ប្រធាន​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ផ្នែក​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​ចាត់ការ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា

ដោយ មាន ឫទ្ធិ
2018-08-01
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស លោក ព្យែ អង់តូនីញ៉ូ ប៉ង់ហ្សឺរី  (Pier Antonio Panzeri)។ Screenshot
ប្រធាន​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស លោក ព្យែ អង់តូនីញ៉ូ ប៉ង់ហ្សឺរី (Pier Antonio Panzeri)។ Screenshot


ប្រធាន​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​គណៈកម្មាធិការ​អឺរ៉ុប​ស្នើ ដាក់​វិធានការណ៍​នានា​ប្រឆាំង​នឹង​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ការ​ស្នើ​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​សហភាព​អឺរ៉ុប ចេញ​សេចក្ដីថ្លែងការណ៍ មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​សហភាព​អឺរ៉ុប ចាត់ទុកថា មិន​អាច​ជឿ​ទុកចិត្ត​បាន ព្រោះតែ​ខ្វះ​ការ​ប្រកួតប្រជែង​ស្មោះត្រង់ និង​ត្រឹមត្រូវ ហើយ​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ពិតប្រាកដ​បាន​ឡើយ។

ប្រធាន​អនុគណៈកម្មាធិការ​សភា​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស លោក ព្យែ អង់តូនីញ៉ូ ប៉ង់ហ្សឺរី (Pier Antonio Panzeri) មានប្រសាសន៍​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​សភា​អឺរ៉ុប ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ថា ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ធ្វើឡើង​នៅ​ពីក្រោយ​លំហ​សម្រាប់​គណបក្ស​នយោបាយ​ជំទាស់ មាន​ការ​កាត់បន្ថយ ខណៈ​ដែល​មានការ​កើន​ឡើង​នៃ​ការ​រឹតត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ជួបប្រជុំ និង​ការ​ធ្វើ​សមាគម​ជាដើម។ លោក​ថា ការ​បោះឆ្នោត​នេះ​ក៏បាន​ធ្វើឡើង​ក្នុង​បរិយាកាស​ទូទៅ​មួយ ដែល​រឹតតែ​អាក្រក់ ពាក់ព័ន្ធ​ទៅ​នឹង​ការ​គោរព​សិទ្ធិមនុស្ស រួម​ទាំង​សិទ្ធិ​ការងារ។

លោក ព្យែ អង់តូនីញ៉ូ ប៉ង់ហ្សឺរី (Pier Antonio Panzeri) ថ្លែង​ថា ដំណើរ​វិវត្តន៍​ចុងក្រោយ​នៅ​កម្ពុជា រួម​ទាំង​ការប្រើប្រាស់​អំពើ​ហិង្សា និង​ការ​ចាប់​មេដឹកនាំ​គណបក្សប្រឆាំង​លោក កឹម សុខា ដាក់​ពន្ធនាគារ បង្ហាញ​ឲ្យ​ឃើញ​ពី​និន្នាការ​កាន់តែ​ធ្ងន់ធ្ងរ ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឲ្យ​ទន់ខ្សោយ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​នយោបាយ ព្រមទាំង​ការ​បំបិទមាត់​សំឡេង​ប្រឆាំង​នៅ​ក្នុង​ប្រទេស​នេះ។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​នូវ​និន្នាការ​នេះ ដោយ​ងាក​មក​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​ដោះលែង​លោក កឹម សុខា ជាបន្ទាន់។

លោក សង្កត់ធ្ងន់ៗ​ថា ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​គោរព​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន គឺ​ទឡ្ហីករណ៍​ចម្បង​នៃ​ការ​ផ្ដល់​ឲ្យ​កម្ពុជា នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ» ហៅ​កាត់​ថា EBA។ លោក​អំពាវនាវ​ដល់​គណៈកម្មាធិការ​អឺរ៉ុប និង​នាយកដ្ឋាន​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប ឲ្យ​រាយការណ៍​យ៉ាង​ប្រញាប់​ជាទីបំផុត អំពី​លទ្ធផល​នៃ​ការវាយតម្លៃ​របស់​ខ្លួន ក្រោយពី​បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត ជុំវិញ​ករណី​អនុលោម​ភាព​របស់​កម្ពុ​ជា ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស ដូចដែល​មាន​កំណត់​ក្រោម​ដំណើរការ​តាមដាន​របស់​កម្ម​វិធី​អនុគ្រោះ​ពន្ធ EBA នេះ និង​ស្នើ​ការ​ឆ្លើយតប​សមស្រប ចំពោះ​បញ្ហា​ធ្លាក់​ចុះ​ដុនដាប នៃ​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment