ព្រះ​មហាក្សត្រ​តែង​តាំង​លោក​ហ៊ុន សែន ​ជា​នាយក​រដ្ឋ​មន្ត្រី​អាណតិ្ត​ថ្មី ខណៈ​អ.ស.ប.​បង្ហាញ​ក្តី​កង្វល់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

នយោបាយ


រូបឯកសារ៖ ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ត្រូវបានសំពះស្វាគមន៍ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីគម្រប់ខួប៦៤ឆ្នាំនៃឯករាជ្យជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។


17 សីហា 2018
កាន់ វិច្ឆិកា
វីអូអេខ្មែរ

ក្រោយ​ការ​ប្រកាស​លទ្ធផល​ការ​បោះឆ្នោត​ជា​ផ្លូវ​ការ ​ដែល​បង្ហាញ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ ឈ្នះ​បាន​អាសនៈ​រដ្ឋ​សភា​ទាំង​១២៥ នៅ​ថ្ងៃ​សុក្រ​នេះ ​ព្រះ​មហាក្សត្រ​បាន​ត្រាស់​បង្គាប់​ចាត់​តាំង​លោក​ ​ហ៊ុន សែន​ ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ដើម្បី​រៀបចំ​រដ្ឋាភិបាល​ថ្មី។​ ទន្ទឹម​គ្នា​នោះ​ អ្នកនាំពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​បាន​បង្ហាញ​កង្វល់​អំពី​បរិយាកាស​សិទ្ធិ​មនុស្ស​ជុំវិញ​ការ​បោះឆ្នោត។

នៅ​ថ្ងៃសុក្រ​នេះ​ ​ព្រះ​មហា​ក្សត្រ​ ​ព្រះ​បាទ​នរោត្តម សីហមុនី​ បានត្រាស់​បង្គាប់​ចាត់​តាំង​លោក​ ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្រ្តី​ក្នុង​អាណត្តិ​ទី៦​ ដើម្បី​រៀបចំ​សមាសភាព​រាជ​រដ្ឋាភិបាល​ និង​ស្នើ​សុំ​សេចក្តី​ទុកចិត្ត​ពី​រដ្ឋ​សភា​ថ្មី​ ​ក្រោយ​គណបក្ស​កាន់​អំណាច​ឈ្នះ​ការ​បោះឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ ​ដោយ​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​

ទន្ទឹម​គ្នា​នោះ​ ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ក៏​បាន​ចេញ​កំណត់​សម្គាល់​សង្ខេប​មួយ​ ស្តីពី​កង្វល់​អំពី​បរិយាកាស​សិទ្ធិ​មនុស្ស​ជុំវិញ​ការ​បោះឆ្នោត​ ​ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ​ ​និង​ដោះលែង​អ្នក​ទោស​នយោបាយ​នានា​ឲ្យមាន​សេរីភាព​ផង​ដែរ។​

ព្រះ​រាជក្រឹត្យ​ ដែល​ត្រាស់​បង្គាប់​ចាត់​តាំង​លោក​ ហ៊ុន សែន​ ជា​នាយករដ្ឋ​មន្រ្តី​ ​ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ព្រះ​មហា​ក្សត្រ​ ​បាន​ទ្រង់​យល់​លើ​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ស្តីពី​ការ​ស្នើ​សុំ​ចាត់​តាំង​នាយក​រដ្ឋ​មន្រ្តី​ ​និង​ទ្រង់​យល់​សេចក្តី​ក្រាម​បង្គំ​ទូល​ថ្វាយ​របស់​លោក​ ​ហេង សំរិន​ ​ព្រឹទ្ធ​សមាជិក​រដ្ឋ​សភា​នីតិកាល​ទី​៦។​

ព្រះ​រាជ​ក្រឹត្យ​ដែល​ឡាយ​ព្រះ​ហត្ថលេខា​ ​នៅ​ថ្ងៃទី​១៧​ ​ខែ​សីហា​ ​ឆ្នាំ​២០១៨​នេះ​ ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ត្រាស់​បង្គាប់​មាត្រា​១ ​ចាត់​តាំង​សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ​ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា។​ ​មាត្រា២​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​សុំ​សេចក្តី​ទុកចិត្ត​ពី​រដ្ឋសភា។​ មាត្រា៣​ ​ព្រះរាជក្រឹត្យ​នេះ​ចូល​ជា​ធរមាន ​ចាប់ពី​ថ្ងៃ​ឡាយ​ព្រះ​ហស្ថ​លេខា​តទៅ»។​

ក្រោយ​ព្រះរាជ​ក្រឹត្យ​ព្រះ​មហាក្សត្រ​ត្រូវ​បាន​ផ្សព្វផ្សាយ​ លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នា​ថ្ងៃ​សុក្រ​ដដែល​នេះ​ ​ក៏​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ ​អរ​ព្រះ​គុណ​ព្រះ​មហាក្សត្រ​ ​ដែល​ព្រះរាជ​ទាន​ ​ចាត់​តាំង​លោក​ជា​នាយក​រដ្ឋមន្រ្តី​កម្ពុជា។​

លោក ហ៊ុន សែន​ សរសេរ​បញ្ជាក់​ក្នុង​លិខិត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​គេហ​ទំព័រ​អង្គភាព​ព័ត៌មាន​ Freshnews ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល តាម​ន័យ​ដើម​ថា៖​

«តប​នឹង​ព្រះ​រាជក្រឹត្យ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នឹង​រៀបចំ​សមាសភាព​រាជ​រដ្ឋាភិបាល​ ​បញ្ជូន​ទៅ​ព្រឹទ្ធ​សមាជិក​នៃ​រដ្ឋសភា​ ​នីតិកាល​ទី៦​ ​ដើម្បី​សុំ​ការ​ផ្តល់​សេចក្តី​ទុកចិត្ត​ពី​សមាជិក​ ​សមាជិកា​នៃ​រដ្ឋសភា​ ​ដែល​នឹង​ប្រជុំ​នៅ​ថ្ងៃ​ទី៦​ ​ខែកញ្ញា​ ​ឆ្នាំ២០១៨​ ខាង​មុខ​នេះ»។​

នៅ​មុន​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជា​ផ្លូវការ ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ ​បាន​ប្រកាស​ពី​ការ​កំណត់​យក​ថ្ងៃ​ទី៥​ ​ខែកញ្ញា ជា​ថ្ងៃ​ប្រជុំ​រដ្ឋសភា​លើក​ដំបូង​នៃ​អាណត្តិ​ទី៦​ ​និង​បាន​កំណត់​យក​ថ្ងៃ​ទី៦​ ​ខែកញ្ញា​ ​ឆ្នាំ២០១៨​ ​ជាថ្ងៃ​បង្កើត​រដ្ឋាភិបាល​ថ្មី។ លោក​ក៏​បាន​អះអាង​ថា ​រាជ​រដ្ឋាភិបាល​ថ្មី​ ​និង​ក្បាល​ម៉ាស៊ីន​រដ្ឋសភា​ ​ព្រម​ទាំង​កម្មវិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​បាន​ធ្វើ​រួច​រាល់​អស់​ហើយ។

កាលពី​ថ្ងៃ​ទី១៥ ​ខែសីហា​នេះ​ ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ឈ្នះ​បាន​អាសនៈ​ទាំង​១២៥ ​ក្នុង​រដ្ឋ​សភា។​

ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី២៩​ ​ខែកក្កដា ឆ្នាំ២០១៨​នេះ​ ​ធ្វើ​ឲ្យ​លោក​ ​ហ៊ុន សែន​ ​អាច​បន្ត​កាន់​អំណាច​ចំនួន​៥ឆ្នាំ​បន្ថែម​ទៀត។

ការ​បោះ​ឆ្នោត ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ដាច់​ ​និង​ទទួល​បាន​អាសនៈ​រដ្ឋសភា​ទាំង​អស់​នេះ ​ធ្វើ​ឡើង​ដោយ​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​គណបក្ស​ប្រឆាំង​មាន​អ្នកគាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ ​កាលពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​កន្លង​ទៅ។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​នេះ​គឺ​លោក​ ​កឹម សុខា​ ​ការ​ព្យួរ​សិទ្ធិ​នយោបាយ​របស់​មន្រ្តី​គណបក្ស​ប្រឆាំង​ចំនួន​១១៨​នាក់​ ​ព្រមទាំង​ការ​បង្ក្រាប​លើ​អង្គការ​សង្គម​ស៊ីវិល​ ​និង​សារ​ព័ត៌មាន​ឯករាជ្យ​ ​គេ​ឃើញសហគមន៍​អន្តរជាតិ​មួយ​ចំនួន​ដែល​កាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ និង​ប្រកាស​ការ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ជា​បន្តបន្ទាប់។​

ក្នុង​សប្តាហ៍​នេះ​ ​សហរដ្ឋ​អាមេរិក​ដែល​បាន​ដក​ជំនួយ​អភិវឌ្ឍន៍​ពី​កម្ពុជា​ជា​បន្តបន្ទាប់​ ព្រមទាំង​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន មួយ​ចំនួន​ផង​នោះ​ ​ក៏​បាន​ប្រកាស​ថា​ ​នឹង​ពង្រីក​បន្ថែម​នូវ​ការ​ដាក់​កំហិត​ទិដ្ឋាការ​ដែល​ខ្លួន​បាន​ដាក់​កាល​ពី​ចុង​ឆ្នាំ​មុន​ ​លើ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​«ការ​បំផ្លិច​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

នៅ​ថ្ងៃទី​១៧ ​ខែ​សីហា​ ​នេះ​ ​អ្នកនាំពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ គឺ​អ្នកស្រី​ រ៉ាវីណា​ ​សេមសាដានី​ បាន​ចេញ​កំណត់​សង្ខេប​មួយ​ស្តីពី​ប្រទេស​កម្ពុជា​ ​ដោយ​អ្នកស្រី​បាន​បង្ហាញ​កង្វល់​អំពី​បរិយាកាស​សិទ្ធិ​មនុស្ស​ទាក់ទង​នឹង​ការ​បោះឆ្នោត​ ​ដោយ​មិន​មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នកស្រី​ក៏​បាន​បន្ថែម​ថា​ ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដ៏​ច្រើន​ ​មិន​បាន​ជ្រើស​រើស​តំណាង​របស់​ខ្លួន​ ​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​កង្វល់​ចំពោះ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ។​

អ្នកស្រី​បន្ថែម​ថា​ ​មាន​សេចក្តី​រាយ​ការណ៍​ថា​ ប្រជា​ពលរដ្ឋ​ត្រូវ​គេ​គំរាម​កំហែង​ ​ឬ​ទិញ​សំឡេង​បោះឆ្នោត​ ​ហើយ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ប្រឈម​នឹង​ការ​យាយី​រំខាន​នៅ​ក្នុង​ការ​បោះឆ្នោត។​ ​ចំណែក​គេហទំព័រ​ដ៏​ពេញ​និយម​ចំនួន​ដប់ប្រាំ​ពីរ​ត្រូវ​បាន​បិទ​ នៅ​អំឡុង​ថ្ងៃ​បោះឆ្នោត។ មាន​ការ​រឹត​បន្តឹង​បន្ថែម​ទៀត​ទៅ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​អ្នក​បោះឆ្នោត ​និង​គូប្រជែង​នយោបាយ​ ​តាម​រយៈ​ការ​គំរាម​កំហែង​ ​ការ​ពិន័យ​ជាប្រាក់​ ​និង​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជាដើម។​

អ្នកស្រី​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​នូវ​ការ​ចាត់​វិធានការ​បែប​នោះ​ ​និង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​បរិយាកាស​មួយ​ជជែក​ពិភាក្សា​នយោបាយ​ដោយ​បើក​ចំហ ​និង​អនុញ្ញាត​ឲ្យ​សំឡេង​ទាំង​អស់​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ស្តាប់​ដឹង​ឮ។

អ្នកស្រី​ ​រ៉ាវីណា សេមសាដានី​ ​បានបញ្ជាក់​ក្នុង​កំណត់​សង្ខេប​ស្តី​ពី​ប្រទេស​កម្ពុជា​នោះ ​ក្នុងន័យ​ដើម​ថា៖​ ​

«យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង ​អ្នកសារ​ព័ត៌មាន ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​និង​ប្រជា​ពលរដ្ឋ​សាមញ្ញ​ដែល​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ដោយសារ​តែ​ការ​អនុវត្ត​សិទិ្ធ​មនុស្ស​ ជាពិសេស​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ យើង​សូម​អំពាវនាវ​ផង​ដែរ​ដល់​រដ្ឋាភិបាល​ឲ្យ​លុប​ចោល​បម្រាម​ទៅ​លើ​គូប្រជែង​ មិន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ ​ការពារ​ ​និង​ពង្រីក​លំហ​សម្រាប់​សកម្មភាព​សង្គម​ស៊ីវិល»។

យ៉ាងណា​ក៏​ដោយ​ ​លោក ហ៊ុន សែន​ ​និង​មន្ត្រី​គណបក្ស​កាន់​អំណាច​របស់​លោក​ធ្លាប់​បាន​បញ្ជាក់​កន្លង​មក​ថា​ ​ជ័យ​ជម្នះ​ភ្លូកទឹក​ភ្លូកដី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃទី២៩​ កក្កដា គឺ​បញ្ជាក់​ពី​ការ​គាំទ្រ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ​និង​ភាព​ចាស់ទុំ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា៕

What Next?

Recent Articles

2 Responses to "ព្រះ​មហាក្សត្រ​តែង​តាំង​លោក​ហ៊ុន សែន ​ជា​នាយក​រដ្ឋ​មន្ត្រី​អាណតិ្ត​ថ្មី ខណៈ​អ.ស.ប.​បង្ហាញ​ក្តី​កង្វល់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា"

  1. Người bạn Khmer says:

    soon the bitter cucumber line will disappear from Cambodia
    Later objective historians will rank the bitter cucumber line as the felon king lineage
    sớm dòng dưa chuột đắng sẽ biến mất khỏi Campuchia
    Các sử gia mục tiêu sau này sẽ xếp hạng dòng dưa chuột cay đắng như dòng truyền thừa vua

  2. Anonymous says:

    Youn king alway care about Youn anf jen