មន្ដ្រីជាន់ខ្ពស់បក្សហ៊្វុនស៊ិនប៉ិច ៤រូបលាឈប់​ពីតំណែង​ក្រោយ​ត្រូវ​ដក​ហូត​ពី​​តំណែង​ដឹកនាំ

| |
https://vodhotnews.com

ប្រធានគណៈកម្មការដោះស្រាយកិច្ចការទូទៅរបស់គណបក្សហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី (រូបភាព៖ ដើមអម្ពិល)


មន្ដ្រីជាន់ខ្ពស់ចំនួន ៤រូប​របស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានប្រកាសលាលែងពីតំណែង ដោយលើកហេតុផលថា មិនអាចកាន់តួនាទីឲ្យមានប្រសិទ្ធិភាព ក្រោយ​ពី​ពួកគេ​ត្រូវ​បាន​​បញ្ចប់​ពី​មុខ​តំណែង​អនុ​ប្រធាន និង​អគ្គ​លេខាធិការ​បក្ស​នេះ។

លោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស៊្រឺ និង​លោក ញ៉េប ប៊ុនជិន ដែល​សុទ្ធ​តែ​កាន់​តំណែង​ជា​អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ ត្រូវ​បាន​​​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ​បញ្ចប់​ពី​មុខ​តំណែង ហើយ​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ព្រឹទ្ធាចារ្យ​របស់​បក្ស​វិញ កាល​ពី​ថ្ងៃ​ទី​០៨ ខែ​សីហា​នេះ។

​រី​ឯ​អគ្គ​លេខាធិការ​បក្ស​លោក វ៉ាន់ សុផាន់ណា ក៏​ត្រូវ​បាន​បញ្ចប់​ពី​ពី​មុខ​តំណែង​ដែរ ប៉ុន្តែ ពុំ​ត្រូវ​បាន​សម្ដេច​ក្រុម​ព្រះ​តែង​តាំង​ឲ្យ​កាន់​តួនាទី​អ្វី​នោះ​ឡើយ។

សម្ដេច​ក្រុម​ព្រះ​ក៏​បាន​តែង​តាំង​លោក យឹម សាវី អគ្គ​លេខាធិការ​បក្ស​នោះ ឲ្យ​កាន់​តំណែង​ជាអនុប្រធានគណបក្សផងដែរ។

ប៉ុន្តែ ក្នុងលិខិតសុំលាលែងពីតំណែង ដែលផ្ញើជូនទៅប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្ដេចក្រុមព្រះ កាលពីថ្ងៃម្សិលមិញ មន្ដ្រីជាន់ខ្ពស់គណបក្សនេះចំនួន ៤រូប បានប្រកាសលាលែងពីតំណែងជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យគណបក្ស និងតំណែងជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

បើតាមលិខិតដែលផ្ញើទៅសម្ដេចក្រុមព្រះ មន្ដ្រីជាន់ខ្ពស់ទាំង ៤រូប លើកហេតុផលថា ពួកគេពុំអាចកាន់តួនាទីនេះបានល្អ និងមានប្រសិទ្ធិភាពនោះទេ និងស្នើសុំធ្វើជាសមាជិកធម្មតាវិញ។

គណបក្សហ៊្វុនស៊ិនប៉ិក បានផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំជាបន្ត​បន្ទាប់ ក្រោយពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានតែងតែងព្រះរាជបុត្ររបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ធ្វើជាប្រធានស្តីទីគណបក្ស។

ការ​ផ្លាស់​ប្ដូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​រាជា​និយម​មួយ​នេះ បាន​កើន​ឡើង​ក្រោយ​ពី​​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​មុន​ការបោះ​ឆ្នោត ដែល​នាំ​ទៅ​រក​ការ​ចោទ​សួរ​អំពី​​ស្ថានភាព​សុខភាព​របស់​ទ្រង់។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ស្ថិត​នៅ​ក្នុង​ចំណោម​គណបក្ស​នយោបាយ ១៨​ផ្សេង​ទៀត ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៦ ប៉ុន្តែ គណបក្ស​នេះ ក៏​ដូច​ជា​គណបក្ស​ ១៨​ផ្សេង​ទៀត ​ពុំ​បាន​ឈ្នះ​អាសនៈ​សូម្បី​តែ​មួយ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles