មន្ត្រី​ជាន់ខ្ពស់​ហ៊្វុនស៊ិនប៉ិច​ដែល​ត្រូវ​ដក​ហូត​​ដំណែង​ប្រកាស​មិន​ទទួល​​តួនាទី​​ថ្មី​ដែល​មេ​បក្ស​ផ្ដល់​ឱ្យ

មាន ឫទ្ធិ
2018-08-19
RFA

អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី ចូលរួម​វេទិកា​សួរ​ដេញដោល​តំណាង​គណបក្ស​នយោបាយ​សម្រាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នា​សណ្ឋាគារ​សាន់វ៉េ (Sunway) ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA
អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី ចូលរួម​វេទិកា​សួរ​ដេញដោល​តំណាង​គណបក្ស​នយោបាយ​សម្រាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នា​សណ្ឋាគារ​សាន់វ៉េ (Sunway) ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA


អតីត​អនុប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស៊្រឺ និង​លោក​ ញ៉េប ប៊ុនជិន ដែល​​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទើប​តែ​បញ្ចប់​មុខ​តំណែង​​កាល​ពី​ថ្ងៃទី១៨ សីហា​ នោះ​ បាន​ប្រកាស​លាលែង​ពី​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា​ព្រឹទ្ធាចារ្យ​របស់​គណបក្ស​ហើយ។ ចំណែក លោក យឹម សាវី ដែល​ទើប​ត្រូវ​បាន​តែង​តាំង​ជា​អនុប្រធាន​គណបក្ស​កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បាន​ប្រកាស​លាលែង​ពី​មុខ​តំណែង​របស់​ខ្លួន​ផង​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​ទាំង ៤រូប​​ ថ្លែង​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ថ្វាយ​ទៅ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថា ពួក​លោក​មិន​អាច​បំពេញ​តួនាទី​ថ្មី​នេះ​បាន​ដោយ​មាន​ប្រសិទ្ធភាព​ឡើយ​ ដូច្នេះ​ពួក​លោក​សុំ​ការ​អនុញ្ញាត​លា​លែង​​ពី​មុខ​តំណែង​​ ដោយ​សុំ​ធ្វើ​ត្រឹម​ជា​សមាជិក​ធម្មតា​ស្រប​តាម​លក្ខន្តិកៈ​របស់​គណបក្ស​ប៉ុណ្ណោះ។

លិខិត​សុំ​លាលែង​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ១៨ សីហា ពោល​គឺ​​ក្នុង​ថ្ងៃ​តែ​មួយ​បន្ទាប់​ពី​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ បាន​ចេញ​លិខិត​បញ្ចប់​មុខ​តំណែង​​លោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ឺ និង​លោក ញ៉េប ប៊ុនជិន ពី​អនុ​ប្រធាន​គណបក្ស​ និង​មុខ​តំណែង​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​បក្ស​ ដោយ​ឱ្យ​អ្នក​ទាំង​ ៣ ទៅ​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ព្រឹទ្ធាចារ្យ​​គណបក្ស​​វិញ។

អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ណុប សុធារិទ្ធិ មិន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​​ការ​ប្រកាស​មិន​ទទួល​យក​តួនាទី​ថ្មី​របស់​មន្ត្រី​កំពូលៗ​ទាំង​ ៤ រូប​នេះ​ឡើយ។ លោក​បញ្ជាក់​ជា​ថ្មី​ទៀត​ថា ការ​ដក​ហូត​មុខ​តំណែង​មន្ត្រី​កំពូលៗ​របស់​គណបក្ស​នេះ គឺ​ជា​ការ​សព្វព្រះ​ហឫទ័យ​របស់​សម្ដេចក្រុមព្រះ​ដែល​ជា​ប្រធាន​គណបក្ស៖ «ខ្ញុំ​បាន​ឃើញ​តាម​សារព័ត៌មាន​​ តែ​ចាំ​ខ្ញុំ​ឆែក​ទៅ​រដ្ឋបាល​ខ្ញុំ​សិន​ថា​បាន​ទទួល​លិខិត​នេះ​ហើយ ​ឬ​នៅ​? បើ​បាន​លិខិត​ហ្នឹង​ហើយ ខ្ញុំ​នឹង​យក​ទៅ​ថ្វាយ​សម្ដេចក្រុមព្រះ​ ហើយ​លោក​សម្រេច​ព្រះទ័យ​យ៉ាង​ណា​ទៀត​នោះ​ជា​រឿង​របស់​លោក»

អាស៊ីសេរីមិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បកស្រាយ​បន្ថែម​ពី​​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំង ៤ រូប ដែល​​​​សុំ​​លាលែង​ពី​តួនាទី​ថ្មី​ទាំង​នេះ​​បាន​ឡើយ ​នៅ​ថ្ងៃទី១៩ សីហា ក៏​ប៉ុន្តែ​ការ​លាលែង​នេះ​ទំនង​ជា​ផ្ដើម​ចេញ​ពី​ការ​បញ្ចប់​តួនាទី​លោក យូ ហុកគ្រី លោក​ ប៉ោ ប៊ុនស៊្រឺ និង​លោក​ ញ៉េប ប៊ុនជិន​ ចេញ​​ពី​ជួរ​ថ្នាក់​ដឹកនាំបក្ស។

លោក​ ញ៉េប ប៊ុនជិន បាន​ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃទី១៨ សីហា ថា លោក​មិន​បាន​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​​​នៃ​ការ​បញ្ចប់​តួនាទី​ពួក​លោក​ឡើយ​ ប៉ុន្តែ​លោក​សន្និដ្ឋាន​ថា ទំនង​ជា​​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ខក​ព្រះទ័យ​ដែល​​គណបក្ស​មិន​ទទួល​បាន​អាសនៈ​សភា​ពី​ការ​បោះឆ្នោត​ថ្ងៃទី២៩ កក្កដា។ លោក​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បញ្ចប់​តួនាទី​នេះ ដែល​ជា​រឿង​នឹក​ស្មាន​មិន​ដល់​ ព្រោះ​ពួក​លោក​​សុទ្ធ​តែ​មាន​ភក្ដីភាព​ជាមួយ​គណបក្ស​ និង​បាន​ដង្ហែ​តាម​សម្ដេចក្រុមព្រះ​អស់​រយៈ​ពេល​រាប់​​ទសវត្សរ៍​មក​ហើយ។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ លោក សន ជ័យ​ យល់​ថា អនាគត​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាន់​តែ​យ៉ាប់យ៉ឺន​​ ព្រោះ​បាត់​ការ​គាំទ្រ​ខ្លាំង​ពី​ពលរដ្ឋ ហើយ​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​នេះ​ទៅ​ហើយ គណបក្ស​ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​កាល​ពី​អាណត្តិ​ទី១ នេះ នៅ​តែ​បន្ត​ការ​បែក​បាក់​គ្នា​បែប​នេះ​ទៀត៖ «បើ​យើង​មើល​ទៅ​អនាគត​ស្រពេចស្រពិល​របស់​ហ៊្វុនស៊ិនប៉ិច គឺ​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ហើយ។ បែក​បាក់​គ្នា ពី​បក្ស​ធំ​មាន​អាសនៈ​រហូត​ដល់​បាត់​បង់​អាសនៈ និង​ឈាន​ដល់​ការ​បែក​បាក់​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​គណបក្ស​ អ៊ីចឹង​ប្រជាប្រិយភាព​បក្ស​នេះ​ គឺ​កាន់​តែ​រួម​តូច​ទៅៗ​ហើយ»

ចំណែក​អតីត​ឧបនាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ចម្រុះ​ និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង វិញ អះអាង​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​គ្មាន​អនាគត​ឡើយ​ ហើយ​ស្ថិត​ក្នុង​ស្ថានភាព​​បែប​នេះ គណបក្ស​នេះ​គួរ​តែ​ធ្វើ​សមាជ​រំលាយ​ខ្លួន​ឯង​ចោល​ទៅ​ប្រសើរ​ជាង​ ព្រោះ​កុំ​ឱ្យ​មាន​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ថា ជា​អ្នក​ចូល​​ដៃ​បំផ្លាញ​ប្រជាធិបតេយ្យ​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន៖ «គណបក្ស​ហ៊្វុនស៊ិនប៉ិចល្មម​ឈប់​ហើយ រំលាយ​ខ្លួន​ឯង​ចោល​ទៅ កុំ​ធ្វើ​តទៅ​ទៀត​នោះ មក​តែ​បង្គ្រប់​កិច្ច​គេ​ហ្នឹង គ្មាន​​បាន​ប្រយោជន៍​ស្អី​ទេ ចូល​រូម​បោះឆ្នោត​អ្វី​ឯណា​។ រួច​ហើយ​មក​ធ្វើ​ឯង​ចូល​ដៃ​ចូល​ជើង​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ជា​រឿង​កខ្វក់​ណាស់ មិន​ត្រឹម​ត្រូវ​ទេ»

គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​ដូច​គណបក្ស​ដទៃ​​ទៀត​ដែរ​ គឺ​​មិន​ទទួល​បាន​អាសនៈ​ណាមួយ​ពី​ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ​នោះ​ទេ ​​ដោយ​អាសនៈ​សរុប​ទាំង ១២៥ ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​ តែមួយ​គត់ ដែល​បញ្ហា​នេះ​កំពុង​រុញច្រាន​កម្ពុជា​ឱ្យ​ធ្លាក់​ចូល​ក្នុង​របប​ដឹក​នាំ​ឯក​បក្ស ដែល​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ​របស់​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles