របប​ក្រុងភ្នំពេញ​ចាប់ផ្ដើម​បង្កើត​រដ្ឋសភា​ឯកបក្ស នីតិកាល​ទី​៦ ជា​ផ្លូវការ

មួង ណារ៉េត
2018-09-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of National Assembly
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា នៅ​ថ្ងៃទី៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of National Assembly


តំណាង​ទូត​លោកសេរី ៩ ប្រទេស មិន​បាន​ចូលរួម​ប្រជុំ​រដ្ឋសភា​ឯក​បក្ស​របប​ក្រុង​ភ្នំពេញ


របប​ក្រុងភ្នំពេញ បាន​ចាប់ផ្ដើម​បង្កើត​រដ្ឋសភា​ឯក​បក្ស នៅ​នីតិកាល​ទី​៦ ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា។ អ្នកនាំពាក្យ​រដ្ឋសភា ថា មាន​អង្គទូត​ចំនួន​៩ អវត្តមាន មិន​ចូលរួម​ការ​អញ្ជើញ​របស់​រដ្ឋសភា។ អ្នកវិភាគ​យល់ថា របប​ក្រុងភ្នំពេញ ចង់​បង្កើត​រដ្ឋសភា និង​របប​ថ្មី​ឲ្យ​បាន​លឿន ដើម្បី​បញ្ចៀស​កុំ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​សើរើ ព្រឹត្តិការណ៍​បោះឆ្នោត ថ្ងៃ​ទី​២៩ កក្កដា ឡើងវិញ។

ក្រុម​តំណាងរាស្ត្រ​ឯកបក្ស នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​១២៥​នាក់ ដែល​រង​ការ​ចោទ​ថា កើត​ចេញពី​ការបោះឆ្នោត​បង្គ្រប់​កិច្ច បាន​នាំគ្នា​បង្កើត​កិច្ចប្រជុំ​រដ្ឋសភា ជា​លើកដំបូង​របស់​ខ្លួន និង​បាន​នាំគ្នា​ទៅ​ស្បថ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ រួចរាល់​ហើយ នៅ​ទី​៥ កញ្ញា។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក ក្រោយពេល​បើក​សម័យប្រជុំ ថា​ការ​ប្រារព្ធ​ពិធី​បើក​សម័យប្រជុំ លើកដំបូង​នៃ​រដ្ឋសភា នីតិកាល​ទី​៦ បាន​ចាប់ផ្តើម​ឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក។ លោក ហ៊ុន សែន អះអាង​ថា នៅ​ក្នុង​កិច្ចប្រជុំ​លើកដំបូង របស់​រដ្ឋសភា​ឯក​បក្ស នីតិកាល​ទី​៦ ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហមុនី ទ្រង់​មាន​ជំនឿ​ថា រដ្ឋសភា នៅ​ក្នុង​អាណត្តិ​ថ្មី នឹង​បន្ត​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ អភិវឌ្ឍ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម​បន្ថែម​ទៀត។ ចំណែក​រាជរដ្ឋាភិបាល នៅ​អាណត្តិ​ថ្មី ដែល​នឹង​ទទួល​ការ​ទុកចិត្ត​ពី​រដ្ឋសភា នឹង​បំពេញ​ភារកិច្ច​តាម​គោលនយោបាយ​បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការ​អភិរក្ស អភិវឌ្ឍ​វប្បធម៌​ដោយ​ចិរភាព ដើម្បី​ធានា​អត្ថិភាព ដ៏​រឹងមាំ​នៃ​អត្តសញ្ញាណ​ជាតិ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ស្របគ្នា​នឹង​ការ​លើកកម្ពស់​សីលធម៌ សម្រាប់​ភាព​សុខដុម​នៃ​សង្គមជាតិ។ លោក ហ៊ុន សែន អះអាង​បន្ដ​ថា ព្រះមហាក្សត្រ ទ្រង់​បាន​សម្ដែង​នូវ​ក្តី​សោមនស្ស​រីករាយ ចំពោះ​ការ​បើក​សម័យប្រជុំ​លើកដំបូង​នេះ ហើយ​បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​សមាជិក​រដ្ឋសភា​អាណត្តិ​ថ្មី​ទាំងអស់ ដែល​ប្រជាពលរដ្ឋ​បាន​សម្ដែង​ឆន្ទៈ និង​ជំនឿ​ទុកចិត្ត​តាមរយៈ​ការបោះឆ្នោត​កន្លង​ទៅ​នេះ។ ក្រៅពី​សមាសភាព​តំណាងរាស្ត្រ​ទាំង​១២៥​រូប ការ​បើក​សម័យប្រជុំ​លើកដំបូង ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកអគ្គរាជទូត និង​ឯកអគ្គរដ្ឋទូត​បណ្ដា​ប្រទេស​នានា​ប្រចាំ​នៅ​កម្ពុជា​ដែរ។

អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ីសេរី​ថា រដ្ឋសភា បាន​ដាក់​លិខិត​អញ្ជើញ​តំណាង​ស្ថានទូត​ទាំងអស់​នៅ​កម្ពុជា មាន​ចំនួន​៣១​ស្ថានទូត ប៉ុន្តែ​ចូលរួម​បានតែ​២២ ដោយ​អវត្តមាន​តំណាង​អង្គទូត​ប្រទេស​លោក​សេរី ៩ ដែល​សុទ្ធតែ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំ និង ជាទី​ផ្សារ​នាំចេញ​សំលៀកបំពាក់ និង​ផលិតផល​កម្ពុជា​ធំ​ជាងគេ​បំផុត តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ។ ដោយឡែក ចំពោះ​ស្ថានទូត​ជប៉ុន បាន​ចាត់​តំណាង​ទូត​ឲ្យ​ចូលរួម​ជំនួស។ «»

បណ្ដា​ស្ថានទូត​ទាំង​៩ ដែល​មិន​ចូលរួម បើក​សម័យប្រជុំ​រដ្ឋសភា​ដំបូង ក្នុង​នីតិកាល​ទី​៦ គឺ ស្ថានទូត​សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង អាល្លឺម៉ង់ អង់គ្លេស ស៊ុយអែត សហភាព​អឺរ៉ុប និង​ទូត​ប៊ុលហ្គារី។ ឯកអគ្គរដ្ឋទូត និង​ឯកអគ្គរាជទូត នៃ​បណ្ដា​ប្រទេស ដែល​មិន​ចូលរួម​បើក​សម័យប្រជុំ​រដ្ឋសភា​ឯកបក្ស តាម​ការ​អញ្ជើញ បាន​ប្រាប់​ហេតុផល​ថា ពួកគេ​ជាប់រវល់ នៅ​ក្រៅ​ប្រទេស មិន​អាច​ចូលរួម​បានទេ។

លោក ហ៊ុន សែន បន្ដ​ថា ក្រោយពី​ពិធី​បើក​សម័យប្រជុំ​លើកដំបូង​រួចរាល់ រដ្ឋសភា នឹង​បើក​ពិធី​បើក​សម័យប្រជុំ​លើក​ទី​១ ហើយ​នឹង​ចាប់ផ្ដើម​ការងារ ក្រោម​អធិបតីភាព លោក ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា ដើម្បី​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​ការ​អនុម័ត​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា នីតិកាល​ទី​៦។

នៅ​ក្រោយ​កិច្ចប្រជុំ​លើកដំបូង ក្នុង​នីតិកាល​ទី​៦ ព្រឹទ្ធសមាជិក​នៃ​រដ្ឋសភា​ឯកបក្ស លោក ហេង សំរិន បាន​ចេញ​ប្រកាស​ទទួល​ស្គាល់ សមាជិក​រដ្ឋសភា ១២៥​នាក់ តាម​បញ្ជី​របស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ នៅ​រសៀល​ថ្ងៃ​ដដែល លោក ហេង សំរិន បាន​ដឹកនាំ​សមាជិក​រដ្ឋសភា​ឯក​បក្ស​ថ្មី​ទាំង​១២៥​នាក់ ចូល​ទៅ​ស្បថ​ក្នុង​ព្រះបរមរាជវាំង។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ មើលឃើញ​ថា ការប្រញាប់​បង្កើត​រដ្ឋ​សភា នីតិកាល​ថ្មី នៅ​ពេល​នេះ ហាក់​ដូច​ជា​លឿន​ពេក ព្រោះ​វិបត្តិ​នយោបាយ​មិនទាន់​បាន​បញ្ចប់​ទេ។ ចំណែក​ប្រសិទ្ធភាព​របស់​រដ្ឋសភា​ឯក​បក្ស​នៅ​អាណត្តិ​ថ្មី នឹង​មិន​មាន​ភាព​ល្អប្រសើរ​ដូច​រដ្ឋសភា ដែល​មាន​គណបក្សប្រឆាំង​នោះ​ទេ។ អ្នកវិភាគ​រូប​នេះ យល់ថា ការ​មិន​ចូលរួម​របស់​បណ្ដា​ស្ថានទូត ប្រទេស​ប្រជាធិបតេយ្យ ជា​ការ​បង្ហាញ​ថា ពួកគេ​មិន​ពេញចិត្ត និង​មិន​ទទួលស្គាល់ រដ្ឋសភា​ឯក​បក្ស​ដែល​កើតឡើង​ពី​ការបោះឆ្នោត មិន​ត្រឹមត្រូវ មិន​សេរី មិន​យុត្តិធម៌។

កញ្ញា លី ស្រីស្រស់ យល់ថា ក្រៅពី​ហេតុផល​ចង់​ទៅ​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ របប​ក្រុងភ្នំពេញ ក៏​ចង់​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​ឲ្យ​បាន​លឿន ដើម្បី​បញ្ចៀស​កុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ទាមទារ​សើរើ​ករណី ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា ឡើងវិញ​ដែរ។ «»

ទោះជា​យ៉ាងណា មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាង​ថា បន្ទាប់ពី​បើក​សម័យប្រជុំ​និង​ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង​រួចរាល់ នៅ​ថ្ងៃ​ទី​៦ កញ្ញា សមាជិក​រដ្ឋសភា នឹង​បោះឆ្នោត​ជ្រើសតាំង​ក្បាលម៉ាស៊ីន​រួមមាន ប្រធាន អនុប្រធាន​រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មាធិការ​ជំនាញ​នៃ​រដ្ឋសភា និង​ផ្ដល់​សេចក្ដីទុកចិត្ត ចំពោះ​គណៈរដ្ឋមន្ត្រី​ថ្មី នៃ​របប​ក្រុងភ្នំពេញ។

ស្រប​ពេល​ដែល​នីតិវិធី​បង្គ្រប់​កិច្ច ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី យ៉ាង​ប្រញាប់ប្រញាល់ បាន​ប្រព្រឹត្ត​ទៅតាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន វិបត្តិ​នយោបាយ​កម្ពុជា នៅតែ​ជាប់​គាំង គ្មាន​ដំណោះស្រាយ ឯ​សហគមន៍​អន្តរជាតិ ក៏​កំពុង​ត្រៀម​វិធានការ​ផ្សេងៗ រួម​ទាំង​ការ​ដាក់​ទណ្ឌកម្ម លើ​របប​នេះ​ផង បើ​លោក ហ៊ុន សែន មិន​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles