សហរដ្ឋ​អាមេរិក​ព្រ​មាន​ចាត់​វិធានការ​បន្ថែម​លើក​ម្ពុជា​ ​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​ខ្លួន​ចាត់​ទុកថា​មិន​ត្រឹម​ត្រូវ

កម្ពុជា


ពលរដ្ឋខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដោយចាត់ទុកការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងក្លាយ។ (យូ សុធារី/VOA)


30 កក្កដា 2018
សុខ ខេមរា
VOA Khmer
វីអូអេខ្មែរ

អ្នក​នាំ​ពាក្យ​របស់​សេតវិ​មាន​នៃ​រដ្ឋបាល​លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រ​មាន​ថា​ខ្លួន​នឹង​ចាត់​វិធានការ​ថែម​ទៀត​លើ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ការ​បោះឆ្នោត ដែល​ខ្លួន​ចាត់​ទុកថា​មិន​បាន​រៀបចំ​មាន​លក្ខណៈ សេរី​និង យុត្តិធម៌ និង មិន​បាន​អនុញ្ញាត​ឲ្យ​គណ​បក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​រំលាយ​បាន​ចូល​រួម។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទៅ​២៩ខែ​កក្កដា នាប៉ុន្មាន​ម៉ោង ក្រោយ​ពេល​ដែល​កម្ពុជា បាន​រៀប​ចំការ​បោះ​ឆ្នោត និង​ផ្តល់​ជ័យ​ជម្នះ​ទៅ លើគណ​បក្ស​គ្រប់​គ្រងប្រទេស​ដ៏​ច្រើន​លើស​លុប។



«សហរដ្ឋ​អាមេរិក​សោកស្តាយ​ចំពោះ​ការណ៍​ដែល​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា មិន​មាន​ភាពសេរី ឬ​យុត្តិធម៌ ហើយ ខកខាន​មិន​បាន​ធ្វើ​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា។ ការ​បោះ​ឆ្នោត​មិន​ត្រឹម​ត្រូវ នេះ ដែល​បាន​ផាត់​ចោល​គណ​បក្ស​ប្រឆាំង​ដ៏​ចម្បង របស់​កម្ពុជា​នេះ បង្ហាញ​ឲ្យ ឃើញ​ពីការ​ដើរ​ថយ​ក្រោយ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​ប្រព័ន្ធប្រជាធិបតេយ្យ ដែល​មាន ចារ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដល់ សមិទ្ធិផល របស់ កម្ពុជា​ក្នុង​ការ​លើក​កម្ពស់ ការសម្រុះ​សម្រួល​ខាង​នយោបាយ​និង​កំណើន សេដ្ឋកិច្ច​ដែល​មាន​ចាប់​តាំង​ពី​សន្ធិសញ្ញា​ទី​ក្រុង​បារីសឆ្នាំ​១៩៩១មក»។

សេចក្តី​ថ្លែង​ការណ៍ដ​ដែល​បានបញ្ជា​ក់​ថា៖

«សហរដ្ឋ​អាមេរិក​នឹង​ពិចារណា​ចាត់​វិធានការ​ជា​បន្ត​បន្ទាប់​ដើម្បី​ឆ្លើយតប​នឹង​ការ បោះ​ឆ្នោត​ជាតិ​និង​ការ​ដើរ​ថយ​ក្រោយ​ផ្នែក​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​កម្ពុជា ថ្មីៗ​នេះ រួម​ទាំង​ការពង្រីក​កម្មវិធី​ រឹតត្បិត​ទិដ្ឋាការ​ចូល​សហរដ្ឋ​អាមេរិក ដែល​ត្រូវ ប្រកាស​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៧»។

សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​និង​មន្ត្រី​មួយ​ចំនួន ដែល​ពាក់​ព័ន្ធ​ នឹង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូចជា​ការ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​បុគ្គល នោះ បង្កក​ទ្រព្យ​សម្បត្តិ​បុគ្គល​ខ្លះ ក្រៅ​ពីការ​ថ្លែង​ពី​សហភាព​អឺរ៉ុប​ដើម្បី​ដាក់​ទណ្ឌកម្ម​ស្រដៀង​គ្នា​ដែរ បន្ថែម​ពី​លើការ​គិត​គូរលើ​ទណ្ឌកម្ម​ផ្សេងៗ​ទៀត។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់ គ.ជ.ប. បន្ទាប់​ពីបិទ​ការិយាល័យ​បោះ​ឆ្នោត នៅ​ម៉ោង​៣រសៀល អ្នក​បោះ​ឆ្នោត​ចំនួន​ជាង​៨២​ភាគរយ ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​៨.៣លាន​នាក់ បាន​ទៅ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ ការ​បោះ​ឆ្នោត ដែល​គ្មាន​ការ​ចូល​រួម​ពីគណ​បក្ស​ជំទាស់​ដែល​ត្រូវ​រំលាយ ការ ចាប់​ខ្លួន មេ​ដឹក​នាំ​ដាក់​ពន្ធនាគារ ការដក​សិទ្ធិ​ធ្វើ​នយោបាយ​៥ឆ្នាំ ការ​រិតត្បិត សេរីភាព​ព័ត៌មាន និង អង្គការ​សង្គម​ស៊ី​វិល ត្រូវ​ក្រុម​ប្រទេស​លោក​ខាង​លិច មើល​ឃើញ​ថាជា​រឿង​ដែល​ធ្វើ​ឲ្យ​ស្លាប់​ប្រជាធិបតេយ្យ​កម្ពុជា។

តែ​លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​វិញ បាន​ថ្លែង​ថា ប្រតិកម្ម​របស់ សហរដ្ឋ​អាមេរិក​មិន​ឆ្លុះបញ្ចាំង​ពីការ​ពិត​នៅ​កម្ពុជា​នោះ​ទេ។

«ខ្ញុំ​យល់​ថាការ​សម្រេច​ចិត្ត​ហ្នឹង​ជាការ​ប្រឆាំង​នឹង​ពលរដ្ឋ​ជាង​៨៦ ឬ ៨៧ ភាគ រយ​ដែល​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ក្នុង​ការ​សម្រេច​ជោគវាសនា​របស់​គេ។ ហើយ ខ្ញុំ​សង្ឃឹម​ថារាជ​រដ្ឋាភិបាល​ថ្មី​នៅ​តែ​បន្ត​អ្វី​ជា​មូលដ្ឋាន ទំនាក់​ទំនង​ល្អ កិច្ចសហ ប្រតិបត្តិ​ការ​ល្អ ហើយ​ខ្ញុំ​ជឿថា​នឹង​មាន​រឿង​ច្រើន​ដែល​យើង អាច​ដោះ​ស្រាយ​ ជា​មួយ​គ្នា​បាន»។

លោក​បាន​ថ្លែង​ដូច្នេះដោយ​យោង​ថាការ​បោះ​ឆ្នោត​និង​ដំណើរ​ការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ល្អ​ទាំង​មុន ក្នុង​អំឡុង​ពេល និង​ក្រោយ​ពេល​បោះ​ឆ្នោត។

«ពលរដ្ឋ​យល់​ច្បាស់​ថា​អ្វី​ទៅ​ជាការ​សម្រេច​ជោគវាសនា​ខ្លួន​ឯង ពង្រឹង​បន្ថែម​នៅ ដំណើរ​ការ​ប្រជាធិបតេយ្យ»។


Gallery: Photo Gallery: កម្រងរូបភាព៖​ ពលរដ្ឋ​កម្ពុជាបោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ


លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មាន​នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​បោះ​ឆ្នោត​ថា លទ្ធផល​នៃ​ការ​បោះ ឆ្នោត​បាន​ក្លាយ​ទៅ​ជាការ​ឆ្លើយតប​ទៅ​សហគមន៍​អន្តរជាតិ​ដែល​រិះគន់​ភាពជឿ​ជាក់​លើការ​បោះ​ឆ្នោត​នៅ​កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «បន្ទាប់​ពី​លទ្ធផល​នេះ​យើង​នឹង​រង់ចាំ​មើល​សហគមន៍​អន្តរជាតិ​នឹង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ឆន្ទៈ​របស់​កម្ពុជា​[​ឬ​ទេ?]»។ ហើយ​លោក​បាន​បន្ថែម​ថា «តួ​លេខ​ជា​ចម្លើយ»។

លោក​ប្រធាន គ.ជ.ប. បាន​បន្ថែម​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ពួក​គេ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មែន​តែ​សហរដ្ឋ​អាមេរិក​ទេ តែ​ប្រទេស​អូស្ត្រាលី និង កាណាដា​ក៏​បានប្រតិកម្ម​រិះគន់​លើការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​ផង​ដែរ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រទេស​អូស្ត្រាលី ដែល​ព្រួយ​បារម្ភ​ពី​ដំណើរ​ការ ប្រជាធិបតេយ្យ​និង​សេរីភាព​ខាង​នយោបាយ ការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ ការ​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា​ប្រធាន​គណ​បក្ស​សង្គ្រោះជាតិ និង​ការបញ្ចេញ មតិ​នោះ បាន​បង្ហាញ​ពីក្តី​បារម្ភ​ដ៏​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត។

«អូស្ត្រាលី​មាន​ការខក​ចិត្ត​ដែល​ពលរដ្ឋ​កម្ពុជា​មិន​អាច​ជ្រើសរើស​តំណាង​របស់ ពួក​គេ​ដោយ​សេរី»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រទេស កាណាដា វិញ​បាន​បង្ហាញ​ជំហរ​ថាការ បោះ​ឆ្នោត​នេះ មិន​មាន លក្ខណៈ​សេរី​និង​យុត្តិធម៌​ទេ ដោយ​សារតែ​មាន​ការរឹតត្បិត​សេរីភាព បញ្ចេញ​មតិ លើក្រុម​សង្គម​ស៊ី​វិល និង អ្នក​សារ​ព័ត៌មាន ប្រើ​ប្រាស់ ប្រពន្ធតុលា​ការ​ចាត់​ការ ក្រុម​ជំទាស់ មុន​ការ​បោះ​ឆ្នោត។

ទោះ​ជា​យ៉ាង​ណាក្តី គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការអបអរ សារទរ​ចំពោះ​ការ​ប្រកាស​លទ្ធផល​បឋម​ដំបូង ដែល​ពលរដ្ឋ​មាន​ការ​ចេញ​ទៅ​បោះ ឆ្នោត​ចំនួន​៨២.៨៩​ភាគរយ ដែល​ជាការ​បង្ហាញ​ពី​ជម្រើស​និង​ឆន្ទៈ​របស់​ខ្លួន។

«គណ​បក្ស​ប្រជាជន​កម្ពុជា​ជឿ​ជាក់​យ៉ាង​មុតមាំថា​ប្រព័ន្ធនយោបាយ​សេរីពហុ​បក្ស​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព»។

គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​កាន់​កាប់ អំណាច​៣៣ឆ្នាំ ត្រូវ​គេ​ដឹងថា​នឹង​ប្រឈម​មុខ​ជា​មួយ​នឹង​ប្រទេស​ធំៗជា​ច្រើន ក្រោយ​ពេល​បង្កើត​សភាថ្មី​និង​រដ្ឋាភិបាល​ថ្មី​មួយ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ ដូចជា​ប្រធាន​បទ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត និង​កិច្ចសហ​ប្រតិបត្តិ​ការលើ​វិស័យ​ផ្សេងៗ​ទៀត៕

What Next?

Recent Articles