ប្រទេស​ប្រជាធិបតេយ្យ​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា គ្មាន​សេរី យុត្តិធម៌ និង​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ

អាស៊ីសេរី
2018-07-30

សកម្មភាព​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង កំពុង​ប្រមូល​ផ្ដុំ​នៅ​រដ្ឋធានី​វាស៊ីនតោន តវ៉ា​ប្រឆាំង​​នឹង​ការ​​បោះឆ្នោត​នៅ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ Photo: RFA
សកម្មភាព​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង កំពុង​ប្រមូល​ផ្ដុំ​នៅ​រដ្ឋធានី​វាស៊ីនតោន តវ៉ា​ប្រឆាំង​​នឹង​ការ​​បោះឆ្នោត​នៅ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ Photo: RFA


សហរដ្ឋអាមេរិក​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​គ្មាន​ភាព​សេរី​យុត្តិធម៌ និង​មិន​តំណាង​ឱ្យ​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ​ខ្មែរ​ឡើយ។ អាមេរិក​ចាត់​ទុក​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច​ដែល​គណបក្សប្រឆាំង​ធំ​ជាងគេ​ត្រូវ​បាន​ផាត់​ចេញ​នេះ បង្ហាញ​ពី​បរាជ័យ​យ៉ាង​ធំ​បំផុត​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ហើយ​បាន​កាត់បន្ថយ​យ៉ាង​ច្រើន​នូវ​សមិទ្ធផល​ក្នុង​ការ​លើកកម្ពស់​ការ​ផ្សះផ្សា​នយោបាយ និង​កំណើន​សេដ្ឋកិច្ច ដែល​កម្ពុជា​សម្រេច​បាន តាំង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១​នោះ​មក។ ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ថា ពលរដ្ឋ​ខ្មែរ​មិន​ទទួល​បាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​តំណាង​ដែល​ពួកគេ​ពេញចិត្ត​ឡើយ។

សហរដ្ឋអាមេរិក​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ដកហូត​សិទ្ធិ​បោះឆ្នោត​ពី​អ្នក​បោះឆ្នោត​រាប់​លាន​នាក់ ដែល​សុទ្ធ​តែ​មាន​មោទនភាព​នឹង​ការ​អភិវឌ្ឍ​របស់​ប្រទេស​អស់​រយៈពេល ២៥ឆ្នាំ​ កន្លងទៅ​ផុត​ទៅ​ហើយ​នោះ។

ក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី២៩ កក្កដា ដែល​ត្រូវ​នឹង​ថ្ងៃទី៣០ កក្កដា នៅ​ប្រទេស​កម្ពុជា ការិយាល័យ​ព័ត៌មាន​នៃ​សេត​វិមាន​អាមេរិក​ប្រកាស​ថា លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ ត្រូវតែ​មាន​ការ​អត់ឱន​ចំពោះ​ទស្សនៈ​នយោបាយ​ប្រឆាំង ជំរុញ​ការប្រកួតប្រជែង​តាមរយៈ​ការបោះឆ្នោត ព្រមទាំង​ការពារ និង​លើកកម្ពស់​ការ​ផ្លាស់ប្ដូរ​មតិយោបល់​ដោយ​សេរី។ ប៉ុន្តែ​ផ្ទុយទៅវិញ នៅ​រយៈពេល​ប៉ុន្មាន​ខែ មុន​ការបោះឆ្នោត​មក​ដល់ រដ្ឋាភិបាល​កម្ពុជា​បាន​រឹតត្បិត​កាន់តែ​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល រំលាយ​គណបក្សប្រឆាំង​ធំ​ជាង​គេ ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ និង​បាន​ហាមឃាត់​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ចំនួន ១១៨នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​ទៀត​ផង។ ចំណែក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​វិញ ត្រូវ​បាន​បំផ្លាញ​តាមរយៈ​ការ​គំរាមកំហែង​ពី​សំណាក់​ក្រុម​អ្នកដឹកនាំ និង​អាជ្ញាធរ​មូលដ្ឋាន​ថា អ្នកណា​មិន​ទៅ​បោះឆ្នោត​នឹង​ត្រូវ​ទទួលរង​ការ​ដាក់​ទោស​ទណ្ឌ​ជាដើម។ ទង្វើ​អស់ទាំង​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាត់បង់​សំឡេង និង​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ ក្នុង​ការ​កំណត់​ជោគវាសនា​នៃ​ប្រទេស​របស់​ខ្លួន។

សហរដ្ឋអាមេរិក​អះអាង​ថា ខ្លួន​នឹង​ពិចារណា​អំពី​ជំហាន​បន្ទាប់​ទៀត ដើម្បី​ឆ្លើយតប​នឹង​ការ​បោះឆ្នោត និង​ដំណើរ​ធាក់​ថយក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ ដែល​ក្នុង​នោះ​ក៏​រួមមាន​ផង​ដែរ ការពង្រីក​បន្ថែម​ទៀត​នូវ​បម្រាម​ទិដ្ឋាការ ដែល​ត្រូវ​បាន​ដាក់​ចេញ​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៧ នោះ​។ ទន្ទឹម​នឹង​នេះ សហរដ្ឋអាមេរិក​ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដាក់​ចេញ​នូវ​វិធានការណ៍​ច្បាស់លាស់​ទាំងឡាយ ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ តាមរយៈ​ការ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​បំពេញ​តួនាទី​ដ៏​សំខាន់​របស់​ពួកគេ​ដោយ​គ្មាន​ការរារាំង ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ផ្សេងទៀត​ជា​បន្ទាន់ ព្រមទាំង​ដក​បម្រាម​លើ​គណបក្សប្រឆាំង​ផង​ដែរ។

ចំណែក​ប្រទេស​អូស្ត្រាលី​វិញ ក៏​បាន​បញ្ជាក់​ជំហរ​ស្រដៀង​គ្នា​នឹង​សហរដ្ឋអាមេរិក​ដែរ គឺ​អូស្ត្រាលី​មាន​ការ​ខកចិត្ត​ជា​ខ្លាំង​ដែល​ពលរដ្ឋ​ខ្មែរ​ពុំ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​តំណាង​ដែល​ពួកគេ​ពេញចិត្ត។

រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី៣០ កក្កដា ថា ដំណើរការ​បោះឆ្នោត​ដែល​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ មេដឹកនាំ​គណបក្ស​នេះ គឺ​លោក កឹម សុខា ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ជាច្រើន​នាក់​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​នោះ គឺជា​ការ​បោះ​ជំហាន​ថយក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​មាន​វ័យ​ជាង ២៥​ឆ្នាំ ទៅ​ហើយ​នោះ។ អូស្ត្រាលី​មើល​ឃើញ​ថា ការ​បោះឆ្នោត​នេះ មិន​មាន​ការចូលរួម​ពី​គ្រប់​គណបក្ស​នយោបាយ​ឡើយ ហើយ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៀតសោត ក៏​មិន​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​សេរី​ផង​ដែរ។ អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) អះអាង​ថា ក្នុងនាម​ជា​មិត្ត​យូរអង្វែង​របស់​កម្ពុជា អូស្ត្រាលី​នឹង​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បោះជំហាន​ទៅ​រក​ការ​បើក​ចំហ​ឱ្យ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​ពី​បញ្ហា​នយោបាយ​ដោយ​សេរី ពុំ​មាន​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​ណាមួយ​ឡើយ។

ចំណែក​ប្រទេស​ប្រជាធិបតេយ្យ​មួយទៀត គឺ​ប្រទេស​កាណាដា​វិញ ក៏​បាន​ប្រកាស​ដែរ​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ បំពាន និង​រំលាយ​គណបក្សប្រឆាំង និង​ការ​ចាប់ខ្លួន​លោក កឹម សុខា ដាក់​ពន្ធនាគារ ព្រមទាំង​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​នោះ បង្ហាញ​ថា ការបោះឆ្នោត​នេះ​មិន​សេរី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​ឡើយ។ ប្រទេស​កាណាដា​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ផ្ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដល់​ពលរដ្ឋ​ខ្មែរ​វិញ បើក​ឱ្យ​មាន​នូវ​សេរីភាព​សារព័ត៌មាន និង​ការចូលរួម​ក្នុង​កិច្ចការ​នយោបាយ និង​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ឱ្យ​មាន​សេរីភាព​វិញ។

