បុត្រ​ច្បង​សម្ដេច​ក្រុមព្រះ​ត្រូវ​តែងតាំង​ជា​ប្រធាន​បក្ស​ស្ដីទី​ជំនួយ​បិតា​ដែល​អាច​ពិការ​មួយ​ជីវិត

មួង ណារ៉េត
2018-08-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ព្រះរាជ​បុត្រា​ច្បង​របស់​ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។ Screenshot
ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ព្រះរាជ​បុត្រា​ច្បង​របស់​ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។ Screenshot


ព្រះរាជ​បុត្រា​របស់​ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណបក្ស​ស្ដីទី ជំនួស​ព្រះអង្គ ដែល​អាច​ពិការ​មួយ​ជីវិត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

សេចក្ដី​សម្រេច​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ឡាយ​ព្រះហស្តលេខា ដោយ​ទ្រង់ រណឫទ្ធិ កាលពី​ថ្ងៃ​ទី៨ ខែ​សីហា តែងតាំង​ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ក្នុង​តំណែង​នេះ ដើម្បី​ដឹកនាំ​បក្ស ដោយសារ​អវត្តមាន​ប្រធាន​គណបក្ស ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជា​ព្រះរាជ​បុត្រា​ច្បង​របស់ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ជាមួយ​ម្ចាស់​ក្សត្រិយ៍ ម៉ារី រណឫទ្ធិ។

ការ​តែងតាំង​ប្រធាន​ស្តីទី​នេះ ធ្វើឡើង​ដោយសារតែ​ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ កំពុងតែ​បន្ត​សម្រាក​ព្យាបាល​ព្រះរាជ​សុខភាព នៅ​មន្ទីរពេទ្យ​នៅ​ឡើយ តាំង​ពី​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ពាក់​កណ្ដាល​ខែ​មិថុនា ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​រង​របួស​ធ្ងន់ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​បាត់បង់​ជីវិត។

ទោះបី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច អះអាង​ថា ព្រះអង្គម្ចាស់ រណឫទ្ធិ ប្រាប់​អាស៊ីសេរី តាំង​ពី​ដំបូង ថា​ព្រះអង្គ បាន​ធូរស្បើយ​ច្រើន និង​រហូត​អះអាង​ថា ព្រះអង្គ​អាច​មក​ចូលរួម​ក្នុង​យុទ្ធនាការ បោះឆ្នោត​កាលពី​ខែ កក្កដា យ៉ាង​ណា​ក្តី ក៏​ព្រះអង្គ​មិន​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​កន្លងទៅ​នេះ​បានទេ។ មិនតែប៉ុណ្ណោះ សារព័ត៌មាន​ចិន The South China Morning Post ចុះផ្សាយ​តាំងពី​ថ្ងៃ​ទី ១២ ខែ​កក្កដា មក​ម្ល៉េះ ថា​ព្រះអង្គ​នឹង​ត្រូវ​ពិការ ដោយ​ត្រូវ​ប្រើ​រទេះរុញ​រហូត​ថែម​ទៀត​ផង។

ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ច្រាន​ចោល​ព័ត៌មាន​នេះ៖ «ទេ​!​អត់​ទេ​! ពី​ព្រោះថា អាច​ថា​អ៊ីចឹង​ដែរ ប៉ុន្តែ​ខ្ញុំ​សន្និដ្ឋាន​ទេ ព្រោះ​លោក​ប៉ះពាល់​ជើង​! ប៉ុន្តែ រឿង​ប៉ះ​ជើង មិន​អាច​ក្នុង​កន្លះ​ខែ ឬ​មួយ​ខែ អាច​ស្រួល​ភ្លាម​ទេ​! ព័ត៌មាន​ដែល​គេ​ផ្សាយ​ថា ព្រះអង្គ​អាច​នឹង​ពិការ​ជីវិត គឺជា​ព័ត៌មាន​មិន​ត្រឹមត្រូវ​ទេ»

គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​ទទួល​បាន​អាសនៈ នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ ខែ​កក្កដា​កន្លង​ទៅ​នេះ​ទេ។ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ថា ការណ៍​ដែល​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ងាក​ចាប់​ដៃ​ជាមួយ​លោក ហ៊ុន សែន គឺជា​ការ​បង្ហាញ​ជំហរ​មិន​ច្បាស់លាស់ ទើប​ប្រជាពលរដ្ឋ​ដក​សេចក្ដីទុកចិត្ត លែង​បោះឆ្នោត​ជូន​បក្ស​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles