អតីត​មន្រ្តី​បក្ស​ប្រឆាំង​ថា​ខ្លួន​ត្រូវ​អាជ្ញាធរ​តាម​ដាន​និង​រឹតត្បិត

នយោបាយ


រូបឯកសារ៖ លោក ជា ជីវ អតីត​ប្រធាន​ប្រតិបត្តិ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ។ (រូបថតផ្តល់ឲ្យ)


16 សីហា 2018
ស៊ុន ណារិន
វីអូអេខ្មែរ

លោក ជា ជីវ មាន​ប្រសាសន៍​ថា ការ​រំលាយ​គណបក្ស​របស់​លោក ​គឺ​អយុត្តិធម៌​ ហើយ​វា​ជា​ការ​រំលាយ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

មួយ​សប្តាហ៍​មុន​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ដែល​គណបក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទទួល​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី លោក ជា ជីវ អ្នក​នយោបាយ​របស់​បក្ស​ប្រឆាំង កំពុង​តែ​លាក់​ខ្លួន។

លោក ជា ជីវ ​អតីត​ប្រធាន​ប្រតិបត្តិ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ និង​សហការី​របស់​លោក​ពីរ​នាក់​ទៀត​ ត្រូវ​បាន​ប្តឹង​ដោយ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​ដោយ​ចោទ​ប្រកាន់​ថា​ញុះញង់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត ក្នុង​«យុទ្ធនាការ​ម្រាមដៃ​ស្អាត» តាម​រយៈ​ការ​បង្ហោះ​រូបថត​ហូប​នំ​បញ្ចុក​រួច​បង្ហាញ​ម្រាមដៃ​ស្អាត។

លោក​ត្រូវ​បាន​ពិន័យ​ឲ្យ​បង់​ប្រាក់​ចំនួន​២៥០០​ដុល្លារ​អាមេរិក។ នៅ​ពេល​នោះ​ផង​ដែរ លោក​ក៏​ទទួល​បាន​ព័ត៌មាន​ថា លោក​អាច​នឹង​ត្រូវ​ចាប់​ខ្លួន ដូច្នេះ​ហើយ​ទើប​លោក​គេច​ខ្លួន​មួយ​រយៈ។

លោក ជា ជីវ អាយុ​៣៩​ឆ្នាំ មាន​ប្រសាសន៍​ថា៖ «សកម្មភាព​ហ្នឹង​គឺជា​ការ​បំភិត​បំភ័យ និង​គំរាម​កំហែង​សេរីភាព​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ ហ្នឹង​គឺជា​ការ​រារាំង​មិន​ឲ្យ​ខ្ញុំ និង​អតីត​សហការី​របស់​ខ្ញុំ​ហ្នឹង គាត់​ធ្វើ​សកម្មភាព​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​មាន​ឆន្ទៈ​ក្នុង​ការ​មិន​ទៅ​បោះ​ឆ្នោត ប្រសិន​បើអត់​មាន​វត្តមាន​របស់​គណបក្ស​សង្រ្គោះ​ជាតិ»។

ក្នុង​ចំណោម​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់ ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ ក្រោយ​គណបក្ស​មួយ​នេះ​ត្រូវ​បាន​រំលាយ លោក ជា ជីវ ក៏​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផង​ដែរ។ លោក​បាន​ចាត់​ទុក​ថា ការ​កាត់​សិទ្ធិ​នយោបាយ​នេះ គឺ​ជា​ការ​បំបាក់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ​ថ្នាក់​ខេត្ត ដូច​ជា​រូប​លោក។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គ្រាន់​តែ​ជា​ប្រធាន​គណៈប្រតិបត្តិ​ខេត្ត​នៅ​ថ្នាក់​ក្រោម​ជាតិ​តែ​ប៉ុណ្ណឹង។ ដូច្នេះ​មិន​គួរ​ណា​កាត់​សិទ្ធិ​នយោបាយ​ខ្ញុំ​រយៈ​ពេល​៥​ឆ្នាំ​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ថ្នាក់ដឹកនាំ​ថ្នាក់​ជាតិ»។

លោក​បញ្ជាក់​បន្ថែម​ថា ការ​កាត់​សិទ្ធិ​នយោបាយ​នេះ ដោយសារ​លោក​ជា​មនុស្ស​ម្នាក់​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ប្រមូល​កម្លាំង​នៅ​ថ្នាក់​ក្រោម ហើយ​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​ម្នាក់។

សម្រាប់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ពួកគេ​យល់​ថា អ្នក​ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ​ទាំង​នោះ គឺ​ជា​«ពួក​ក្បត់​ជាតិ»។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​មាន​ភស្តុតាង​បង្ហាញ​ថា​ ថ្នាក់​ដឹកនាំ​ខេត្ត​ទាំង​នោះ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល។

លោក​មាន​ប្រសាសន៍​ថា៖ «មាន​ភស្តុតាង ភស្តុតាង​ដែល​ចូល​រួម​សកម្ម​ក្នុង​ការ​ប្រមូល​កម្លាំង​មនុស្ស ដើម្បី​មក​ធ្វើ​បដិវត្តន៍​ពណ៌។ យើង​មាន​ភស្តុតាង ​មាន​រូបភាព​អី​ទាំងអស់​អ្នក​នៅ​ក្នុង​ខេត្ត​ហ្នឹង។ វា​មិន​អស់​ទេ បើ​សិន​ជា​អស់ ​វា​អាច​គ្រប់​តែ​ខេត្ត​ហ្នឹង»។

អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​បាន​ស្នើ​សុំ​តុលាការ​កំពូល​ឲ្យ​ផ្តល់​សិទ្ធិ​នយោបាយ​ដល់​ពួកគេ​វិញ។ ប៉ុន្តែ​ការ​ស្នើ​សុំ​នោះ​ត្រូវ​បាន​ច្រាន​ចោល។ អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ​ទាំង​នោះ មិន​មាន​ឱកាសការពារ​ខ្លួន​ថា ពួកគេ​មិន​គួរ​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ​នោះ​ទេ។

លោក ម៉ៅ មុនីវណ្ណ អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ មាន​ប្រសាសន៍​ថា ការ​កាត់​សិទ្ធិ​នយោបាយ​នេះ គឺ​ដើម្បី​បញ្ចប់​ទាំង​ស្រុង​នូវ​សកម្មភាព​នយោបាយ​របស់​បក្ស​ប្រឆាំង។

លោក​មាន​ប្រសាសន៍​ថា៖ «បញ្ហា​ដែល​គេ​កាត់​សិទ្ធិ​នេះ ដោយសារ​គេ​ដឹង​មុន មិន​អាច​យក​ឈ្នះ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ទេ។ អីចឹង​គេ​ត្រូវ​តែ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ហើយ​គេ​រំលាយ​(ដូច)​គេ​ថា ជីក​ស្មៅ​ជីក​ទាំង​ឫស​ថែម​ទៀត»។

លោក​បាន​បន្ថែម​ថា ការ​រំលាយ​នេះ គឺ​ដើម្បី​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ហើយ​រក្សា​អំណាច​របស់​ពួកគេ។

មុន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ តំណាងរាស្រ្ត​ទាំង​៦៨​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដែល​ផ្តល់​អំណាច​ដល់​តុលាការ​កំពូល​រំលាយ​គណបក្ស​ណាមួយ និង​បិទ​សិទ្ធិ​អ្នក​នយោបាយ។ ប៉ុន្មាន​ខែ​ក្រោយ​មក គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​ប្តឹង​ផ្តល់​ដោយ​គណបក្ស​នយោបាយ​ចំនួន​ពីរ ហើយ​ក្រសួង​មហាផ្ទៃ ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល ឲ្យ​រំលាយ​គណបក្ស​ប្រឆាំង​មួយ​នេះ។

បើ​តាម​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ក្នុង​ករណី​ដែល​គណបក្ស​នយោបាយ​ត្រូវបាន​រំលាយ តុលាការ​អាច​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នយោបាយ​នោះ​ក្នុង​រយៈពេល​៥​ឆ្នាំ។

លោក ជា ជីវ មាន​ប្រសាសន៍​ថា ការ​រំលាយ​គណបក្ស​របស់​លោក ​គឺ​អយុត្តិធម៌​ ហើយ​វា​ជា​ការ​រំលាយ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

លោក​មាន​ប្រសាសន៍​ថា៖ «វាពិត​ជា​អយុត្តិធម៌ ដោយសារ​តែ​បោះ​ឆ្នោត​តាម​រយៈ​ប្រជាពលរដ្ឋ បោះ​ឆ្នោត​សាកល​រើស​តំណាង។ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​ខំ​ប្រឹង​បង្កើត​ច្បាប់ ដើម្បី​រំលាយ​គណបក្ស គឺ​ដូច​ជា​ការ​រំលាយ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​អញ្ចឹង»។

រូបឯកសារ៖ លោក ជា ជីវ អតីត​ប្រធាន​ប្រតិបត្តិ​ខេត្តបាត់ដំបង​របស់​គណបក្ស​សង្រ្គោះជាតិ ចូលរួម​ការ​តវ៉ា​របស់​គណបក្ស​សង្រ្គោះជាតិ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣។ (រូបថតផ្តល់ឲ្យ)

រូបឯកសារ៖ លោក ជា ជីវ អតីត​ប្រធាន​ប្រតិបត្តិ​ខេត្តបាត់ដំបង​របស់​គណបក្ស​សង្រ្គោះជាតិ ចូលរួម​ការ​តវ៉ា​របស់​គណបក្ស​សង្រ្គោះជាតិ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣។ (រូបថតផ្តល់ឲ្យ)


ការ​រំលាយ​គណបក្ស​ប្រឆាំង​នេះ ក៏​រង​ការ​រិះគន់ និង​ថ្កោល​ទោស​ពី​សហគមន៍​អន្តរ​ជាតិ​ផង​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ច្រាន​ចោល និង​ចាត់ទុក​ថា នេះ​ជា​ការ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា ការ​រំលាយ​គណបក្ស​ប្រឆាំង គឺ​ដោយ​សារ​គណបក្ស​នេះ​បាន​ប្រព្រឹត្ត​កំហុស មិន​មែន​ជា​ចេតនា​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​រំលាយ​នោះ​ទេ។

កាល​ពី​ខែមីនា ឆ្នាំ​២០១៨ លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣៣​ឆ្នាំ​មក​ហើយ បាន​លើក​ឡើង​ថា មិន​មាន​ច្បាប់​ណា ដែល​អនុញ្ញាត​ឲ្យ​រូប​លោក​លើក​លែង​ចំពោះ​ការ​កាត់​សិទ្ធិ​នយោបាយ​នោះ​ទេ ហើយ​លោក​ក៏​មិន​អាច​ប្រឆាំង​នឹង​សាលដីកា​របស់​តុលាការ​កំពូល​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាន​ប្រាប់​គាត់​ថា ច្បាប់​នៅ​កម្ពុជា វា​អត់​ទាន់​មាន។ ច្បាប់​លើក​លែង​ទោស​សម្រាប់​ពួក​អ្នក​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ វា​អត់​ទាន់​មាន។ វា​មាន​តែ​ច្បាប់​ពន្ធនាគារ​ដែល​អនុញ្ញាត​ឲ្យ​នាយក​រដ្ឋមន្រ្តីធ្វើ​ការ​សុំ​លើក​លែង​ទោស​ចំពោះ​អ្នក​ដែល​ជាប់​គុក មាន​សាលក្រម​ស្ថាពរ​តែ​ប៉ុណ្ណោះ»។

ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន

លោក ជា ជីវ បាន​ចូល​រួម​ជា​សមាជិក​គណបក្ស​សម រង្ស៊ី កាល​ពី​ឆ្នាំ២០០២ ដោយ​លោក​បាន​ឃើញ​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ យុវជន​អត់​ការងារ​ធ្វើ ​និង​រដ្ឋ​អំណាច​មិន​បាន​បំពេញ​សេវា​ជូន​ប្រជាពលរដ្ឋ​ស្មើ​គ្នា។

បន្ទាប់​ពី​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ត្រូវ​បាន​បញ្ចូល​គ្នា​កាល​ពី​ឆ្នាំ​២០១២ បង្កើត​ជា​គណបក្ស​សង្រ្គោះ​ជាតិ គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន គឺ​ជាង​៤៣​ភាគរយ​នៃ​សំឡេង​ឆ្នោត កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧។ គណបក្ស​សង្រ្គោះជាតិ​បាន​ឈ្នះ​បាន​តំណែង​មេឃុំ​ចៅសង្កាត់​ចំនួន​៤៩​លើ​១០២​ឃុំ​សង្កាត់ សម្រាប់​ខេត្ត​បាត់ដំបង ដែល​កាល​ពី​មុន​មិន​ដែល​បាន​មេឃុំ​ចៅ​សង្កាត់​នោះ​ទេ។