សេចក្ដីថ្លែងការណ៍​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ ធ្វើ​ឡើងជា​បន្តបន្ទាប់​ក្រោយ​ពេល​ការ​បោះឆ្នោត​បាន​បញ្ចប់ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​ថា មាន​អ្នក​ចេញទៅ​បោះឆ្នោត​ចំនួន​ជាង ៦ លាន ៨ សែន​នាក់ ឬ​ស្មើនឹង​ជាង ៨២ ភាគរយ នៃ​ចំនួន​អ្នកមាន​ឈ្មោះ​បោះឆ្នោត​សរុប​ជាង ៨ លាន ៣ សែន​នាក់។

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រតិកម្ម​ទៅ​នឹង​សេចក្ដីថ្លែងការណ៍​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច​ថា នេះ​ជា​សិទ្ធិ និង​ការ​បញ្ចេញមតិ​របស់​ប្រទេស​ទាំងនោះ​តែ​ប៉ុណ្ណោះ។ លោក​ថា ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ចេញ​ទៅ​បោះឆ្នោត ដើម្បី​សម្ដែង​ឆន្ទៈ​របស់​ខ្លួន​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ ទោះបី​ជា​មាន​យុទ្ធនាការ​ប្រឆាំង​នឹង​ការបោះឆ្នោត​បែប​ណា​ក្តី។ លោក​ថា​រដ្ឋាភិបាល​ថ្មី​មិន​មាន​ការ​ព្រួយបារម្ភ​ពី​ការ​ដាក់​គំនាប ឬ​ទណ្ឌកម្ម​ពី​អន្តរជាតិ​ឡើយ ព្រោះ​ជា​រដ្ឋាភិបាល​ស្របច្បាប់​កើត​ចេញពី​ការបោះឆ្នោត៖ «ក្នុងនាម​រដ្ឋាភិបាល យើង​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​នូវ​ផល​ប្រឈម​ចំពោះ​មុខ និង​ផល​ប្រឈម​នៅ​ក្នុង​អនាគតកាល ដូច្នេះ​យើង​មិន​មាន​ការ​ព្រួយបារម្ភ​ទេ ប៉ុន្តែ​យើង​មាន​វិធានការណ៍ ដោយសារ​យើង​យល់ឃើញ​ថា រាជរដ្ឋាភិបាល​ដែល​កើត​ចេញពី​ការបោះឆ្នោត​នេះ ជា​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ផ្លូវការ​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល។ ហើយ​រដ្ឋាភិបាល​ទាំងឡាយ​ត្រូវតែ​មាន​កាតព្វកិច្ច​មួយ ពិភាក្សា និង​ដោះស្រាយ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​នេះ ដែល​មិន​អាច​ដើរ​ចេញពី​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទាំង​ក្នុង​មូលដ្ឋាន​ទ្វេភាគី និង​ពហុភាគី»

ទោះបីជា​បែបនេះ​ក្តី គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​រំលាយ​ចោល​នោះ បាន​ប្រកាស​មិន​ទទួលស្គាល់​ការបោះឆ្នោត​នេះ​ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ថ្ងៃ​បោះឆ្នោត​ទី២៩ កក្កដា ជា​ថ្ងៃ​ប្រារព្ធ​ពិធី​មរណភាព​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​ជា​ថ្ងៃ​ខ្មៅ​ងងឹត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​របប​ប្រជាធិបតេយ្យ ត្រូវ​ជំនួស​មកវិញ​ដោយ​ការដឹកនាំ​បែប​ឯក​បក្ស​ខុសច្បាប់ និង​អ ធម្មនុញ្ញភាព។ គណបក្ស​នេះ ចាត់​ទុក​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញពី​ការបោះឆ្នោត​លើក​នេះ​ថា ជា​រដ្ឋាភិបាល​មិន​ស្របច្បាប់ ហើយ​ថា អ្វី​ដែល​របប​លោក ហ៊ុន សែន កំពុង​ធ្វើ​នេះ នឹង​នាំមក​នូវ​ទណ្ឌកម្ម និង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា។

ចំណែក​អ្នកឃ្លាំមើល​បញ្ហា​កម្ពុជា​វិញ ក៏បាន​អះអាង​ដែរ​ថា របប​លោក ហ៊ុន សែន ទំនងជា​គេច​មិន​ផុត​ពី​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​លោក​ខាងលិច​ឡើយ ប្រសិនបើ​របប​នេះ​នៅតែ​បន្ត​រឹងទទឹង មិន​ព្រម​ធ្វើតាម​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ គឺ​ការ​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ​ទេ​នោះ៕

What Next?

Recent Articles