ដើមឈើ​ផលិត​ជ័រទឹក​ជិត​មួយ​ពាន់​ដើម​ថ្មី​ទៀត​ត្រូវ​គេ​កាប់​លក់​នៅ​តំបន់​ព្រៃ​ឡង់​ខេត្ត​ក្រចេះ

វ៉ែន សុមេធ
2018-08-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គល់​ដើម​ឈើ​ផលិត​ជ័រ​ទឹក ឋិត​ក្នុង​ចំណុច​អូរជាំ ដែន​ជម្រក​សត្វ​ព្រៃឡង់ នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ដែល​ឈ្មួញ​លួច​កាប់ កាល​ពីថ្ងៃទី២៩ កក្កដា។ Photo provided
គល់​ដើម​ឈើ​ផលិត​ជ័រ​ទឹក ឋិត​ក្នុង​ចំណុច​អូរជាំ ដែន​ជម្រក​សត្វ​ព្រៃឡង់ នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ដែល​ឈ្មួញ​លួច​កាប់ កាល​ពីថ្ងៃទី២៩ កក្កដា។ Photo provided


ដើមឈើ​ផលិត​ជ័រទឹក ដែល​ជា​ឆ្នាំងបាយ​របស់​ពលរដ្ឋ​មួយ​ចំនួន នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ​ខេត្ត​ក្រចេះ បាន​ទទួលរង​ការ​កាប់​បំផ្លាញ​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ អស់​ជិត ១​ពាន់​ដើម ជា​ថ្មី​ទៀត។ ពលរដ្ឋ​ជា​ម្ចាស់​ដើម​ច្បោះ​បាន​កំណត់​អត្តសញ្ញាណ​ជនល្មើស​មួយ​ចំនួន​នៅ​មូលដ្ឋាន និង​ផ្ដល់​ព័ត​មាន​ទៅ ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន និង​អាជ្ញាធរ តែ​គ្មាន​ប្រសិទ្ធភាព។

ដើម​ច្បោះ​មិនទាន់​គ្រប់​អាយុ​ដុត​យក​ជ័រទឹក មានមុខ​កាត់​ចាប់ពី ៣​តឹក​ឡើង​ទៅ និង​ច្បោះ​ដែល​អ្នកភូមិ​ប្រមូល​ផល​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ បាន​ទទួលរង​កាប់​បំផ្លាញ​ធ្វើ​អាជីវកម្ម​រឹត​តែ​ខ្លាំង​ឡើង នៅ​ចំណុច​អូរជាំ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់ គ្មាន​ការទប់ស្កាត់។

ពលរដ្ឋ​រស់នៅ​ភូមិ​អា​ជេន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ សីហា​ថា មនុស្ស​ច្រើន​ក្រុម​ប្រដាប់​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ជិត ២០​គ្រឿង បាន​អារ​រំលំ​ឈើ​ច្បោះ របស់​ពួកគាត់​អស់​ជិត ១​ពាន់​ដើម​ជា​ថ្មី​ទៀត នៅ​រយៈពេល​៣​សប្ដាហ៍​ចុងក្រោយ​នេះ។ លោក​ថា អ្នកភូមិ​ដែល​បាន​ទៅដល់​ទីតាំង​នោះ ប្រទះ​គល់​ធំ​ច្បោះៗ​រាប់​រយ​ដើម និង​ចម្រៀក​ឈើ​ច្បោះ​តិចតួច ដែល​ជនល្មើស​អារ​ច្រៀក​រួច​ដឹក​តាម​គោយន្ត​ចេញ​ក្រៅ។ លោក​បន្ថែម​ថា គ្រួសារ​លោក​បាត់បង់​ដើម​ច្បោះ​ជាង ១​រយ​ដើម​ថ្មី​ទៀត​រួច បាន​ផ្ដល់​ដំណឹង​ទៅ​មន្ត្រី​បរិស្ថាន​ប្រចាំការ​តំបន់​នោះ តែ​គ្មាន​ពន្លឺ​លទ្ធផល។ លោក​បន្ថែម​ថា ឈ្មួញ​ខ្លះ​ជា​មន្ត្រី​យោធា​ផង ចាំ​ទទួល​ទិញ​ឈើ​ច្បោះ​ក្នុង​តម្លៃ​ខ្ពស់ រួច​ដឹក​តាម​រថយន្ត​យី​ឌុប​ទៅ​ក្រៅ ទំនង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។ លោក​ថា ជនល្មើស​ខ្លះ​បាន​សារភាព​ថា ពួកគេ​ចូល​អារ​ឈើ​បាន លុះ​ត្រា​បង់​ប្រាក់​ឲ្យ​មន្ត្រី​បរិស្ថាន​ម៉ាស៊ីន​មួយ​គ្រឿង ២០​ម៉ឺន​រៀល ឬ​ស្មើ​៥០​ដុល្លារ ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់៖ «ជនល្មើស​កាប់​ច្បោះ​ជ័រ​ពលរដ្ឋ​អស់​អា​លីង ម្តុំ​អូរជាំ កាប់​ទាំង​លើ​ក្រោម​អស់​ច្រើន​ណាស់ ប៉ុន្មាន​ហិកតារ​កាប់​ឡើង​ពាយ​តែម្ដង។ និយាយ​រឿង​មន្ត្រី​បរិស្ថាន ខ្ញុំ​តឹង​ទ្រូង​ហ្មង លទ្ធផល​អត់​មាន​ប្រសិទ្ធភាព និយាយ​ក្រឡេចក្រឡុច ខ្ញុំ​ឈប់​ពឹង​តែម្ដង»

បុរស​ដដែល​បន្ថែម​ថា ប្រសិនបើ​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច មាន​ឆន្ទៈ​អភិរក្ស​ព្រៃឈើ ពួកគេ​ច្បាស់​ជា​អាច​បង្ក្រាប​សកម្មភាព​បំផ្លាញ​ព្រៃឈើ​នេះ​បាន ព្រោះ​មេខ្លោង​កាប់​ច្បោះ​ជិត​១០​នាក់ នៅ​មូលដ្ឋាន ក្នុង​នោះ​មាន​មន្ត្រី​យោធា​ផង អ្នកភូមិ​បាន​កំណត់​អត្តសញ្ញាណ​អស់ហើយ និង​បាន​ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់ តែ​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ​នៅតែ​ស្ទាក់ស្ទើរ។ លោក​ថា ឈើ​មូល​ធំៗ​រួមមាន ផ្ចឹក បេង សុក្រំ និង​គគីរ​ជាដើម ក្នុង​តំបន់​ព្រៃឡង់ ត្រូវ​គេ​កាប់​អស់ទាំង​ស្រុង ហើយ​មក​ទល់​ពេល​នេះ នៅ​សេសសល់​តែ​ដើមឈើ​ផលិត​ជ័រទឹក​តិចតួច ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ក៏​កំពុង​ប្រឈម​វិនាស​ហិនហោច៖ «ប៉ុន្មាន​ឆ្នាំមុន ១០​ឆ្នាំ មុនគេ​កាប់​ដែរ ១ ដើម និង ២​ដើម តែ​ឥឡូវ អស់​បេង នាងនួន និង សុក្រំ វា​សម្រុក​កាប់​ច្បោះ ខ្លះ​ទិញ​ពី​ពលរដ្ឋ​មួយ ដើម ២​ម៉ឺន និង ៣​ម៉ឺន ចេះតែ​លក់​ទៅ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ លោក ដួង ឆាយសាវុធ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល។ រីឯ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ទី១១ សីហា។

អ្នកភូមិ​ថា តំបន់​ព្រៃ​ឡង់​នៅ​ចំណុច​អូរជាំ ជា​ជម្រក​ដើមឈើ​ផលិត​ជ័រទឹក​រាប់​ម៉ឺន​ដើម ដែល​នៅ​សេសសល់​ច្រើន​ជាងគេ និង​ជា​ជម្រក​សត្វ​ស្វាព្រៃ​ច្រើន​ប្រភេទ​រស់នៅ។ ចំណុច​អូរជាំ ក៏​ជា​ជម្រក​សត្វ​កន្ធាយ​កន្ទុយកង្កែប ដែលជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​ពង​កូន និង​រស់នៅ តែ​បើ​ដើម​ច្បោះ​វិនាស​ហិនហោច​មែន​នោះ សត្វ​កម្រ​ទាំងនោះ​នឹង​ផុត​ពូជ​ដែរ។

ក្រុម​ស្នូល​សហគមន៍​ការពារ​ព្រៃឡង់ ខេត្ត​ក្រចេះ ថ្លែង​សុំ​លាក់​អត្តសញ្ញាណ កត់​សម្គាល់​ថា ពាក្យ​បណ្ដឹង​របស់​អ្នកភូមិ​រាប់មិនអស់ ប្ដឹង​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន ការពារ​ដើម​ច្បោះ​របស់​ខ្លួន តែ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ជា​យូរ​ណាស់​មក​ហើយ ធ្វើ​ឲ្យ​អ្នកភូមិ​អស់​ជំនឿ។ លោក​ថា មន្ត្រី​អនុវត្ត​ច្បាប់​ព្រៃឈើ​សុទ្ធ​សឹង តែ​ក្រោម​បញ្ជា​មន្ត្រី​គណបក្ស​កាន់អំណាច នៅ​គ្រា​ដែល​ពួកគេ​អនុវត្ត​ច្បាប់​ខ្លាំង ត្រូវ​មន្ត្រី​បក្ស​ស្តី​បន្ទោស​ថា ប៉ះពាល់​ដល់​កិត្តិយស​គណបក្ស​ប្រជាជន។ លោក​គ្មាន​សង្ឃឹម​បន្តិច​សោះ​ថា អាជ្ញាធរ​ដោះស្រាយ​រឿង​នេះ​ជូន​ពលរដ្ឋ ព្រោះ​ឥទ្ធិពល​អ្នក​កាប់​ឈើ​ហាក់​គ្រប់​ដណ្ដប់​លើ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ៖ «វា​ពិបាក​មែនទែន រាល់ថ្ងៃ​អំណាច​មក​លើ​តែ​អាជ្ញាធរ នៅ​ពេល​យើង​ចុះ​អ៊ីចឹង​ទៅ​បែក​ការណ៍។ នៅ​គ្រា​យើង​មិន​រាយការណ៍​ប្រាប់​គេ ហ្នឹង​គេ​រករឿង​យើង។ មន្ត្រី​អនុវត្ត​ការងារ​សុទ្ធ​ក្រោម​មន្ត្រី​បក្ស។ សូម្បី​មុន​បោះឆ្នោត អត់​ឲ្យ​សហគមន៍​ឃាត់​ទេ ខ្លាច​ប៉ះពាល់​សន្លឹកឆ្នោត»

សហគមន៍​ការពារ​ព្រៃឡង់​អង្កេត​ឃើញ​ថា ប្រាក់ចំណូល​របស់​ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​ព្រៃឡង់ បាន​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​ដើម​ច្បោះ​ពួកគាត់​បាន​បាត់បង់​ស្ទើរ​ទាំងស្រុង ម្យ៉ាងទៀត​អាជ្ញាធរ​តែងតែ​ធ្វើ​ទុក្ខបុកម្នេញ លើ​ពលរដ្ឋ​ណា ដែល​ចេញមុខ​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ។

អ្នកភូមិ​ចាត់​ទុក​ឆ្នាំ​២០១៨ ទើបតែ​បោះឆ្នោត​រួច​នៅ​អាណត្តិ​ទី​០៦​នេះ ជា​វិនាសកម្ម​ដើមឈើ​ផលិត​ជ័រទឹក ក្នុង​ដែន​ជម្រក​សត្វព្រៃ ឡង់​ទ្រង់ទ្រាយ​ធំ។

កន្លងទៅ​ពលរដ្ឋ​រស់នៅ​ឃុំ​កំពង់ចាម ធ្លាប់​ដាក់ពាក្យ​ប្ដឹង​ឈ្មួញ​ឈើ និង​ក្រុមហ៊ុន​ស៊ីបាយអូថេក (Ci-Biotech) ច្រើន​សា​ពី​បទ​កាប់​បំផ្លាញ​ដើមឈើ​ផលិត​ជ័រទឹក​អស់​ច្រើន​រាប់ពាន់​ដើម តែ​រហូត​មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​មិន​ដល់​១០​គ្រួសារ​ទេ ដែរ​ទទួល​បាន​សំណង​តិចតួច ជំនួស​ពី​ការបាត់បង់​ដើម​ច្បោះ​ជ័រ​របស់​ខ្លួន ដែល​ធ្លាប់​ទទួល​ផល​ពី​ការ​ដុត​យក​ជ័រទឹក​លក់​ក្នុង​មួយ​ខែៗ​ច្រើន​លាន​រៀល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles