អតីត​អគ្គលេខាធិការ​ អ.ស.ប​ លោក កូហ្វី អាណាន់ ទទួល​មរណភាព

មាន ​ឫទ្ធិ
2018-08-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក កូហ្វី អាណាន់ (Kofi Annan) រូប​កណ្ដាល។ Photo courtesy of Kofi Annan Foundation's Twitter
អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក កូហ្វី អាណាន់ (Kofi Annan) រូប​កណ្ដាល។ Photo courtesy of Kofi Annan Foundation’s Twitter


អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក កូហ្វី អាណាន់ (Kofi Annan) បាន​ទទួល​មរណភាព​ហើយ ដោយ​រោគាពាធ​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា​នេះ ក្នុង​អាយុ ៨០​ឆ្នាំ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រុម​គ្រួសារ​លោក កូហ្វី អាណាន់ និង​មូលនិធិ កូហ្វី អាណាន់ នៅ​លើ​បណ្ដាញ Twitter កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ។ លោក កូហ្វី អាណាន់ គឺជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព ឆ្នាំ​២០០១ ហើយ​បាន​បម្រើ​ការងារ​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ចំនួន​ពីរ​អាណត្តិ ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៦ មុននឹង​លោក​ចុះ​ចេញពី​តំណែង​ទៅ​បំពេញ​ការងារ ដោយ​មិន​ខ្លាច​នឿយហត់​ក្នុង​បុព្វហេតុ​សន្តិភាព ដោយ​ធ្វើជា​ប្រធាន​មូលនិធិ កូហ្វី អាណាន់។

កើត​ក្នុង​ឆ្នាំ​១៩៣៨ ក្នុង​ទីក្រុង គុម៉ាស៊ី (Kumasi) ប្រទេស​ហ្កាណា លោក កូហ្វី អាណាន់ បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៦២ ដោយ​កាល​ពី​ដំបូង​ឡើយ លោក​ទទួលបន្ទុក​ផ្នែក​កិច្ចការ​បុគ្គលិក និង​ថវិកា។ លោក កូហ្វី អាណាន់ បាន​ក្លាយ​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទី​៧ និង​ជា​ជនជាតិ​អាហ្វ្រិក​ដំបូង​គេ​បង្អស់ ដែល​បាន​ឡើង​កាន់​តំណែង​កំពូល​នៃ​អង្គការ​សហប្រជាជាតិ​នេះ។ សេចក្ដីប្រកាស​ព័ត៌មាន​របស់​មូលនិធិ កូហ្វី អាណាន់ សរសេរ​រៀបរាប់​ថា លោក កូហ្វី អាណាន់ គឺ​ជា​រដ្ឋបុរស​សាកល​ម្នាក់ ហើយ​ជា​បុគ្គល​អន្តរជាតិ​មួយ​រូប មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ដែល​បាន​តស៊ូ​ពេញ​មួយ​ឆាក​ជីវិត​របស់​លោក ដើម្បី​បុព្វហេតុ​ពិភពលោក​មួយ ដែល​មាន​ភាព​យុត្តិធម៌ និង​សន្តិភាព​ប្រសើរ​ជាង​មុន។ គណៈកម្មាធិការ​ប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព ធ្លាប់​សរសើរ​លោក​ថា ការណ៍​ដែល​លោក​បម្រើ​ការងារ​ក្នុង​អង្គការ​អន្តរជាតិ​កំពូល​មួយ ដែល​មិន​អាច​ធ្វើ​អ្វី​ឲ្យ​ហួស​ពី​ការអនុញ្ញាត​របស់​រដ្ឋ​សមាជិក​ខ្លួន លោក កូហ្វី អាណាន់ បាន​សម្រេច​ចិត្ត​យ៉ាង​ច្បាស់​ថា អធិបតេយ្យ​នៃ​រដ្ឋ​សមាជិក មិន​អាច​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ដើម្បី​បិទបាំង​អំពើ​រំលោភបំពាន​នានា​ពី​សំណាក់ នៅ​ពី​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ​នោះ​ទេ។

ក្នុង​អាណត្តិ​របស់​លោក កូហ្វី អាណាន់ អាសនៈ​របស់​កម្ពុជា នៅ​អង្គការសហប្រជាជាតិ ត្រូវ​បាន​រក្សាទុក​ឲ្យ​នៅ​ទំនេរ កាល​ពី​ឆ្នាំ​១៩៩៧ និង​១៩៩៨ ក្រោយ​ពី​លោក ហ៊ុន សែន បាន​ដឹកនាំ ធ្វើ​រដ្ឋប្រហារ​បង្ហូរ​ឈាម ថ្ងៃ​ទី​៥៦ កក្កដា ឆ្នាំ​១៩៩៧។ លោក​ក៏​បាន​បន្សល់​នូវ​កេរដំណែល​ដ៏​ចម្រូងចម្រាស​នៃ​ការ​បង្កើត​សាលា​ក្តី​កូនកាត់​ខ្មែរក្រហម ដែល​កំពុង​ដំណើរការ​ជាង​១​ទសវត្សរ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អតីត​អគ្គលេខាធិការ​ អ.ស.ប​ លោក កូហ្វី អាណាន់ ទទួល​មរណភាព"

  1. Anonymous says:

    R I P sir’