អង្គការ​អន្តរជាតិមួយ​ស្នើឲ្យអាមេរិក​ចាត់​ការឲ្យបានធ្ងន់ធ្ងរលើលោក ហ៊ុន សែន និងបក្សពួក

| |
https://vodhotnews.com

លោក​នាយ​ឧត្តម​សេនីយ៍ ហីង ប៊ុនហៀង ចាប់​ដៃ​ជូនដំណើរ​លោក ​ហ៊ុន សែន មុន​ពេល​លោក ​ហ៊ុន សែន ឡើង​យន្តហោះ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នៅ​ប្រទេស​ថៃ នា​រសៀល​ថ្ងៃ​ទី១៤ ខែមិថុនា​ ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន​សែន)


អ្នកវិភាគគោល​នយោបាយអង្គការ​មូលនិធិ​កេរដំណែល​ (The Heritage Foundation) បាន​អំពាវជំរុញឲ្យរដ្ឋាភិបាល​អាមេរិក​ចាត់វិធានការបន្ថែម​ទៀត​លើលោកនាយករដ្ឋមន្រ្តីហ៊ុនសែន និងបក្សពួក ដែល​បានបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។

អ្នកវិភាគគោល​នយោបាយរបស់​អង្គការ​មូលនិធិ​កេរដំណែល​ អ្នកនាង Olivia Enos បានលើកឡើងក្នុង​អត្ថបទសង្ខេបមួយដែល​បរិយាយ​ពីបញ្ហានៅក្នុងប្រទេស​កម្ពុជាចេញផ្សាយកាលពីថ្ងៃ​ទី៧ សីហា ថាសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ​គួរតែ​ឆ្លើយតបជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុនសែន និងមន្រ្តីរបស់លោកឲ្យបាន​ធ្ងន់ធ្ងរជាងនេះទៀត ដើម្បីស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

អ្នកវិភាគគោល​នយោបាយប្រចាំអង្គការដដែលនេះ បានអំពាវឲ្យរដ្ឋាភិបាល​អាមេរិកដាក់​ទណ្ឌកម្ម​ទៅលើលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងមន្រ្តីមួយចំនួនទៀតរបស់​លោកដែល​ចូលរួម​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

​វិធានការដែល​អ្នកនាង Olivia Enos ស្នើទៅអាមេរិកមាន​ដូចជាការបង្កកនិងរឹបអូសទ្រព្យសម្បត្តិលោកហ៊ុនសែន និងបក្សពួក រឹតបន្តឹងបន្ថែម​ទៀតលើការផ្ដល់​ទិដ្ឋាការដល់​ក្រុមគ្រួសារលោកហ៊ុនសែននិងមន្រ្តី​ទាំងនោះ កោះ​ប្រជុំជាបន្ទាន់ជាមួយ​ប្រទេសជាហត្ថលេខីនៃ​សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ពិនិត្យឡើងវិញដោយយកចិត្តទុក​ដាក់​លើជំនួយទាំងអស់មកលើកម្ពុជា និង​ជំរុញឲ្យមានការដោះលែង ​លោក កឹម ​សុខា​។

អ្នកនាងលើកឡើងទៀតថា បើ​អាមេរិកមិន​ធ្វើរឿងទាំងនេះឲ្យបាន​លឿនទេ លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជាប្រហែល​ជាមិនអាចស្ដារឡើងវិញបានទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រតិកម្មតបថា នេះជារឿងធម្មតារបស់ក្រុមប្រឆាំងដែលទាមទារជាយូរមកហើយ និងថាប្រទេសកម្ពុជាគោរពសិទ្ធិមនុស្សនិងមានប្រជាធិបតេយ្យជាងសហរដ្ឋអាមេរិក។

លោក សុខ ឥសាន មានប្រសាសន៍ថា៖

«យើងដឹងទាំងអស់គ្នាហើយតើ! ពីព្រោះថា បើមានការរំលោភសិទ្ធិមនុស្សអាហ្នឹងគឺថាមិនអាចសង្គមកម្ពុជាធានាបានសន្តិភាព ស្ថិរភាពនយោបាយ ក៏ដូចជាសេចក្តីសុខក្សេមក្សាន្តជីវភាពប្រជាជនទូទាំងប្រទេសទេ?។ ដល់លិទ្ធិប្រជាធិបតេយ្យដើរថយក្រោយ! ការបោះឆ្នោតឥឡូវ៨៣ភាគរយដែលប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត! អីចឹងសួរថាប្រជាធិបតេយ្យដើរថយក្រោយម៉េច? បើ៨៣ភាគរយទៅបោះឆ្នោត! ហើយបើនិយាយថា៨៣អត់ប្រជាធិបតេយ្យ ចុះអាមេរិកតែ៥៣ភាគរយជាង អាហ្នឹងយ៉ាងម៉េចប្រជាធិបតេយ្យនៅអាមេរិក?»

លោក សុខ ឥសាន បន្ថែមថា មិនមានផ្លូវកោះប្រជុំសហប្រធានប្រទេសហត្ថលេខីកិច្ចព្រមព្រៀង​សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសទេ ដោយលោកពន្យល់ថា លុះត្រាតែមានការឈ្លានពាន រំលោភឯករាជ្យភាព អធិបតេយ្យភាពកម្ពុជា ទើបអាចកោះប្រជុំបាន។

កាលពីអំឡុងចុងខែកក្កដាមុនថ្ងៃបោះឆ្នោត រដ្ឋ​សភាអាមេរិកបានអនុម័តច្បាប់មួយដោយស្នើដាក់ទណ្ឌកម្មប្រឆាំងប្រមុខរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំបក្សកាន់អំណាចចំនួន ១៦នាក់ផ្សេងទៀត មិនឲ្យជាន់ដីអាមេរិកនិងបង្កកទ្រព្យសម្បត្តិ​ ជុំវិញអ្វីដែលអាមេរិកចោទថា បានបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles