អង្គការ​ឃ្លាំ​មើល​ពិភពលោក​ ឲ្យ​អាមេរិក​ដាក់​ឧកញ៉ា​បួន​នាក់​ ក្នុង​បញ្ជី​ខ្មៅ ដើម្បី​ដាក់​ទណ្ឌកម្ម​

ដោយលោក មួង ណារ៉េត
2018-07-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពី​ឆ្វេង​ទៅ​ស្ដាំ ​លោក ម៉ុង ឫទ្ធី ​លោក លី យ៉ុងផាត់​ លោក ទ្រី ភាព លោក ឡៅ ម៉េងឃីន។ រូបភាព​ពី Global Witness
ពី​ឆ្វេង​ទៅ​ស្ដាំ ​លោក ម៉ុង ឫទ្ធី ​លោក លី យ៉ុងផាត់​ លោក ទ្រី ភាព លោក ឡៅ ម៉េងឃីន។ រូបភាព​ពី Global Witness


​អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ ហ្គ្លោប៊ល វីតណេស (Global Witness) ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដាក់​ឧកញ៉ាល្បីៗ ​ខាង​រំលោភ​សិទ្ធិ​មនុស្ស បំផ្លាញ​ធនធាន​ធម្ម​ជាតិ​ខ្មែរ អំពើ​រត់​ពន្ធ ចំនួន​បួនរូប ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ​ដើម្បី​ដាក់​ទណ្ឌកម្ម។ ប៉ុន្តែ មន្រ្តី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន ការពារ​ឧកញ៉ា​ទាំង​នេះ នឹង​ចោទ​អង្គការ​នេះ​ថា ​មាន​ចេតនា​បំផ្លាញ​សុខ​សន្តិភាព​នៅ​កម្ពុជា ក្នុង​ការ​​ចេញ​ផ្សាយ​ព័ត៌មាន​អាក្រក់​អំពី​កម្ពុជា នៅ​កៀក​ថ្ងៃ​បោះ​ឆ្នោត។

អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ ហ្គ្លោប៊ល វីតណេស (Global Witness) រក​ឃើញ​ថា ឧកញ៉ា​ដែល​មាន​ទ្រព្យ​មហា​សាល និង ជិត​ស្និទ្ធ​នឹង​របប​លោក ហ៊ុន សែន ទាំង បួនរូប​នេះ សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​​នឹង​ការកាប់​បំផ្លាញ​​ព្រៃ​ឈើ បូម​ខ្សាច់​ រត់​ពន្ធ​កញ្ឆា​ទ្រង់ទ្រាយ​ធំ និង បណ្តេញ​ពលរដ្ឋ​ចេញ​ពីលំ​នៅ​ដ្ឋាន​ដោយ​បង្ខំ ​ដើម្បី​ដណ្តើមយក​ដីធ្លី​ពី​ពួក​គាត់​​ជា​ដើម​។ អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ ហ្គ្លោប៊ល វីតណេស នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី​២០ ខែ​​កក្កដា​ ចាត់​​ទុក​ឧកញ៉ា​ទាំង​​នេះ​ថា សុទ្ធ​តែ​ជា​​អ្នក​​ដែល​​បាន​​ទទួល​​ផល​​ចំណេញ ពីការរលំរលាយ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ឧកញ៉ា​ទាំង​បួន រួម​មាន​លោក​ឧកញ៉ា ម៉ុង ឫទ្ធី លោក​ឧកញ៉ា លី យ៉ុងផាត់ លោក​ឧកញ៉ា ទ្រី ភាព លោក​ឧកញ៉ា ឡៅ ម៉េងឃីន។ បី​នាក់​ក្នុង​ចំណោម​នោះ ជា​សមាជិក​ព្រឹទ្ធសភា​បក្ស​កាន់​អំណាច។

អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ បាន​ភ្ជាប់​ម្ចាស់​ក្រុម​ហ៊ុន ម៉ុង ឫទ្ធី​គ្រូ​ប និង ជាម្ចាស់​ផែ​ស្ងួត គឺ​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ទៅ​នឹង​ការ​ជាប់​ពាក់​ព័ន្ធ​ នឹង​ការកាប់​បំផ្លាញ​​ព្រៃ​ឈើ​យ៉ាង​រង្គាល និង​ការបូម​ខ្សាច់​​ដ៏​កក្រើក ដែល​មាន​ទំហំ​​ទឹក​​ប្រាក់​រាប់លាន​ដុល្លារ។ មិន​តែ​ប៉ុណ្ណោះ អង្គការ​នេះ បាន​បើក​កកាយ​រឿង​​ចាស់ ទាក់​ទង​នឹង​ការ​រត់​ពន្ធ​កញ្ឆា ចំនួន ៧​តោន តាម​ផែកំពង់សោម ឆ្នាំ​១៩៩៧។ ករណី​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចេញ​មុខ​កាង​ការពារ​យ៉ាង​ប្តូរ​ផ្តាច់ រហូត​ប្រកាស​ថា នរណា​ហ៊ាន​ចាប់​លោក ម៉ុង ឫទ្ធី រឿង​រត់​ពន្ធ​កញ្ឆា​ខុស​ច្បាប់ ដ៏​សន្ធឹក​នេះ គឺ​ទាល់តែ​ក្បាល​ប៉ានដែក។

ចំណែក​ឯ​លោក​ឧកញ៉ា លី យ៉ុងផាត់ គឺជា​ម្ចាស់​បន​ល្បែង និង​ជាម្ចាស់​ទូរទស្សន៍ PNN និង ក្រុម​ហ៊ុន​មួយ​ចំនួន ដែល​ទទួល​បាន​ដី​សម្បទា​ន​សេដ្ឋកិច្ច​ពីរ​បប​លោក ហ៊ុន សែន ដែល​កំពុង​កាន់​កាប់​រយៈ​ពេល​ ៩៩ឆ្នាំ​នោះ មាន​ទំហំ​សរុប​ជិត​ប្រាំ​មួយ​ម៉ឺន​ហិកតារ (៥៦,៨៣៦) ឬ​ស្មើ​នឹង ៥៦៨​គីឡូ​ម៉ែត្រ​ការ៉េ។ ដោយ​សារតែ​ក្រុម​ហ៊ុន​ដី​សម្បទា​ន ស្ករអំពៅ​របស់​លោក លី យ៉ុងផាត់ ធ្វើ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​រាប់​ពាន់​គ្រួសារ ត្រូវ​អស់​ដី និង​ផ្ទះ​​សម្បែង ដោយ​សារការបណ្តេញ​ចេញ​ដោយ​បង្ខំ ​ដើម្បី​យកដី​ឲ្យ​លោក​កាន់​កាប់​នេះ។

ចំពោះ​លោក​ឧកញ៉ា ទ្រី ភាព វិញ គឺជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន។ អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ រក​ឃើញ​ថា​លោក ទ្រី ភាព ជាប់​ពាក់​ព័ន្ធ​​នឹង ប្រតិបត្តិ​ការកាប់ឈើ និង រត់​ពន្ធឈើ​ខុស​ច្បាប់​រាប់សិបលាន​ដុល្លារ ដោយ​មាន​ការឃុបឃិត​គ្នា ជា​មួយ​មន្រ្តី​រដ្ឋបាល មន្រ្តី​យោធា មន្រ្តី​នគរបាល និង​មន្រ្តី​គយ​នៃ​របប​លោក ហ៊ុន សែន។ មិន​តែ​ប៉ុណ្ណោះ អង្គការ​នេះ​រក​ឃើញ​ថា ក្រុម​ហ៊ុន​លោក ទ្រី ភាព ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ ក្នុង​ការ​ទិញ និង​លក់​​ឈើ ដែល​អាជ្ញាធរ​រឹប​អូស​បាន​ថែម​​ទៀត​ផង។

ឯ​លោក​ឧកញ៉ា ឡៅ ម៉េងឃីន ឯណោះ​វិញ គឺជា​ម្ចាស់​ក្រុម​ហ៊ុន ស៊ូកាគុ ដែល ពាក់​ព័ន្ធ​​នឹង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ រហូត​ដល់​បណ្តេញ​ប្រជា​ពលរដ្ឋ​បុ​រីកីឡាជា​ច្រើន​គ្រួសារ ចេញ​ពីលំ​នៅ​ដ្ឋាន និង​រងការ​តវ៉ា​ពី​ពលរដ្ឋ​រង​គ្រោះ​រាប់ឆ្នាំ។ ពលរដ្ឋ​ដែល​តវ៉ា​រឿង​រំលោភ​​ដីធ្លី​នេះ រងការ​វាយ​ដំ ចាប់​ខ្លួន និង​ដាក់​ពន្ធនាគារ។ លោក ឡៅ ម៉េងឃីន ក៏​ជាម្ចាស់​ក្រុម​ហ៊ុន ភាពីម៉ិច (Pheapimex) ដែល​គ្រប់​គ្រង​ដី​សម្បទា​ន​ធំៗ ជា​ច្រើន។ អង្គការ​ឃ្លាំ​មើល​ពិភព​លោក​​រក​​ឃើញ​ទៀត​ថា ដី​សម្បទា​ន​ទាំង​នោះ គឺ​លោក ឡៅ ម៉េងឃីន វាតទីយក​លើស​ពី​ការ​​កំណត់​ដោយ​ច្បាប់​រហូត​ដល់ ៣៣ ដង​​ពី​ទំហំ​ដើម ក្រោយ​ទទួល​បាន​សិទ្ធិ​កាន់​កាប់។

អ្នក​ស្រី អេម៉ា ប៊ើណែត (Emma Burnett) ដែល​ជា​មន្រ្តី​យុទ្ធនាការ​របស់​អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អ្នក​មាន​ទ្រព្យ​សម្បត្តិ​មហា​សាល​ទាំង​នេះ គឺ​មាន​បាន​ដោយ​សារការ​លួច​ទ្រព្យ​សម្បត្តិ​ជាតិ ដែល​បង្ក​ផល​មហន្តរាយ​​យ៉ាង​​ធំ​ធេង​ដល់​កម្ពុជា។ អ្នក​ស្រី​បន្ថែម​ថា កាលណា​ពួក​អ្នក​ទាំង​នេះ កាន់​តែ​មាន​បាន ពួក​គេ​កាន់​តែ​មាន​ទំនោរ​ជួយ​ធ្វើ​យ៉ាង​ណា​រក្សា​អំណាច​លោក ហ៊ុន សែន ឲ្យ​នៅ​បន្ត​ក្រាញ​អំណាច​បាន​យូរ​ត​ទៅ​ទៀត។

អ្នក​ស្រី អេម៉ា ប៊ើណែត (Emma Burnett) បន្ត​ថា រាប់ទសវត្សន៍មក​ហើយ ដែល​ពលរដ្ឋ​ខ្មែរ ត្រូវ​បាន​គេប្លន់​ដីធ្លី ប្លន់​ទ្រព្យ​សម្បត្តិ​ដែល​ជា​ធនធាន​ធម្ម​ជាតិ ប្លន់​សិទ្ធិ​បញ្ចេញ​មតិ​ជា​ដើម​ ឥឡូវគេប្លន់​សំឡេង​ឆ្នោត​របស់​​ពួក​គាត់​​ទៅ​ទៀត។

ដោយ​សារតែ​មូល​ហេតុ​នេះ​ហើយ ទើប​អ្នក​ស្រី​ស្នើ​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ ដូចជា​សហរដ្ឋ​អាមេរិក ជួយ​ស្តារ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​​ឡើង​វិញ​។ អ្នក​ស្រី​លើក​ឡើង​ថា ​ដើម្បី​ទប់ទល់​នឹង​របប​ផ្តាច់​ការ និង​ពុករលួយដូច​សព្វ​ថ្ងៃ​នេះ​​បាន គឺ​ទាល់តែ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​ឧកញ៉ា ដែល​ជា​អ្នក​ទំនុកបម្រុង​លោក ហ៊ុន សែន ទាំង​អស់​នេះ។

អាស៊ី​សេរី មិន​ទាន់​អាចសុំការ​បំភ្លឺ​ពី​លោក លី យ៉ុងផាត់ លោក ទ្រី ភាព និង​លោក ឡៅ ម៉េងឃីន ​ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍ Global Witness បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា។

ប៉ុន្តែ​នៅ​​ថ្ងៃ​ទី​២០ ខែ​​កក្កដា ​លោក ម៉ុង ឫទ្ធី ប្រតិកម្ម​ដោយ​ខក​ចិត្ត ទៅ​នឹង​អង្គការ​ឃ្លាំ​មើល​ពិភព​លោក​។ លោក​អះអាង​ជាមួយ​អាស៊ីសេរី​​ថា លោក​ជា​អ្នក​ដាំ បែរជាគេ​ចោទ​ថា ​លោក​កាប់​បំផ្លាញ​ទៅ​វិញ។ លោក​បន្ថែម​ថា អង្គការ​នេះ​មិន​ផ្តល់​ភាព​យុត្តិធម៌ ដល់​អ្វី​ដែល​លោក​អះអាង​ថា ជា​អំពើ​ល្អ​របស់​លោក​ចំពោះ​របប​លោក ហ៊ុន សែន នោះ​ឡើយ។ ម្យ៉ាង​ទៀត​លោក​ថា បើ​អាមេរិក​ដាក់​ទណ្ឌកម្ម​លោក គឺស្រេចតែ​អាមេរិក ជា​អ្នក​សម្រេច​ទៅ​ចុះ៖ «អាហ្នឹង​ជា​អំពើ​អ​យុត្តិធម៌​មួយ​អាក្រក់​បំផុត អ្នក​ដែល​ចោទ​ប្រកាន់​ហ្នឹង​ណ៎ា! បូម​ខ្សាច់​​រឿង​អី នេះ វា​គួរ​ឲ្យ​អស់​សំណើច​ដែរ។ ខ្ញុំ​មិន​ដឹងថា ត្រូវ​និយាយ​ថាម៉េច​ទៀត។ ស្រេចគេថាម៉េច ទៅ​តាម​ដំណើរ​ដូច្នេះ​​ទៅ។ ដាក់​ខ្ញុំ​ទៅ​ក្នុង blacklist ឬ​បញ្ជី​អ្វី​ផ្សេង ខ្ញុំ​មិន​អាចហាមឃាត់អី​កើត​ទេ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ដែរ តាម​ដំណើរ​ដូច្នេះ​​ទៅ។ ខ្ញុំ​អត់​មាន​អី​ទៅ​ប្រឆាំង​តវ៉ា​យ៉ាង​ម៉េច ក៏​អត់​កើត​»។

ចំណែក​ឯ​មន្រ្តី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ី​ផាន វិញ ការពារ​សកម្មភាព​របស់​ឧកញ៉ា​ទាំង​អស់​នេះ ដោយ​អះអាង​ថា ​ពួក​គាត់​​បាន​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​យ៉ាង​ច្រើន រួម​ទាំង​ការ​ជួយ​ផ្តល់​ការ​ងារ​ធ្វើ​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់ និង ការបង្កើន​ចំនួន​អ្នក​មាន​ទ្រព​នៅ​ស្រុក​ខ្មែរ​ផង៖ «ឧកញ៉ាហ្នឹង​ជា​កម្លាំង​អូស​ទាញ​ឲ្យ​មាន​កំណើន​នៅ​ក្នុង​វណ្ណៈ​កណ្តាល ដែល​យើង​កំពុង​កសាង​ស្រ​ទាប់វណ្ណៈ ដូច​សហរដ្ឋ​អាមេរិក​ដែរ ដែល​ស្ថិត​នៅ​ក្នុង​ទី​ផ្សារ​សេរី ឈរ​ទៅ​លើមូលធន​នេះ​ឯង។ ឧកញ៉ា​ទាំង​អស់​នោះ ជា​ធនធាន​របស់​ជាតិ​កម្ពុជា​»។

លោក ផៃ ស៊ី​ផាន ចាត់​ទុកការរក​ឃើញ​បស់​អង្គការ​ឃ្លាំ​មើល​ពិភព​លោក​​នេះ ថាជា​វាយ​តម្លៃ​ដោយ​អវិជ្ជ​មាន និង​វាយ​ប្រហារ​ដល់​សេចក្តី​សុខសាន្ត​របស់​កម្ពុជា ក្នុង​ពេល​កៀក​ជិត​បោះ​ឆ្នោត៖ «​ចំពោះ​ការ​លើក​ឡើង​របស់​អង្គការ ហ្គ្លោប៊ល វីតណេស គ្រាន់​តែជា​យុទ្ធនាការ ក្នុង​ការ​ធ្វើ​ឲ្យ​មាន​រូប​អាក្រក់ ចំពោះ​ដំណើរ​ការ​បោះ​ឆ្នោត​»។

ប៉ុន្តែ មន្រ្តី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ភ្ញាក់​ផ្អើល​ទៅ​នឹង​ចំនួន​ដ៏​តិច​តួច នៃ​ឧកញ៉ា​នៅ​ស្រុក​ខ្មែរ ដែល​អង្គការ​ឃ្លាំ​មើល​ពិភព​លោក​ ស្នើ​ឲ្យ​ដាក់​ទណ្ឌកម្ម​នោះ។ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក (ADHOC) លោក សឹង សែន​ករុណា ថា​ចំនួន​ឧកញ៉ា ដែល​រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ​ រំលោភ​ដីធ្លី និង បំផ្លិច​បំផ្លាញ​ធនធាន​ធម្ម​ជាតិ​ជា​ដើម​​នោះ មិន​មែន​មាន​តែបួន​នាក់​ហ្នឹង​ទេ។

ចំណែក​ឯ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​វិភាគ​សង្គម និង​នយោបាយ និង​ជា​អតីត​ទី​ប្រឹក្សា​អនុ​ប្រធាន​ទី​មួយ​រដ្ឋសភា​លោក កឹម សុខា ​មិន​ភ្ញាក់​ផ្អើល​ទាល់តែ​សោះ ពេល​ឮ​ព័ត៌មាន​ថា ឧកញ៉ា​ទាំង​នេះ មាន​ជាប់​ពាក់​ព័ន្ធ​ ជា​ពិសេស​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស៖ «​យើង​ដឹងជាហូរហែមក ដូចជា​ជម្លោះ​ដីធ្លី​ជាអាទិ៍ហ្នឹង គឺ​មាន​ពាក់​ព័ន្ធ​​ដល់​ឧកញ៉ាៗ​ទាំង​នោះ។ ការលោភលន់​អំណាច និង ការលោភលន់​ទ្រព្យ​សម្បត្តិ គឺជា​ប្រភព​នៃ​ទំនាស់ ជម្លោះ និង សង្គ្រាម​»។

រហូត​មក​ដល់​ពេល​នេះ មិន​មែន​មាន​តែ​អង្គការ​អន្តរជាតិ​មួយ​នេះ​ទេ ដែល​រក​ឃើញ​អំពី​បញ្ហា​ពាក់​ព័ន្ធ​​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​បំផ្លាញ​ធនធាន​ធម្ម​ជាតិ និង​អំពើ​ពុករលួយ ដែល​ប្រព្រិត្ត​ឡើង​ដោយ​អ្នក​មាន​ទ្រព្យ និង​មាន​អំណាច​ក្នុង​របប​លោក ហ៊ុន សែន។ អង្គការ​ក្នុង​ស្រុក​ជា​ច្រើន ក៏​បាន​រក​ឃើញ​បញ្ហា​រាប់​មិន​អស់​ដែរ។ ទាំង​លោក សឹង សែន​ករុណា និង​លោក​បណ្ឌិត ឡៅ ម៉ុងហៃ សុទ្ធ​តែ​យល់​ស្រប​គ្នា​ថា ការ​ទទួល​ប្រយោជន៍​ពី​ប្រទេស​មាន​ប្រព័ន្ធ​ច្បាប់​ធូរលុង និង​​គ្មាន​ប្រសិទ្ធិ​ភាព និង​វប្បធម៌​និទណ្ឌភាព គឺជា​ផ្នែក​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​នេះ នៅ​តែ​បន្ត​រួច​ខ្លួន​ជារៀង​រហូត​មក។

ជុំ​វិញ​វប្បធម៌​និទណ្ឌភាព​នេះ​ អ្នក​ស្រី អេម៉ា ប៊ើណែត (Emma Burnett) បន្ត​ថា នៅ​ពេល​នេះ មាន​តែ​សហគមន៍​អន្តរជាតិ​ជាតិ ដែល​ត្រូវ​ជួយ​អន្តរគមន៍ ​ដើម្បី​បំ​បាត់​ទម្លាប់​ឲ្យ​ជន​ល្មើស​រួច​ខ្លួន​នេះ។ អ្នក​ស្រី​បន្ថែម​ថា ស្រប​ពេល​ដែល​សភា​សហរដ្ឋ​អាមេរិក កំពុង​ជជែក​អំពី​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្រ្តី​ជាន់​ខ្ពស់ ក្នុង​របប​លោក ហ៊ុន សែន។ អង្គការ​អ្នក​ស្រី នឹង​ជំរុញ​​ឲ្យ​​សភា​​អាមេរិក ដាក់​បញ្ចូល​​ឈ្មោះ​ឧកញ៉ា​ទាំង​នេះ។ អង្គការ​អ្នក​ស្រី ក៏​នឹង​ធ្វើ​យុទ្ធនាការ ​ដើម្បី​អំពាវនាវ​ឲ្យ​រដ្ឋភិបាល​ប្រទេស​ដទៃ​ទៀត ធ្វើ​​តាម​អាមេរិក​ដែរ។

សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី១២ ខែ​មិថុនា បាន​ដាក់​មេកង​អង្គរ​ក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង ម្នាក់​​រួច​ទៅ​ហើយ ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ដែល​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ដី​អាមេរិក និង​​បង្កក​​ទ្រព្យ​សម្បត្តិ​មុន​គេ។ បន្ថែម​លើ​នេះ អាមេរិក​ក៏​បាន​ហាមឃាត់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​​អាមេរិក មិន​ឲ្យ​ពាក់​ព័ន្ធ​​នឹង​លោក ហ៊ីង ប៊ុនហៀង ទៀត​ផង។

ចំណែក​ឯ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូ​មែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាលពី​ចុង​ខែ មិថុនា ក៏​បាន​ចេញ​របាយការណ៍ រក​ឃើញ​ឧត្តមសេនីយ៍ នៃ​របប​លោក ហ៊ុន សែន ១២ នាក់ ដែល​មាន​បាត​ដៃ​កខ្វក់ មាន​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​យូរ​អង្វែង​នៅ​កម្ពុជា។ អង្គការ​នេះ ជំរុញ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​​នូវ​វប្បធម៌​និទ្ទណ្ឌភាព តាម​រយៈការ​បើក​ការ​ស៊ើប​អង្កេត​លើ​ឧត្ដមសេនីយ៍​ទាំង​នេះ ​ដើម្បី​យក​ពួក​គាត់​ ទៅ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​នៅ​​តុលា​ការ​អន្តរជាតិ។

ស្រប​ពេល​ដែល​អង្គការ​អន្តរជាតិ​កំពុង​កសាង​សំណុំ​រឿង ពាក់​ព័ន្ធ​​នឹង​មន្រ្តី​ពុករលួយ និង​​រំលោភ​សិទ្ធិ​មនុស្ស នៃ​របប​លោក ហ៊ុន សែន គណៈកម្មាធិការ​កិច្ចការ​បរទេស​ទទួល​បន្ទុក​តំបន់​អាស៊ី និង​ប៉ា​ស៊ី​ហ្វិក នៃ​រដ្ឋសភា​អាមេរិក ក៏​កំពុង​ញាប់​ដៃ​ញាប់​ជើង ក្នុង​ការស្រង់បញ្ជី​ឈ្មោះ​ជន​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​នេះ​ដែរ។ ប្រធាន​អនុ​គណៈកម្មាធិការ​នេះ គឺ​សមាជិក​សភា លោក ថិត យ៉ូហូ (Ted Yoho) បញ្ជាក់​​ប្រាប់​អាស៊ី​សេរី ថាមក​ដល់​ពេល​នេះ លោក​មាន​ឈ្មោះ មនុស្ស​ប្រហែល ២០​នាក់​រួច​ហើយ នៅ​ក្នុង​ដៃ៖ «​យើង​មាន​បញ្ជី​ឈ្មោះ​មួយ​ចំនួន​ដែល​ជា​ក្រុម​ឧត្តមសេនីយ៍​​យោធា និង​ក្រុម​អ្នក​ជំនួញ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​នឹង​របប​លោក ហ៊ុន សែន។ អ្វី​ដែល​យើង​ចង់​ធ្វើ​នៅ​ពេល​នេះ​គឺ​យើង​នឹង​ដាក់​ទណ្ឌកម្ម ដល់​ក្រុម​អ្នក​ជំនួញ​ដែល​មាន​អំណាច និង​មាន​លុយ​ច្រើន​សន្ធឹកសន្ធាប់​ហើយ​កំពុង​ជ្រោមជ្រែង​ដល់​របប​ដឹក​នាំ​របស់​លោក ហ៊ុន សែន ហើយ​លោក ហ៊ុន សែន កំពុង​ការពារ​អ្នក​ជំនួញ​ទាំង​នោះ។ ដោយ​សារ​មាន​មនុស្ស​អាច​ដាក់​សម្ពាធ ឬ​មាន​ឥទ្ធិពល​លើ​លោក ហ៊ុន សែន ដូច្នេះ​​ហើយ​បាន​ជា​យើង​ចង់​ដាក់​ទណ្ឌកម្ម​មនុស្ស​ទាំង​នោះ។ យើង​មាន​បញ្ជី​ឈ្មោះ​អ្នក​ទាំង​នោះ​ហើយ ហើយ​ខ្ញុំ​នៅ​មិន​ទាន់​អាច​បង្ហាញ​ឈ្មោះ​ពួក​គេ​បាន​នៅ​ឡើយ​ទេ ដោយ​សារតែ​យើង​កំពុង​ធ្វើ​កិច្ចការ​នេះ​ជា​មួយ​ក្រសួង​ការ​បរទេស និង​ក្រសួង​រតនាគារ​​ជាតិ​ថែម​ទៀត​»។

របប​លោក ហ៊ុន សែន កំពុង​រង​សម្ពាធ​យ៉ាង​ខ្លាំង ពី​សហគមន៍​អន្តរជាតិ ស្រប​ពេល​ដែល​ការ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស នៅ​សល់​មិន​ដល់ ១០​ថ្ងៃ​ទៀត​ទេ។ សហភាព​អឺរ៉ុប ក៏​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​លើរបប​លោក ហ៊ុន សែន ទាំង​មូល ដោយ​ដក​ការ​អនុ​គ្រោះ​ពន្ធ ប្រសិន​បើ​មិន​​ស្តារ​​ស្ថានការណ៍​​បច្ចុប្បន្ន​ឲ្យ​ប្រសើរ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "អង្គការ​ឃ្លាំ​មើល​ពិភពលោក​ ឲ្យ​អាមេរិក​ដាក់​ឧកញ៉ា​បួន​នាក់​ ក្នុង​បញ្ជី​ខ្មៅ ដើម្បី​ដាក់​ទណ្ឌកម្ម​"

  1. Anonymous says:

    That good to hear that’ the crooks will be in hell in the future ;KARMA

  2. Free Cambodia says:

    They are only playing with words, but cannot bite. These tycoons and many of us will never want to leave Cambodia.

    This is called Capitalist, not socialist. The more you work, the more money you will make. And no US can punish them.

  3. roumrith says:

    We begin with the military caste, caste of the dishonest merchants can be and subject the religious cate certain categories of monks who complacent with the corruption the savagery of the administration of Hun Sn
    soon soon bis repeats
    that all these people concerned, find a peaceful sleep every night