ប្រតិ​កម្ម​ធ្លាក់​មក​ជា​ថ្មី​ទៀត​ ខណៈ​លទ្ធ​ផល​បណ្តោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត​ចេញ​ម្សិល​មិញ

ដោយ អ៊ឹង ប៊ុនថន
12/08/2018
RFI

media
ពលរដ្ឋពិនិត្យឈ្មោះមុនពេលចូលទៅបោះឆ្នោតថ្ងៃ២៩កក្កដា
@សហការី


ប្រតិ​កម្ម​នានា​បាន​ចាប់​ផ្តើម​ធ្លាក់​មក​ជាថ្មី​ទៀត​​ ​បន្ទាប់​ពី​គណៈ​កម្មាធិការ​ជាតិ​​​រៀប​​​ចំ​​ការ​​បោះឆ្នោត​ កាល​ពី​ម្សិល​មិញ​បាន​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន​ ដែល​បង្ហាញ​ថា​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​សំឡេង​ច្រើន​លើស​លប់ ​ដែល​អាច​ឈាន​ទៅគ្រប់​គ្រង​អាសនៈ​ទាំង​អស់​នៃរដ្ឋ​សភា​។​ ​តែ​លទ្ធផល​នេះ ​ត្រូវ​បាន​ ក្រុម​ព្រះសង្ឃ​ខ្មែរ​នៅក្រៅ​ប្រទេស​ ចាត់​ទុក​ថា​ជា​ការ​បោះឆ្នោត​មិន​ស្រប​តាម​លទ្ធិ​ប្រជា​ធិប​តេយ្យ ​ខណៈ​លោក​ សម​ រង្ស៊ី ​បាន​ហៅលទ្ធ​ផល​​នេះ​ថា​ជាល្បិច​​របស់​​គណ​បក្ស​​ប្រជាជន​កម្ពុជា​។​ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ ​គណ​បក្ស​កាន់​អំណាច​នៃ​ប្រទេស​ជប៉ុន​បាន​អប​អរ​​ជ័យ​ជំនះ​របស់​​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ជា​ថ្មី​ទៀត​នេះ​។​

តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​រួម ចំ​ថ្ងៃចេ​ញ​លទ្ធ​ផល​បណ្តោះ​អាសន្ន​ ក្រុម​ព្រះសង្ឃ​ខ្មែរ​នៅប្រទេស​បារាំង​ អ៊ឺរ៉ុប អូស្ត្រាលី ​និងអាមេរិក ​ដែល​ថា​តំណាង​ឲ្យ​១៧​វត្ត និង​សមាគម​ បានបដិសេធ​មិន​ទទួល​ស្គាល់ការ​បោះឆ្នោត​នៅកម្ពុជា​អាណត្តិ​ទី​៦នេះ​ទេ​។ ​ក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​ដែល​នាំ​មុខ​ដោយ​មាន​ព្រះហស្ត​លេខា ​របស់​ព្រះសង្ឃ ​ប៊ុត ​ប៊ុនតិញ​ បាន​ប្រកាស​ធ្វើមោឃភាព​ ទាំង​ការ​បោះឆ្នោត ​លទ្ធផល​បោះឆ្នោត ​និង​គម្រោង​បង្កើត​រដ្ឋាភិបាល​ថ្មី​ដោយ​ឯក​បក្សនេះ​។

ភ្លាមៗ​ក្រោយ​​ពី​លទ្ធផលបណ្តោះអាសន្ន​បង្ហាញថា​គណបក្ស​ប្រជាជន​កម្ពុជាឈ្នះឆ្នោត​លើសលប់ ដែលអាចឈានទៅគ្រប់គ្រងអាសនៈទាំងអស់នៃរដ្ឋសភានោះ លោក​សម រង្ស៊ី បាន​សរសេរលើហ្វេសប៊ុក​របស់លោក​ថា លទ្ធផល​នេះ គឺជាល្បិច​របស់​គណបក្ស​ប្រជាជនកម្ពុជា។ តាមលោក​សម រង្ស៊ី ប្រសិនបើ​មាន​វត្ត​មានអតីត​គណបក្ស​សង្គ្រោះ​ជាតិ នោះ​លទ្ធផល​បោះឆ្នោត នឹ​ងមិនអាចនាំឲ្យគណបក្ស​ប្រជាជន​កម្ពុជា មានសំឡេង​ច្រើនបែបនេះឡើយ។

ប៉ុន្តែតាមរយៈលទ្ធផលបោះឆ្នោតនេះ លោក ហ៊ុន សែន វិញបានប្តេជ្ញាតាម​ទំព័រហ្វេស​ប៊ុក​របស់លោកនៅព្រឹកថ្ងៃសៅរ៍ថា លោកនឹងមិនឲ្យប្រជាពលរដ្ឋខកបំណងឡើយ ហើយថាច្បាស់ណាស់ គឺកម្ពុជាត្រូវការសុខសន្តិភាពយូរអង្វែង ដើម្បីមានពេលវេលា​គ្រប់​គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន។ ជាមួយគ្នានោះ ហ្វេសប៊ុករបស់លោក​ ហ៊ុន សែន ក៏បានផ្សាយថា ​មន្រ្តីគណបក្ស​កាន់អំណាច​នៃ​ប្រទេស​ជប៉ុន បានយក​លិខិត​អបអរសាទរ​ជ័យជំនះ​របស់​គណបក្សប្រជាជនកម្ពុជានេះ មកជូន លោក ហ៊ុន សែន ផ្ទាល់ដៃ កាលពីថ្ងៃទី១០ខែសីហា។

យ៉ាងណាក៏ការ​អបអរសាទរ​របស់​បក្ស​កាន់អំណាចនៃប្រទេសជប៉ុននេះ ផ្ទុយគ្នា​​ទៅ​នឹង​ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន ដែលបានប្រកាស​នៅ​ពេល​ថ្មីៗ​នេះ ដោយសំដែង​ការ​ខក​ចិត្ត​ ចំពោះ​ការ​បោះឆ្នោតនៅកម្ពុជា ដែលដូចគ្នានឹងសម្ព័ន្ធមិត្តរបស់ខ្លួនដែរ។ សម្ព័ន្ធមិត្តរបស់ជប៉ុន ដែលរួម​មាន អាមេរិក សហភាពអ៊ឺរ៉ុប បារាំង អង់គ្លេស អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម។

ផ្ទុយពីប្រទេសលោកសេរីទាំងនេះ ប្រទេស ចិន វៀតណាម ឡាវ ថៃ និង ឥណ្ឌា ជាដើម បានប្រកាស​គាំទ្រការបោះឆ្នោតនៅកម្ពុជា​អាណត្តិនេះ៕

What Next?

Recent Articles