គណៈកម្មការ​ព្រៃឈើ​ភ្នំ​ទទឹង​ខេត្ត​កំពត​បារម្ភ​ពី​ការ​ទន្ទ្រាន​ដី​សហគមន៍​ជា​ថ្មី​ទៀត

វ៉ែន សុមេធ
2018-08-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រៃ​សហគមន៍​ភ្នំ​ទទឹង ស្រុក​ទឹកឈូ ខេត្ត​កំពត ដែល​ត្រូវ​បាន​បុគ្គល​មួយ​ចំនួន​កាប់​រាន​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ។ រូបថត​កាល​ពី​ឆ្នាំ​២០១៦។ Photo ADHOC
ព្រៃ​សហគមន៍​ភ្នំ​ទទឹង ស្រុក​ទឹកឈូ ខេត្ត​កំពត ដែល​ត្រូវ​បាន​បុគ្គល​មួយ​ចំនួន​កាប់​រាន​ទន្ទ្រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ។ រូបថត​កាល​ពី​ឆ្នាំ​២០១៦។ Photo ADHOC


គណៈកម្មការ​សហគមន៍​ព្រៃឈើ​ភ្នំ​ទទឹង ស្ថិត​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត កំពុង​ព្រួយបារម្ភ​អំពី​ការ​រុករាន​ទន្ទ្រាន​ដី​សហគមន៍​បន្ថែម​ទៀត ក្រោយ​ពេល​ឃើញ​មនុស្ស​មួយ​ក្រុម​បាន​នាំគ្នា​ចុះទៅ​ពិនិត្យ​មើល​ទីតាំង​ដី ដែល​មាន​ការ​ឈូស​រាន​កាលពី​លើក​មុន​នោះ។ ទន្ទឹម​នឹង​នេះ ពួកគាត់​ក៏​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផង​ដែរ ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ថា ភាគី​ដែល​ពួកគាត់​បាន​ប្ដឹង​កាលពី​លើក​មុន​រឿង​កាប់​រាន​ដី​ព្រៃ​សហគមន៍​នោះ កំពុង​រៀបចំ​មេធាវី​ប្ដឹង​បក​លើ​ពួកគាត់​វិញ។ មន្ត្រី​សិទ្ធិមនុស្ស​លើកទឹកចិត្ត​ឱ្យ​សហគមន៍​បន្ត​ការ​តស៊ូ​ទៅទៀត ព្រមទាំង​អះអាង​ថា នឹង​ជួយ​ផ្ដល់​មធ្យោបាយ​ផ្លូវច្បាប់​គ្រប់បែប​យ៉ាង​ដើម្បី​ជួយ​ដល់​សហគមន៍​ឱ្យ​តតាំង​ក្តី​រឿង​នេះ។

តំណាង​គណៈកម្មការ​សហគមន៍​ព្រៃឈើ​ភ្នំ​ទទឹង លោក អ៊ុំ វិចិត្រ អះអាង​ថា ក្រុម​ជនល្មើស​ដែល​បាន​កាប់​រានទន្ទ្រាន​ដី​សហគមន៍ និង​ដែល​ពួក​លោក​បាន​ប្តឹង​ទៅ​តុលាការ​កាល​ពី​ពេល​កន្លង​ទៅ​នោះ បាន​នាំគ្នា​ចុះទៅ​ដល់​ទី​តាំង​ដី​សហគមន៍​ជាថ្មី​ម្តង​ទៀត នៅ​ក្រោយ​ការបោះឆ្នោត​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​បញ្ជាក់​ថា ក្រុម​ជន​ទាំងនោះ​មាន​គ្នា​ជាង ១០​នាក់ បាន​ទៅដល់​ទីតាំង​ដី​ដែល​រង​ការ​ឈូស​រាន​ទន្ទ្រាន​កាល​ពី​លើក​មុន ហើយ​លោក​ជឿជាក់​ថា ក្នុង​ចំណោម​អ្នក​ទាំងនោះ​ក៏​អាច​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចូលរួម​ផង​ដែរ។ លោក​ព្រួយបារម្ភ​ថា ក្រុម​អ្នក​ទាំងនោះ អាច​នឹង​ផ្ដើម​សកម្មភាព​រុករាន​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ជា​ថ្មី​ទៀត​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ បន្ទាប់ពី​ការ​ប្ដឹងផ្ដល់​របស់​សហគមន៍​កាល​ពី​លើក​មុន ត្រូវ​ទទួល​បរាជ័យ ដោយសារ​តុលាការ​ខេត្ត​កំពត និង​សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​សំណុំរឿង​ទុក​ឥត​ចាត់ការ៖ «ក្រោយ​បោះឆ្នោត​មិនបាន ៤ថ្ងៃ ស្រួលបួល​ផង ឃើញ​ពពួក​ឈ្លើង​សង្គម​ឈាន​ចូល​ទឹកដី​នេះ ដូច​ការ​គ្រោងទុក។ មេធាវី​របស់​គេ​ស្គាល់​ខ្ញុំ ហើយក៏​គេ​ផ្តល់​ព័ត៌មាន​មក​ឱ្យ​ខ្ញុំ​ថា “​អ្នកឯង​ត្រៀមខ្លួន​ចូល​គុក និង​ប្រឈម​បញ្ហា​ឱ្យ​ហើយ​ទៅ ប្រសិនបើ​អ្នកឯង​មិន​បន្ទន់​ឥរិយាបថ​ប្រគល់​ដី​នេះ ឬក៏​ហ៊ាន​ប្រឆាំង​នឹង​ទស្សនៈ​” របស់​គេ “​អ្នកឯង​ត្រៀមខ្លួន​ទៅ​” គេ​និយាយ​អ៊ីចឹង»

ក្រៅ​ពី​នេះ​លោក​ក៏​ទទួល​ដំណឹង​ដែរ​ថា ក្រុម​ឈ្មួញ​ដី​ដែល​គណៈកម្មការ​សហគមន៍ បាន​ប្ដឹងផ្ដល់​កាលពី​លើក​មុន​នោះ បាន​រៀបចំ​មេធាវី​រួចស្រេច​ហើយ ដើម្បី​ប្ដឹង​បក​ពួក​លោក ហើយ​ពួកគេ​បាន​គំរាម​ថា នឹង​មិន​ឱ្យ​ពួក​លោក​រួចខ្លួន​ឡើយ ចំពោះ​ការ​ប្ដឹងផ្ដល់​ពួកគេ​ទៅ​តុលាការ​នោះ។ លោក​បន្ត​ថា ដោយសារ​ការ​គំរាមកំហែង​នេះ ធ្វើ​ឱ្យ​គណៈកម្មការ​សហគមន៍​មួយ​ចំនួន​មានការ​ភ័យខ្លាច និង​រារែក លែង​ចង់​បន្ត​រឿង​ក្ដីក្ដាំ​នេះ​តទៅ​ទៀតហើយ ហើយ​បច្ចុប្បន្ន​នៅ​សល់តែ​លោក​ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​ប្រឈមមុខ​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​ឈ្មួញ​ដី​ទាំងនោះ។ លោក​អះអាង​ថា លោក​មិន​មាន​ការ​រាថយ​ឡើយ​ចំពោះ​រឿង​នេះ ព្រោះ​អ្វី​ដែល​លោក​ធ្វើ គឺ​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ប៉ុណ្ណោះ ហើយ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​នៅ​ក្នុង​ឃុំ​ស្ទឹង​កែវ ដែល​ជា​អ្នក​ទទួល​បាន​ផលប្រយោជន៍​ពី​ព្រៃ​សហគមន៍។លោក​ថ្លែង​ថា​ពួកគាត់​នៅតែ​គាំទ្រ​សកម្មភាព​របស់​លោក​ជានិច្ច៖ «គេ​និយាយ​ដល់​ថ្នាក់​ថា ក្រោយ​ការបោះឆ្នោត​ប្រសិនបើ​គេ​មិន​ធ្វើ​អ្នកឯង​ទេ គេ​មិនមែន​ជា​ផ្កាយ ១ ផ្កាយ ២ រស់នៅ​ស្រុក​ខ្មែរ​ទេ។ អ្នកឯង​ត្រៀមខ្លួន​ចូល​គុក ត្រៀមខ្លួន​ប្រឈមមុខ​នឹង​ផ្លូវ​តុលាការ​ឱ្យ​ហើយ​ទៅ ប៉ុន្តែ​ខ្ញុំ​យល់ថា ខ្ញុំ​ការពារ​សម្បត្តិ​ជាតិ ការពារ​ភាព​ត្រឹមត្រូវ ប្រសិនបើ​អ្នក​បំពាន​ដោយ​កត្តា​ណាមួយ ពួក​ខ្ញុំ​ជា​ប្រជាពលរដ្ឋ និង​តំណាង​ប្រជាពលរដ្ឋ មិន​ខ្លាច​នោះ​ទេ»

សហគមន៍​ព្រៃឈើ​ភ្នំ​ទទឹង ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ២០១០ ដោយមាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ខេត្ត​កំពត។ សហគមន៍​នេះ មាន​ផ្ទៃដី ១១៥​ហិកតារ ស្ថិត​ក្នុង​ឃុំ​ស្ទឹងកែវ ស្រុក​ទឹកឈូ ខេត្ត​កំពត។ ធនធាន​របស់​សហគមន៍​ព្រៃឈើ​នេះ រួមមាន សត្វព្រៃ និង​ព្រៃ​ធម្មជាតិ ដូចជា ព្រៃឈើ និង​ព្រៃ​ឫស្សី ជាដើម។ សហគមន៍​ព្រៃឈើ​មួយ​នេះ ជាទី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ដែល​រស់នៅ​ក្នុង​ឃុំ​ស្ទឹង​កែវ និង​តំបន់​នៅ​ជុំវិញ​នោះ។

ក៏ប៉ុន្តែ​ព្រៃ​សហគមន៍​មួយ​នេះ​បាន​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​អស់​ប្រហែល ១០​ហិកតារ កាលពី​ឆ្នាំ ២០១៦កន្លងទៅ។ គណៈកម្មការ​សហគមន៍​បាន​ដាក់​ពាក្យ​ប្ដឹង​ឈ្មួញ​ដី​ម្នាក់​ឈ្មោះ ពេជ្រ គឿន និង​បក្ខពួក​ទៅ​តុលាការ ទាក់ទង​នឹង​ការ​រុករាន និង​រំលោភ​យក​ដី​ព្រៃ​នេះ ក៏ប៉ុន្តែ​បណ្ដឹង​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​អម​តុលាការ​ខេត្ត​កំពត លោក ខៃ សម្ផស្ស សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ។ នៅ​ខែ​មីនា ឆ្នាំ​២០១៧ គណៈកម្មការ​សហគមន៍​ក៏បាន​ប្ដឹង​សាទុក្ខ​ករណី​នេះ​ទៅ​សាលាឧទ្ធរណ៍ ក៏ប៉ុន្តែ​ក្រោយ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល ជាង​មួយ​ឆ្នាំ ពោល​គឺ​នៅ​ខែ​មេសា ឆ្នាំ​២០១៨ នេះ មហាអយ្យកា​អម​សាលាឧទ្ធរណ៍​បានសម្រេច​រក្សា​ដីកា​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​របស់​អយ្យការ​អម​តុលាការ​ខេត្ត​កំពត ទុកជា​បាន​ការ​ដដែល។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ លើកទឹកចិត្ត​ឱ្យ​គណៈកម្មការ​សហគមន៍​ព្រៃឈើ​ភ្នំ​ទទឹង​បន្ត​សកម្មភាព​ការពារ​ព្រៃ​សហគមន៍​របស់​ខ្លួន​បន្ត​ទៅ​ទៀត ដោយ​កុំ​មានការ​ភិតភ័យ ចំពោះ​ការ​គំរាមកំហែង​របស់​ជន​ប្រព្រឹត្ត។ លោក​អះអាង​ថា លោក​កំពុង​រៀបចំ​បណ្ដឹង​បរិហារ​មួយ​ដើម្បី​ដាក់​ទៅ​អង្គការ​អយ្យការ​ខេត្ត​កំពត នៅ​ចុងខែ​សីហា​នេះ បន្ទាប់ពី​ពិភាក្សា​គ្នា​រួចរាល់​ជាមួយ​សហគមន៍។ បណ្ដឹង​បរិហារ​នេះ គឺ​ប្ដឹង​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស​ឧក្រិដ្ឋ​កាប់​រាន​ដី​ព្រៃ​កើតឡើង​ក្នុង​តំបន់​ដែល​ខ្លួន​គ្រប់គ្រង ហើយ​មិន​ចាត់​វិធានការណ៍ ឬ​មិន​រាយការណ៍​ទៅ​តុលាការ​ដើម្បី​ឱ្យ​មាន​ចំណាត់ការ​លើ​បទល្មើស​នេះ៖ «ខ្ញុំ​មាន​សេចក្ដី​រីករាយ​ដោយ​សហគមន៍​យើង​នៅ​បន្ត​ការងារ​រហូត​មក​ដល់​ពេល​នេះ ទោះបីជា​មានការ​គំរាមកំហែង​ពី​មន្ត្រី​ពាក់ព័ន្ធ និង​អ្នក​ដែល​រំលោភ​យក​ដី​ព្រៃ​សហគមន៍​ក៏ដោយ ក៏​គាត់​នៅតែ​បន្ត​ការ​តស៊ូ។ យើង​មាន​គោលការណ៍ ទោះបីជា​អ្នក​ពាក់ព័ន្ធ​ឈប់​ក៏ដោយ ក៏​អាជ្ញាយុកាល​នៃ​បទល្មើស​ឧក្រិដ្ឋ​មាន​ដល់ ១៥​ឆ្នាំ ដូច្នេះ​បើ​មិនទាន់​ហួស​អាជ្ញាយុកាល​ទេ យើង​នឹង​នៅ​បន្ត​ដាក់​បណ្ដឹង​បរិហារ​គ្រប់​ទីកន្លែង»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​កត់សម្គាល់​ថា ការ​កាប់​រានទន្ទ្រាន​ដី​ព្រៃ និង​ដី​បឹង ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នេះ បាន​កើត​ឡើង​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ និង​បាន​កើន​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ ដោយសារ​ការ​បើក​ដៃ​ពី​អាជ្ញាធរ​ដែល​ទទួល​បាន​សំណូក ឬ​ផលប្រយោជន៍​ពី​ជនល្មើស និង​វប្បធម៌​និទ្ទណ្ឌភាព ឬ​ទម្លាប់​ឱ្យ​ជនល្មើស​រួច​ទោស​ពី​សំណាញ់​ច្បាប់ ដែល​កំពុង​ចាក់​ឫសគល់​យ៉ាង​មាំ​ក្នុង​សង្គម​ខ្មែរ។ លោក​ជឿជាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថា ការ​ដាក់​បណ្ដឹង​បរិហារ​ឱ្យ​បាន​កាន់តែ​ច្រើន​នឹង​ជួយ​ជំរុញ​ឱ្យ​មាន​ការ​លុបបំបាត់​អំពើ​និទ្ទណ្ឌភាព​នេះ​ចេញ​ពី​សង្គម​កម្ពុជា។

បណ្ដឹង​បរិហារ គឺជា​បណ្ដឹង​ប្រាប់​ឱ្យ​ដឹង​នូវ​អំពើ​ល្មើស ឬ​បទល្មើស​អ្វីមួយ​ក្នុង​បំណង​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់ការ​តាម​សមត្ថកិច្ច​របស់​ខ្លួន ដែល​ច្បាប់​បាន​កំណត់។ បុគ្គល​គ្រប់រូប រួម​ទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​រដ្ឋ ឬ​រដ្ឋ​បរទេស​នានា សុទ្ធសឹងតែ​អាច​ធ្វើ​បណ្ដឹង​បរិហារ​បាន​ទាំងអស់ ហើយ​ក្រមព្រហ្មទណ្ឌ​មាត្រា ៥២៩ ចែងថា រាល់​បុគ្គល​ណា​ដែល​បាន​ដឹង​ពី​បទ​ឧក្រិដ្ឋ ដែល​អាច​នឹង​បង្ការ ឬ​បន្ថយ​អានុភាព​របស់​បទល្មើស​បាន ហើយ​មិន​ប្ដឹង​បរិហារ​ដល់​អាជ្ញាធរ​តុលាការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផ្សេងទៀត នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ខែ ទៅ ១ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ សែន​ទៅ ២ លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles