គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ត្អូញត្អែរ​ពី​បញ្ហា​ជីវភាព​ខ្លាំង​ដោយសារ​ប្ដី​នៅ​បន្ត​ជាប់ឃុំ

មួង ណារ៉េត
2018-08-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រសំណាង ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​វិញ បន្ទាប់​សាលា​ឧទ្ធរណ៍​ជំនុំ​ជម្រះ​ក្ដី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រសំណាង ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​វិញ បន្ទាប់​សាលា​ឧទ្ធរណ៍​ជំនុំ​ជម្រះ​ក្ដី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Sorn Chanratha


គ្រួសារ​របស់​សកម្មជន​គណ​បក្ស​ប្រឆាំង​ពីរ​គ្រួសារ ក្នុង​ចំណោម​សកម្មជន​ទាំង​១១​នាក់ ដែល​ប្ដី និង​ឪពុក​របស់​ពួកគេ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ កំពុង​ជួប​ការ​លំបាក ក្នុង​គ្រួសារ​យ៉ាង​ខ្លាំង ព្រោះ​ខ្វះ​ជំហរ ដែល​ធ្លាប់​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ។ ម្យ៉ាងទៀត ពួកគាត់​គ្មាន​មុខ​របប​ពិតប្រាកដ ហើយ​កំពុង​មាន​ជំងឺ​គ្មាន​ប្រាក់​ព្យាបាល។

រយៈពេល​ជិត​៤​ឆ្នាំ នៃ​ការបាត់បង់​សេរីភាព របស់​សកម្មជន​គណ​បក្ស​ប្រឆាំង​ទាំង​១១​នាក់ ទាក់ទង​ករណី​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ កំពុង​ធ្វើ​ឲ្យ​ប្រពន្ធ កូន និង​ចៅ​របស់​អ្នក​ទាំងនោះ ជួប​បញ្ហា​ជីវភាព​ក្នុង​គ្រួសារ។

ភរិយា​របស់​លោក អ៊ុក ពេជ្រសំណាង លោកស្រី ទិត្យ ណារិន ដែល​កំពុង​ចិញ្ចឹម​ចៅ ក្នុង​បន្ទុក​គ្រួសារ បាន​រៀបរាប់​ថា កូនៗ​របស់​លោកស្រី បាន​ធ្វើ​ចំណាកស្រុក ទៅ​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ ដូច្នេះ​លោកស្រី​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​ចៅៗ និង​ប្ដី​ដែល​កំពុង​ជាប់ឃុំ។ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា កាលពី​ស្វាមី​លោកស្រី គឺ​លោក អ៊ុក ពេជ្រសំណាង មិនទាន់​ជាប់ឃុំ លោក​ជា​បង្គោល នៅ​ក្នុង​គ្រួសារ។ ប៉ុន្តែ ចាប់​តាំង​ពី​ស្វាមី​ជាប់ឃុំ ជីវភាព​គ្រួសារ​ធ្លាក់​ដុនដាប​ខ្លាំង ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។

លោកស្រី ទិត្យ ណារិន សព្វថ្ងៃ​រស់នៅ​ផ្ទះ​ជាន់​ទី​៤ នៅ​សង្កាត់​ផ្សារ​កណ្ដាល រាជធានី​ភ្នំពេញ។ លោកស្រី​គ្មាន​មុខរបរ​ពិតប្រាកដ​នោះ​ទេ។ លោកស្រី​ចិញ្ចឹម​ចៅៗ​បី​នាក់​ដោយ​ពឹង​ផ្អែក​ទៅលើ​ប្រាក់ កូន​ផ្ញើ​មក​ឲ្យ ដែល​បាន​ពី​ការ​លក់​កម្លាំង​នៅ​ប្រទេស​ថៃ។ ក្រៅពី​ចាត់ចែង​ចិញ្ចឹម​ចៅៗ លោកស្រី​ត្រូវ​បែងចែក​ថវិកា​ខ្លះ ដើម្បី​យក​សួរសុខទុក្ខ​ប្ដី​ជាប្រចាំ នៅ​ពន្ធនាគារ ថែម​ទៀត​ផង។ «»

លោក អ៊ុក ពេជ្រសំណាង ជា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ ក្នុង​ចំណោម​សកម្មជន ទាំង​១១​នាក់ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់ខ្លួន​ដាក់​ពន្ធនាគារ​លើ​សំណុំ​ករណី​ហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤។ ដំបូង​ឡើយ​លោក​ជា​ពលរដ្ឋ ដែល​រង​ការរំលោភ​ដីធ្លី​ម្នាក់ នៅ​ភ្នំពេញ និង​មាន​មុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​កង់​បី ប៉ុន្តែ​ដោយសារ​ឈឺចាប់ នឹង​របប​នេះ និង​ដោយ​មើល​ឃើញ​ភាព​អយុត្តិធម៌ នៅ​ក្នុង​សង្គម ចេះតែ​មាន​ភាព​ធ្ងន់ធ្ងរ​ទៅៗ លោក​ក៏​សម្រេចចិត្ត​ចូលរួម គាំទ្រ​គណបក្ស​សង្គ្រោះជាតិ។ លោក​ត្រូវ​តុលាការ​សម្រេច​ផ្ដន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ​រយៈ៧​ឆ្នាំ។ គិត​មក​ដល់​ពេល​នេះ លោក​បាន​បាត់បង់​សេរីភាព អស់​រយៈ​ជិត ៤​ឆ្នាំ​ហើយ ដោយសារតែ​ត្រូវ​ជាប់​មន្ទីរ​ឃុំឃាំង។

កាលពី​ថ្ងៃ​តុលាការ​ក្រុង​ភ្នំពេញ​ប្រកាស​សាលក្រម ផ្ដន្ទាទោស​ទោស លោក អ៊ុក ពេជ្រសំណាង និង​សកម្មជន ១០​នាក់​ផ្សេងទៀត ចំ​ថ្ងៃ​ដែល​កូនប្រុស​ច្បង​របស់​លោក ត្រូវ​ទទួល​មរណភាព។

តុលាការ​គ្រប់​ជាន់ថ្នាក់ នៃ​របប​ក្រុងភ្នំពេញ ដែល​រង​ការចោទប្រកាន់ ថា​ស្ថិត​ក្នុង​ការ​បង្គាប់​បញ្ជា​ពី​លោក ហ៊ុន សែន មិនបាន​កែប្រែ​បទ​ចោទ ឬក៏​អនុញ្ញាត​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង ឬ​លោក អ៊ុក ពេជ្រ​សំណាង នៅ​ក្រៅ​ឃុំ​បាន​នោះ​ទេ ទោះ​ពួកគេ​ប្ដឹង​ជំទាស់ យ៉ាងណា​ក៏​ណា​ក្ដី។ នៅ​ពេល​មានការ​បើកសវនាការ​ម្តងៗ ភរិយា​លោក អ៊ុក ពេជ្រសំណាង តែងតែ​ស្រែក​ទ្រហោយំ នៅ​មុខ​តុលាការ ព្រោះតែ​ការណ៍​ដែល​របប​លោក ហ៊ុន សែន នៅតែ​មិន​ផ្ដល់​សេរីភាព ដល់​អ្នក​ជាប់ឃុំ​ទាំងនោះ។ «»

សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​១១ រូប​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ រង​បទ​ចោទ​ថា ចូលរួម​និង​ដឹកនាំ​ចលនា​កុប្បកម្ម ញុះញង់​នាំ​ឲ្យ​មានការ​រើសអើង​ដែល​ម្នាក់ៗ​ប្រឈម​ជាប់ ពន្ធនាគារ​ពី ៧​ឆ្នាំទៅ ២០​ឆ្នាំ។

ចំណែក​ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​ទៀត ដែល​ស្វាមី​កំពុង​ជាប់ឃុំ​ដែរ​នោះ គឺ​លោកស្រី ឡេង កល្យាណ ជា​ភរិយា របស់​លោក ឃិន ជំរឿន ក៏​កំពុង​ជួប​បញ្ហា ជីវភាព ប្រចាំថ្ងៃ ហើយ​កូន​ក្នុង​បន្ទុក​ក៏​ឈឺ​ទៀត។

លោកស្រី ឡេង កល្យាណ ប្រាប់​ថា ចាប់​តាំង​ពី​ស្វាមី​ជាប់ឃុំ លោកស្រី​បាន​ប្រកប​មុខ​របរ​លក់ដូរ​តិចតួច​នៅផ្ទះ ហើយ​ត្រូវ​ចិញ្ចឹម​កូន​ពីរ​នាក់​កូន​ក្នុង​បន្ទុក កូន​ទី​០១​កំពុង​រៀន​ថ្នាក់​ទី​៤ ចំណែក កូន​ទី​២​ពិការ​ជើង មិន​អាច​ដើរ​ទៅ​ណា​បាន។

