ជីវប្រវត្តិ​សង្ខេប​នៃ​អ្នកទោស​មនសិការ​ចំនួន​១៣​នាក់​ដែល​ទើប​រួច​ចេញពី​ពន្ធនាគារ

សុ ជីវី
2018-08-31
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក មាជ សុវណ្ណារ៉ា (ពាក់​មួក) ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អាន បឋម (អាវ​ក្រហម) យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ភ្នំពេញ ដើរ​ចុះ​ពី​លើ​អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo: RFA
លោក មាជ សុវណ្ណារ៉ា (ពាក់​មួក) ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក អាន បឋម (អាវ​ក្រហម) យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ភ្នំពេញ ដើរ​ចុះ​ពី​លើ​អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៥។ Photo: RFA


ព្រះមហាក្សត្រ​បាន​ព្រះរាជប្រទាន​លើកលែងទោស​ដល់​អ្នកទោស​មនសិការ​ចំនួន ១៤​នាក់ ក្នុង​ពេល​តែមួយ​កាលពី​ថ្ងៃ​ទី​២៧ ខែ សីហា ក្រោយ​មានការ​ស្នើសុំ​ពី​នាយករដ្ឋមន្ត្រី និង​បន្ទាប់ពី​អ្នក​ជាប់ឃុំ​ទាំង​នោះ​បាន​សរសេរ​លិខិត​សុំទោស។

ក្នុងចំណោម​អ្នក​១៤​នាក់​នោះ ក្រៅ​តែ​ពី​លោក មាជ សុវណ្ណារ៉ា ដែល​ជា​មន្ត្រី​សំខាន់​របស់​គណបក្ស​សង្គ្រោះជាតិ អ្នក​១៣​នាក់​ផ្សេងទៀត គឺ​អតីត​ក្រុម​យុវជន ជា​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះជាតិ។ តើ​អ្នក​ទាំងនោះ​មាន​ប្រភព​ចេញពី​ណាខ្លះ​?

តើ​ពួកគេ​មាន​សកម្មភាព​អ្វីខ្លះ​ទាក់ទង​នឹង​គណបក្ស​នយោបាយ និង​ថា​តើ​ពួកគេ​មាន​គម្រោង​អ្វី​ខ្លះ​ទៅ​ថ្ងៃ​អនាគត? សកម្មជន​មួយ​ចំនួន​នៃ​​បក្ស​ប្រឆាំង​ស្ថិត​ក្នុង​ចំណោម ១៤​នាក់ ដែល​ទើបតែ​ចេញពី​ពន្ធនាគារ បាន​ប្រាប់​អាស៊ីសេរី​ថា ពួកគេ​នៅតែ​រំពឹង​ចំពោះ​ឱកាស​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស ជាថ្មី​ម្ដងទៀត​នៅ​ថ្ងៃ​អនាគត។

អតីត​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ដូចៗ​គ្នា​ថា​ពួកគេ​រំពឹង​ថា នឹង​មាន​ការ​ស្ដារ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ និង​យុត្តិធម៌​ក្នុង​សង្គម។ មានកំណើត​នៅ​ខេត្ត​កំពង់ចាម រៀន​ចប់​បរិញ្ញាបត្រ ឱសថការី លោក អឿ ណារិត (អតីត​អ្នកធ្វើការ​នៅ​ក្នុង​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះជាតិ) នៅតែ​ប្រកាន់​ជំហរ​ដដែល​គឺ​ដូច​នឹង​ពេល​លោក​ទើប​ចូលរួម​ជា​យុវជន​ស្ម័គ្រចិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៣​ដែរ។ លោក​ចង់​បាន​សង្គម​មួយ​មាន​យុត្តិធម៌ គ្មាន​អំពើពុករលួយ ហើយ​ថា ខណៈ​ដែល​ពុំ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ លោក​នឹង​ទៅ​រៀន​បន្ត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ព្រមទាំង​ប្រាថ្នា​ធ្វើជា​គំរូ​ដល់​យុវជន​ក្នុង​សង្គម៖ «ចង់​បង្ហាញ​អ្វី​ដែល​ជា​បទ​ពិសោធន៍​របស់​ខ្ញុំ​អោយ​យុវជន​យល់ដឹង​ពី​ការចូលរួម​ក្នុង​សង្គម​ពី​ផល​ប៉ះពាល់​សង្គម ពីព្រោះ​ក្នុង​ពន្ធនាគារ​ខ្ញុំ​ក៏បាន​រៀន​សូត្រ​ខ្លះ​អំពី​ផល​ប៉ះពាល់​ក្នុង​សង្គម។ នៅ​ពេល​ដែល​សង្គម​មាន​អំពើពុករលួយ​គ្រប់បែប​យ៉ាង ដូច្នេះ​យុវជន​យើង​បែកគំនិត​មិន​បាន​ចូលរួម​ជួយ​សង្គម​គាត់​ធ្វើ​អំពើ​អបាយមុខ​ដូចជា​ការ​សេព​គ្រឿងញៀន ការ​លួច​ប្លន់​ដើម្បី​បំពេញ​សេចក្ដី​សប្បាយ​រីករាយ​របស់​គាត់»។

យុវជន​មួយ​រូប​ទៀត គឺ​លោក នាង សុ​ឃុន ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ជំនាញ​ផ្នែក​ច្បាប់ និង​ធ្លាប់​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​ចោទប្រកាន់​លោក ហ៊ុន សែន ក្នុង​រឿង​កាត់​កោះត្រល់ និង​កោះ​ក្រចក​សេះ​ឲ្យ​ទៅ​វៀតណាម ដោយ​ខុសច្បាប់​នោះ ប្រាថ្នា​អោយ​ប្រទេស​មាន​ភាព​រីក​ចំរើន​ពិតប្រាកដ៖ «ប្រាថ្នា​ធំ​បំផុត​របស់ខ្ញុំ​គឺ​ខ្ញុំ​ចង់​ឃើញ​ប្រទេសជាតិ​របស់​យើង​ដ៏​កម្សត់​មួយ​នេះ មានការ​ឯកភាព​ជាតិ​ស្រុះស្រួល​គ្នា​រីកចម្រើន​ដូច​ប្រទេស​ជិតៗ​ខាង មិន​បាច់​ចាំ​ទៅដល់​សិង្ហបុរី ដល់​អាមេរិក​អី​ទេ ត្រឹមតែ​ថា​អោយ​ដើរទាន់​ថៃ​ទាន់​អី​ទៅ​យើង​សប្បាយចិត្ត»។

ទាំង​លោក អឿ ណារិត ទាំង​លោក នាង សុឃុន និង​លោក ឃិន រឿន ហៅ​ឃិន ជំរឿន​ម្នាក់ទៀត​គឺ មានទោស​ពី​បទ​ដឹកនាំ​កុបកម្ម​ទាក់ទិន​នឹង​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤។ អតីត​យុវជន​នៃ​គណបក្សប្រឆាំង​ដែរ លោក សាន គឹមហេង និង​សាន សីហៈ ជា​បងប្អូន​បង្កើត​នឹង​គ្នា បាន​ជាប់ពន្ធនាគារ​ក្នុង​សំណុំរឿង​ដូចគ្នា​នឹង​អ្នក​ទាំង​៨​នាក់​ផ្សេងទៀត​គឺ​ចូលរួម​កុបកម្ម។ គ្រួសារ​អ្នក​ទាំង​២​ធ្លាប់​រស់នៅ​ជនភៀសខ្លួន​នៅ​ក្នុង​ជំរំ​សាយអេច (Site 8) ដែល​បាន​ជំរុញ​អោយ​អ្នក​ទាំង​២​ស្អប់​អំពើ​អយុត្តិធម៌ និង​បាន​សម្រេចចិត្ត​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ជា​អ្នករៀន​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម លោក សាន គឹមហេង ធ្លាប់​ជា​ប្រធាន​ក្រុម​យុវជន​គណបក្សប្រឆាំង​ក្នុង​ខណ្ឌ​ទួលគោក​ប្រាប់​ថា លោក​និង​ប្អូនប្រុស​ពុំ​មាន​ការ​រារែក​នឹង​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​គណបក្សប្រឆាំង​ទេ ប្រសិនបើ​មាន​ឱកាស​ជាថ្មី​ម្ដងទៀត តែ​ក្នុង​ពេល​នេះ​លោក​ទៅ​ធ្វើ​ការ​នៅ​បន្ទប់​ព្យាបាល​ជំងឺ​សរសៃ​ជាមួយ​ឪពុក៖ «ឥឡូវនេះ​គឺ​ជួយ​ជីវភាព​គ្រួសារ​សិន ហើយ​ចាំ​មើល​បើ​មានការ​បង្កើត​គណបក្ស​សង្គ្រោះជាតិ​ឡើងវិញ ឬក៏​យ៉ាងណា ក៏​ខ្ញុំ​នៅ​រង់ចាំ​ចូលរួម​ជាមួយ​តទៅទៀត»។

រីឯ​អតីត​យុវជន​សង្គ្រោះជាតិ​វ័យ​ជាង​៣០​ឆ្នាំ​មួយ​រូប​ទៀត គឺ​លោក អាន បឋម ជា​កូនប្រុស​អតីតមន្ត្រី​រាជការ​នៅ​ក្រសួងពាណិជ្ជកម្ម រំលឹក​ថា បាន​មានគំនិត​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​នៅ​ក្រោយ​ពេល​មើល​ឃើញ​មាន​ភាព​អយុត្តិធម៌​ទៅលើ​ក្រុម​និស្សិត​កាលពី​មានការ​តវ៉ា​ក្នុង​ឆ្នាំ​១៩៩៨។ លោក អាន បឋម ក៏​មិនទាន់​បោះបង់​គំនិត​ដែល​ចង់​ចូលរួម​ការងារ​សង្គម​នោះ​ទេ បើ​ទោះ​ជា​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយសារ​ការ​ចូលរួម​កា​រត​វ៉ា​កន្លងទៅ៖ «តាំងពី​ខ្ញុំ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ ១​ខែ ៧​ថ្ងៃ​មក ហើយ​ដល់​ថ្ងៃ ខ្ញុំ​ចេញ​ហ្នឹង​ខ្ញុំ​អត់​មាន​ភ័យខ្លាច​ទេ តែ ចំពោះ​ម៉ាក់​ប៉ា​គាត់​ចេះតែ​បារម្ភ​ដែរ គាត់​ថា​ថ្មីៗ​អ៊ីចឹង​កុំ​ទាន់​អាល​ដើរ​ទៅ​ណា​អី ព្រោះ​យើង​នៅ​ក្នុង​នោះ​អត់​ដឹង​ពី​សភាពការណ៍​នៅ​ខាងក្រៅ​យ៉ាងម៉េចៗ តែ​ចំពោះ​ខ្ញុំ​គិត​ថា ខ្ញុំ​ម្នាក់ឯង​គ្មាន​នរណា​គេ​ធ្វើបាប​ទេ យើង​អត់​មាន​អី​ផង ហើយ​កាល​ពី​ពេល​ចាប់​ខ្ញុំ​ហ្នឹង​ខ្ញុំ​គ្មាន​ខុស​អី​ផង​ហ្នឹង គ្រាន់តែ​កាន់​កាមេរ៉ា​ថត​ហ្នឹង។ រូបភាព​នៅ​តុលាការ​បាន​ឃើញ​គ្រប់គ្នា​ថា​ខ្ញុំ​អត់​មាន​ទៅ​ប៉ះ​អ្នកណា​បាន​មួយ​ដៃ​ផង​ហ្នឹង»។

ក្នុងចំណោម​អ្នកគាំទ្រ និង​សកម្មជន​គណបក្ស​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨​នាក់​ដែល​ជាប់ឃុំ​ក្នុង​សំណុំរឿង​អំពើ​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​នេះ​មាន​២​នាក់ ដែល​បាន​ផ្ដល់​សម្ភាស លោក ទេព ណារិន និង​លោក អ៊ុក ពេជ្រ​សំណាង និយាយ​ថា បើទោះជា​ធ្លាប់​ជាប់ទោស​ទាំង​អយុត្តិធម៌​អស់​ជាច្រើន​ឆ្នាំ​ក្ដី​ក៏​ពួកគាត់​មិន​ផ្លាស់ប្ដូរ​គំនិត​ទេ ពោល​គឺ​នៅតែ​ចង់​ចូលរួម​ការងារ​សង្គម ឬ​ជាមួយ​គណបក្សប្រឆាំង។ ក្នុង​វ័យ​ជាង ៥០​ឆ្នាំ អតីត​ទាហាន​សម័យ​សាធារណរដ្ឋ ធ្លាប់​ជាប់​ពន្ធនាគារ ៣​លើក និង​រស់​ក្នុង​ជីវភាព​ខ្វះមុខខ្វះក្រោយ។ លោក អ៊ុក ពេជ្រសំណាង អតីត​សកម្មជន​សង្គ្រោះជាតិ លោក​ចង់​ត្រឹម​មាន​រ៉ឺម៉ក​កង់បី ឬ​តុកតុក ដើម្បី​បន្ត​ការងារ​ជួយ​សង្គម​តាមរយៈ​ដឹកជញ្ជូន​ដោយ​មិន​គិត​កម្រៃ​ពី​អ្នក​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី អ្នក​ក្រីក្រ​ព្រះសង្ឃ មន្ត្រី និង​សកម្មជន​អតីត​បក្ស​ប្រឆាំង។ លោក​បាន​លក់​រ៉ឺម៉ក​កង់​បី​ចាស់​ដែល​ធ្លាប់​បំពាក់​ឧបករណ៍​បំពង​សំឡេង​សម្រាប់​អោយ​អ្នកមាន​បញ្ហា​ទី​ធ្លី​ស្រែក​តវ៉ា​នោះ​ក្នុង​ពេល​ជាប់ពន្ធនាគារ​ដោយសារ​ខ្វះខាត​ជីវភាព៖ «កូន​វាលក់​កាល​ហ្នឹង​បាន​៥០០ តែ​ខ្ញុំ​ចាយ​អស់​៣០០​ហើយ ខ្ញុំ​យក​ទៅ​ហូប​ក្នុង​គុក។ ឥឡូវ​កំពុងតែ​នៅ​ស្ងៀម ហើយ​ព្រះសង្ឃ​កំពុង​ជួយ​អំពាវនាវ​បើ​មាន​បងប្អូន​ណា​អាណិត​លោក អ៊ុក ពេជ្រសំណាង បាន​អាតុកតុ​ក​វិញ​ម៉ោ គ្រាន់​បាន​ដឹក​ព្រះសង្ឃ ដឹក​អ្នកមាន​បញ្ហា​ដីធ្លី អ្នក​អី​ផ្សេងៗ​ទៅ​ក្រែងលោក​បាន​ចិញ្ចឹមជីវិត។ បើ​អាច​ជួយ​សន្សំ​គ្នា​ម្នាក់​មួយ​កាក់​មួយ​សេន មួយ​រយ ឬ​ហាសិប​អី អោយ​បាន​តុកតុក និង​មីក្រូ​ហ្នឹង​វិញ ខ្ញុំ​ចេះតែ​បន្ត​ជីវភាព​ទៅទៀត ហើយ​ខ្ញុំ​មិនមែន​មិន​យក​កម្រៃ​សោះ​ទេ ខ្ញុំ​យក​ត្រឹម​បាន​ចាក់​សាំង​នៅ​ភ្នំពេញ​ម៉ា​ថ្ងៃ​មាន​ទៅ​ចាក់​បួនដប់​លីត្រ​ឯណា ចាក់​តែ​៥​លីត្រ​ទៅ​សល់​ខ្លះ​ខ្ញុំ​ចិញ្ចឹម​ខ្លួន​បាន។ អស់លោក​អើយ​នៅ​នេះ ខ្ញុំ​វាយតម្លៃ​អោយ​ចុះ​គឺ​១៥០០ (​ដុល្លារ) គឺ​ថ្មី ហើយ​ពេលនេះ​ខ្ញុំ​មាន​៤០០ (ដុល្លារ) ក្នុង​ដៃ»។

អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត មាស នី លើកឡើង​ថា ការ​ចាប់ខ្លួន​ក្រុម​យុវជន សកម្មជន និង​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​គឺជា​ការរំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ជា​ការ​គំរាម​ទៅដល់​ពលរដ្ឋ​ដទៃ​ទៀត​អោយ​រអារ​ចំពោះ​ការចូលរួម ឬ​គាំទ្រ​បក្ស​ប្រឆាំង៖ «ពិសេស​នៅ​ក្នុង​ពេល​មាន​ការ​ឃុំខ្លួន​ម្ដងៗ​អ្វី​ដែល​ជា​ឧទាហរណ៍​គឺ​អ្នកនយោបាយ​តែ​ប្រាប់​តៗ​គ្នា​ថា អោយ​មើល​ទៅ​គ្រួសារ​អោយ​ចាំ​ត្រចៀក​ថ្ងៃក្រោយ​។ គូបដិបក្ខ​តែងតែ​ធ្វើ​បែប​ហ្នឹង ហើយ​មិនមែន​ទើបតែ​សម័យ​ឥឡូវនេះ​ទេ​គឺ​មាន​ជាច្រើន​ជំនាន់​មក​ហើយ»។

បើ​ទោះជា​យ៉ាងណា​លោក បណ្ឌិត មាស នី ថា​ការ​គំរាមកំហែង​នេះ​ពុំ​សូវ​មាន​ឥទ្ធិពល​ឡើយ​ដ្បិត​អ្នកគាំទ្រ​គណបក្សប្រឆាំង​ពុំបាន​លះបង់​ឆន្ទៈ​ពួកគេ​ឡើយ ដោយ​រង់ចាំ​តែ​ឱកាស​ដែល​អាច​វិល​ដូចដើម​វិញ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles