ប្រធាន​សហជីព​ឯករាជ្យ បារម្ភ​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់ ដំឡើង​ប្រាក់​ខែ​គោល​កម្មករ​ឲ្យ​បាន​សមរម្យ

ដោយ មួង ណារ៉េត
2018-08-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អាត់ ធន់ ប្រធាន​សហជីព ស៊ីខាវឌូ (CCAWDU) ផ្ដល់​បទសម្ភាសន៍​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Morm Moniroth
លោក អាត់ ធន់ ប្រធាន​សហជីព ស៊ីខាវឌូ (CCAWDU) ផ្ដល់​បទសម្ភាសន៍​ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Morm Moniroth


ប្រធាន​សហជីព​ឯករាជ្យ បារម្ភ​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់ តម្លើង​ប្រាក់​ខែ​គោល​កម្មករ​ឲ្យ​បាន​សមរម្យ ក្រោយ​ក្រសួង​ការរងារ​ជូន​ណឹង​ពី​ការ​ចាប់​ផ្តើម​នៃ​កិច្ចប្រជុំ ស្តីពី​ការ​កំណត់​ប្រាក់​គោល​អប្បរមា​កម្មករ ក្នុង​ឆ្នាំ២០១៩ ខាង​មុខ​នេះ។ តំណាង​សហជីព​ឯករាជ្យ​យល់​ថា ការ​កំណត់​ប្រាក់​ខែ​គោល​ខាង​មុខ ត្រូវ​ដំឡើង​យ៉ាង​ហោច​ណាស់ ពី ២០០​ដុល្លារ ទៅ ២៥០​ដុល្លារ ទើប​អាច​ធ្វើ​ឲ្យ​កម្មករ​អាច​រស់​នៅ​សមរម្យ​បាន។

មេដឹកនាំ​សហជីព​លើក​ឡើង​ថា ផ្អែក​លើ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ និង​តម្រូវ​ការ​នានា រដ្ឋាភិបាល​ត្រូវ​ដំឡើង​ប្រាក់​ឈ្នូល​គោល​ក្នុង​ឆ្នាំ២០១៩ ឲ្យ​ខ្ពស់​ជាង​ឆ្នាំ​២០១៨ ទើប​កម្មករ​អាច​រស់​នៅ​សមរម្យ​បាន។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រាប់​ថា លោក​មិន​ទាន់​ទទួល​បាន​លិខិត​ពី​ក្រសួង​ការងារ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា បើ​មាន​អញ្ជើញ​ឲ្យ​លោក​ចូលរួម លោក​នឹង​ចូល​រួម​ប្រជុំ​ស្តីពី​ការ​កំណត់​ប្រាក់​ឈ្នួល​គោល​កម្មករ​នេះ។ លោក រ៉ុង ឈុន ឲ្យ​ដឹង​ទៀត​ថា ជំហរ​សហជីព​របស់​លោក នឹង​ស្នើសុំ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​យ៉ាង​ហោច​ណាស់ ២៥០​ដុល្លារ ក្នុង​មួយ​ខែ៖ «»

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី៦ ខែ​សីហា បាន​ជូន​ដំណឹង​ស្តីពី​កាល​វិភាគ នៃ​ការ​ចរចារ​ប្រាក់​ឈ្នួល​អប្បរមា ផ្នែក​វាយនភណ្ឌ​កាត់​ដេរ និង​ផលិតផល​ស្បែក​ជើង សម្រាប់​ឆ្នាំ២០១៩ ថា នៅ​ក្នុង​ខែ​សីហា​នេះ ជា​ការ​ចាប់​ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ផ្ទៃ​ក្នុង​របស់​ភាគី​នីមួយៗ និង​ជា​លក្ខណៈ​ទ្វេ​ភាគី។ ប៉ុន្តែ​ក្រសួង​មិន​ទាន់​កំណត់​ថ្ងៃ​ជាក់លាក់​នៅ​ឡើយ​ទេ។ ចំណែក​នៅ​ខែ​កញ្ញា​ខាង​មុខ ជា​ការ​ចាប់​ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​ជា​លក្ខណៈ​ត្រី​ភាគី។

សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ដដែល ឲ្យ​ដឹង​ទៀត​ថា គ្រប់​ភាគី​ទាំង​អស់ ត្រូវ​វិនិច្ឆយ​បែប​សង្គម ដោយ​ផ្អែក​លើ​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ។ ចំណែក​ការ​វិនិច្ឆ័យ​បែប​សេដ្ឋកិច្ច គឺ​ផ្អែក​ទៅ​លើ​ផលិតភាព ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ។

ក្រួសងការងារ​ក៏​រំលឹក​អ្នក​ចូលរួម​កិច្ច​ប្រជុំ​ខាង​មុខ​នោះ​ថា កិច្ច​ចរចារ គឺ​ត្រូវ​ពិភាក្សា​ដោយ យក​ច្បាប់​ការងារ ជា​មូលដ្ឋាន​នៃ​ការ​ជជែក។

ទាក់ទង់ការលើកឡើង​របស់​ក្រសួង​ការងារ​បែប​នេះ លោក រ៉ុង ឈុន យល់​ថា ការ​លើក​ឡើង​ពី​ច្បាប់​នេះ ធ្វើ​ឲ្យ​លោក ដែល​ជា​សហជីព​គិត​ពី​ប្រយោជន៍​កម្មករ គ្មាន​សង្ឃឹម​ថា សំណើសុំ​ របស់​លោក​នឹង​ត្រូវ​ក្រសួង​ការងារ​ទទួល​យក​ឡើយ ព្រោះ​លោក​ថា ចាប់​តាំង​ពី​កិច្ច​ប្រជុំ​ស្តីពី​ការ​កំណត់​ប្រាក់​ឈ្នួល​នេះ​មក មាន​សហជីព ដែល​គិត​គូរ​ពី​ប្រយោជន៍​កម្មករ ចូលរួម​តិចតួច។ ដូច្នេះ​លោក​ថា សហជីព​ទាំង​នោះ គ្មាន​សំឡេង​គ្រប់គ្រាន់ ដើម្បី​ទាមទារ​អត្ថប្រយោជន៍​ជូន​កម្មករ ដើម្បី​ឲ្យ​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​គោល​សមរម្យ​ឡើយ៖ «»

ចំណែក​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ និយាយ​ថា សហជីព​របស់​លោក​មិន​ទាន់​ជួបជុំ​ជា​ផ្លូវការ ដើម្បី​ប្រមូល​ជា​មតិ​រួម​សម្រាប់​ដាក់​សំណើសុំ​ប្រាក់​ឈ្នួល​គោល កម្មករ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​យល់​ថា ប្រាក់​ឈ្នួល​គោល​កម្មករ​សម្រាប់​ឆ្នាំ២០១៩ ខាង​មុខ គឺ​ចាប់​ពី ២០០​ដុល្លារ​ឡើង​ទៅ ទើប​សមរម្យ​នឹង​តម្លៃ​ទំនិញ​ទីផ្សារ។

លោកអាត់ ធន់ ស្នើសុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ប្រជុំ នឹង​ទាមទារ​ទាំង​អស់​គ្នា ទើប​អាច ជំរុញ​ឲ្យ​កម្មករ​ទទួល​បាន​ប្រាក់​ឈ្នួល​គោល​សមរម្យ​បាន៖ «»

កាល​ពី​ឆ្នាំ២០១៧ របប​លោក ហ៊ុន សែន បាន​កំណត់​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​ចំនួន ១៧០​ដុល្លារ​ក្នុង​មួយ​ខែ។ របាយការណ៍​របស់​អង្គការ​សន្ទស្សន៍​ប្រាក់​ឈ្នួល (wageindicator.org) កាល​ពី​ឆ្នាំ​២០១៦ រក​ឃើញ​ថា ប្រាក់​ឈ្នួល​ក្រោម ២០០​ដុល្លារ គឺ​នៅ​ទាប​ខ្លាំង បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ។

វិស័យ​កាត់​ដេរ​នៅ​កម្ពុជា ជា​វិស័យ​សំខាន់​មួយ ប៉ុន្តែ ជា​ញឹកញាប់​តែង​តែ​មាន​ករណី​កម្មករ​ដួល​សន្លប់។ បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​នៅ​ទាប គឺ​ជា​បញ្ហា​សំខាន់​មួយ ដែល​ស្ថិត​ក្នុង​បញ្ហា​ផ្សេងៗ ទៀត​របស់​កម្មករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ប្រធាន​សហជីព​ឯករាជ្យ បារម្ភ​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់ ដំឡើង​ប្រាក់​ខែ​គោល​កម្មករ​ឲ្យ​បាន​សមរម្យ"

  1. Anonymous says:

    sorry it not going to happen HUN SEN really need money to stay alive. I’m felling so sad to all those woman who work in this industry . one month of working hart not even equal what I’m paying for my employee in two day . I do not understand how all these people can live whit that much of salary . too bad so sad . GOD bless KAM POUCH CHEA

Leave a Reply

Submit Comment