លោក ជា ជីវ មាន​ប្រសាសន៍​ថា ​ក្រោយ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ទទួល​សំឡេង​គាំទ្រ​ច្រើន​នៅ​ថ្នាក់​ខេត្ត អាជ្ញាធរ​ចាប់​ផ្តើម​រឹត​បន្តឹង​គណបក្ស​ប្រឆាំង។ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ លោក​មាន​ការ​ប្រុងប្រយ័ត្ន​នឹង​សកម្មភាព​របស់​លោក សូម្បី​តែ​ការ​និយាយ​តាម​ទូរសព្ទ ដោយ​លោក​យល់​ថា សំឡេង​របស់​លោក​ត្រូវ​បាន​ថត​ទុក។

លោក​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មិន​អាច​ប្រាប់​កន្លែង​ស្នាក់​នៅ​របស់​ខ្ញុំ​ទេ ពីព្រោះ​ខ្ញុំ​បារម្ភ​អំពី​សុវត្ថិភាព»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ខ្ញុំ​ដឹង​ថា​អាជ្ញាធរ​កំពុង​តែ​តាម​ដាន​ខ្ញុំ។ នៅ​ពេល​ខ្ញុំ​ទៅ​កន្លែង​ណា ឬ​ក៏​មាន​ការ​ជួប​ជុំ​ជាមួយ​អតីត​សហការី​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​បាន​តាម​ដាន​ដោយ​អាជ្ញាធរ​មូលដ្ឋាន ដែល​ពួកគេ​មក​ថត​រូប»។

កាល​ពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ២០១៨ លោក ជា ជីវ ត្រូវ​បាន​មន្រ្តី​ប៉ូលិស​ដែល​លោក​ស្គាល់ ជូន​ដំណឹង​មក​លោក​ដោយ​សម្ងាត់​អំពី​ការ​តាម​ដាន​សកម្មភាព​របស់​លោក​ជាមួយ​សហការី​ក្នុង​ពិធី​ហូប​នំ​បញ្ចុក​មួយ។

នៅ​ក្នុង​របាយការណ៍នោះ ប៉ូលិស​បាន​រាយការណ៍​ថា លោក ជា ជីវ បាន​ដឹកនាំ​ការ​ហូប​នំ​បញ្ចុក​ជាមួយ​សហការី​របស់​ខ្លួន។

លោក​បាន​បញ្ជាក់​ថា៖ «មាន​ខាង​មន្រ្តី​យោធា មន្រ្តី​ប៉ូលិស​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​ Message ​មក​ខ្ញុំ​ថា ថ្ងៃ​នេះ ឈ្មោះ​រ៉ូហ្សែត [អតីត​ចៅសង្កាត់​អូរចារ] ឈ្មោះ​ ស ចាន់​ដេត (អតីត​ព្រឹទ្ធសមាជិក​បក្ស​ប្រឆាំង)​ ធ្វើ​អី ហើយ​ខ្ញុំ​ធ្វើ​អី។ គឺ​មាន​របាយការណ៍​ជា​ប្រចាំ រៀង​រាល់​ថ្ងៃ»។

លោក ជា ជីវ មាន​ប្រសាសន៍​ថា សេរីភាព​របស់​លោក​ត្រូវ​បាន​រឹតបន្តឹង​ជា​បន្ត​បន្ទាប់។

លោក​បាន​ថ្លែង​ថា៖ «អ្វី​ក៏​អាច​កើត​ឡើង​ដែរ​នៅ​កម្ពុជា។ គ្រាន់​តែ​ពលរដ្ឋ​ម្នាក់​Share (ចែក​រំលែក) ចាប់​គាត់​ដាក់​គុក។ គ្រាន់​តែ​ពលរដ្ឋ​បញ្ចេញ​មតិ ក៏​ចាប់​គាត់​ដាក់​គុក ដោយ​មិន​ពឹង​ផ្អែក​ទៅ​លើ​ច្បាប់ និង​លិខិត​បទដ្ឋាន​ណាមួយ»។

ទោះ​ជា​យ៉ាងណា ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក អ៊ុច សុខុន បាន​ថ្លែង​ប្រាប់​VOA​ ថា លោក​មិន​បាន​ដឹង​អំពី​ការ​តាម​ដាន​របស់​កម្លាំង​របស់​លោក​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​គាត់​ថា​ម៉េច​ថា​អីចឹង​ទៅ បើ​ខ្ញុំ​អត់​ដឹង​ផង។ គាត់​ធ្វើ​អី​ខ្លួន​គាត់ គាត់​ដឹង​ខ្លួន​គាត់​ហើយ​តើ»។

បាត់បង់​ការងារ និង​ការ​ទទូច​ពី​គ្រួសារ​ឲ្យ​ឈប់​ធ្វើ​នយោបាយ

ក្រោយ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ គណបក្ស​មួយ​នេះ​បាន​បាត់​បង់​តំណែង​តំណាងរាស្រ្ត​ទាំង​៥៥ និង​អាសនៈ​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​ចំនួន​៥០០៧ ដែល​ជា​មូលដ្ឋាន​គាំទ្រ​រឹង​មាំ​មួយ​របស់​បក្ស​ប្រឆាំង​នៅ​ថ្នាក់​ក្រោម។ លោក ជា ជីវ ក៏​បាន​បាត់​បង់​តំណែង​ជា​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង ​ដោយសារ​លោក​មិន​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

មុន និង​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​នេះ​ត្រូវ​បាន​រំលាយ ​លោកនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​អំពាវនាវ​ជា​បន្តបន្ទាប់ ​ឲ្យ​មន្រ្តី​បក្ស​ប្រឆាំង​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ​ដើម្បី​ឲ្យ​ពួកគេ​អាច​រក្សា​តំណែង​របស់​ពួកគេ​នៅ​ដដែល។ សមាជិក​គណបក្ស​រាប់​រយ​នាក់ ​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​មាន​ការ​រាយការណ៍​ថា ពួកគេ​មាន​គំនាប​ខាង​ផ្លូវ​តុលាការ ​និង​ពី​កម្លាំង​សមត្ថកិច្ច។

រូបឯកសារ៖ លោក ជា ជីវ (ចំពីមុខ) អតីត​ប្រធាន​ប្រតិបត្តិ​ខេត្តបាត់ដំបង​របស់​គណបក្ស​សង្រ្គោះជាតិ ក្នុង​ពិធី​ជួបជុំ​ហូប​នំបញ្ចុក​មួយ​នៅ​ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ដែល​ត្រូវបាន​តាម​ឃ្លាំមើល​ដោយ​នគរបាល។ (រូបថតផ្តល់ឲ្យ)

រូបឯកសារ៖ លោក ជា ជីវ (ចំពីមុខ) អតីត​ប្រធាន​ប្រតិបត្តិ​ខេត្តបាត់ដំបង​របស់​គណបក្ស​សង្រ្គោះជាតិ ក្នុង​ពិធី​ជួបជុំ​ហូប​នំបញ្ចុក​មួយ​នៅ​ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ដែល​ត្រូវបាន​តាម​ឃ្លាំមើល​ដោយ​នគរបាល។ (រូបថតផ្តល់ឲ្យ)


លោក ​ជា ជីវ ​មាន​ប្រសាសន៍​ថា​ លោក​មិន​បាន​ចុះ​ចូល​នោះ​ទេ បើ​ទោះ​មាន​ការ​សន្យា​ថា លោក​នឹង​អាច​ទទួល​បាន​តំណែង​ជា​អភិបាល​រង​ខេត្ត​ក៏​ដោយ។

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​ម្យ៉ាង​ទៀត ខ្ញុំ​គិត​ថា​ខ្ញុំ​ជា​មនុស្ស តែ​បើ​សិន​ជា​ទិញ​ដូរ​បាន អូស​ទាញ​បាន តើ​សហការី​ខ្ញុំ គាត់​យល់​យ៉ាង​ណា។ ហើយ​ខ្ញុំ តើ​មនសិការ សម្បជញ្ញៈ​របស់​ខ្ញុំ​ស្ថិត​នៅ​ត្រង់​ណា»?

លោក​បន្ត​ថា បើ​លោក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដូច្នេះ​លោក​មិន​មាន​ឱកាស​ក្នុង​ការ​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា​នោះ​ទេ។

សព្វថ្ងៃ​នេះ លោក ជា ជីវ ​មាន​កូន​៤នាក់​ក្នុង​បន្ទុក ​ប្រុស​ពីរ ស្រី​ពីរ ​ហើយ​លោក​ជួយ​លក់​ដូរ​ភេសជ្ជៈ​នៅ​ហាង​មួយ​របស់​បង​ប្អូន​ក្នុង​ខេត្ត​បាត់​ដំបង ដើម្បី​បាន​កម្រៃ​ខ្លះ​ក្នុង​ការ​ចិញ្ចឹម​គ្រួសារ តែ​លោក​ថា វា​មិន​គ្រប់គ្រាន់​នោះ​ទេ។ លោក​ក៏​ត្រូវ​បាន​ផ្គត់​ផ្គង់​ថវិកា​មួយ​ចំនួន​ពី​ឪពុក​ម្តាយ​របស់​លោក​ដែល​រស់​នៅ​សហរដ្ឋអាមេរិក និង​បងប្អូន មិត្ត​ភ័ក្តិ​មួយ​ចំនួន​ទៀត។

អតីត​មន្រ្តី​បក្ស​ប្រឆាំង ជាពិសេស​ថ្នាក់ដឹកនាំ​កំពូល​ភាគ​ច្រើន​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។ មន្រ្តី​ខ្លះ ក៏​កំពុង​លាក់​ខ្លួន​ផង​ដែរ។

នៅ​ពេល​សួរ​ថា ហេតុ​អ្វី​លោក​មិន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ដែរ លោក ជា ជីវ មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​បាន​ធ្វើ​ការ​ចាក​ចេញ​ទៅ​ឆ្ងាយ​ទេ ព្រោះ​ខ្ញុំ​ត្រូវ​ទទួល​បន្ទុក​ក្នុង​ក្រុម​គ្រួសារ ភរិយា​ខ្ញុំ​មួយ ហើយនិង​កូន​៤នាក់។ ដូច្នេះ​ខ្ញុំ​មិន​អាច​ឆ្ងាយ​ពី​គ្រួសារ​របស់​ខ្ញុំ​ទេ»។

លោក​បញ្ជាក់​ថា ដោយសារ​ប្រឈម​នឹង​ការ​លំបាក​បែប​នេះ ភរិយា​របស់​លោក​ក៏​បាន​ទទូច​ឲ្យ​លោក​ឈប់​ធ្វើ​នយោបាយ​ត​ទៅ​ទៀត។

នៅ​ក្នុង​ភូមិ​របស់​លោក ការ​ទំនាក់​ទំនង​ជាមួយ​អ្នក​ជិត​ខាង​មិន​ដូច​មុន​នោះ​ទេ។ លោក ជា ជីវ និយាយ​ថា ប្រជាពលរដ្ឋ​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​និយាយ​ជាមួយ​លោក​ដោយ​ចំហ។

លោក​មាន​ប្រសាសន៍​ថា៖ «ការ​ដែល​ដាក់​ខ្ញុំ​ក្នុង​ចំណោម​១១៨​នាក់ គឺ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ធ្វើ​សកម្មភាព កុំ​ឲ្យ​ទំនាក់ទំនង​ជាមួយ​សហការី កុំ​ឲ្យ​ជួប​ជាមួយ​ប្រជាពលរដ្ឋ»។

លោក ជា ជីវ មាន​ជំនឿ​ថា ថ្នាក់​ដឹកនាំ​របស់​លោក​នឹង​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ការ​ធ្វើ​យុទ្ធនាការ​នៅ​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​រស់​ឡើង​វិញ​បាន។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មាន​ជំនឿ​ទៅ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​របស់​ខ្ញុំ ជាពិសេស​គឺ​លោក​ប្រធាន​សម រង្ស៊ី»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «បើ​សិន​ជា​ប្រជាពលរដ្ឋ​រួម​គ្នា ចូលរួម​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ មិន​ខ្លាច​រអា មិន​ចាញ់​ការ​សម្លុត គំរាម​កំហែង​របស់​គណបក្ស​កាន់​អំណាច នោះ​គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ត្រឡប់​មក​វិញ»។

ទោះ​ប្រឈម​នឹង​ការ​គាប​សង្កត់​ពី​អាជ្ញាធរ និង​ការ​ទទូច​ពី​ក្រុម​គ្រួសារ​ក៏​ដោយ លោក ជា ជីវ នៅ​តែ​ចង់​ធ្វើ​នយោបាយ​បន្ត​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​នយោបាយ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​គោរព​ច្បាប់ បើ​ទោះ​ជា​ច្បាប់​នោះ​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ក៏​ដោយ»៕

What Next?

Recent Articles