អង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ ទាម​ទារ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មន្រ្តី​សិទ្ធិ​មនុស្ស

ដោយ សរ ពិសី
20/08/2018
RFI

media
មន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុក
@RFI


មូល​និធិការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ (Front Line Defenders) ​ជំរុញ​ឲ្យ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ប្រឆាំង​នឹង អតីត​មន្រ្តី និង​មន្រ្តី​សិទិ្ធ​មនុស្ស​អាដហុក ដោយ​គ្មាន​លក្ខ​ខណ្ឌ​។ ការ​ទាម​ទារ​ធ្វើ​ឡើង​ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​ កោះ​ហៅ​ លោក ណៃ វ៉ង់ដា និង​លោក នី ចរិយា ឱ្យ​ចូល​សវនាការ​ នៅ​ថ្ងៃ​ទី២៧​ ខែ​សីហា​ខាងមុខ។ មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក៤​រូប និង​ លោក នី ចរិយា អតីត​មន្រ្តី ​អាដហុក​ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ២០១៧ បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​ពាក់ព័ន្ធ​រឿង​រ៉ាវ​ក្ដី​ក្ដាំ​រវាង​លោក កឹម សុខា ប្រធាន​អតីត​បក្ស​ប្រឆាំង​ ជា​មួយ​នាង​ ខុម ចាន់តារ៉ាទី ហៅ​ស្រី​មុំ។ 

ក្រៅ​ពី​ទាម​ទារ​ឱ្យ​អាជ្ញា​ធរ​កម្ពុជា​ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹង​មន្រ្តី​ និង​អតីត​មន្រ្តី​សិទ្ធិ​មនុស្ស អង្គការ​អាដហុក មូលនិធិ​ការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ (Front Line Defenders) ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អៀកឡង់​ ក៏​បាន​ថ្កោល​ទោស​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ប្រឆាំង​នឹង​អតីត​មន្រ្តី និង​មន្រ្តី​សិទ្ធិ​មនុស្ស​ទាំង​៥នាក់​ផង​ដែរ។

សេច​ក្តី​ថ្លែង​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះ​រាជា​អាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៩ សីហា បាន​កោះ​ហៅ លោក ណៃ វ៉ង់ដា មន្រ្តី​អង្គ​ការ​សិទ្ធិ​មនុស្ស អាដ​ហុក និង​លោក នី ចរិយា អតីត​មន្រ្តី​អង្គការ​អាដហុក និង​ជា​អគ្គ​លេខា​ធិការ​រង​គ.ជ.ប ឱ្យ​ចូល​រួម​សវនា​ការ​ជំនុំ​ជម្រះ​ នៅ​ថ្ងៃ​ទី២៧ ខែ​សីហា ខាង​មុខ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​មូលនិធិ​ការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ (Front Line Defenders) ចុះថ្ងៃទី ១៦ ខែសីហា ក៏​បាន​ស្នើ​ឱ្យ​តុលាការ​ធានា​ថា ការ​កាត់ទោស​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​នោះ ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌ ស្រប​តាម​ស្តង់​ដារ​អន្តរ​ជាតិ និង​ត្រូវ​ធានា​ថា​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​អស់​ អាច​ប្រកប​ការងារ​ដោយ​គ្មាន​ការ​គំរាមកំហែង សង​សឹក និង​គ្មាន​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​។

សូម​រំឮក​ជូន​ថា មន្ដ្រី​អាដ​ហុក​៤រូប​ និង​លោក នី ចរិយា អតីត​មន្រ្តី​អង្គការ​អាដហុក និង​អគ្គ​លេខា​ធិការ​រង​គ.ជ.ប ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន កាល​ពី​ថ្ងៃ​ទី ២៩​មិថុនា ឆ្នាំ២០១៧​កន្លែង​ទៅ តែ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលា​ការ​។ លោក នី សុខា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក លោក យី សុខសាន្ត អនុប្រធាន​សមាគម​អាដហុក លោក ណៃ រ៉ង់ដា អនុ​ប្រធាន​សមាគម​អាដហុក និង​លោក​ស្រី លឹម មុន្នី មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដ​ហុក ត្រូវ​បាន​តុលាការ​ ចោទ​ពី​បទ​សូក​ប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។

ដោយ​ឡែក​លោក នី ចរិយា អគ្គ​លេខា​ធិការ​រង​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​អំពើ​សូក​ប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និង​មាត្រា ៥៤៨ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។ បទ​ចោទ​ទាំង​អស់​នេះ កើត​ឡើង​បន្ទាប់​ពី​អ្នក​ទាំង៥​មាន​ជាប់​ពាក់​ព័ន្ធ​រឿង​រ៉ាវ​ក្ដី​ក្ដាំ​រវាង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​មួយ​នាង ខុម ចាន់តារ៉ាទី ហៅ​ស្រី​មុំ​៕

What Next?

Recent Articles

One Response to "អង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ ទាម​ទារ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មន្រ្តី​សិទ្ធិ​មនុស្ស"

  1. so socheath says:

    កឹម សុខា គ្មានវាសនា បាននៅក្រៅឃុំទេ
    ក្រោយបញ្ចប់ការ សួរដេញដោល របស់តុលាការកំពូល នៅវេលាថ្ងៃត្រង់ទី២២
    ខែសីហា ឆ្នាំ២០១៨ បានសម្រេចមិនដោះលែងលោកកឹម សុខា អតីតប្រធាន គណបក្ស
    សង្គ្រោះជាតិទេ ដោយបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល ។
    នេះបើតាមការបញ្ជាក់របស់លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការ
    អមតុលាការកំពូល និង ជាអ្នកនាំពាក្យ ។
    វាសនា កឹម សុខា ពេលនេះ គឺខុសពីលោក គឹម សុខ , ស្ត្រីសកម្មជនបឹងកក់៤នាក់ និងអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីរនាក់ ដែលត្រូវតុលាការដោះលែងជាបន្តបន្ទាប់ ។
    កឹម សុខា ដែលបច្ចុប្បន្នជាប់ពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ជិត១ឆ្នាំ ហើយនោះ ពុំត្រូវបានបញ្ជូនមកចូលរួមសវនាការ នៅតុលាការកំពូលទេ ។
    ទោះបីយ៉ាងណាមេធាវីកឹម សុខា បានបង្ហាញវត្តមាន ដើម្បីបំពេញនីតិវិធី របស់តុលាការកំពូល ។
    ជាមួយការចាប់ផ្ដើមសវនាការនេះ ក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ជាច្រើនស្ថាប័ន រួមទាំងអង្គការជាច្រើនទៀតនោះ ទន្ទឹងរង់ចាំក្រៅរបងតុលាការកំពូល ដើម្បីចង់ដឹងលទ្ធផល តើតុលាការកំពូលដោះលែងលោកកឹម សុខា ដែរឬទេ ?
    ពេលនេះ លទ្ធផលបានដឹងហើយ គឺ តុលាការកំពូលសម្រេចមិនដោះលែងកឹម សុខា នោះទេ ។
    មតិខ្លះ ថា អាចនឹងមានការដោះលែងកឹម សុខា ព្រោះបានមើលឃើញថា បុគ្គលលេច ធ្លោមួយចំនួនត្រូវបានតុលាការដោះលែងជាបន្តបន្ទាប់ ។
    ការសម្រេចទាំងអស់នេះ ត្រូវបានតុលាការអះអាងថា ធ្វើតាមច្បាប់ ពុំមែនស្ថិតក្រោមហេតុផល នយោបាយទេ ទោះបីមជ្ឈដ្ឋានខ្លះមិនយល់ស្របក៏ដោយ ។
    ដីកាតុលាការកំពូល ដែលទទួលបានបង្ហាញថា សវនាការនេះដឹកនាំដោយលោកគង់ ស្រ៊ីម ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។
    គួរបញ្ជាក់ថា កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយ សម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ឆ្នាំ៕