“ទោះ​មាន​អ្នក​បោះឆ្នោត​ច្រើន​ប៉ុនណា ក៏​ការបោះឆ្នោត​នេះ ជា​ការ​បោះឆ្នោត​ក្លែងក្លាយ”

ដោយ មួង ណារ៉េត
2018-07-30
RFA

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ Photo: RFA
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ Photo: RFA


មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​បាន​ទៅ​តាមដាន​ព័ត៌មាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា អំពី​ដំណើរការ​បោះឆ្នោត ក្នុង​ថ្ងៃ​បោះឆ្នោត​នេះ បាន​អះអាង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី២៩ ខែ​កក្កដា ក្រោយ​បិទ​បញ្ចប់​ការ​បោះឆ្នោត​ថា មិន​ចំពោះ ថា​មាន​មនុស្ស​ចេញទៅ​បោះឆ្នោត​ច្រើន​ប៉ុនណា ក៏​ការបោះឆ្នោត​នេះ មិន​អាច​ចាត់ទុកជា​បានការ​នោះ​ឡើយ។

នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បញ្ជាក់​ថា លោក​បាន​ជួប​ជជែក​ជាមួយ​មន្ត្រី​អង្គទូត តំណាង​រដ្ឋាភិបាល​បរទេស​ជាច្រើន និង​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការសហប្រជាជាតិ ដែល​សុទ្ធតែ​លើកឡើង​អំពី​ភាព​គ្មាន​ប្រជាធិបតេយ្យ នៃ​ការបោះឆ្នោត​នេះ៖ «ខ្ញុំ​បាន​និយាយ​ជាមួយ​មន្ត្រី​ការទូត​នៅ​ភ្នំពេញ ហើយក៏​បាន​ជួប​ទាំង​ឯកអគ្គរដ្ឋទូត ជាច្រើន រួម​ទាំង​មន្ត្រី​សំខាន់ៗ​នៃ​អង្គការ​សហប្រជាជាតិ​ផង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ។ តាមរយៈ​ជំនួប​ទាំងនេះ ខ្ញុំ​កាន់តែ​ឃើញ​ជំហរ​ច្បាស់​របស់​ពួកគាត់ ថា​សហគមន៍​អន្តរជាតិ មិន​ចាប់អារម្មណ៍ ទៅ​នឹង​ចំនួន​អ្នក​ចេញទៅ​បោះឆ្នោត​នេះ​ឡើយ។ អ្នក​ទាំងអស់​គ្នា សុទ្ធតែ​និយាយ​ថា ការបោះឆ្នោត​នេះ មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ​ចោល​តាំង​ពី​ខែ វិច្ឆិកា ឆ្នាំ​២០១៧។ ការ​រៀប​ការ​ចំ​បោះឆ្នោត ដោយ​គ្មាន​គណបក្សប្រឆាំង ដែល​ឈ្នះ​ឆ្នោត​ឃុំ​-​សង្កាត់ រហូតដល់ ៤៤% នា​ពេល​កន្លងមក​បែប​នេះ គឺ​មានន័យថា ការ​បោះឆ្នោត​នេះ ធ្វើ​យ៉ាងណា​ក៏​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ដែរ។ សហគមន៍​អន្តរជាតិ ចាត់ទុកថា​ការបោះឆ្នោត​នេះ មិន​សេរី ត្រឹមត្រូវ និង យុត្តិធម៌ គឺ​ដោយសារ​ហេតុផល​ច្រើនយ៉ាង រួម​ទាំង​ការ​ដែល​គ្មាន​គណបក្ស​សង្គ្រោះជាតិ នៅ​លើ​សន្លឹកឆ្នោត ដែល​ធ្វើ​រាស្ត្រ​ម្ចាស់​ឆ្នោត​រាប់​លាន​នាក់ បាត់​ជម្រើស​បក្ស​ដែល​ពួកគាត់​ចង់បាន។ ពលរដ្ឋ​ខ្មែរ ដែល​គាំទ្រ​បក្ស​ប្រឆាំង ចង់​ឲ្យ​មាន​បក្ស​ប្រឆាំង​នៅ​លើ​សន្លឹកឆ្នោត»

ជំហរ​សហគមន៍​អន្តរជាតិ រួមមាន​សហរដ្ឋអាមេរិក ជប៉ុន និង​សហភាព​អឺរ៉ុប សុទ្ធតែ​បាន​បង្ហាញ​ជំហរ​មិន​គាំទ្រ ដំណើរការ​បោះឆ្នោត តាមរយៈ​ការ​មិន​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត និង ការ​ដាក់​ទណ្ឌកម្ម​ជាដើម។ ដូច្នេះ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ មិន​ចំពោះ​ថា មាន​ចំនួន​ប៉ុនណា​នោះ​ទេ គឺ​គណបក្ស​កាន់អំណាច​របស់​លោក ហ៊ុន សែន នឹង​ឈ្នះ​ឆ្នោត​ដោយ​ស្វ័យប្រវត្តិ។ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បញ្ជាក់​បន្ថែម​ថា ចាប់​ពី​ពេលនេះ​តទៅ ពិភពលោក នឹង​ចេញ​សេចក្ដីថ្លែងការណ៍ ចុងក្រោយ​បញ្ជាក់​ថា អំពី​ជំហរ​មិន​ទទួលស្គាល់​ការបោះឆ្នោត​នេះ៖ «សហគមន៍​អន្តរជាតិ មើល​ឃើញ​យ៉ាង​ច្បាស់ នូវ​ល្បែង​ជាច្រើន ដែល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​លេង។ ដូច្នេះ សារ​របស់​ពិភពលោក​ចាប់ពី​នេះ​តទៅ នឹង​ផ្ដោត​ខ្លាំង ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត ដែល​មិន​សុចរិត​មួយ​នៅ​កម្ពុជា។ សហគមន៍​អន្តរជាតិ នឹង​ចងចាំ​ថា លោក ហ៊ុន សែន ឈ្នះ​ឆ្នោត​ដោយ​មិន​ស្មោះត្រង់។ លទ្ធផល​នេះ គឺ​គ្មាន​ន័យ​អ្វី​ទាំងអស់។ ផ្ទុយទៅវិញ លទ្ធផល​នេះ វា​ជា​ការ​ក្បត់​ទៅ​នឹង​ប្រជាធិបតេយ្យ វា​មិនមែន​ជា​លទ្ធផល​នៃ​ការ​ស្តារ​ប្រជាធិបតេយ្យ​នោះ​ឡើយ»

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) អះអាង​ថា ការណ៍​ដែល​របប​លោក ហ៊ុន សែន ខំប្រឹង​កៀរគរ​ពលរដ្ឋ ឲ្យ​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​ច្រើន តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​ធ្វើ​គ្រប់​រូបភាព ទោះ​តាម​រូបភាព​គំរាមកំហែង បំភិតបំភ័យ​សព្វ​យ៉ាង​ផង​នោះ គឺ​លោក ហ៊ុន សែន មិនមែន​ចង់បាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ ប៉ុន្តែ លោក ហ៊ុន សែន ចង់​បង្ហាញ​អំពី​អំណាច​ផ្ដាច់ការ ដែល​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ នៅ​តែ​រស់​ក្នុង​ភាព​ភ័យខ្លាច​អស់​មួយ​ជីវិត ក្រោម​ការដឹកនាំ​របស់​លោក៖ «អ្វី​ដែល​ជា​ល្បែង ដែល​របប​លោក ហ៊ុន សែន កំពុង​លេង តាមរយៈ​ចំនួន​ច្រើន តាម​ដែល​អាច​ធ្វើ​បាន នៃ​អ្នក​ចេញទៅ​បោះឆ្នោត​នេះ គឺ​មិនមែន​ដើម្បី​បន្ទន់ចិត្ត​សហគមន៍​អន្តរជាតិ ឲ្យ​ឈប់​ដាក់​សម្ពាធ​លើ​របប​នេះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន កំពុង​ចង់​បង្ហាញ​ពលរដ្ឋ​ខ្មែរ​ថា ពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវតែ​ស្ដាប់​តាម​បង្គាប់ និង​បញ្ជា​របស់​លោក។ សារ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ច្បាស់​ណាស់ ថា បើ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​អ្វី​តាម​លោក គឺ​ត្រូវតែ​ធ្វើ​តាម បើ​មិន​ធ្វើ​តាម​នឹង​មាន​បញ្ហា»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "“ទោះ​មាន​អ្នក​បោះឆ្នោត​ច្រើន​ប៉ុនណា ក៏​ការបោះឆ្នោត​នេះ ជា​ការ​បោះឆ្នោត​ក្លែងក្លាយ”"

  1. so socheath says:

    ចេះតែមានហ្មង ! អាឆ្កែក្រៅរបង ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) Human Rights Watch

  2. Anonymous says:

    +80% Cambodian people voted; they came back to Cambodian People Party!!!

  3. Anonymous says:

    well I already know what going to happen to this poor country of Cambodia.

Leave a Reply

Submit Comment