“លោក ហ៊ុន សែន ជា​អ្នក​​ទទួលខុស​ត្រូវ បើ​សហគមន៍​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ”

មាន ឫទ្ធិ
2018-08-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨។ Photo courtesy of SPM's Facebook page
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨។ Photo courtesy of SPM’s Facebook page


ក្រុម​យុវជន និង​ពលរដ្ឋ​រស់នៅ​ខេត្ត​ភាគ​ឦសាន​ព្រមាន​ថា ប្រសិនបើ​សហគមន៍​អឺរ៉ុប​ផ្ដាច់ ឬ​ផ្អាក អនុគ្រោះ​ពន្ធ បង្ក​ប៉ះពាល់​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ​នោះ គឺ​លោក ហ៊ុន សែន ត្រូវ​ទទួលខុសត្រូវ​យ៉ាង​សំខាន់​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ និង​ទណ្ឌកម្ម​អន្តរជាតិ។ យុវជន​ខ្លះ​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប្រកាស​ជំហរ​ជាថ្មី​ទៀត​ថា បើ លោក ហ៊ុន សែន មិន​បន្ទន់​ឥរិយាបថ​ស្វែងរក​ដំណោះស្រាយ វិបត្តិ​នយោបាយ​ទេ គឺ កម្ពុជា​ចៀស​មិន​ផុត​ខាតបង់​ប្រយោជន៍​ជាតិ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ហើយ​កម្មករ​កម្មការិនី​ជិត ១​លាន​នាក់​នឹង​បាត់បង់​ការងារ។

ក្រុម​យុវជន និង​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ខេត្ត​ភាគ​ឦសាន​ព្រួយចិត្ត​ជា​ថ្មី​ទៀត ខ្លាចក្រែង​កម្ពុជា​ទទួល​ទណ្ឌកម្ម​អន្តរជាតិ​ប៉ះពាល់​សេដ្ឋកិច្ច​ជា​ប្រព័ន្ធ​ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ខាតបង់​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ។ ពួកគេ​អង្កេត​ឃើញ​ថា វិស័យ​កាត់ដេរ​មិន​ត្រឹមតែ​ផ្ដល់​ប្រយោជន៍​សម្រាប់​តែ​កម្មករ​កម្មការិនី​រោងចក្រ​ទេ សេវាកម្ម​បន្ទប់​ជួល ការ​លក់​ម្ហូប​អាហារ សេវាកម្ម​រថយន្ត​ដឹក​កម្មករ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​ក៏​ទទួល​បាន​ផល​ពី​កម្មករ​រោងចក្រ​ដែរ។

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី សង្កេត​ឃើញ ប្រសិនបើ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផ្ដាច់​អនុគ្រោះ​ពន្ធ​មែន​នោះ ពលរដ្ឋ​ខ្មែរ​ទាំងមូល​នឹង​ប្រឈម​វិបត្តិ​ហិរញ្ញវត្ថុ ជីវភាព​ធ្លាក់​ចុះ ចំណាកស្រុក​កាន់តែ​ច្រើន​ឡើង។ លោក​អង្កេត​ឃើញ​ថា បច្ចុប្បន្ន​មាន​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​ជំពាក់​បំណុល​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដែល​ពួកគេ​បាន​ខ្ចី ធ្វើ​ផ្ទះសម្បែង និង​សម្ភារ​ជាដើម ហើយ​រំពឹង​ថា ប្រាក់ខែ​ទទួល​បាន​ពី​វិស័យ​កាត់ដេរ​នឹង​បង្វិល​សង​ម្ចាស់​បំពុល​វិញ តែ​បើ​វិស័យ​រោងចក្រ​មាន​បញ្ហា​ហើយ​នោះ ពួកគេ​នឹង​បាត់បង់​ការងារ។ លោក​បារម្ភ​ថា របប​ដឹកនាំ​សព្វថ្ងៃ ហាក់​ទទួលរង​ឥទ្ធិពល​ប្រទេស​ប្លុក​កុម្មុយនិស្ត និង​អាច​កើតមាន​សង្គ្រាមត្រជាក់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ​៖ «ប្រសិនបើ​តទៅ​ខាង​មុខ​ប្រទេស​លោក​សេរី គេ​មិន​ទទួលស្គាល់​រដ្ឋាភិបាល ហើយ​គេ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ហើយ​​ប្រទេស​ខ្មែរ​វិល​ទៅ​រក​បញ្ហា​ធំ គឺ​រដ្ឋាភិបាល​ជា​អ្នកទទួលខុសត្រូវ»

យុវជន​មួយ​ចំនួន​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក ព្រមាន​របប​លោក ហ៊ុន សែន ថា ប្រសិនបើ​លោក ហ៊ុន សែន នៅ​តែ​មានៈ​មិន​ផ្សះផ្សា​រក​ដំណោះស្រាយ​នយោបាយ​ទេ គឺ​លោក ហ៊ុន សែន ជា​មេខ្លោង​បង្កើត​ឲ្យ​កម្ពុជា​ទទួលរង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ប្រព័ន្ធ នឹង​ប៉ះពាល់​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់។ លោក​ថា ការ​ធ្វើ​នយោបាយ​មិន​គិត​ផលប្រយោជន៍​ជាតិ គឺ​ចៀស​មិន​ផុត នឹង​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​កម្ពុជា​ធ្លាក់​ដុនដាប៖ «ខ្ញុំ​ប្រាប់​មុន​ឲ្យ​ហើយ បើសិនជា​ហ៊ុន សែន មិន​ងាក​មក​ចរចា ដើម្បី​ផល​ប្រយោជន៍​ជាតិ​ទេ ហ៊ុន សែន ជា​អ្នកទទួលខុសត្រូវ ចំពោះ​មុខ​ប្រវត្តិ​សាស្ត្រ​ខ្មែរ»

កន្លងទៅ​អាមេរិក និង​សហគមន៍​អឺរ៉ុប​បាន​កាត់​ផ្ដាច់​ជំនួយ សម្រាប់​រៀបចំ​បោះឆ្នោត​ទាំងស្រុង ទៅ​ឲ្យ​គណៈ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត ដោយសារតែ​របប​លោក ហ៊ុន សែន បាន​រំលាយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សហគមន៍​អឺរ៉ុប​ក៏បាន​សំដែង​ការ​សោកស្ដាយ​ចំពោះ​ការបោះឆ្នោត​ដែល​គ្មាន​ការ​ជឿជាក់។ រដ្ឋសភា​អាមេរិក​ក៏បាន​អនុម័ត​ច្បាប់​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​របប​លោក ហ៊ុន សែន ជិត​២០​នាក់​បន្ថែម​ទៀត។

អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក សរ ម៉ូរី លោក​យល់ថា អ្នកនយោបាយ​កាន់អំណាច និង គណបក្ស​ប្រឆាំង គួរតែ​ចរចា​គ្នា ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ធ្វើ​យ៉ាងណា​ធានា​ឲ្យ​បាន​ថា សហគមន៍​អឺរ៉ុប និង​សហគមន៍​អាមេរិក​មិន​ផ្ដាច់​អនុគ្រោះ​ពន្ធ៖ «ប្រសិនជា​វិបត្តិ​នយោបាយ ហើយ​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ។ ខ្ញុំ​អង្កេត​ឃើញ​ថា មានគ្រួសារ​តិច​ណាស់ ដែល​មិន​ជំពាក់​បំណុល​ធនាគារ»

សហភាព​អឺរ៉ុប ដែល​ជា​ប្រទេស​សមាជិក ២៨​ប្រទេស​នេះ បាន​រម្លឹក​របប​លោក ហ៊ុន សែន ជាច្រើន​សារ ក្រោយ​បំពេញ​បេសកកម្ម​ស្វែងរក​ការពិត​រយៈពេល​មួយ​សប្ដាហ៍ នៅ​កម្ពុជា​រួចមក សហភាព​អឺរ៉ុប បាន​ព្រមាន​របប​លោក ហ៊ុន សែន ជា​ចុងក្រោយ គឺ​គ្មាន​អ្វី​ក្រៅពី​ពិចារណា​ដាក់​ទណ្ឌកម្ម រួម​មានការ​ការ​ដក​អនុគ្រោះ​ពន្ធ ផ្នែក​នាំចេញ​សំលៀកបំពាក់​នោះ​ទេ ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​ព្រម​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ។

ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ពុំ​មែន​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​ទទួល​ខុសត្រូវ​បញ្ហា​នេះ​ទេ គឺ​អ្នក​ដែល​ដាក់ទណ្ឌកម្ម​នេះ​ខ្លួនឯង​ទេ ជា​អ្នកទទួលខុសត្រូវ។ លោក​ចាត់​ទុក​ការព្រមាន​ដាក់ទណ្ឌកម្ម​នេះ គ្រាន់តែ​ជា​ចេតនា​នយោបាយ និង​មនោគមវិជ្ជា​ដែល​មិន​ឆ្លុះ​បញ្ចាំង​ការពិត​ជាក់ស្ដែង។ លោក​ថា ការ​គិត និង​ការ​ភ័យ​ព្រួយ​របស់​យុវជន និង​ពលរដ្ឋ គឺជា​សិទ្ធិ​របស់​ពួកគេ​ដែល​មិន​អាច​ហាម​បាន៖ «អ្នក​ដាក់​ហ្នឹង​ហើយ​ជា​អ្នកទទួលខុសត្រូវ និង​មានការ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ថយក្រោយ តែ​ជាក់ស្ដែង​អត់​មាន​លទ្ធិប្រជាធិបតេយ្យ​ថយក្រោយ​ទេ ល្អ​ជាង​ប្រទេស​គាត់​ផង។ ការ​ដាក់​ទណ្ឌកម្ម​នេះ មិនមែន​ការពិត​ជាក់ស្ដែង​នៅ​កម្ពុជា​ទេ»

ពលរដ្ឋ​រស់នៅ​ខេត្ត​ភាគ​ឦសាន​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ យល់ថា ប្រសិនបើ​សហគមន៍​អឺរ៉ុប​ផ្ដាច់​ឬ​ផ្អាក​អនុគ្រោះ​ពន្ធ​មែន​នោះ អ្នក​ដែល​ប៉ះពាល់​ខ្លាំង​ជាងគេ​គឺ ហ៊ុន សែន ខ្លួនឯង​តែម្ដង ព្រោះ​លោក​ហ៊ុន សែន គឺជា​មេដឹកនាំ និង​ជា​អ្នក​បង្ករឿង​គ្រប់យ៉ាង ដើម្បី​រក្សា​អំណាច។ លោក​ថា រដ្ឋបាល​លោក​ហ៊ុន សែន អាច​នឹង​រលាយ​ដោយ​ខ្លួនឯង ហើយ​ពលរដ្ឋ​គ្រប់រូប​នឹង​ថ្កោលទោស ប្រសិនបើ​មិន​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ឲ្យ​ប្រសើរ​ឡើងវិញ​នោះ​ទេ៖ «ដល់ពេល​គេ​ធ្វើ​មែន​ទែន​ទៅ វា​ប៉ះពាល់​សេដ្ឋកិច្ច​ខ្មែរ​អ្នករងគ្រោះ​គឺ​ពួកកម្មករ​ហ្នឹង»

បុរស​ដដែល​បន្ថែម​ថា លោក ហ៊ុន សែន ហាក់កំពុង​ដឹកនាំ ប្រទេស​វិល​ថយក្រោយ ដែល​មិន​ត្រឹម​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពលរដ្ឋ​ធ្លាក់​ចុះ​ទេ និង​ធ្វើ​ឲ្យ​ប្រទេសជិតខាង​សើច​សំអក និង​មើលងាយ​ជាតិ​សាសន៍​ខ្មែរ​ខ្លួនឯង។ លោក​យល់ថា ប្រសិនបើ លោក ហ៊ុន សែន ចង់​ស្តារ​ស្ថានការណ៍​ឲ្យ​វិល​ថយក្រោយ​គឺ​គ្មាន​អ្វី​ពិបាក​ទេ៖ «យូរ​ទៅ​ការងារ​ប្រទេស​មិន​គិតគូរ បែរជា​ទៅ​គិត​រឿង កែវ ពេជ្រចិន្ថា (អ្នកចម្រៀង) ព្រងើយ»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លោក សន ជ័យ អង្កេត​ឃើញ​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ផ្ដល់​ការងារ​ដល់​ប្រជាជន​ខ្មែរ​ច្រើន ដល់​ក្នុង​វិស័យ​កាត់ដេរ តែ​បើ​មានការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​មែន​នោះ នឹង​បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​កាត់ដេរ ដែល​ជា​ផ្នែក​សំខាន់​ផ្ដល់​ការងារ​ដល់​កម្មករ​កម្មការិនី។ លោក​ថា បើ​កម្មករ​កម្មការិនី​រាប់​ម៉ឺន​សែន​នាក់ អត់​ការងារ​ធ្វើ នឹង​បង្ក​ឲ្យ​ខាត​ប្រយោជន៍​ជាតិ​ជា​ប្រព័ន្ធ ខណៈ​កម្មករ​មួយ​ចំនួន​ជំពាក់​បំណុល​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ។ លោក​អង្កេត​ឃើញ​ថា វិស័យ​កាត់ដេរ​មិន​ត្រឹមតែ​ផ្ដល់​ប្រយោជន៍​តែ​កម្មករ​រោងចក្រ​នោះ​ទេ អ្នកមាន​បន្ទប់​ជួល សេវាកម្ម​រថយន្ត​ដឹកជញ្ជូន​កម្មករ និង​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​ក៏​ទទួល​បាន​ផល​ពី​កម្មករ​រោងចក្រ​ដែរ៖ «មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន ក៏​ទទួល​បាន​ផល​ពី​កម្មករ​កម្មការិនី​រោងចក្រ​ដែរ យើង​បារម្ភ​ពី​វិបត្តិ​ថ្មី ដែល​កើតឡើង​ក្នុង​សង្គម​ហើយ​ដែរ»

លោក សន ជ័យ បន្ថែម​ថា បណ្ដា​ប្រទេស​ជា​មិត្ត បាន​ព្រមាន​ដាក់​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ បំណង​ចង់​ឃើញ​កម្ពុជា​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ។ លោក​យល់ថា ប្រមុខ​ដឹកនាំ​ប្រទេស​ក៏​ជា​អ្នក​រួមចំណែក​ទទួលខុស​ត្រូវ​អនាគត​ប្រទេសជាតិ​ដែរ ប្រសិនបើ​កម្ពុជា​ទទួល​ទណ្ឌកម្ម​សេដ្ឋកិច្ច។ លោក​មើល​ឃើញ​ថា រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ប្រៀប​ដូចជា​សន្លឹក​បៀរ​មួយ​ក្នុង​ដៃ ដែល​មាន​ប្រទេស​ជា​មិត្ត រួមមាន​សភាព​អឺរ៉ុប និង​អាមេរិក​ជាដើម ដែល​ទាមទារ​ឲ្យ​កម្ពុជា​ត្រូវតែ​រក្សាទុក​ឲ្យ​បាន​ល្អ ដើម្បី​ជា​ប្រយោជន៍​ដល់​កម្មករ​កម្មការិនី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "“លោក ហ៊ុន សែន ជា​អ្នក​​ទទួលខុស​ត្រូវ បើ​សហគមន៍​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ”"

  1. Anonymous says:

    yes who else people will blame to, every thing cam from HUN SEN the powers addiction guy . I want to tell all Cambodian if HUN SEN not back down EU and US will put pressure to HUN SEN. I’m felling so bad because I can not true HUN SEN at this stage I just wan to ask him what can I do for him to change his mind. if I have to craw a mild away just to make him thinking to give up the powers I will not hesitate to do so. please just tell me what you want me to do that all. GOD bless KAM POUCH CHEA

  2. Khmer Morn says:

    He hold the key to unlock the problem, he is the person is blamed

Leave a Reply

Submit Comment