គណ​បក្ស​មួយ​ចំនួន​ត្រៀម​ខ្លួន​ជួប ​លោក ​ហ៊ុន ​សែន​ ខណៈ​មួយ​ចំនួន​ទៀត​ថា​គ្មាន​ប្រយោជន៍​

ដោយ អ៊ឹង ប៊ុនថន
19/08/2018
RFI

media
គណបក្សប្រជាជនកម្ពុជា
@REUTERS


គណ​បក្ស​​នយោបាយ​មួយ​ចំនួន​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​​ចូល​រួម​វេទិ​កា​​ពិគ្រោះ​​យោ​បល់​​ជា​​មួយ​ លោក​ ហ៊ុន​ សែន​ មុន​ពេល​​បង្កើត​​រដ្ឋា​ភិបាល​ថ្មី​ ខណៈ​គណ​បក្ស​​មួយ​​ចំនួន​​ទៀត​បង្ហាញ​ជំហរ​​មិន​ចង់​ចូល​រួម​ដោយ​ថា​គ្មាន​ប្រយោជន៍​។ ​នេះ​គឺ​ជា​ជំនួប​ដែល​មិន​ធ្លាប់​មាន​ទេ​កាល​ពី​អាណត្តិ​មុន​ៗ ​ស្រប​ពេល​គណ​បក្ស​កាន់​អំណាច​ឈ្នះ​អាសនៈ​ទាំង​១២៥​នៅ​អាណត្តិ​ទី៦​នេះ​។​

ផ្តើមចេញ​ពី​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ គណ​បក្ស​ថ្មី​ដែល​មិន​ទទួល​បាន​អាសនៈ​នេះ​​បាន​បញ្ជាក់​ជំហរ​បស់​ខ្លួន​​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍មួយនៅថ្ងៃសៅរ៍នេះ។ ក្នុងសេចក្តីថ្លែងការណ៍គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអះអាងថា ខ្លួន​ស្វាគមន៍​គំនិតផ្តួចផ្តើមក្នុងការរៀបចំវេទិកាពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាល និង​គណ​បក្ស​នយោបាយ ​ព្រោះទម្រង់នៃវេទិកានេះស្របជាមួយគោលនយោបាយ បង្រួបបង្រួមជាតិ ដែលមានចែងក្នុងសៀវភៅបៃតង របស់គណបក្សGDP។ ប៉ុន្តែគណបក្សនេះ អះអាងថា នឹងពិចារណាចូលរួមវេទិកា នៅក្រោយពេលរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិទី៦ ត្រូវបានបង្កើតឡើង និងស្នើសុំរាជរដ្ឋាភិបាលបង្ហាញពីគោលបំណងជាក់លាក់ យន្តការ​លម្អិត និងភាពទៀតទាត់នៃវេទិកា ដើម្បីឲ្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន យក​ជា​មូលដ្ឋានក្នុងការពិចារណាសម្រាប់ចូលរួមប្រកបដោយប្រសិទ្ធភាព។

ចំណែក គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិវិញ ក៏បានអះអាងថា ពួកគេស្វាគមន៍​ចំពោះការបង្កើតវេទិកានេះ ហើយថា គ្រាន់តែការ​ចូលរួម​មិន​មាន​អ្វី​ទាស់ខុសនោះទេ តែក៏ត្រូវរងចាំការ​សម្រេច​ពីគណបក្សទាំងមូលជាមុនសិនដែរ។

ផ្ទុយពីនេះ គណបក្ស​​សម្ព័ន្ធ​ដើម្បីប្រជា​ធិបតេយ្យរបស់​លោក ខឹម វាសនា​ និង​គណបក្ស​ខ្មែរ​ឈប់​ក្ររបស់លោក ក្រវ៉ាញ ដារ៉ន បានចាត់ទុកវេទិកានេះ​ថា គ្មានប្រយោជន៍ និង​គ្រាន់​តែចង់បាន​ជា​រូប​ភាពពហុបក្សតែប៉ុណ្ណោះ ខណៈទាំងរដ្ឋសភា និងរដ្ឋាភិបាល​អាណត្តិនេះគឺ ដឹកនាំដោយឯកបក្ស។

សូមជម្រាបជូនថា លោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី១៥ ខែសីហា ថាលោក​ចង់​បង្កើត​វេទិកាពិគ្រោះយោបល់រវាងរដ្ឋាភិបាលនិងគណបក្សទាំងអស់ ដែល​បាន​ចូល​រួម​បោះ​ឆ្នោតអាណត្តិទី៦នេះ នៅមុនពេលបង្កើតរដ្ឋាភិបាលថ្មី ខណៈ​គណ​បក្ស​ទាំង​នោះមិ​ន​មាន​អាសនៈក្នុងរដ្ឋសភា។ លោកប្រមុខបក្សកាន់អំណាច អះអាងថា វេទិកានេះ បង្កើត​​ឡើង​ដើម្បីផ្តល់ឱកាសដល់គណបក្សទាំងនោះចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេស​ជាការបង្កើតវប្បធម៌សន្ទនារវាង បក្សនយោបាយនៅក្នុងរដ្ឋសភា និង​បក្ស​នយោបាយនៅក្រៅរដ្ឋសភា៕

What Next?

Recent Articles

One Response to "គណ​បក្ស​មួយ​ចំនួន​ត្រៀម​ខ្លួន​ជួប ​លោក ​ហ៊ុន ​សែន​ ខណៈ​មួយ​ចំនួន​ទៀត​ថា​គ្មាន​ប្រយោជន៍​"

  1. Free Cambodia says:

    Smart people will join the winner to work together for the benefit of Cambodia. Only stupid people will keep fighting until end of time. Go figure.