សម្ព័ន្ធ​អង្កការ​មិន​មែន​រដ្ឋាភិបាល អំពាវនាវ​ឲ្យ​ផ្អាក​ការ​សង់​ទំនប់​តាម​ដង​ទន្លេ ក្រោយ​ពី​មាន​គ្រោះ​មហន្តរាយ​បាក់​ទំនប់​នៅ​ឡាវ

ដោយ សន ចាន់រដ្ឋា
2018-08-09
RFA

អង្គការ Save the Mekong ដែល​ជា​សម្ព័ន្ធ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចាត់​ទុក​ការ​បាក់​ទំនប់​វារី​អគ្គិសនី​សេពាន​សេណាម​ណយ (Xe Pien-Xe Namnoy )ក្នុង​ប្រទេស​ឡាវ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ ពុំ​មែន​ជា​គ្រោះ​មហន្តរាយ​បង្ក​ឡើង​ដោយ​គ្រោះ​ធម្មជាតិ​នោះ​ទេ គឺ​ជា​កំហុស​របស់​មនុស្ស។ អង្គការ​នេះ​អំពាវនាវ​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ពិចារណា​ឡើង​វិញ ពី​គម្រោង​ខ្នាត​ធំៗ ក្នុង​វិស័យ​ថាមពល​អគ្គិសនី និង​ត្រូវ​ពង្រឹង​ប្រសិទ្ធិភាព​អនុវត្តន៍​ច្បាប់ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រព័ន្ធ​គណនេយ្យ​ភាព​ប្រសើរ​ជាង​មុន។

ក្រោយ​ពី​កើត​មាន​ការ​បាក់​ទំនប់​សេពាន​សេណាម​ណយ (Xe Pien-Xe Namnoy) ក្នុង​ខេត្ត​អត្តពឺ ប្រទេស​ឡាវ​កន្លង​ទៅ សម្ព័ន្ធ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​បង្ហាញ​ជំហរ​ព្រួយ​បារម្ភ​ខ្លាំង​ពី​គម្រោង​វិនិយោគ​ថាមពល​អគ្គិសនី​ខ្នាត​ធំ​តាម​ដង​ទន្លេ​មេគង្គ និង​ដៃ​ទន្លេ​មេគង្គ ដែល​ទាមទារ​ឲ្យ​មាន​ការ​ពិចារណា​ឡើង​វិញ ពី​ផែនការ​អភិវឌ្ឍន៍​ទំនប់​តាម​ដង​ទន្លេ​មេគង្គ ត្រូវ​ធ្វើ​ការ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់ ពី​គុណភាព​សំណង់​ និង​ស្វែងរក​ជម្រើស​ផ្សេងៗ ក្រៅ​ពី​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី បំណង​កាត់​បន្ថយ​ហានិភ័យ ឬ​គ្រោះ​មហន្តរាយ​ធំៗ។

អ្នក​ឃ្លាំមើល​បរិស្ថាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ទន្លេ​មេគង្គ​កម្ពុជា (MRC) ពង្រឹង​យន្តការ​កិច្ច​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​រួម​មាន ថៃ ឡាវ និង​វៀតណាម ធ្វើ​យ៉ាង​ណា​អនុវត្ត​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​គណៈកម្មការ​ទន្លេ​មេគង្គ​ឆ្នាំ ១៩៩៥ ឲ្យ​មាន​ប្រសិទ្ធភាព ជា​ពិសេស​ពង្រឹង​ប្រព័ន្ធ​ជួន​ដំណឹង​ជា​ដើម។ រី​ឯ​សមាជិក​អង្គការ Save the Mekong ដែល​ជា​សម្ព័ន្ធ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ក្រុម​សហគមន៍ និង​ប្រជា​ពលរដ្ឋ ក៏​ខិតខំ​តស៊ូ​មតិ​ផ្អែក​តាម​លក្ខណៈ​បច្ចេកទេស និង​ទិដ្ឋភាព​ច្បាប់​ជាដើម។

នាយក​ប្រតិបត្តិ​អង្កការ​បណ្តាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ សង្កេត​ឃើញ​ថា ការ​បាក់​ទំនប់​នៅ​ឡាវ​ថ្មីៗ នេះ ជា​ការ​ព្រមាន​ដល់​រដ្ឋាភិបាល​ឡាវ និង​គម្រោង​អភិវឌ្ឍន៍​ផ្សេង​ទៀត​ តាម​ដង​ទន្លេ​មេគង្គ និង​ដៃ​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ និង​កម្ពុជា ត្រូវ​ពិចារណា និង​សិក្សា​ឡើង​វិញ​ឲ្យ​បាន​ច្បាស់លាស់ ជាពិសេស​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​មូលដ្ឋាន។ លោក​យល់​ថា ប្រទេស ដែល​ជា​សមាជិក​គណៈកម្មាធិការ​ទន្លេ​មេគង្គ មាន​ថៃ ឡាវ វៀតណាម និង​កម្ពុជា គួរ​តែ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត ជា​ពិសេស​ពង្រឹង​យន្តការ​ច្បាប់​ពាក់ព័ន្ធ​នានា៖ «ប្រសិន​បើ​ប្រទេស​ទាំង​អស់​ក្នុង​តំបន់​ទន្លេ​មេគង្គ​សូម​មេត្តា​គិត​គូរ គួរ​ប្រើប្រាស់​ទឹក​ទន្លេ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ការ​អភិវឌ្ឍន៍​ហ្នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ចេរភាព។ បើ​ប្រាស់ប្រាស់​ទឹក សូម​អ្នក​ពាក់ព័ន្ធ​ធ្វើ​ការ​ពិចារណា​ឲ្យ​ត្រូវ​តាម​គោលការណ៍ ដែល​បាន​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​ឆ្នាំ១៩៩៥»

ចំណែក​គណៈកម្មាធិការជាតិគ្រប់គ្រងទន្លេមេគង្គកម្ពុជា លោក តែ ណាវុធ យល់ថា ការបាក់​ទំនប់​សេពាន​សេណាម​ណយ​នៅ​ប្រទេស​ឡាវ​នោះ ជា​បាតុភាព​ចៃដន្យ និង​អចេតនា នៅ​គ្រា​ដែល​ទំនប់​នោះ​មិន​ទាន់​បើក​ឲ្យ​ដំណើរ​ការ​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​នៅ​មិន​ទាន់​ជជែក​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​ភាគី​ឡាវ​នៅ​ឡើយ​ទេ។ លើស​ពី​នេះ​លោក​សម្តែង​ការ​បារម្ភ​បាតុភាព​នេះ​ដែរ ហើយ​នឹង​ត្រូវ​ពិភាក្សា និង​បង្កើន​ការ​ប្រុងប្រយ័ត្ន ពី​ផល​ពិបាក​គ្រោះ​មហន្តរាយ​នេះ។ លោក​ពន្យល់​ថា កិច្ច​ព្រមព្រៀង​គណៈកម្មាធិការ​ទន្លេ​មេគង្គ មាត្រា​៨ បាន​ចែង​ពី​ការ​ទទួល​ខុស​ត្រូវ​ប្រទេស​ជា​សមាជិក​រាល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ បន្ទាប់​ពី​មាន​ភស្តុតាង​បញ្ជាក់​ជាក់​ស្តែង៖ «យើង​ក៏​មាន​ការ​បារម្ភ​ដែរ ត្រូវ​តែ​ពិភាក្សា និង​ប្រុងប្រយ័ត្ន​ដែល​បណ្តាល​មក​ពី​បាក់​ទំនប់​នេះ។ ខ្ញុំ​គិត​ថា ឡាវ​កំពុង​ខ្វល់ខ្វាយ និង​ស្តារ​ឡើង​វិញ​ការ​ខូចខាត។ ក្រប​ខណ្ឌ​ទន្លេ​មេគង្គ​នៃ​គណៈកម្មាធិការ​រាល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​រដ្ឋ​ជា​សមាជិក»

សេចក្តី​ថ្លែងការណ៍​ចំនួន​ពីរ​ទំព័រ​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ នេះ របស់​អង្គការ Save the Mekong ដែល​ជា​សម្ព័ន្ធ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ក្រុម​សហគមន៍ និង​ប្រជា​ពលរដ្ឋ បញ្ជាក់​ថា ​អ្នក​អភិវឌ្ឍន៍​គម្រោង និង​អ្នក​ផ្ដល់​ហិរញ្ញ​វត្ថុ ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ពី​ផល​ប៉ះពាល់​ដោយ​ការ​បាក់​ទំនប់​នេះ​លើ​ប្រជាជន​ឡាវ និង​ប្រជាជន​កម្ពុជា។ ក្រៅ​ពី​នេះ​ត្រូវ​បង្កើត​ប្រព័ន្ធ​ឯករាជ្យ​មួយ ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​អ្នក​រស់រាន​មាន​ជីវិត​សម្តែង​ក្តី​កង្វល់​របស់​ខ្លួន​ឲ្យ​បាន​ពេញលេញ ពី​ការ​ខូចខាត ឬ​ទំហំ​ផល​ប៉ះពាល់ ការ​ទាមទារ​សំណង និង​ការ​រំពឹង​ទុក​ជា​ដើម ហើយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទំនប់ ត្រូវ​ដោះ​ស្រាយ​ការ​ទាមទារ​របស់​អ្នក​ភូមិ​ឲ្យ​បាន​ល្អិតល្អន់ និង​ត្រូវ​អនុវត្ត​ផែន​ការ​រយៈ​ពេល​វែង ដើម្បី​ស្តារ​ឡើង​ការ​ខូចខាត។ សេចក្តី​ថ្លែងការណ៍​បន្ត​ថា រដ្ឋាភិបាល​តាម​ដង​ទន្លេ​មេគង្គ ត្រូវ​ផ្អាក​គម្រោង​ទំនប់​វារី​អគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ​ទាំង​អស់ រង់ចាំ​ឲ្យ​មាន​ការ​វាយ​តម្លៃ ដោយ​ឯករាជ្យ និង​គ្រប់​ជ្រុង​ជ្រោយ។

ប្រទេស​ឡាវ​មាន​គម្រោង​ស្ថាបនា និង​គំពុង​សាងសង់​ទំនប់​វារី​អគ្គិសនី​ខ្នាត​ធំ​ចំនួន ៣​ទៀត តាម​ដង​ទន្លេ​មេគង្គ​រួម​មាន ទំនប់​ដន​សាងហុង (Don Sahong) ដែល​កំពុង​ឋិត​ក្នុង​ដំណើរ​ការ​សាងសង់​បាន​ប្រហែល ៥០​ភាគ​រយ ទំនប់​សាយ៉ាប៊ូរី (Xayaburi) និង​ទំនប់​ប៉ាក់បេង (Pakbeng)

កាល​ពី​សប្ដាហ៍​មុន ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​ឡាវ នាំ​ឲ្យ​ទឹក​ទន្លេ​សេពាន ហក់​ឡើង​លឿន បណ្តាល​ឲ្យ​បាក់​ទំនប់​វារីអគ្គិសនី សេពាន សេណាមណយ ឋិត​ក្នុងស្រុក​សាណាមសៃ ខេត្ត​អត្តពឺ (Attapeu) ប្រទេស​ឡាវ បង្ក​ឲ្យ​ពលរដ្ឋ​ឡាវ​ស្លាប់​កើន​ឡើង ៣០ និង​ជាង ២០​នាក់​ទៀត​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ ហើយ​ចំនួន​អ្នក​បាត់​ខ្លួន​ ៣៣១​នាក់ ប៉ុន្តែ​ប្រភព​ខ្លះ​ថា ចំនួន​បាត់​ខ្លួន​មាន​ច្រើនជាង​នេះ។ គ្រោះ​មហន្តរាយ​នេះ​បង្ក​ប៉ះពាល់​ភូមិ​ឡាវ​ចំនួន​១២ និង​មនុស្ស​ជាង ៣​ពាន់​នាក់(.០៦០) ស្មើ ៨៥១​គ្រួសារ​បាត់បង់​ទីជម្រក។ ឥទ្ធិពល​នៃ​ការ​បាក់​ទំនប់​នេះ ធ្វើ​ឲ្យ​ពលដ្ឋ​រស់​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង​ជាង ១​ពាន់ ២​រយ​គ្រួសារ ស្មើ​នឹង​ជាង ៥​ពាន់​នាក់ ត្រូវ​ជម្លៀស​ពី​លំនៅឋាន ខូចខាត​ដំណាំ​កសិកម្ម​រាប់​រយ​ហិកតារ ផ្លូវ​ថ្នល់ និង​មាន​មន្ត្រី​យោធា​ម្នាក់​ស្លាប់​ក្នុង​បេសកម្ម​ជួយ​សង្គ្រោះ​ពលរដ្ឋ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles