អ្នកនាំពាក្យ​កាន់អំណាច​ទទួល​ស្គាល់​ថា​របប​ក្រុងភ្នំពេញ​ប្រើ​វិធី​ផ្ដាច់ការ​រលើ​ក្រុម​ប្រឆាំង

សន ចាន់រដ្ឋា
2018-07-30
RFA

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA


អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ស្គាល់​ថា ខ្លួន​បាន​ប្រើ​វិធី​ផ្ដាច់ការ​វាយ​សំពង​លើ​ក្រុម​មនុស្ស​ដែល​ខ្លួន​ចោទ​ថា ជា​ក្រុម​ប្រឆាំង​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​ព្រឹត្តិការណ៍ មិនទាន់​មើល​ឃើញ​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​មិន​ទាន់​មាន​អ្នកណា​ធ្វើ​ចលនា​បំផ្លាញ​សន្តិភាព​នោះ​ទេ។

អ្នក​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​លើកឡើង​ថា សម្ដី​អ្នក​របស់​នាំ​ពាក្យ​គណបក្ស​កាន់អំណាច មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​នោះ​ទេ។ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ និយាយ​ថា លោក​មានការ​ព្រួយបារម្ភ​ថា កម្ពុជា​អាច​នឹង​មាន​ការ​បែកបាក់​ជាតិ​ធ្ងន់ធ្ងរ​ពី​ព្រោះតែ​ពាក្យសម្ដី​របស់​អ្នកនយោបាយ​ដែល​និយាយ​លើស​ពី​ការពិត។ សង្គម​ស៊ីវិល​រូប​នេះ​ថា ក្នុង​បរិបទ កម្ពុជា​សព្វថ្ងៃ​មិនទាន់​ឃើញ​ការ​ធ្វើសកម្មភាព​ណាមួយ​ធ្វើ​ឲ្យ​បំផ្លាញ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅឡើយ​ទេ។ «»

ការយល់​ដូច្នេះ​របស់​សង្គម​ស៊ីវិល​បន្ទាប់ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​ពេល​ផ្សាយ​ផ្ទាល់​ជាមួយ​អាស៊ីសេរី​កាលពី​រាត្រី​ទី​២៩ កក្កដា ថា​របប​ក្រុង​ភ្នំពេញ​មិន​ខ្លាច​ប្រើ​វិធី​ផ្ដាច់ការ​លើ​មនុស្ស​មួយ​ក្រុម​តូច​ណាមួយ​នោះ​ឡើយ។ លោក​បន្ត​ទៀត​ថា របប​ក្រុងភ្នំពេញ មិន​ខ្លាច​សំពង​លើ​ក្រុម​នោះ គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​មួយ​ប្រទេស។ «»

កាល​ពី​ដើម​ឆ្នាំ​២០១៤ កងកម្លាំង​នៃ​របប​ក្រុងភ្នំពេញ​បាន​បាញ់សម្លាប់​កម្មករ​រោងចក្រ ជា​ច្រើន​នាក់​ក្នុង​ពេល​ដែល​ពួកគេ​ធ្វើការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល។ របប​នេះ ថែមទាំង​ចោទ​ប្រកាន់​ថា ការ​ទាមទារ​របស់​ក្រុម​កម្មករ​ធ្វើតាម​ញុះញង់​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ខ្លួន។

មុន​ការបោះឆ្នោត​អាណត្តិ​ទី​៦ របប​លោក ហ៊ុន សែន បាន​ប្រើ​យន្ត​ការណ៍​ផ្សេងៗ​ដើម្បី​បំភិតបំភ័យ និង​បំបិទ​សំឡេង​ដែល​មាន​មតិ​មិន​ស្រប​នឹង​ខ្លួន​រួមមាន​៖ អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន​ឯករាជ្យ និង​គណបក្ស​សង្គ្រោះជាតិ ហើយ​មួយ​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត របប​លោក​ហ៊ុន សែន​បាន​បិទ​គេហទំព័ ឬ​វេបសាយ​បណ្ដាញ​សារព័ត៌មាន​ចំនួន​១៧ ក្នុង​នោះ​មាន​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិកVOA ដែរ។

អ្នកវិភាគ​នយោបាយ​វ័យក្មេង​លោក ហង្ស វិទូ យល់​ថា ដោយសារ​របប​លោក ហ៊ុន សែន បាន​ប្រើ​វិធី​បង្ក្រាប​ទៅលើ​ក្រុម​ពលរដ្ឋ និង​បក្ស​ប្រឆាំង​ជា​ញឹកញាប់ ទើប​ទង្វើ​ទាំងនោះ​ក្លាយ​ជា​អំពើ​ផ្ដាច់ការ។ លោក​បន្ត​ថា ដោយសារ​ទង្វើ​ដូច្នេះ​ហើយ​ទើប​របប​នេះ ត្រូវ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម។ «»

មុន​បោះឆ្នោត​នៅ​កម្ពុជា សភា​អាមេរិក បាន​អនុម័ត​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៨ ដាក់ទណ្ឌកម្ម​ក្បាលម៉ាស៊ីន ដឹកនាំ​របប​លោក ហ៊ុន សែន ទាំងអស់​ដែល​ចូល​ដៃ ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment