រដ្ឋ​មន្ត្រី​​ការបរទេស​​អូស្ត្រាលី​បញ្ជាក់​ជំហរ​ជា​ថ្មី​ថា កំពុង​​ពិចារណា​ជម្រើស​​​គ្រប់​បែប​យ៉ាង ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានការណ៍​នៅ​កម្ពុជា

វិទ្យុ​អាស៊ី​សេរី
2018-08-16

អ្នក​ស្រី ជូលី ប៊ីហ្សឹប (Julie Bishop) រដ្ឋ​មន្ត្រី​​ការបរទេស​​អូស្ត្រាលី (ស្ដាំ) និង​កញ្ញា កឹម មនោវិទ្យា អនុប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ជំនួប​មួយ នៅ​ទីក្រុង​កង់​បេរ៉ា (Canberra) រដ្ឋធានី​នៃ​ប្រទេស​អូស្រ្ដាលី កាល​ពី​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៨ ស្ដីពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា។ រូប៖ Kem Monovithya's Twitter
អ្នក​ស្រី ជូលី ប៊ីហ្សឹប (Julie Bishop) រដ្ឋ​មន្ត្រី​​ការបរទេស​​អូស្ត្រាលី (ស្ដាំ) និង​កញ្ញា កឹម មនោវិទ្យា អនុប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ជំនួប​មួយ នៅ​ទីក្រុង​កង់​បេរ៉ា (Canberra) រដ្ឋធានី​នៃ​ប្រទេស​អូស្រ្ដាលី កាល​ពី​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៨ ស្ដីពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា។ រូប៖ Kem Monovithya’s Twitter


រដ្ឋ​មន្ត្រី​​ការបរទេស​​អូស្ត្រាលី​ អ្នក​ស្រី​ជូលី ប៊ីហ្សឹប (Julie Bishop) ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិច នៅ​ថ្ងៃ​ទី១៦ សីហា​នេះ​ថា អូស្ត្រាលី​កំពុង​​ពិចារណា​ជម្រើស​​​គ្រប់​បែប​យ៉ាង ចំពោះ​​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​ ខណៈ​ដែល​ខ្លួន​បន្ត​ជំរុញ​​​ឲ្យ​រដ្ឋាភិបាលលោក ហ៊ុន សែន បើក​ឲ្យ​មាន​ការ​ពិភាក្សា​​នយោបាយ​ដោយ​សេរី ​គ្មាន​អំពើ​ហិង្សា និង​ការ​បំភិត​បំភ័យ។

ទោះ​យ៉ាង​ណា​​ អ្នក​ស្រី​នៅ​តែ​មិន​បញ្ជាក់​​​ថា តើ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​បង្កក​ទ្រព្យ​សម្បត្តិ​ និង​​រឹតត្បិត​ទិដ្ឋាការ​ គឺ​ជា​ជម្រើស​មួយ​​ក្នុងចំណោម​​​ជម្រើស​​ទាំង​​ឡាយ ​ដែល​រដ្ឋាភិបាល​អូស្ត្រាលី​កំពុង​ពិចារណា ឬ​យ៉ាង​ណា​នោះ​ទេ។

កា​របញ្ជាក់ជំហរ​​​ជា​ថ្មី​របស់​អ្នក​ស្រី ជូលី ប៊ីហ្សឹប (Julie Bishop) ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​អ្នកស្រី​បាន​​ជួប​ជាមួយ​កូនស្រី​លោក កឹម សុខា ដែល​ជា​អនុប្រធាន​ផ្នែក​​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កញ្ញា កឹម មនោវិទ្យា នៅ​ទីក្រុង​កង់​បេរ៉ា (Canberra) រដ្ឋធានី​នៃ​ប្រទេស​អូស្រ្ដាលី។ ក្នុង​ជំនួប​នោះ កញ្ញា​​​​បាន​​ស្នើសុំ​រដ្ឋាភិបាល​អូស្រ្តាលី​ ឲ្យ​ដាក់​ចេញ​នូវ​​វិធានការ​ណ៍​​តឹងរ៉ឹង​​​​មួយ​ចំនួន ចំពោះ​មន្ត្រី​ខិលខូច​នៃ​របប​លោក ហ៊ុន សែន ដែល​ចេញ​ចូល​ទឹក​ដី​អូស្ត្រាលី​ជា​ញឹកញាប់។

រដ្ឋមន្ត្រី​​ការបរទេស​​អូស្ត្រាលី​ អ្នក​ស្រី​ ជូលី ប៊ីហ្សឹប (Julie Bishop) ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​របស់​​អូស្ត្រាលី​ថា អូស្ត្រាលី​នឹង​​ពិភាក្សា​ជាមួយ​​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត ​​​ដើម្បី​ស្វែង​រក​ជម្រើស​សមរម្យ​ក្នុង​ការ​​ឆ្លើយ​តប​នឹង​​ស្ថានការណ៍​នៅ​កម្ពុជា។

ខណៈ​អូស្រ្ដាលី​កំពុង​ពិចារណា​ពី​ជម្រើស​របស់​ខ្លួន សហរដ្ឋ​​​អាមេរិក​បាន​​ប្រកាស​​ពី​ជំហាន​​​ថ្មី​​ទៀត នៅ​ថ្ងៃ​ទី​១៥ សីហា​ ដោយ​បាន​សម្រេច​​​បង្កើន​ការ​រឹតត្បិត​ទិដ្ឋាការ ឬ​វីសា​​​​លើ​បុគ្គល​ទាំង​ឡាយ​ណា​​ ទាំង​ក្នុង និង​ក្រៅ​ជួរ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles