ​របស់​លោក ឌី វិជ្ជា កូន​ប្រសា​របស់ លោក ហ៊ុន សែន និង​ជា​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ។អ្នកស្រី គី កល្យាន បាន​ប្រាប់ Aljazeera ថា​អ្នកស្រី​ធ្លាប់​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ អំពី​បញ្ហា​នេះ​ទៅ​កាន់​រដ្ឋាភិបាល​អូស្ត្រាលី​ដែរ ប៉ុន្តែ រដ្ឋាភិបាល​មិនបាន​បញ្ជា​ឲ្យ​មានការ​ចាត់​វិធានការ​ស៊ើបអង្កេត​ណា​មួយ​ឡើយ៖ «ខ្ញុំ​បាន​លើកឡើង​ពី​ក្តី​កង្វល់​ជាមួយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ទៅកាន់​ប្រទេស​កម្ពុជា ជា​ការ​ឆ្លើយតប​គឺ​នៅតែ​ដដែល។ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា បញ្ហា​ដែល​ខ្ញុំ​លើកឡើង​នោះ វា​មិនមែន​ជា​បញ្ហា​អាទិភាព​របស់​អូស្ត្រាលី​ដែរ ហើយ​អូស្ត្រាលី​ក៏​មិន​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី រូប​នោះ​បាន​ប្រាប់​ខ្ញុំ​ទៀត​ថា តួនាទី​របស់​អូស្ត្រាលី នៅ​ទីនេះ ដើម្បី​បង្កើត​មិត្ត​ល្អជា​មួយ​រដ្ឋាភិបាល​កម្ពុជា ប៉ុណ្ណោះ»

អាស៊ីសរី បាន​ព្យាយាម​ទាក់ទង​អ្នកស្រី គី កល្យាណ ដើម្បី​សុំ​បំភ្លឺ​ពី​ករណី​នេះ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី១៨ កក្កដា។

លោក គង់ វិបុល អតីត​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពី​ខាង​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ប៉ុន្តែ​ក្រោយ​មក​លោក​បាន​ផ្តាច់​ខ្លួន​ចូល​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ត្រូវ​បាន​ដំឡើង​តំណែង​ជា អគ្គនាយក​ពន្ធដារ កាល​ពី​ឆ្នាំ២០១៣។ លោក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​ធ្វើ​កំណែ​ទំរង់​ពន្ធដារ​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ទប់​ស្កាត់​ការ​គេច​ពន្ធ​របស់​ក្រុមហ៊ុន​ឯកជន​នៅ​កម្ពុជា។

លោក​បាន​ប្រាប់​កាសែត ខ្មែរ ថែម៍ (Khmer Time) កាល​ពី​ខែ​មីនា​ថា នាយកដ្ឋាន​ពន្ធដារ​របស់​លោក រក​ចំណូល​បាន​ពី​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ មាន​កំណើន​ពី ២០% ទៅ ២៥% ក្នុង​មួយ​ឆ្នាំ។ កាល​ពី ៥ឆ្នាំ​មុន ចំណូល​បាន​មក​ពី​ការ​ប្រមូល​ពន្ធ​នេះ បាន​ត្រឹម ១ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ តែ​ក្នុង​ឆ្នាំ២០១៧ ប្រមូល​បាន ២ពាន់ ៦សែន​ដុល្លារ (.) ក្នុង​មួយ​ឆ្នាំ។ ក្រៅ​ពី​នេះ​ទៀត លោក គង់ វិបុល បាន​បង្ខំ​ឲ្យ​កាសែត ឌឺ ខេមឌា ដេលី (The Cambodia Daily) បង់ពន្ធ​ចំនួន ៦លាន ៣សែន​ដុល្លារ (.) ដែល​នៅ​ទីបំផុត​កាសែត​បរទេស​មួយ​នេះ ត្រូវ​បង្ខំ​ចិត្ត​បិទ​ទ្វារ។

ទោះ​បី​ជា​លោក គង់ វិបុល បាន​ធ្វើ​កំណែ​ទម្រង់ និង​មាន​ចំណាត់​ការ​តឹង​តែង លើ​ការ​ប្រមូល​ពន្ធ​ដូច្នេះ​ក្ដី ប៉ុន្តែ​ចំពោះ​ជំនួញ​ក្រុម​គ្រួសារ​លោក​វិញ គេ​មិន​បាន​ដឹង​ថា តើ​បាន​បង់​ពន្ធ​ជូន​រដ្ឋ ឬ​យ៉ាង​ណា​នោះ​ទេ។ ក្រុមហ៊ុន​នាំ​ចូល​ប្រេង​ឥន្ទនៈ ឈ្មោះ​ថា ប៊្រៃថ៍ វិកថូរី មេគង្គ (Bright Victory Mekong) ជា​ក្រុមហ៊ុន​របស់​ក្រុម​គ្រួសារ​លោក​នៅ​កម្ពុជា មិន​បាន​លាត​ត្រដាង​ពី​ការ​បង់ពន្ធ​ដោយ​តម្លាភាព​ឡើយ ព្រោះ​ថា ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​សាជីវកម្ម​បង្កើត​ឡើង កាល​ពី​ឆ្នាំ២០០៨ ហើយ​មិន​បាន​ចុះ​បញ្ជី​នៅ​នាយកដ្ឋាន​ពន្ធដារ​ឡើយ រហូត​ដល់​ឆ្នាំ២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles