បក្ស​កាន់​អំណាច​ជប៉ុន​អបអរ​លទ្ធផល​បោះឆ្នោត​កម្ពុជា ខណៈ​រដ្ឋាភិបាល​ខ្លួន​សម្ដែង​ការ​​ខកចិត្ត

វ៉ែន សុមេធ
2018-08-11
RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA


អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​សេរី ដែល​ជា​បក្ស​កាន់អំណាច​នៃ​ប្រទេស​ជប៉ុន បាន​ផ្ញើ​លិខិត​អបអរសាទរ​ជ័យជំនះ​របស់​លោក ហ៊ុន សែន ក្នុង​ការ​បោះឆ្នោត ដែល​រង​ការ​ថ្កោលទោស ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ជុំ​ទិស។ ប៉ុន្តែ​អ្នកវិភាគ​យល់ថា សារ​របស់​គណបក្ស​កាន់អំណាច នៃ​ប្រទេស​ជប៉ុន​នៅ​ពេល​នេះ មិនមែន​មានន័យថា រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​លទ្ធផល នៃ​ការបោះឆ្នោត ដែល​គ្មាន​គណបក្ស​សង្គ្រោះជាតិ ចូលរួម​នោះ​ទេ។

តាមរយៈ​លិខិត​ចុះ​ថ្ងៃ​ទី៨ សីហា សរសេរ​ទៅកាន់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​សេរី ដែល​ជា​បក្ស​កាន់អំណាច​នៃ​ប្រទេស​ជប៉ុន លោក តូស៊ីហ៊ីរ៉ុ នីកៃ (Toshihiro Nikai) ថ្លែង​ថា លោក​សូម​អបអរសាទរ​ចំពោះ​ជ័យជំនះ របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការបោះឆ្នោត កន្លងទៅ​ថ្មី​នេះ។

សារ​អបអរសាទរ​របស់​បក្ស​កាន់អំណាច ផ្ទុយគ្នា​ទាំងស្រុង​ទៅ​នឹង​ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​នៅ​ពេល​ថ្មីៗ​នេះ ទើបតែ​ប្រកាស​មិន​ពេញចិត្ត ទៅ​នឹង​លទ្ធផល​បោះឆ្នោត​នេះ​ទេ។

កាលពី​ថ្ងៃទី៤ ខែ​សីហា នា​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ប្រទេស​សិង្ហបុរី រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក តារ៉ូ កូណូ (Taro Kono) បាន​ថ្លែងប្រាប់​រដ្ឋមន្ត្រីការបរទេស​របប​ក្រុងភ្នំពេញ លោក ប្រាក់ សុខុន ថា ការ​បោះឆ្នោត​នៅ​កម្ពុជា មានរឿង​គួរ​ឱ្យ​ខកចិត្ត​ច្រើនយ៉ាង។ ប្រមុខ​ការទូត​ជប៉ុន​រូប​នោះ បាន​ជំរុញ​ឱ្យ​របប​លោក​ហ៊ុន សែន បន្ត​ពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ តាមរយៈ​ការ​បង្កើត​បរិយាកាស​ជួប​ជជែក​គ្នា ជាមួយ​គណបក្សប្រឆាំង​ឡើងវិញ និង​ធានា​ការពារ​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​ខ្មែរ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​តំណាង​គណបក្ស​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិនហ្សូ អាបេ (Shinzo Abe) ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម ប៉ុន្តែ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

អ្នកវិភាគ​នយោបាយ​លោក ហង្ស វិទូ យល់ថា ការដែល​អគ្គលេខាធិការ​បក្ស​កាន់អំណាច​ជប៉ុន សរសេរ​លិខិត​អបអរសាទរ ទៅកាន់​លោក ហ៊ុន សែន បែបនេះ ពុំ​ឆ្លុះបញ្ចាំង​ថា ជប៉ុន​ប្ដូរ​ឥរិយាបថ មក​ផ្ដល់​ភាព​ស្របច្បាប់ ដល់​របប​លោក ហ៊ុន សែន នោះ​ឡើយ។ លោក​ចាត់​ទុក​ទង្វើ​នោះ​ថា គ្រាន់តែ​ជា​ទំនៀមទម្លាប់​ការទូត​បែប​ទន់ភ្លន់​របស់​ជប៉ុន និង​ដើម្បី​ការពារ​ផលប្រយោជន៍ របស់​ប្រទេស​ជប៉ុន​នៅ​កម្ពុជា​តែប៉ុណ្ណោះ៖ «ជប៉ុន​គេ​ខ្វល់ខ្វាយ គេ​យកចិត្តទុកដាក់​ជាមួយ​កម្ពុជា ក៏ប៉ុន្តែ​គេ​មិន​ចោល​បាន​នូវ​ផលប្រយោជន៍​របស់​គេ​នៅ​លើ​ទឹកដី​កម្ពុជា​បាន​ទេ។ អា​ហ្នឹង​យើង​និយាយ​ជាក់ស្ដែង។ អ៊ីចឹង​ជប៉ុន គេ​ធ្វើ​ស្អី​មួយ​គេ​ត្រូវតែ​គិតដល់​ផលប្រយោជន៍​ជាតិ​របស់​គេ​ជាធំ។ បើ​ឧទាហរណ៍​ថា ពេល​មាន​ទំនាស់​ជាមួយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន វា​ធ្វើ​អោយ​ធុរកិច្ច​របស់​គេ ផល​ប្រយោជន៍​របស់​គេ​នៅ​កម្ពុជា​ហ្នឹង​វា​អាក់ខាន ឬមួយ​ក៏​មាន​រកាំរកូស។ អ៊ីចឹង​ទោះ​ចង់​មិន​ចង់ ខ្ញុំ​ជឿជាក់​ថា ជប៉ុន​អាច​ធ្វើ​ដោយ​បង្ខំ​ចិត្ត​នៅ​ក្នុង​ការ​យកចិត្ត​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឲ្យ​ខ្លួន​ស្រួល​ទទួល​ផល​ប្រយោជន៍​ពី​ប្រទេស​កម្ពុជា»

លោក​បន្ត​ថា ការ​ដែល​ជប៉ុន មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍ មក​ឃ្លាំមើល​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា បាន​បញ្ជាក់​យ៉ាង​ច្បាស់​រួច​ទៅ​ហើយ​ថា ជប៉ុន​មិន​គាំទ្រ​ដំណើរការ​បោះឆ្នោត ដែល​រៀបចំ​ដោយ​លោក ហ៊ុន សែន នោះ​ទេ។

ស្រដៀង​គ្នា​នេះ សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ជឿថា សារ​អបអរ​របស់​អគ្គលេខាធិការ​បក្ស​កាន់អំណាច នៃ​ប្រទេស​ជប៉ុន​ដែល​ត្រូវ​បាន​យក​ទៅ​ដល់ដៃ លោក​ហ៊ុន សែន ផ្ទាល់ ដោយ​សមាជិកសភា​ជប៉ុន លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមឺរ៉ា (Masahiro Imamura) គឺជា​យុទ្ធសាស្ត្រ​ដែល​រដ្ឋាភិបាល​ជប៉ុន ប្រើ​ក្នុង​បំណង​ចូល​ទៅ​កៀក​លោក ហ៊ុន សែន ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ នៅ​កម្ពុជា​ប៉ុណ្ណោះ មិនមែន​ជា​ការ​ផ្ដល់​ភាព​ស្របច្បាប់ ដល់​របប​ថ្មី​របស់​លោក ហ៊ុន សែន ឡើយ៖ «ខ្ញុំ​នៅ​តែ​មាន​ជំហរ​សុទិដ្ឋិនិយម​ថា គេ​អត់​មាន​ប្រកាន់​ជំហរ​គាំទ្រ​ទេ​ខាង​រដ្ឋាភិបាល​ណោះ ប៉ុន្តែ​ដោយសារ​ខាង​រដ្ឋាភិបាល​គេ មិន​និយាយ​អី​អោយ​វា​លើស​ជាង​ហ្នឹង​ទៅទៀត អ៊ីចឹង​គេ​សុខចិត្ត​មិន​និយាយ​ទៅវិញ។ បើ​ថា ករណី​ថា គេ​ប្រកាស​គាំទ្រ ខ្ញុំ​គិត​ថា វា​មិន​អាច​ទៅ​រួច​ទេ ហើយ​អ៊ីចឹង​ទៅ​ដើម្បី​ទៅ​និយាយ​ជាមួយ​លោក ហ៊ុន សែន ឲ្យ​កៀក​ស្និទ្ធស្នាល គេ​ប្រើប្រាស់​គណបក្ស​កាន់អំណាច​ដើម្បី​ទៅ​សរសេរ​លិខិត​ហ្នឹង។ ប៉ុន្តែ​ក្នុង​ចិត្ត​របស់​ជប៉ុន​គឺ​គេ​ដឹង។ គេ​មិន​ចង់​សរសេរ​ទេ តែ​គេ​ចាំបាច់​ត្រូវ​សរសេរ​ដើម្បី​អោយ​ខ្លួនគេ​ហ្នឹង​កៀក​ជាមួយ​នឹង​លោក ហ៊ុន សែន ដើម្បី​អាច​និយាយ​អ្វី​ដែល​លើស​ពី​ហ្នឹង»

លោក ហៃ វណ្ណា លើកឡើង​ដែរ​ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​គ្រោង​នឹង​ប្រមូលផ្ដុំ គ្នា​តវ៉ា​ប្រឆាំង​របប​លោក ហ៊ុន សែន ជាថ្មីទៀត នៅមុន​ថ្ងៃ​ដែល​លោក ហ៊ុន សែន បង្កើត​រដ្ឋាភិបាល​ថ្មី ដើម្បី​បន្ត​បង្ហាញ​ដល់​រដ្ឋាភិបាល​ជប៉ុន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន មិន​ទទួលស្គាល់​របប​ថ្មី ដែល​កើត​ចេញពី​ការបោះឆ្នោត​ក្លែងក្លាយ រៀបចំ​ដោយ​លោក ហ៊ុន សែន នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles