តំណាង​សហគមន៍​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់ រត់​គេច​ខ្លួន ក្រោយ​ពេល​ទទួល​ដំណឹង​​​សមត្ថកិច្ច​តាម​ចាប់

ដោយ វ៉ែន សុមេធ
2018-08-17
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ភូមិ​ថ្មី និង​ភូមិ​ស្វាយ ឃុំ​ថ្មពួក ស្រុក​ថ្មពួក នាំ​គ្នា​មក​ដល់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ រង់ចាំ​ទទួល​តំណាង​របស់​ពួក​គាត់ ២​រូប ដែល​ត្រូវ​ចៅក្រម​ហៅ​មក​សាកសួរ និង​ដោះលែង​វិញ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨។ រូប៖​អង្គការ អាដហុក និង លីកាដូ
អ្នក​ភូមិ​ថ្មី និង​ភូមិ​ស្វាយ ឃុំ​ថ្មពួក ស្រុក​ថ្មពួក នាំ​គ្នា​មក​ដល់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ រង់ចាំ​ទទួល​តំណាង​របស់​ពួក​គាត់ ២​រូប ដែល​ត្រូវ​ចៅក្រម​ហៅ​មក​សាកសួរ និង​ដោះលែង​វិញ នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨។ រូប៖​អង្គការ អាដហុក និង លីកាដូ


តំណាង​សហគមន៍​ដីធ្លី​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​ម្នាក់​បាន​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព ដោយសារ​ព្រួយបារម្ភ​ខ្លាច​សមត្ថកិច្ច​តាម​ចាប់ខ្លួន។ មន្ត្រី​ផ្នែក​ការពារ​សិទ្ធិមនុស្ស​នៅ​ខេត្ត​បន្ទាយមានជ័យ លើក​ឡើង​ថា សមត្ថកិច្ច​តាម​ចាប់​តំណាង​សហគមន៍​ដី​ធ្លី​នេះ ដោយសារ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​​​ពី​មន្ត្រី​តុលាការ​ខេត្ត​បន្ទាយមានជ័យ។

​​ លោក​ សាម សេន ឲ្យដឹងថា​នៅ​រសៀល​ថ្ងៃសុក្រ ទី​១៧ សីហា​ថា លោក​បាន​រត់​គេច​ពី​ការ​ចាប់​ខ្លួន​ ចោល​ផ្ទះ​សម្បែង និង​ប្រពន្ធ​កូន​ តាំង​​ពី​ថ្ងៃ​ទី​១៦ សីហា​មក​ ហើយ​មិន​ហ៊ាន​ចូល​ផ្ទះនៅ​ឡើយ​ទេ។ តំណាង​សហគមន៍​ដីធ្លី​រូប​នេះ​រៀបរាប់​ថា បើ​ទោះ​បី​ជា​ដឹង​ថា ខ្លួន​គ្មាន​កំហុស​ក៏​ដោយ ក៏​លោក​មិន​នៅ​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ដែរ​ ដោយសារ​លោក​គ្មាន​ជំនឿ​លើ​ស្ថាប័ន​តុលាការ ព្រោះ​ប្រសិន​បើ​សមត្ថកិច្ច​ចាប់​ខ្លួន​ ហើយ​តុលាការ​នឹង​បញ្ជូន​រូប​គាត់​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​ជា​មិន​ខាន៖ «»

លោក សាម សេន បន្ថែម​ទៀត​ថា កន្លង​មក​មន្ត្រី​តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​កោះហៅ​រូប​លោក​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ជា​ច្រើន​លើក​ហើយ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​អ្វី​ទេ។

អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​លោក សុក កែវ​បណ្ឌិត ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ សីហា ដោយ​លោក​ពុំ​ទទួល​ទូរស័ព្ទ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​(Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគារ មាន​ប្រសាសន៍​ថា បើ​តាម​សំណុំ​រឿង​តំណាង​សហគមន៍​ដីធ្លី​រូប​នេះ​ មិន​មាន​អ្វី​ធំ​ដុំ​ដល់​ថ្នាក់​​​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ ចេញ​ដីកា​ចាប់​ខ្លួន​រូប​គាត់​នោះ​ទេ។ លោក ស៊ុំ ច័ន្ទគារ អះអាង​ទៀត​ថា ការ​ចាប់​ខ្លួន​សហគមន៍​ដី​ធ្លី​នេះ​មិន​មែន​ជា​ដំណោះ​ស្រាយ​ សម្រាប់​ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ថ្មពួក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច ហើយ​គ្មាន​ជំនឿ​ទៅ​លើ​ស្ថាប័ន​តុលាការ​ទៀត​ផង៖ «»

ផ្ទៃដី​ជម្លោះ​ដែល​នាំ​ឲ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​រូប​គាត់​នោះ មាន​ជាង ២៩០​ហិកតារ។ ដី​នេះ​ប្រជាពលរដ្ឋ​ចំនួន ១៧០​គ្រួសារ រស់នៅ ដែល​មាន ៣​ភូមិ គឺ​ភូមិ កាប់​ចោរ ភូមិ​គោក​ស្វាយ ស្ថិត​ក្នុង​ភូមិ​ថ្មី និង​ភូមិ​ស្វាយ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ មាន​ជម្លោះ​ដណ្ដើម​គ្នា​ជាមួយ​ក្រុមហ៊ុន លី សំអាន។ តំណាង​សហគមន៍​ដី​ធ្លី​ស្រុក​ថ្មពួក​អះអាង​ថា ក្រុមហ៊ុន​មួយ​នេះ ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​ទំនាស់ ដែល​ជា​ដីរបស់​​​​ពួក​គាត់ ហើយ​ពួក​គាត់​បាន​តវ៉ា​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដោះ​ស្រាយ​តាំង​ពី​ឆ្នាំ២០១៦ មក ប៉ុន្តែ​មិន​មាន​អាជ្ញាធរ​ណា​ដោះ​ស្រាយ​ជូន​ពួក​គាត់​នោះ​ទេ។ ក្រោយ​មក​ក្រុមហ៊ុន លី សំអាន ក៏​បាន​បង្វែរ​ដី​នេះ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​ចំនួន ១៤​គ្រួសារ ដែល​មិន​ធ្លាប់​កាន់កាប់​ដី​ពី​មុន​មក ធ្វើ​ជា​អ្នក​តំណាង​ប្ដឹង​តតាំង​ជាមួយ​ពួក​គាត់​វិញ​ម្ដង។ កាល​ពី​ថ្ងៃ​ទី​១៦ សីហា លោក ស៊ុំ ច័ន្ទគារ ឲ្យ​ដឹង​ថា​ចៅក្រម​ជម្រះ​មុន​អង្គ​សេចក្ដី​ទៅ​លើ​លោក សាម ម៉ាប់ និង​លោក សួង សឿត ដោយ​បាន​សម្រេច​ឲ្យ​អ្នក​ទាំង​២ នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ដោយ​ដាក់​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ចំណែក​លោក សាម សេន សមត្ថកិច្ច​កំពុង​តែ​តាម​ចាប់​ខ្លួន។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ឲ្យ​ដឹង​ទៀត​ថា ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​នោះ លុះ​ត្រា​មាន​សាលក្រម​ណា​មួយ​សម្រេច​លុប​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន ទើប​ជន​នោះ​រួច​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles