រដ្ឋាភិបាល​​បញ្ជូន​ឯក​សារចុង​ក្រោយ​ឆ្លើយ​តប​ទៅ​ EU ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះពន្ធ​​ផ្ដល់​មក​កម្ពុជា

| |
https://vodhotnews.com

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស (រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)


រដ្ឋាភិបាល​បាន​បញ្ជូន​​ឯក​សារ​ចុង​ក្រោយ​​ឆ្លើយ​តប​ទៅនឹង​​សហគមន៍​អឺរ៉ុប​​ហើយ ពាក់​ព័ន្ធ​​នឹង​ការ​អនុវត្ត​នានារបស់​កម្ពុជា ​​នៅ​ក្រោម​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​​ «អ្វី​គ្រប់​យ៉ាង លើក​លែង​តែ​អាវុធ» ហៅ​កាត់​ថា EBA ដែល​ត្រូវ​បាន​ផ្ដល់​មក​ឲ្យ​ប្រទេស​មួយ​នេះ។

ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រោយ​ជំនួប​រវាង​ក្រុម​ការងារ​រដ្ឋាភិបាល​កម្ពុជា និង​​ក្រុម​មន្ត្រី​សហភាព​អឺរ៉ុប។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស ​លោក កេត សោផាន់ មាន​ប្រសាសន៍​ថា សំណួរ​ដែល​​អឺរ៉ុប​បាន​ចោទ​សួរ​នោះ​ ជា​សំណួរ​ដែល​ទាក់​ទង​នឹងការ​អនុ​វត្តរបស់​កម្ពុជាទៅ​លើ​​សិទ្ធិ​ការ​ងារ និង​សិទ្ធិ​មនុស្ស ប៉ុន្តែ​ថា ពុំ​ពាក់​ព័ន្ធ​នឹងបញ្ហា​​នយោបាយ​នោះ​ទេ។


គេ​គ្រាន់​តែ​សួរ​យើង​ពាក់​ព័ន្ធ​នឹង​ការអនុវត្តន៍​អនុសញ្ញាទាំង​១៥​ហ្នឹង យើង​បាន​ឆ្លើយ​ប្រាប់​គេហើយ​ថា​យើង​អនុវត្តន៍​ដល់​ដំណាក់​កាល​ណាហើយ​ការ​អនុវត្តន៍​របៀប​មិច

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស ​លោក កេត សោផាន់


អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌ លោក ជិន ម៉ាលីន ដែល​សមាជិក​មួយ​រូប​នៅ​ក្នុង​ក្រុម​ការងារ​រដ្ឋាភិបាល​នោះ ក៏​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​បុក​របស់លោក​ផងដែរថា​ ពេល​នេះ​នៅ​សល់​តែ​កា​រឆ្លើយ​តប​ពី​សហ​ភាព​អឺរ៉ុប​មក​កម្ពុជា​វិញ​ប៉ុណ្ណោះ។


ពេលនេះ ប្រជាពលរដ្ឋកម្ពុជា ១៥លាននាក់​ដែលទទួល​ប្រយោជន៍​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​ពី​កម្មវិធី​អនុគ្រោះពន្ធនេះ កំពុងរង់ចាំនូវការសម្រេចរបស់សហគមន៍អឺរ៉ុប ហើយសង្ឃឹម​ថា ការសម្រេច​នេះនឹង​ផ្អែក​លើ​ប្រយោជន៍​​ជាតិ​របស់កម្ពុជាជាធំ ជាជាងប្រយោជន៍នយោបាយរបស់ក្រុមណាមួយ

អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌ លោក ជិន ម៉ាលីន


សហភាព​អឺរ៉ុប បាន​ព្រមាន​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​នេះ តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​ពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ការ​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ និង​អ្វី​ដែល​គេ​ហៅ​ថា ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា​នៅ​កម្ពុជា។

ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា លោក George EDGAR បានឆ្លើយតបតាមសារអេឡិចត្រូនិចអ៊ីម៉ែលមក VOD នៅ​ថ្ងៃ​នេះ​ថា លោក​មិនទាន់អាចបញ្ជាក់បាន​ថា ពេលណាទៅ​ទើប​សហភាព​អឺរ៉ុបនឹង​ឆ្លើយតបមកកម្ពុជានៅឡើយទេ តែលោកថា ចម្លើយរបស់រដ្ឋាភិបាលកម្ពុជា នឹងត្រូវបានពិនិត្យសិក្សាដោយសហភាពអឺរ៉ុប និងជារឿងដែលសំខាន់មួយសម្រាប់ការសម្រេចចិត្តដោយគណៈកម្មការអឺរ៉ុប និង​ក្រុមការងារនយោបាយ​ការបរទេសរបស់អឺរ៉ុប។


ខ្ញុំ​អាច​បញ្ជាក់​បាន​ថា ព័ត៌មាន​ដែល​ផ្ដល់​ដោយ​រាជ​រដ្ឋាភិបាល​ នឹង​ត្រូវ​បាន​យក​ទៅ​សិក្សា​ដោយ​ហ្មត់​ចត់​ពី​ EU ហើយ​នឹង​ក្លាយ​ទៅ​ជា​ធាតុ​បញ្ចូល​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ដំណើរការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ពី​សំណាក់​គណៈកម្មការ​អឺរ៉ុប និង​ទីភ្នាក់ងារ​សកម្មភាព​ផ្ទៃ​ក្នុង​អឺរ៉ុប​ (EEAS)។ ដំណើរការ​បច្ចុប្បន្ន​នៃ​​ការ​ជាប់​ព័ន្ធ​ពាក់​​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម អ្វី​គ្រប់​យ៉ាង​ លើក​លែង​តែ​អាវុធ នេះ ឆ្លុះ​បញ្ចាំង​ពី​កង្វល់​ជុំ​វិញ​ស្ថានការណ៍​នៅ​កម្ពុជា ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​មួយ​ចំនួន

ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា លោក George EDGAR


បញ្ហា​នេះ​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​សម្រេច​បញ្ជូន​គណៈប្រតិ​ភូពិសេស​ទៅ​កាន់​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា​កន្លង​មក ដើម្បី​បញ្ចុះ​បញ្ចូល​ទប់​ស្កាត់​វិធានការ​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​​ពន្ធ​នេះ។

អ្នកជំនាញ​សេដ្ឋកិច្ច​ លោក ង៉ែត ជូ លើកឡើងប្រាប់ ​VOD កាល​ពី​ថ្ងៃ​ទី​២៧ កក្កដាថា ប្រព័ន្ធអនុគ្រោះព​ន្ធ​​នេះ ​​បាន​​​ផ្ត​​ល់​អត្រា​កំណើន​សេដ្ឋកិច្ច​ដល់​ទៅ ៤០% និងផ្តល់​ឱ​កា​ស​ដល់​អ្នកវិនិ​យោគផ្នែកវិស័​យ​កា​ត់​​​ដេរ មា​នលទ្ធភា​ពប្រ​​​កួត​​​ប្រជែ​ង​ជា​​​​មួ​​យ​ប្រទេ​ស​​ជិ​​​តខាង និងស្រូប​យកកម្លាំង​ពលកម្មក្នុង​ស្រុ​​ក​ដល់ជាង ៨០ម៉ឺននាក់។

លោក​បាន​បង្ហាញ​ក្តីបារម្ភ​ថា ប្រសិនជា​កម្ពុជា​លែង​ទទួល​បាន​ការ​លើក​លែង​ពន្ធ​នេះ​តទៅ​ទៀត វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ជា​ច្រើន​លាន​នាក់​នៅកម្ពុជា។


កាលណាវាលែងមានប្រព័ន្ធអនុគ្រោះពន្ធហ្នឹង ផលិតផលកាត់ដេរ​របស់កម្ពុជា វាលែងមានសមត្ថភាពប្រកួត​ប្រជែ​ង​​ជាមួ​យ​បណ្តាប្រទេ​សនៅក្នុងតំបន់ទៀតហើយ។ ជាពិសេសក្រៅពីអឺរ៉ុប និងអាមេរិក​ហ្នឹង​ យើង​មិន​អាច​នាំទៅ​លក់​នៅ​អាហ្វ្រិក ឬក៏​នៅ​ចិន​អី​ទេ​ ពីព្រោះប្រទេសទាំងអស់ហ្នឹងគ្មានលទ្ធភាពទិញផលិតផលដែលមានតម្លៃខ្ពស់ទេ ហើយយើងក៏មិ​នអាចលក់​ថោក​បាន​ដែរ

អ្នកជំនាញ​សេដ្ឋកិច្ច​ លោក ង៉ែត ជូ


កិច្ចប្រជុំរបស់ក្រុមប្រឹក្សាអឺរ៉ុបនាពេលបន្ទាប់ ដែលអាចនឹង​ពិភាក្សាពីប្រព័ន្ធអនុគ្រោះពន្ធនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ដល់១៩ វិច្ឆិកា​ខាងមុខ​នេះ។

របាយការណ៍របស់គណកម្មការអឺរ៉ុបដែលចេញផ្សាយ​កាលពីខែមេសាកន្លងទៅ បាន​ឲ្យ​ដឹង​ថា កម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ​សហ​គមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង ​៦ពាន់លានដុល្លា។ ទំនិញដែលកម្ពុជានាំចេញទៅ​សហគមន៍​អឺរ៉ុប​ ភា​គ​ច្រើ​ន​ គឺ​ជា​ផលិតផលវាយនភណ្ឌកាត់ដេរ និងកសិកម្ម៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "រដ្ឋាភិបាល​​បញ្ជូន​ឯក​សារចុង​ក្រោយ​ឆ្លើយ​តប​ទៅ​ EU ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះពន្ធ​​ផ្ដល់​មក​កម្ពុជា"

  1. roumrithrain says:

    this psychopath hun sen is too much confidence in him, but in any plan there is a fault Now hun knows but persists, we know we can never reason a psycho mana
    whether in the eyes of the world and those around us, we must remember the saying of Sophocles
    TRUST DIED but MISTRUST BLOSSOMS
    tâm thần này đang gặp nguy hiểm, nhưng đó là lỗi.
    Cho dù trong mắt của thế giới và những người xung quanh chúng ta, chúng ta phải nhớ câu nói của Sophocles
    TRUST DIED nhưng MISTRUST BLOSSOMS