លោកស្រី​ត្អូញត្អែរ​ថា ពេលនេះ​លោកស្រី​ស្ទើរតែ​គ្មាន​ប្រាក់​ទៅ​សួរ​សុខ​ទុក​ទុក្ខ ប្ដី​នៅ​ពន្ធនាគារ​ទេ​ព្រោះ​ពេល​ធ្វើ​ដំណើរ​ម្តងៗ​ត្រូវ​ចំណាយ​ថវិកា​អស់​ច្រើន។ «»

ស្វាមី​របស់ លោកស្រី ឡេង កល្យាណ គឺ លោក ឃិន ជំរឿន ជា​សកម្មជន​បក្សសង្គ្រោះជាតិ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ជាប់ពន្ធនាគារ ចំនួន​២០​ឆ្នាំ កាលពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៥ ពី​បទ​ចូលរួម និង​ដឹកនាំ​ចលនា​កុប្បកម្ម ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។

សាច់ញាតិ​អ្នក​ជាប់ឃុំ​តែងតែ​បង្ហូរទឹកភ្នែក​យំ​ខ្សឹកខ្សួល នៅ​ពេល​តុលាការ​បើក​សវនាការ​បណ្ដឹង សុំ​នៅ​ក្រៅ​ឃុំ​ម្តងៗ ឬក៏​បណ្ដឹង​សាទុក្ខ​ចំពោះ​ការចោទប្រកាន់ របស់​តុលាការ​ក្រុងភ្នំពេញ នៅ​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល ត្បិត​អី​ពួកគេ​ត្រូវ​តុលាការ​បដិសេធ​សំណើ​រហូត។ ជាង​នេះ​ទៅ​ទៀត រៀងរាល់​មាន​ពិធី​បុណ្យជាតិ​ធំៗ ដែល​ជា​ឱកាស​ពួកគេ​អាច​នឹង​ត្រូវ​បន្ធូរបន្ថយ​ទោស ឬ​ទទួល​បាន​ការ​ដោះលែង ក៏​គ្មាន​ឱកាស​នោះ​ដែរ។

អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ទុក្ខវេទនា​របស់​ក្រុម​សាច់ញាតិ​មន្ត្រី​បក្ស មិន​បាន​ធ្វើ​ឲ្យ​ដែល​ចោទប្រកាន់​បក្ស​ប្រឆាំង ទន់​ទោរ​ចិត្ត​ឡើយ។ លោក​បណ្ឌិត​ព្រួយ​បារម្ភ​ថា បើ​គ្មាន​ការ​ចរចា​ណាមួយ​កើត​ឡើង​ទេ អ្នក​រង​ទុក្ខ​មិនមែន​តែ​អ្នកនយោបាយ​ប៉ុន្មាន​នាក់​នេះ​ទេ គឺ​ប្រទេស​កម្ពុជា​នឹង​ជួប​វិបត្តិ ព្រោះ​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ។ «»

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​ការចោទប្រកាន់​របស់​តុលាការ​របប​លោក ហ៊ុន សែន មក​លើ​អ្នក​ទាំង ១១​នាក់​នោះ គឺជា​ការ​ប្រឌិត​បទ​ចោទ ដើម្បី​ដាក់​បន្ទុក​បក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ។

ទាក់ទង​ការ​ជំនុំជម្រះ​ករណី​នេះ​ក្នុងអំឡុង​ពេល​សវនាការ ត្រូវ​បាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) មើលឃើញ​ថា មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​យ៉ាង​ខ្លាំង។ ភស្តុតាង​ជា​វីដេអូ ដែល​ត្រូវ​បាន​ដាក់​ជូន​តុលាការ បាន​បង្ហាញ​ថា ជនជាប់ចោទ​មួយ​ចំនួន មាន​ភាព​សកម្ម នៅ​ក្នុង​ការ​ព្យាយាម​រារាំង​មិន​ឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង ហើយ​បាន​ជួយ​ការពារ​សមាជិក​សន្តិសុខ​ខណ្ឌ​ដែល​រង​របួស​ទៀត​ផង។

អ្នកវិភាគ​នយោបាយ​យល់ថា ករណី​នេះ​ជា​រឿង​នយោបាយ​ដូច្នេះ​ទាល់តែ​មាន​ដំណោះស្រាយ​នយោបាយ​ទើប​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ ទទួល​បាន​យុត្តិធម៌ និង​សេរី​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment