កូន​ស្រី​លោក កឹម សុខា ស្នើ​អូស្រ្តាលី​កុំ​ឲ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល​ខ្មែរ​ថ្មី​និង​ស្នើ​កុំ​ឲ្យ​ផ្ដល់​ទិដ្ឋាការ​ដល់​មន្រ្តី​កម្ពុជា

ដោយ វណ្ណ សុគន្ធា
09/08/2018
RFI

media
កញ្ញា កឹម មនោវិទ្យា កូន​ស្រី​ច្បង​លោក កឹម សុខា
@សហការី


កូន​ស្រី​ច្បង​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​ទៅ​កាន់​ប្រទេស​អូស្រ្តាលី ដើម្បី​ស្វែង​រក​​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ប្រទេស​នេះ ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ទៅ​ដល់​ទឹក​ដី​អូស្រ្តាលី​តាំង​ពី​សប្តាហ៍​មុន កញ្ញា​កឹម មនោវិទ្យា បាន​ជួប​ជាមួយ​មន្រ្តី​រដ្ឋាភិបាល ក្រុម​សមាជិក​សភា​អូស្រ្តាលី និង​ធ្វើ​បទ​បង្ហាញ​នៅ​វិទ្យាស្ថាន​ស៊ីដនី អំពី​ស្ថានភាព​បោះ​ឆ្នោត​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ កញ្ញា កឹម មនោវិទ្យា​ នឹង​ជួប​ជាមួយ​រដ្ឋមន្រ្តី​ការ​បរទេស​អូស្រ្តាលី​នៅ​ថ្ងៃ​ទី​១៥ សីហា​ខាង​មុខ​នេះ​ថែម​ទៀត។

“មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ខ្មែរ​បច្ចុប្បន្ន” ទាំង​អស់​នេះ គឺ​ជា​គោល​បំណង​សំខាន់​បំផុត​របស់​កញ្ញា​កឹម មនោវិទ្យា និង​លោក​ស្រី​មួរ សុខហួរ មន្រ្តី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​នា​ពេល​នេះ។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កញ្ញា កឹម មនោវិទ្យា បាន​អះអាង​ថា កញ្ញា​បាន​រៀប​ចំ​បញ្ជី​ឈ្មោះ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​រួច​រាល់​ហើយ ដើម្បី​ដាក់​ជូន​រដ្ឋមន្រ្តី​ការ​បរទេស​អូស្រ្តាលី គឺ​លោក​ស្រី Julie Bishop នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា។ ជា​ថ្ងៃ​ដែល​កញ្ញា​នឹង​ជួប​ផ្ទាល់​ជាមួយ​លោក​ស្រី Julie Bishop ដើម្បី​បក​ស្រាយ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី ចាត់​វិធានការ​បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្រ្តី​កម្ពុជា ជា​ពិសេស​គឺ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា។

នៅ​កម្ពុជា រដ្ឋាភិបាល​ថ្មី​គ្រោង​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៦​កញ្ញា ខណៈ​ការ​ប្រជុំ​គណៈរដ្ឋមន្រ្តី​ដំបូង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ខាង​មុខ​នេះ បន្ទាប់​ពី​រដ្ឋសភា​បើក​កិច្ច​ប្រជុំ​ដំបូង​នៅ​ថ្ងៃ​ទី​៥ កញ្ញា។ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​សំណាក់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។ ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​បែប​ប្រញាប់​ប្រញាល់​ដូច្នេះ​ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​អះអាង​ថា ដើម្បី​អាច​សម្រូល​ឲ្យ​លោក​បាន​ទៅ​ចូល​រួម​មហា​សន្និបាត​អង្គការ​ប្រជាជាតិ​នៅ​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា។

សម្រាប់​ថ្នាក់​ដឹក​នាំ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ទោះ​បី​រដ្ឋាភិបាល​ថ្មី​បង្កើត​ឡើង​ពេល​ណា​ក៏​ដោយ ក៏​នៅ​តែ​ជា​រដ្ឋាភិបាល​ខុស​ច្បាប់។ ខុស​ច្បាប់ ដោយ​សារ​វា​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដែល​ពួក​គេ​ហៅ​ថា​​ជា “ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ”។ កញ្ញា​ កឹម មនោវិទ្យា បង្ហាញ​ក្តី​សង្ឃឹម​ថា រដ្ឋាភិបាល​អូស្រ្តាលី​នឹង​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​នេះ​ទេ ហើយ​នឹង​ចាត់​វិធានការ​បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យ​សម្បត្តិ​មន្រ្តី​កម្ពុជា​តាម​ការ​ស្នើ​សុំ​របស់​កញ្ញា។ បើ​តាម​កញ្ញា ​កឹម មនោវិទ្យា គឺ​កញ្ញា​មាន​ភស្តុតាង និង​អំណេះ​អំណាង​គ្រប់​គ្រាន់ ដើម្បី​អាច​ឲ្យ​រដ្ឋាភិបាល​អូស្រ្តាលី​ចាត់​វិធានការ​មក​លើ​រដ្ឋាភិបាល​ខ្មែរ។

សូម​បញ្ជាក់​ថា អូស្ត្រាលី គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ដែល​បាន​រិះគន់​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា។ អូស្រ្តាលី បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ការ​បោះ​ឆ្នោត​នេះ តែ​ជាមួយ​គ្នា​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ឲ្យ​មាន​ការ​ចរចា​ខាង​នយោបាយ​ផង​ដែរ។ បើ​ទោះ​បី​អូស្រ្តាលី និង ប្រទេស​លោក​សេរី​ខ្លះ​មិន​ពេញ​ចិត្ត ប៉ុន្តែ​ប្រទេស​លោក​កុំមុយនីស្ត​ក៏​ដូច​ជា​ប្រទេស​នៅ​ក្នុង​តំបន់​មួយ​ចំនួន​បាន​ប្រកាស​គាំទ្រ​នូវ​ការ​បោះ​ឆ្នោត​នេះ៕

What Next?

Recent Articles

One Response to "កូន​ស្រី​លោក កឹម សុខា ស្នើ​អូស្រ្តាលី​កុំ​ឲ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល​ខ្មែរ​ថ្មី​និង​ស្នើ​កុំ​ឲ្យ​ផ្ដល់​ទិដ្ឋាការ​ដល់​មន្រ្តី​កម្ពុជា"

  1. so socheath says:

    អូស្ត្រាលី គេមិនលក់កិត្តិយសជាតិគេ សម្រប់ជនក្បត់ជាតិទេមីសំញេញ !
    *********

    ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ ហៅ CNRP គឺជាគណបក្សបិសាច ហ្ស៊ំប៊ីZombie នៅកម្ពុជា
    (អឺរ៉ុប)៖ ដើម្បីរំលឹកមិត្តអ្នកអានទាំងឡាយថា នរណាជាក្រុមបិសាចហ្ស៊ំប៊ី Zombie នោះ គណបក្សសង្គ្រោះជាតិ (CNRP) និងចំពោះការស្អប់ខ្ពើមគណបក្សនេះពីសំណាក់ប្រជាជនកម្ពុជា ដែលអាចប្រៀបធៀបទៅនឹងនយោបាយរបស់សម័យខ្មែរក្រហម។ នៅអំឡុងការបោះឆ្នោតអាណត្តិទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជា មានក្រុមអ្នកដែលមាន និន្នាការប្រឆាំងបានបំបោងព័ត៌មានក្លែងក្លាយ និងទីភ្នាក់ងារស៊ើបការណ៍នានាបានព្យាយាមបង្ហាញថា ការបោះឆ្នោតប្រព្រឹត្តិទៅដោយមិនត្រឹមត្រូវ និងមិនមានគណបក្សប្រឆាំងចូលរួម បើទោះជាគណបក្ស
    នយោបាយជាង២០ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះក៏ដោយ។ នេះបើយោងតាមគេហទំព័រ ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ និងការសិក្សាស្ទង់មតិ
    (European Council for International Relations) ដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេស។
    គេហទំព័រក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរជាតិ បានសរសេរថា យើងគួរកត់សម្គាល់ថា អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឬអ្នកខ្លះហៅថា បិសាច Zombie ហ្ស៊ុំប៊ី CNRP មិនដែលបានទទួលជ័យជម្នះលើគណបក្សប្រជាជនកម្ពុជានោះទេ ទាំងនៅក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតសភាហើយមិនតែប៉ុណ្ណោះទណ្ឌិត សម រង្ស៊ី មិនដែលទទួលស្គាល់លទ្ធផលបោះឆ្នោតដោយចិត្តស្មោះឡើយ។
    គេហទំព័រព័ត៌មាននេះដែលមានលោក អង់តូន ការ៉ាហ្គៀរ Anton Caragea ជាប្រធាន បានបន្តចេញផ្សាយទៀតថា បើទោះជាអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ បានអំពាវនាវឱ្យប្រជាជនកម្ពុជាពហិកាក្នុងការចូលរួមបោះឆ្នោតក៏ដោយ ក៏ប្រជាជនកម្ពុជារហូតដល់ទៅ
    ជាង ៨២ភាគរយ នៅតែទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលពួកគេពេញចិត្តដដែល។ មួយវិញទៀតគេហទំព័រនោះបានលើកឡើងទៀតថា សម្ដេចតេជោ ហ៊ុន សែន បានជួយសង្រ្គោះប្រទេសកម្ពុជាចំនួនពីរលើក, ទីមួយគឺរំដោះកម្ពុជាចេញពីកណ្ដាប់ដៃពួកខ្មែរក្រហម និងលើកទីពីរ បណ្តេញ
    និងបំផ្លាញពួកភេរវករ CNRP។
    នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ជារឿយៗអំពីគោលនយោបាយរបស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) ឲ្យដឹងថា «បច្ចុប្បន្ន ពួកគេបានតាំងនាមខ្លួនឯងជាពួកភេរវករ ពោលគឺមិនមែនត្រឹមតែជាអង្គការនយោបាយខុសច្បាប់ប៉ុណ្ណោះទេ..
    . ហើយយើងនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដទៃ ដើម្បីចាប់ខ្លួនពួកគេ»។
    ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បណ្ដាអង្គការជាច្រើនដែលមាន
    ទំនាក់ទំនងជាមួយភេរវករ CNRP បាន បង្កើនយុទ្ធនាការកុហក និងផ្សព្វផ្សាយព័ត៌មានបំភ័ន្តការគិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ កុំទៅបោះឆ្នោតឱ្យសោះ។ លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយ និងអត្ថបទប្រឌិតជាច្រើន ត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម ព្រមទាំងប្រើប្រាស់លុយដ៏ច្រើនសន្ធឹកសន្ធាប់ជួលក្រុមហ៊ុនបរទេសប្រឌិត ព័ត៌មាននៅលើសារព័ត៌មានបរទេសធំៗនានា។
    ការលើកឡើងបែបនេះមិនមែនមិនមានហេតុផលនោះទេ ពោលគឺបើតាមសារព័ត៌មាន
    អាស៊ីថែម Asia Times ទណ្ឌិត សម រង្ស៊ី ធ្លាប់បានទៅដល់វ៉ាស៊ីនតោន ដើម្បីជួលក្រុមហ៊ុនអាមេរិក ឱ្យជួយផ្សាយព័ត៌មានបំផ្លាញដល់ផលប្រយោជន៍កម្ពុជា ខណៈអ្នកនយោបាយចូលចិត្តរត់
    ចោលស្រុករូបនេះ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើកម្ពុជា និងប្រជាជនកម្ពុជាស្លូតត្រង់ ដែលមិនដើរតាមគោលនយោបាយរបស់ពួកគេ។
    សូមជំរាបថា តុលាការកំពូលកម្ពុជា បានសម្រេចកាត់រំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចោទប្រកាន់ថា គណបក្សបិសាច ហ្ស៊ំប៊ី CNRP មួយនេះបានឃុបឃិតជាមួយបរទេសរៀបចំគំរោងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅកម្ពុជា ក្រោយពីការចាប់
    ខ្លួន កឹម សុខា កាលពីរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
    តុលាការកំពូលក៏បានចេញសាលក្រមហាមឃាត់សមាជិកគណបក្សបិសាចហ្ស៊ំប៊ី CNRP
    ចំនួន ១១៨នាក់ ពីសកម្មភាពនយោបាយរយៈពេល ០៥ឆ្នាំ ផងដែរ ក្រោមការស្វាគមន៍ពីសំណាក់រដ្ឋាភិបាលលោក។ ឯ/ឧ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា
    ការប្រើប្រាស់ពាក្យភេរវករលើគណបក្សបិសាចហ្ស៊ំប៊ី CNRP គឺជារឿងត្រឹមត្រូវ ពីព្រោះទណ្ឌិត
    សម រង្ស៊ី ធ្លាប់បានអំពាវនាវឱ្យកងទ័ពងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ព្រមទាំងអំពាវនាវឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើម្ពុជា ដើម្បីបង្កអស្ថេរភាពដល់សេដ្ឋកិច្ចកម្ពុជា៕

Leave a Reply

Submit Comment