ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ត្រូវ​បាន​អ្នក​ជំនាញ​ដណ្ដើម​ពី​ក្រុម​ចោរ​បច្ចេកវិទ្យា​វិញ

អាស៊ីសេរី
2018-08-11

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។ RFA
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។ RFA


មន្ត្រីនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ត្រូវ​បាន​សារព័ត៌មាន ហ្វ្រេសញូវ (Fresh News) ស្រង់​សំដី​ថា ក្រុម​ជំនាញ​យក​បាន​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក ហ៊ុន សែន មក​គ្រប់គ្រង​វិញ នៅ​វេលា​ម៉ោង ១​រសៀល នៅ​ថ្ងៃ​ទី​១០ សីហា ដដែល។

លោក​អះអាង​ថា ក្រុម​ជំនាញ​បាន​រក​ឃើញ​ក្រុម​ចោរ​បច្ចេកវិទ្យា (Hacker) ក្នុង​រយៈពេល ២​ម៉ោង ហើយ​បាន​រក​ឃើញ​តម្រុយ​មួយ​ចំនួន នឹង​ចោទ​ប្រកាន់​ថា ជន​ទុច្ចរិត​ហែក​ចូល​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន នោះ គឺជា​អ្នកមាន​និន្នាការ​ប្រឆាំង ដែល​អ្នកខ្លះ​កំពុង​លាក់ខ្លួន​នៅ​ក្រៅ​ប្រទេស។ លោក​បន្ត​ថា អាជ្ញាធរ​កម្ពុជា​នឹង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ (Interpol) ដើម្បី​តាម​ចាប់​ក្រុម Hacker ទាំងនោះ។ លោក​ថា​ក្រុម​នោះ ចង់​បំផ្លាញ​សន្តិសុខ និង​បង្ក​ភាព​ភ័ន្តច្រឡំ ចំពោះ​ការ​បោះឆ្នោត​នៅ​កម្ពុជា។

កាលពី​វេលា​ថ្ងៃត្រង់ ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ចោរ​បច្ចេកវិទ្យា។ លោក សុខ ឥសាន បញ្ជាក់​ថា ក្រុម​ចោរ​បច្ចេកវិទ្យា ឬ​ហេកគ័រ (Hacker) បាន​ចូល​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា។

លោក​បញ្ជាក់​ទៀត​ថា សារ​ដែល​សរសេរ​ថា ដើម្បី​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា ចែករំលែក​អាសនៈ​រដ្ឋសភា​ចំនួន​២ ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង ២​ទៀត ដល់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នោះ មិនមែន​ជា​ការពិត​ឡើយ៖ «គណបក្ស​ប្រជាជន​គោរព​លទ្ធផល​បោះឆ្នោត ហើយ​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ។ ដូច្នេះ​មិន​អាច​យក​ឆន្ទៈ​ប្រជាពលរដ្ឋ​ទៅ​បែងចែក​ដូច​ដី​សម្បទាន​សេដ្ឋកិច្ច​សង្គមកិច្ច​បាន​ជាដាច់ខាត។ អ៊ីចឹង​ការផ្សាយ​របស់​ចោរ​ពី​ក្រៅ​ប្រទេស ឬ​ក្នុង​ប្រទេស​នេះ វា​គ្រាន់តែ​ជា​ចេតនា​ទុច្ចរិត ដើម្បី​បង្ក​ភាព​ចលាចល​នៅ​ក្នុង​សង្គម​កម្ពុជា ហើយ​ឆ្លុះបញ្ចាំង​ថា ពួក​នេះ​កំពុងតែ​ប្រកាច់​នៅ​ក្នុង​បរាជ័យ​របស់​ខ្លួន​ជា​បន្តបន្ទាប់»

ព័ត៌មាន​ទាក់ទង​នឹង​ការ​លួច​ចូល​កាន់កាប់​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន នេះ កើតឡើង​ភ្លាមៗ ក្រោយ​លោក ហ៊ុន សែន គំរាម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​ប្រយ័ត្ន​ខ្លួន ក្នុង​ការ​បញ្ចេញមតិ​រិះគន់​របប​លោក ព្រោះ​ក្រុម​លោក អាច​តាម​រក​ប្រភព​អ្នក​រិះគន់​នោះ ត្រឹមតែ​ប្រាំបី​នាទី​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment